រឿង «កូនចាប»

និពន្ធដោយ ភូ ចរិយា មានកូនចាបមួយបានទៅរកជីតាឲ្យជួយបង្រៀនវា។ «តើចៅចង់រៀនអ្វី?» ជីតាចាបសួរ។ កូនចាបគ្រវីក្បាល «ចៅមិនដឹងទេ។» ឮដូច្នោះ, ជីតាចាបគិតមួយស្របក់ រួចទើបនាំកូនចាបទៅកាន់ដើមឈើមួយ ដោយប្រាប់ថា «ចៅនៅទីនេះ។ កុំមាត់, កុំទៅណា, ហើយសង្កេតមើលវត្ថុជុំវិញ។ បន្តិចទៀត, តានឹងមកវិញ។» ប្រាប់រួច ជីតាចាបក៏ហើរចេញទៅ។ ដល់ពេលកំណត់, ជីតាចាបក៏មករកកូនចាប។ «តើចៅបានឃើញអ្វីខ្លះ?» ជីតាចាបសួរ។ «ចៅបានឃើញពូសេក និងពូឥន្ទ្រី។» កូនចាបរៀបរាប់ «ពូសេកនិយាយរហូត ចំណែកពូឥន្ទ្រីនិយាយតែពីរបីម៉ាត់ទេ។ បន្ទាប់មក ពូសេកថា គាត់ជាសត្វស្លាបដែលពូកែហោះជាងគេ រួចបបួលពូឥន្រ្ទីប្រកួតគ្នា។ ហើយពូឥន្ទ្រីហោះបានខ្ពស់ណាស់។ ចំណែកពូសេកហោះបានតែប៉ុណ្ណេះ។» កូនចាបធ្វើកាយវិការបង្ហាញប្រាប់។ «តើនរណាជាអ្នកឈ្នះ?» ជីតាចាបសួរ។ «ប្រាកដជាពូឥន្ទ្រីហើយ។» កូនចាបឆ្លើយ។ «អ៊ីចឹង តើចៅរៀនបានអ្វីខ្លះពីពួកគេ?» ជីតាចាបសួរ។ «អ្នកដែលនិយាយច្រើនជាអ្នកដែលហោះមិនបានខ្ពស់។» កូនចាបតប៕ ** ** * Story 'A little sparrow' written by Chakriya … Continue reading រឿង «កូនចាប»