និពន្ធដោយ ភូ ចរិយា
ប៉ុក!
លោកគ្រុយទម្លាក់សារព័ត៌មានទៅលើតុ បន្ទាប់មកក៏ក្រោកពីកៅអីទៅឈរនៅបង្អួចកញ្ចក់ សម្លឹងទៅខាងក្រៅដោយក្រសែភ្នែកបារម្ភ និងតានតឹង។
រឿងបាត់ខ្លួនរបស់ឧត្តមសេនីយ៍គឹមសែតមិនមែនលំៗទេ គ្រាន់តែគ្មាននរណាដឹងច្បាស់ពីចេតនារបស់ជនដៃដល់។ មកដល់ថ្ងៃនេះគឺគម្រប់ប្រាំថ្ងៃហើយ។ គ្មានតម្រុយសោះអំពីខ្លួនលោក ហើយអ្នកចាប់ខ្លួនលោកក៏មិនឃើញទាក់ទងមកដែរ។ នេះជាបញ្ហាចោទដ៏ធំមួយ។
បន្ថែមលើនេះ អ្នកសារព័ត៌មានតាមស៊ើបសួរមិនឈប់ ធ្វើឲ្យរឿងកាន់តែធំឡើង បង្កជាភាពចលាចលនៅក្នុងសង្គម។ ប្រជាជននាំគ្នាខ្សឹបខ្សៀវពីការបាត់ខ្លួនរបស់ សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយក៏មានពាក្យចចាមអារ៉ាម និងការវិភាគលើបណ្តាញសង្គមធ្វើឲ្យសង្គមកាន់តែជ្រួលច្របល់។
ដើមី្បទប់មួយគ្រា ថ្នាក់ដឹកនាំ និងគ្រួសាររបស់លោកឧត្តមសេនីយ៍ក៏សម្រេចចិត្ត បកស្រាយថា លោកគឹមសែតមានបញ្ហាសុខភាព ត្រូវការសម្រាកមួយរយៈ ទើបធ្វើឲ្យស្ថានការណ៍រាងធូរស្បើយ។
ទោះយ៉ាងណា សារព័ត៌មាននៅតែមិនទាន់បញ្ឈប់ការរុកឆ្កឹះនោះទេ។ ដូច្នេះហើយ លោកគ្រុយ ប្រធានភ្នាក់ងារចារកម្មប្រចាំប្រទេស ត្រូវបានថ្នាក់ដឹកនាំដាក់កំហិតឲ្យ ដោះស្រាយបញ្ហានេះ ក្នុងរយៈពេលមួយសប្តាហ៍។
កិច្ចការនេះដូចរាវម្ជុលក្នុងមហាសមុទ្រ។ ពិតជាស្មុគស្មាញណាស់។
ក្នុងវេលាដ៏មហាអំពល់នេះ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលអាចដោះស្រាយរឿងនេះបាន។ នោះគឺ អគ្នេយ៍ ០០៦។ គេជាចារបុរសជាតិ ព្រមជាមួយនឹងគុណសម្បត្តិ និងសមត្ថភាពយ៉ាងអស្ចារ្យ។ គ្រប់បេសកកម្មដែលប្រគល់ឲ្យគេ គ្មានឡើយពាក្យថាអបរាជ័យ។
អគ្នេយ៍ ០០៦ ជាទីសង្ឃឹមចុងក្រោយរបស់លោក។ លោកគ្រុយបានទាក់ទងទៅនាយរួចហើយ ហើយក៏ប្រាកដចិត្តថា ចារបុរសយើងកំពុងតែទទួលបានសាររបស់លោកយ៉ាងជាក់ច្បាស់។
នៅអគារខុនដូដ៏ធំស្កឹមស្កៃលេចត្រដែតខ្លួនកណ្តាលតំបន់ពាណិជ្ជកម្មរបស់ទីក្រុង។ ទីនោះជាកន្លែងស្នាក់អាស្រ័យរបស់ចារបុរសខ្មែរ…
គ្មាននរណាដឹងអត្តសញ្ញាណរបស់គេឡើយ ក្រៅពីអ្នកដែលគួរដឹង។
គេរស់នៅក្នុងភាពហ៊ឺហា ធ្វើខ្លួនដូច play boy ដើមី្បលាក់បាំងការងារពិត។ និយាយរួម មនុស្សដឹងកាន់តែតិចកាន់តែល្អ។
