និពន្ធដោយ ភូ ចរិយា ប៉ុក! លោកគ្រុយទម្លាក់សារព័ត៌មានទៅលើតុ បន្ទាប់មកក៏ក្រោកពីកៅអីទៅឈរនៅបង្អួចកញ្ចក់ សម្លឹងទៅខាងក្រៅដោយក្រសែភ្នែកបារម្ភ និងតានតឹង។ រឿងបាត់ខ្លួនរបស់ឧត្តមសេនីយ៍គឹមសែតមិនមែនលំៗទេ គ្រាន់តែគ្មាននរណាដឹងច្បាស់ពីចេតនារបស់ជនដៃដល់។ មកដល់ថ្ងៃនេះគឺគម្រប់ប្រាំថ្ងៃហើយ។ គ្មានតម្រុយសោះអំពីខ្លួនលោក ហើយអ្នកចាប់ខ្លួនលោកក៏មិនឃើញទាក់ទងមកដែរ។ នេះជាបញ្ហាចោទដ៏ធំមួយ។ បន្ថែមលើនេះ អ្នកសារព័ត៌មានតាមស៊ើបសួរមិនឈប់ ធ្វើឲ្យរឿងកាន់តែធំឡើង បង្កជាភាពចលាចលនៅក្នុងសង្គម។ ប្រជាជននាំគ្នាខ្សឹបខ្សៀវពីការបាត់ខ្លួនរបស់ សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយក៏មានពាក្យចចាមអារ៉ាម និងការវិភាគលើបណ្តាញសង្គមធ្វើឲ្យសង្គមកាន់តែជ្រួលច្របល់។ ដើមី្បទប់មួយគ្រា ថ្នាក់ដឹកនាំ និងគ្រួសាររបស់លោកឧត្តមសេនីយ៍ក៏សម្រេចចិត្ត បកស្រាយថា លោកគឹមសែតមានបញ្ហាសុខភាព ត្រូវការសម្រាកមួយរយៈ ទើបធ្វើឲ្យស្ថានការណ៍រាងធូរស្បើយ។ ទោះយ៉ាងណា សារព័ត៌មាននៅតែមិនទាន់បញ្ឈប់ការរុកឆ្កឹះនោះទេ។ ដូច្នេះហើយ លោកគ្រុយ ប្រធានភ្នាក់ងារចារកម្មប្រចាំប្រទេស ត្រូវបានថ្នាក់ដឹកនាំដាក់កំហិតឲ្យ ដោះស្រាយបញ្ហានេះ ក្នុងរយៈពេលមួយសប្តាហ៍។ កិច្ចការនេះដូចរាវម្ជុលក្នុងមហាសមុទ្រ។ ពិតជាស្មុគស្មាញណាស់។ ក្នុងវេលាដ៏មហាអំពល់នេះ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលអាចដោះស្រាយរឿងនេះបាន។ នោះគឺ អគ្នេយ៍ ០០៦។ គេជាចារបុរសជាតិ ព្រមជាមួយនឹងគុណសម្បត្តិ និងសមត្ថភាពយ៉ាងអស្ចារ្យ។ គ្រប់បេសកកម្មដែលប្រគល់ឲ្យគេ គ្មានឡើយពាក្យថាអបរាជ័យ។ អគ្នេយ៍ ០០៦ ជាទីសង្ឃឹមចុងក្រោយរបស់លោក។ លោកគ្រុយបានទាក់ទងទៅនាយរួចហើយ ហើយក៏ប្រាកដចិត្តថា … Continue reading រឿង «សណ្ឋាគារបាតាល»
Tag: រឿងប្រឌិត
រឿង «សំណាង និងឱកាស»
និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ
រឿង «ស្គាល់ទំនិញ»
និពន្ធដោយ ភូ ចរិយា ពូឆក ៖ ចោរចូលផ្ទះពូច្រើនដងហើយ។ ឆយ ៖ ចាប់បានទេពូ? ពូឆក ៖ ចាប់បាន តែនៅតែមានមក។ ឆយ ៖ ប្រហែលផ្ទះពូមានរបស់មានតម្លៃ ទើបចោរចេះតែមក។ ពូឆក ៖ ពិតជាមានរបស់មានតម្លៃមែន។ ឆយ ៖ របស់អីពូ? ខ្សែកពេជ្រ? (ពូឆកគ្រវីក្បាល) ទូរស័ព្ទចេញថ្មី? (ពូឆកគ្រវីក្បាល) ម៉ូតូទំនើប (ពូឆកគ្រវីក្បាល? ពូឆក ៖ គឺកាលាំងប៊ាំង។ ឆយ ៖ ខ្នោសកោសដូងដាក់តាប៉ែហ្នឹង! ពូឆក ៖ របស់ដែលចោរនោះត្រូវការគឺដងរបស់វា។ ដងវាធ្វើពីនាងនួន។ ឆយ ៖ អូ!!!
រឿង «ទឹកដល់ច្រមុះ»
និពន្ធដោយ ភូ ចរិយា គ្រាន់តែឃើញប៉ាមកដល់ភ្លាម, ម្នាក់ៗរត់ទៅសួរ៖ «ម៉េចហើយ? ម៉េចហើយ?» ប៉ាឆ្លើយទាំងមុខស្រពោន៖ «គេមិនព្រមពន្យារទៀតទេ។ ស្អែក គេមករឹបអូសយកផ្ទះហើយ។» គ្រាន់តែឮដូច្នេះ ម៉ាក់ស្ទុះទៅអុជធូបបន់ព្រះផងបន់ជីដូនជីតាផង, បងប្រុសទូរស័ព្ទទៅរកមិត្តភក្តិគាត់, ឯបងស្រីទូរស័ព្ទទៅរកសាច់ញាតិឲ្យជួយ។ ចំណែកខ្ញុំវិញ, ខ្ញុំយកទូរស័ព្ទមកចុចអ៊ិនធើណេត រកមើល «វិធីសាស្ត្រជោគជ័យក្នុងការដើរសុំទាន»៕