និពន្ធដោយ ភូ ចរិយា
អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។
ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ?
គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖
«គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕»
ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