អគ្នេយ៍ទើបតែចេញពីបន្ទប់ទឹក ក្រោយពីហាត់ប្រាណអស់ជាច្រើនម៉ោង។ គេវ័ណ្ឌ កន្សែងពោះគោលើត្រគាក បង្ហាញសាច់ដុំពោះប្រាំមួយកង់យ៉ាងច្បាស់ក្រឡែត។ ដើមទ្រូងរបស់គេឡើងប៉ោងហាប់ណែន។ ដៃទាំងគូក៏ពោរពេញដោយសាច់ដុំមាំដែរ។ ពេលគេទម្លាក់ខ្លួនលើពូក ហើយជជុះសក់នឹងកន្សែងពោះគោតូចដើមី្បឲ្យស្រស់ទឹក គេបានបង្ហាញជើងដែលមានរោមខ្មៅរ៉ុយៗដុះយ៉ាងមានរបៀប មិនស្រមេមស្រមាមបន្ថែមនូវភាពស៊ិចស៊ីដល់រូបគេ។
កំពុងតែសម្ងួតសក់ អគ្នេយ៍ឮសំឡេងគ្រូគ្រូនៅបង្អួច។ គេបែរមុខទៅរក។ នៅទីនោះ មានសត្វព្រាបមួយក្បាលកំពុងទំលើគែមបង្អួចខាងក្រៅ។
ឃើញហើយ អគ្នេយ៍សើច៖
«សម័យនេះទៅហើយ នៅប្រើព្រាបនាំសារទៀត។»
និយាយបណ្តើរ គេក្រោកពីពូកដើរទៅកាន់បង្អួចបណ្តើរ។
ពិតណាស់ ព្រាបមួយក្បាលនេះជាអ្នកនាំសាររបស់លោកគ្រុយមកអគ្នេយ៍។ ថ្វីដ្បិត ជារបៀបធ្វើការបែបបុរាណ តែមានចំណុចពិសេសដែលមនុស្សមិនដឹង។ ទោះបីជាជនទុច្ចរិតដឹងថាវាជាសត្វនាំសារហើយចាប់វាបាន ក៏ពួកគេមិនអាចរកឃើញសារទេ ព្រោះព្រាបនេះមិនបាននាំសារក្រដាសទេ ហើយក៏គ្មានបង្កប់សារក្នុងខ្លួនវាដែរ។ មានតែសមាជិកចារកម្មទើបចេះមើលសារសម្ងាត់ពីសត្វព្រាបនេះ។
បក្សីត្រូវបានបង្វឹកយ៉ាងពិសេស។ ពេលអគ្នេយ៍ដើរមកកាន់បង្អួច វាបង្វិលគូទមករកអគ្នេយ៍។ អគ្នេយ៍សម្លឹងមើលរោមកន្ទុយរបស់សត្វព្រាប។ នៅលើរោមពណ៌ខ្មៅមួយមានចំណុចពណ៌ចំនួនបីតូចៗប៉ុនចុងប៉ិច។
នាយពោលក្នុងចិត្ត៖
‘ពណ៌ក្រហមលេខ ៧, ពណ៌ខៀវលេខ ៦, ពណ៌សលេខ ០។’
ប្រហែលប្រាំវិនាទី សត្វព្រាបក៏ហោះចាកចេញ។
អគ្នេយ៍មិនបង្អង់ បង្វិលខ្លួនដើរទៅរកតុធ្វើការដែលដាក់នៅទល់មុខនឹងគ្រែ។ នៅលើនោះមានកុំព្យូទ័រមួយគ្រឿង ដែលបើករួចជាស្រេច។ អគ្នេយ៍ចុចលើកម្មវិធីសម្ងាត់ និងចុចលេខ ៧៦០។ បន្ទាប់មកក៏លេចសារជាអក្សរលើអេក្រង់កុំព្យូទ័រ៖ សណ្ឋាគារបាតាល ៤ ថ្ងៃ។
ពីរវិនាទី អក្សរនេះក៏រលត់ឈឹង។
អគ្នេយ៍សើចតិចៗ ព្រមទាំងគ្រវីក្បាល ៖
«លោកនាយ! ឆ្លៀតកេងឯងបីថ្ងៃទៀត។»
រឿងដែលថ្នាក់ដឹកនាំកំហិតមួយសប្តាហ៍ ក្នុងការបញ្ចប់បេសកម្មមិនអាចគេចផុតពីត្រចៀករបស់ចារបុរសទេ។ ហើយជាទម្លាប់ លោកគ្រុយតែងកាត់បន្ថយពេលវេលា បេសកកម្ម។ នេះជារបៀបធ្វើការរបស់គាត់។ អគ្នេយ៍ស៊ាំទៅហើយ។
ក្រោយពីសាររលាយទៅជាខ្យល់ អគ្នេយ៍ក៏ប្រញាប់ស្លៀកពាក់។ ការងាររបស់លោកគ្រុយមិនដែលមានការងារណាមួយមិនបន្ទាន់ទេ។ ជាទូទៅ ដប់នាទីក្រោយទទួលសារ អគ្នេយ៍ត្រូវចេញបេសកកម្មភ្លាម។
អ្វីៗលោកគ្រុយបានរៀបចំរួចអស់ហើយ។ ពេលអគ្នេយ៍ចុះពីខុនដូតាមជណ្តើរយន្តមកដល់ជាន់ក្រោម នៅមុខអគារមានឡានឡង់គ្រីស័រពណ៌ខ្មៅមួយចាំទទួលគេរួចជាស្រេច។
អគ្នេយ៍ដើរចូលទៅអង្គុយនៅបាំងខាងក្រោយ ហើយឡានក៏បើកបរសំដៅទៅ អាកាសយានដ្ឋាន។
នៅក្នុងឡានមានប្រអប់កាបូបខ្មៅមួយ។ អគ្នេយ៍យកប្រអប់មកដាក់លើភ្លៅ រួចចុចលេខសម្ងាត់ដើមី្បបើក។
នៅក្នុងប្រអប់មានសំបុត្រយន្តហោះ, ប័ណ្ណឥណទាន និងសម្ភារចារកម្ម ព្រមទាំងប័ណ្ណជូនពរពណ៌ផ្កាឈូកមួយសន្លឹក។ អគ្នេយ៍បើកមើលប័ណ្ណជូនពរនោះ។ នៅខាងក្នុងមានអក្សរមួយជួរសរសេរថា៖ ស្នេហាដំបូង។
អគ្នេយ៍សើចឃឹកៗ។
តាមធម្មតា ពេលធ្វើបេសកកម្មតែងតែមានដៃគូ តែដៃគូលើកនេះឈ្មោះប្លែក មិនដែលធ្លាប់ជួបប្រទះសោះ។
‘ប្រហែលស្រីហើយមើលទៅ។’
អគ្នេយ៍ញញឹមពព្រាយពេលនឹកដល់ភេទរបស់ដៃគូធ្វើការ។
ឡានបានដឹកអគ្នេយ៍មកដល់អាកាសយានដ្ឋាន។ បន្ទាប់មក នាយក៏បន្តឡើងយន្តហោះជាមួយនឹងកាបូបខ្មៅ ធ្វើដំណើរទៅកាន់កោះប្រាក់។
កោះប្រាក់ជាកោះស្ថិតក្នុងដែនសមុទ្រខ្មែរ។ ដើមី្បទៅដល់កោះនោះ ត្រូវធ្វើដំណើរតាមយន្តហោះ vol ពិសេសទៅកាន់កោះនោះផ្ទាល់ ដូចយន្តហោះដែលអគ្នេយ៍កំពុងតែជិះនេះ។ អ្នកដែលអាចទៅបាន លុះត្រាតែជាភ្ញៀវរបស់សណ្ឋាគារបាតាល។
សណ្ឋាគារបាតាលជាសណ្ឋាគារតែមួយគត់នៅលើកោះប្រាក់។ ល្បីថាតម្លៃបន្ទប់មិនធម្មតាទេ តែនៅតែមានអ្នកទៅ ព្រោះសណ្ឋាគារនោះមានបន្ទប់ក្រោមសមុទ្រ ដែលអាចមើលឃើញត្រី និងសត្វសមុទ្រ ហេតុនេះហើយទើបមនុស្សបាក់ទៅ ទោះបីទៅហើយមកវិញស៊ីសៀងលេខប្រាំពីរក៏ដោយ។
ប្រមាណម្ភៃនាទី យន្តហោះបានផ្តល់ដំណឹងដល់អ្នកធ្វើដំណើរថា ពួកគេបានមកដល់កោះប្រាក់ហើយ។
ពេលនោះ អ្នកដំណើរឈូរឆរត់រកបង្អួចដើមី្បមើលទេសភាព។ អ្នកខ្លះលួចថត ទោះបីមានការហាមប្រាមមិនឲ្យប្រើប្រាស់គ្រឿងអេឡិចត្រូនិចក៏ដោយ។ អគ្នេយ៍សំណាងល្អដែលអង្គុយនៅជាប់នឹងបង្អួច។ គេអើតមើលយ៉ាងស្រួល។ គេងក់ក្បាលផ្ងក់ៗជញ្ជក់មាត់៖
‘ពិតជាស្រស់ស្អាតមែន។’
កោះប្រាក់មានរាងមូលដូចកាក់។ ទំហំរបស់វាធំជាងកោះពេជ្រពីរដង ព័ទ្ធជុំវិញដោយសមុទ្រ។ មានឆ្នេរខ្សាច់យ៉ាងធំ និងមើលទៅឃើញសក្បុស។ នៅចំកណ្តាលកោះជាសណ្ឋាគារបាតាលដែលល្បីល្បាញនោះឯង។ សណ្ឋាគារនេះក្បាច់ជ្រុងៗប្លែកពីគេ និងទាក់ទាញស្រដៀងនឹងម៉ូដសំណង់របស់ស្ថាបត្យករខ្មែរ លោក វណ្ណ ម៉ូលី វណ្ណ។ គុណវិបត្តិមួយរបស់កោះនេះ គឺមានដើមឈើតិច ដែលធ្វើឲ្យកោះនេះដូចខ្វះអ្វីម៉្យាង។ នៅតាមឆ្នេរមានតែដើមដូង, ដាំរាងរង្វើល, គ្មានដើមអ្វីផ្សេងទេ។
យន្តហោះបានសំចតនៅទីវាលដ៏ធំមួយនៅចំហៀងសណ្ឋាគារ។ អ្នកដំណើរទាំងឡាយត្រូវបានដឹកដោយឡានប្រើថាមពលសឡា ដែលគ្មានទ្វារគ្មានបង្អួច និងដាក់បន្តគ្នាដូចរទេះភ្លើង។ តាមផ្លូវទៅកាន់សណ្ឋាគារមានការរៀបចំស្វាគមន៍ដោយនារីស្លៀកប៊ីគីនីឈរដង្ហែរសងខាងផ្លូវ។ បុរសៗបើកភ្នែកធំក្រឡោត និងចំហមាត់ប៉ុនចានគោម។ ពួកគេក្តៅក្នុងមិនស្ទើរទេ។ នារីទាំងអស់នោះសម្រស់មិនចាញ់បវរកញ្ញាចក្រវាឡឡើយ។ មានគ្រប់សាសន៍, កម្ពស់ខ្ពស់ស្រឡះ តាមស្មាន ១,៧៨ យ៉ាងទាប, ដើមទ្រូងមូលដូចបាល់ ប៉ុនលលាដ៏ដូងក្រអូប, ត្រគាកឡើងមូលក្លំ, ស្បែកឡើងរលោង។ ម្នាក់ៗខ្ពស់ហើយ នៅឆ្លៀតពាក់ស្បែកជើងកែងកម្ពស់ជាងមួយតឹកទៀត។ សូមី្បតែឈរក៏មានរបៀបឈរដែរ ហើយសុទ្ធតែក្បាច់ដុតឲ្យឈាមច្រមុះ។ ខ្លះឈរអែនអនម្នាក់ឯង, ខ្លះឈរជាក្រុម, ខ្លះបាញ់ទុយោទឹក ស្រោចលើខ្លួន, ខ្លះហាត់យោគៈ។ នៅក្នុងឡានមានអ្នកដំណើរចម្រុះជាតិសាសន៍, ចម្រុះភេទ, ចម្រុះវ័យ។ ភ្ញៀវច្រមុះស្រួច ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ នាំគ្នាស្រែកហ៊ោកញ្ជ្រៀវដោយក្តីរីករាយ ប៉ុន្តែបើភ្ញៀវអាស៊ីវិញ ជាពិសេសខ្មែរយើង មិនសូវហ៊ានស្រែកឡើយ។ បើប្រុសៗវិញ ប៉ះមកជាមួយប្រពន្ធអីនោះ អត់ហ៊ានងាកឆ្វេងស្តាំទេ ព្រោះខ្លាចប្រពន្ធបាញ់ X-Ray។
នេះហើយជាគុណវិបត្តិនៃការរៀបការ។ ដោយសារហេតុនេះទើបអគ្នេយ៍សុខចិត្តនៅលីវ។ ចង់មើលក៏បាន, ចង់ហ៊ោក៏បាន, ចង់ហួចក៏បាន, ចង់បូញមាត់ក៏បាន, ចង់ជញ្ជក់មាត់ក៏បាន។ បានគ្រប់កាយវិការ។
ប្រហែលប្រាំនាទី ឡានសឡាបានមកដល់ទ្វារសណ្ឋាគារ ហើយឈុតឆាកនារីប៊ីគីនីក៏ត្រូវបានបញ្ចប់។
អគ្នេយ៍ចុះពីឡានធ្វើដំណើរចូលទៅសណ្ឋាគារជាមួយនឹងភ្ញៀវដទៃ។
Wow!
អគ្នេយ៍សម្លឹងមើលដោយនឹកស្ងើចសរសើរក្នុងចិត្ត។
ខាងក្រៅគិតថាអស្ចារ្យ ចូលមកដល់ក្នុងរឹតតែអស្ចារ្យ។
ជញ្ជាំងប្រើគំនូរទាន់សម័យ, ក្រវេមក្រវាម, តែធ្វើឲ្យយល់ថា យើងកំពុងស្ថិតក្នុងឋានភុជង្គនាគ។ ឥដ្ឋដែលដើរជាន់ពីលើប្រើ Laser ធ្វើឲ្យស្មានថាជាឥដ្ឋកញ្ចក់ ហើយពីក្រោមឥដ្ឋជាសមុទ្រ, មើលឃើញផ្កាថ្ម និងសត្វសមុទ្រ, តាមពិតជាបច្ចេកវិទ្យាសោះ។ នៅចំកណ្តាលបន្ទប់ទទួលភ្ញៀវមានកញ្ចក់មូលដ៏ធំ និងវែងខ្ពស់ផុតភ្នែកទៅលើ។ ក្នុងកញ្ចក់នោះមាននាងមច្ឆា, ខ្លះហែលចុះ, ខ្លះហែលឡើង។ ពួកនាងជាមនុស្សតុបតែងពាក់កន្ទុយត្រី តែពិតជាដូចណាស់ ជាពិសេសដូចត្រង់ការព្រលែងខ្លួនបង្ហាញដើមទ្រូង។
សណ្ឋាគារនេះស័ក្តិសមនឹងតម្លៃមែន។ ពិតជាអស្ចារ្យរកអ្វីប្រៀបផ្ទឹមមិនបាន។
បើកុំតែបេសកកម្ម អគ្នេយ៍ប្រហែលជាទៅគយគន់នាងមច្ឆា ដែលកំពុងហែលក្រឡាប់ផ្កាប់ផ្ងាររលាក់ដើមទ្រូងនៅក្នុងកញ្ចក់ហើយ។
ចារបុរសយើងផ្តាច់អារម្មណ៍ពីភាពសប្បាយ រួចដើរទៅកាន់តុទទួលភ្ញៀវ ដែលមាននារីម្នាក់កំពុងញញឹមយ៉ាងស្រស់មករកនាយ។
«ខ្ញុំ check in។» អគ្នេយ៍ពោលទៅកាន់ស្រីស្អាត។
«នាងខ្ញុំសុំឈ្មោះរបស់លោក។» ស្រីស្អាតនិយាយដោយសម្តីស្រទន់។
«វង្សា ពិសិដ្ឋ។»
«សូមលោកមេត្តារង់ចាំមួយភ្លែត។»
អគ្នេយ៍ញញឹម។ គេរង់ចាំដោយស្ងៀមស្ងាត់។ ក្នុងអំឡុងរង់ចាំ គេមិនមែននៅស្ងៀម ឡើយ។ គេបានយកវ៉ែនតាខ្មៅពិសេសមកពាក់ រួចរេក្រសែភ្នែកមើលជុំវិញសណ្ឋាគារ។ វ៉ែនតាគ្មានសកម្មភាពទេ ប៉ុន្តែពេលគេក្រឡេកទៅមាត់ទ្វារសណ្ឋាគារ ដែលមាននារីម្នាក់ដើរចូលមក អមដោយបុរសមាឌធំប្រមាណម្ភៃនាក់ វ៉ែនតាក៏លោតទីតៗ។
អគ្នេយ៍សម្លឹងនារីម្នាក់នោះ។
នៅផ្នែកខាងស្តាំនៃកញ្ចក់វ៉ែនតាមានអក្សរលោតឡើង៖ ម៉ូរ៉ាវី ម្ចាស់សណ្ឋាគារបាតាល និងជាម្ចាស់សម្ព័ន្ធមយូរ៉ា។ អាយុដប់ប្រាំបួនឆ្នាំ កូនកាត់ខ្មែរ, ហ្វ៊ីលីពីន និងអង់គ្លេស។
ទីត! ទីត! អក្សរលែងមាន។
‘តែប៉ុណ្ណឹងទេ។’
អគ្នេយ៍ជ្រួញចិញ្ចើម។ ព័ត៌មានលើកនេះតិចពេកហើយ។ ប៉ុន្តែមិនអីទេ។ ចាំជួប ស្នេហាដំបូង ប្រហែលជាបានព័ត៌មានច្រើនជាងនេះ។
«លោក។» សំឡេងស្រីស្អាតហៅ។ អគ្នេយ៍ងាកមុខទៅរកនាង។ «លោកវង្សា ពិសិដ្ឋ បន្ទប់លេខ ១០៥៦ ស្នាក់នៅបីយប់។»
អគ្នេយ៍ងក់ក្បាល។
«សូមអញ្ជើញ។» នាងធ្វើដៃបង្ហាញទៅក្រោយខ្នង។ ពេលនាយងាកទៅ ក៏ឃើញមានបុគ្គលិកប្រុសម្នាក់ឈរគំនាប់យ៉ាងគួរសមចំពោះនាយ។
«បាទ! អរគុណ។» អគ្នេយ៍ញញឹមដាក់ស្រីស្អាត។
«សូមលោកអញ្ជើញមកខាងណេះ។» បុគ្គលិកប្រុសធ្វើកាយវិការបង្ហាញផ្លូវយ៉ាងគោរព។
អគ្នេយ៍ដើរតាមបុគ្គលិកចូលជណ្តើរយន្ត ដែលនៅចំពីមុខកញ្ចក់នាងមច្ឆា។ ជណ្តើរយន្តនោះក៏ធ្វើពីកញ្ចក់ដែរ ដូច្នេះនាយអាចទស្សនានាងមច្ឆានោះរហូតមិនដាច់។
«សូមអញ្ជើញលោក។» បុគ្គលិកយកដៃរាំងទ្វារជណ្តើរយន្តឲ្យអគ្នេយ៍ចេញមុន ទើបគេចេញតាមក្រោយ។ បន្ទាប់មក គេនាំនាយទៅកាន់បន្ទប់។
«សូមស្នាក់នៅដោយរីករាយ។» បុគ្គលិកពោលដោយញញឹម មុននឹងបិទទ្វារបន្ទប់ឲ្យអគ្នេយ៍។
«ហា៎!» អគ្នេយ៍ត្រដាងដៃ មាត់ញញឹមពព្រាយពេលឃើញបន្ទប់។
បើកទ្វារមក មើលឃើញគ្រែមុនគេ។ ចំណែកបន្ទប់ទឹកនៅខាងឆ្វេងដៃ។ បន្ទប់ទឹកធ្វើពីកញ្ចក់ មើលធ្លុះដល់គ្រឿងគ្រៅខាងក្នុង។ គ្រែប្រភេទ King Size Bed។ ទូរទស្សន៍អេក្រង់យក្សដាក់នៅជញ្ជាំងបែរមករកគ្រែ។
បន្ទប់នេះបំពាក់សុទ្ធតែឧបករណ៍ និងគ្រឿងសង្ហារឹមម៉ូដថ្មីទំនើប សូមី្បតែបង្គន់ និងបាសាំងងូតទឹក។ ការរៀបចំយ៉ាងប្រណីត។ នៅខាងស្តាំគ្រែមានតុកញ្ចក់តូច រាងស្លឹកឈូក និងកៅអីមួយ។ ពីក្រោយតុ និងកៅអីនោះជាវាំងនន។
អគ្នេយ៍ដើរទៅទាញវាំងននចេញពីគ្នា។
អាហា៎! ជាបង្អួចធ្វើកញ្ចក់លាតតាំងពីពិតានមកដល់ឥដ្ឋ។ ខាងក្រៅនោះមើលឃើញសមុទ្រ។ បើក្រឡេកចុះក្រោមគឺអាងហែលទឹក ហើយមើលពីជាន់នេះច្បាស់ក្រឡែតតែម្តងនូវដើមទ្រូងនារីៗស្លៀកប៊ីគីនីដែលដេកសំដិលអាំងថ្ងៃ។
អគ្នេយ៍ញញឹមងក់ក្បាលផ្ងក់ៗ។ ពិតជាបន្ទប់ល្អ។ លោកគ្រុយដឹងចិត្តមែន។
ទំនេរអារម្មណ៍បានតែមួយភ្លែតទេ។ បន្ទាប់មកត្រូវដល់ពេលរវល់។ អគ្នេយ៍នឹកគិតពី ដៃគូរបស់នាយដែលមានឈ្មោះថា «ស្នេហាដំបូង»។ នាយកំពុងគិតថាតើត្រូវទាក់ទងដោយវិធីណា។
ពេលនោះសំឡេងគោះទ្វារក៏លាន់ឡើង។
អគ្នេយ៍ដើរទៅបើកទ្វារ។ គឺអ៊ំស្រីម្នាក់កំពុងឈរនៅមុខបន្ទប់ ដោយមានរទេះអាហារនៅពីមុខ។ អគ្នេយ៍សម្លឹងមើលអ៊ំស្រីម្នាក់នោះ ឃើញនៅលើ-កមានព្យួរស្លាកមួយដែលមានសរសេរអក្សរថា «ខ្ញុំគ»។
អគ្នេយ៍លើកចិញ្ចើមឡើងលើបន្តិចពេលឃើញស្លាកនោះ រួចក៏ទម្លាក់ចិញ្ចើមចុះ។
អ៊ំស្រីចំណាស់បានលើកស្លាកមួយបង្ហាញអគ្នេយ៍ «អាហារបម្រើជូនដោយសណ្ឋាគារ។»
អគ្នេយ៍ងក់ក្បាលពេលអានស្លាកនោះរួច។ គេបើកទ្វារដើមី្បឲ្យអ៊ំស្រីរុញរទេះអាហារចូល។ រួចហើយគាត់ក៏ចេញទៅវិញដោយទុករទេះអាហារនៅក្នុងបន្ទប់។
អគ្នេយ៍បិទទ្វារ រួចដើរមករករទេះ។ នាយឃើញមានចានពីរដែលមានគម្របពីលើ, ទឹកក្រូចមួយកែវ និងស្រាក្រហមមួយកែវ។ អគ្នេយ៍បើកគម្របចេញ។ ជាអាហារថ្ងៃត្រង់បែបអឺរ៉ុប។ គេបើកគ្របមួយទៀត ឃើញមានចាន, ស្លាបព្រា, សម និងកូនកាំបិត តែនៅលើចានគ្មានអាហារទេ មានតែកាសមួយ។
អគ្នេយ៍សើចហ៊ឹះ៖
‘មើលទៅ អ៊ំស្រីនោះជាស្នេហាដំបូងហើយ។’
នាយយកកាសមកញ៉ុកត្រចៀកខាងស្តាំ រួចដើរទៅឈរនៅបង្អួច ភ្នែកសម្លឹងមើលសមុទ្រដែលនៅនឹងមុខ។
សំឡេងស្រួយស្រែះបានលាន់ចេញពីកាសចូលទៅក្នុងត្រចៀករបស់នាយ។ ជាសំឡេងមនុស្សស្រីវ័យប្រមាណម្ភៃប្រាំឆ្នាំ។
«ខ្ញុំមិនមែនស្នេហាដំបូងទេ។»
អគ្នេយ៍លើកចិញ្ចើមពេលស្តាប់ឮឃ្លាដំបូង។ គេនឹកក្នុងចិត្ត៖
‘ម៉េចក៏ដឹងថាខ្ញុំកំពុងគិតអី?’
គេញញឹមបន្តិច មុននឹងស្តាប់បន្ត៖
«ខ្ញុំជាអ្នកផ្តល់ព័ត៌មានឲ្យលោក។ ពេលរសៀលនេះ ម៉ោង ៤ លោកទៅសួននិរតី ហើយហួចបីដង លោកនឹងបានជួបស្នេហាដំបូងហើយ។ សូមយក mini camera ទៅជាមួយផង។»
ដំណឹងចប់ត្រឹមប៉ុណ្ណេះ។
អគ្នេយ៍ដកកាសចេញពីត្រចៀក រួចយកទៅបោះចោលក្នុងចានបង្គន់ ហើយចុចទឹកបង្ហូរវាចុះទៅ។ កាសនេះផលិតយ៉ាងពិសេស ពេលត្រូវទឹក វានឹងរលាយ ដូច្នេះមិនព្រួយខ្លាចសត្រូវស្ទាក់យកកាសពីលូនោះទេ។
នៅសល់បីម៉ោងទៀត។ អគ្នេយ៍ដើរមកបរិភោគអាហារ រួចឡើងដេកលើពូក។ គេបិទភ្នែកសំងំដេកយកកម្លាំង។
ដល់ម៉ោងកំណត់ អគ្នេយ៍ចុះពីបន្ទប់ទៅរកសួន។
សួននេះស្ថិតនៅទិសនិរតី ដូច្នេះទើបគេដាក់ឈ្មោះថា «សួននិរតី»។ សួននេះស្ថិតនៅក្រៅអគារសណ្ឋាគារ។ មិនមែនជាសួនស្មៅឬផ្កាទេ តែមានអាងទឹកដ៏ធំ ទំហំពាក់កណ្តាលបឹងកក់។ នៅក្នុងអាងទឹកនោះមានតែទឹក អត់មានអី្វឡើយ។
អគ្នេយ៍មើលជុំវិញខ្លួន រួចក៏ហួចបីដងជាសញ្ញា បន្ទាប់មកនាយរង់ចាំការបង្ហាញខ្លួនរបស់ស្នេហាដំបូង។
កឹក.. កឹក…
សំឡេងចេញពីអាងទឹក។ អគ្នេយ៍ងាកមើលទៅអាងទឹក ឃើញត្រីដូហ្វ៊ីនមួយក្បាលកំពុងតែញញឹមមករកនាយ។
អគ្នេយ៍ឈរគ្រវីក្បាល៖
«នេះអ្ហ៊ែៈស្នេហាដំបូង!»
អគ្នេយ៍សើចឃឹកៗ។
នាយសូមសរសើរលោកប្រធានរបស់នាយ។ គាត់សម្បូរគំនិតប្លែកៗណាស់។ ប្រើព្រាបនាំសារ, ប្រើយាយចាស់គមកផ្តល់ដំណឹង, ឥឡូវឲ្យត្រីដូហ្វ៊ីនមកធ្វើជាដៃគូរបស់នាយទៀត។
ចារបុរសបន្ទន់ជង្គង់អង្គុយនៅមាត់អាង ហើយនិយាយទៅកាន់ត្រីដូហ្វ៊ីន៖
«បើឯងជាស្នេហាដំបូង អ៊ីចឹងលោតបីដងទៅ។»
នេះជាការសាកល្បងដើមី្បបញ្ជាក់ឲ្យច្បាស់។ ប៉ុន្តែការពិតឥតមានកុហក។ ត្រីដូហ្វ៊ីន លោតទឹកចំនួនបីដង បញ្ជាក់ថា គេពិតជាស្នេហាដំបូង ដៃគូបេសកកម្មរបស់នាយមែន។
អគ្នេយ៍ងក់ក្បាល៖
«សួស្តីសម្លាញ់។»
អគ្នេយ៍លាដៃទៅកាន់ស្នេហាដំបូង។ ពេលនោះស្នេហាដំបូងបានហក់ពីទឹកយកព្រុយមកទះបាតដៃរបស់អគ្នេយ៍ រួចស្រែកកឹកកឹក បញ្ចេញធ្មេញតូចៗ គួរឲ្យស្រឡាញ់របស់គេ។ មើលទៅគេដូចជាសប្បាយចិត្ត ពេលបានរួមការងារជាមួយមនុស្ស។
«លោកនាយបង្ហាត់ឯងបានល្អណាស់។» អគ្នេយ៍ពោលទាំងញញឹម។ បន្ទាប់មកគេលូកយក mini camera ចេញមក។ ស្នេហាដំបូងដូចដឹងពីតួនាទីរបស់ខ្លួន។ គេហែលមកកៀកនឹងច្រាំងនៃអាងទឹក ឲ្យអគ្នេយ៍បំពាក់ឧបករណ៍លើខ្លួនរបស់គេយ៉ាងស្រួល។ រួចគេស្រែកកឹកកឹក ហើយហក់លោតក្នុងទឹកពីរបីដងបង្ហាញនូវអារម្មណ៍រីករាយ មុននឹងមុជចូលទៅក្នុងអាងទឹក។
ក្រោយពីជួបនឹងដៃគូរួច អគ្នេយ៍ក៏ប្រញាប់ឡើងមកបន្ទប់ ហើយបើកកុំព្យូទ័រ ដើមី្បមើលរូបភាពតាមឧបករណ៍តាមដានដែលនាយបំពាក់លើស្នេហាដំបូង។
ពេលនេះទើបអគ្នេយ៍យល់ថា ហេតុអីលោកគ្រុយឲ្យត្រីដូហ្វ៊ីនមកធ្វើជាដៃគូរបស់នាយ។
សណ្ឋាគារបាតាលនេះមានបន្ទប់បាតសមុទ្រ ដែលអាចឲ្យភ្ញៀវដេកទស្សនាទេសភាពក្នុងសមុទ្របាន។ បន្ទប់បាតសមុទ្រទាំងនោះប្រើជញ្ជាំងកញ្ចក់រាងមូលដូចកញ្ចក់ដាក់នាងមច្ឆានៅបន្ទប់ទទួលភ្ញៀវ តែមានមួយភាគបីប្រើជញ្ជាំងធម្មតា ហើយទ្វារចេញចូលនៅនឹងជញ្ជាំងនោះ ឯបន្ទប់ទឹកក៏នៅជញ្ជាំងនោះដែរ។
ភ្ញៀវអាចដេកលើគ្រែ ហើយមើលតាមកញ្ចក់ឃើញទិដ្ឋភាពបាតសមុទ្រ មានផ្កាថ្ម ត្រីហែលជាដើម ទាំងចំហៀង និងពីលើ។ កញ្ចក់នោះអាចឲ្យអ្នកនៅក្រៅមើលឃើញខាងក្នុងបានដូចគ្នា។ ចំណែកបន្ទប់ទឹក បិទបាំងដោយជញ្ជាំង និងមានកញ្ចក់តែមួយបន្ទះ ដែលអាចងូតទឹកក្នុងបាសាំងបណ្តើរ មើលត្រីហែលបណ្តើរ តាមរយៈកញ្ចក់នោះ។
បន្ទប់នីមួយៗឃ្លាតពីគ្នាប្រមាណដប់ម៉ែត្រ ប៉ុន្តែមិនអាចមើលគ្នាឃើញទេ ដោយសារតែក្នុងសមុទ្រងងឹត។ គេមានដាក់ភ្លើងបំភ្លឺខាងក្រៅជុំវិញជញ្ជាំងកញ្ចក់ តែភ្លឺបានត្រឹមតែចម្ងាយមួយម៉ែត្រប៉ុណ្ណោះពីជញ្ជាំង ក្រៅពីនេះងងឹតសូន្យឈឹង។
បន្ទប់បាតសមុទ្រក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពដែរ តែបែរទៅសមុទ្រក្រៅបន្ទប់។
ដើមី្បថតបានរូបភាពក្នុងបន្ទប់ ស្នេហាដំបូងត្រូវហែលទៅក្បែរជញ្ជាំងកញ្ចក់។ ដៃគូចារបុរសហែលឆ្វែលឆ្វាត់ ថតយកគ្រប់យ៉ាងមកឲ្យអគ្នេយ៍។ បន្ទប់មានភ្ញៀវមកស្នាក់ខ្លះហើយ។ ខ្លះជាលក្ខណៈគ្រួសារ, ខ្លះជាដៃគូប្រុសស្រី។
យ៉ាងណាក៏អគ្នេយ៍បានដឹងពីទីតាំងដែរ។ នេះជាជំនួយដល់គេក្នុងការបំពេញ បេសកកម្ម។
នាពេលល្ងាច អគ្នេយ៍ចុះទៅបរិភោគអាហារនៅភោជនីយដ្ឋាន។ គេកុម្ម៉ង់ steak សាច់គោ និងស្រាក្រហម។ តម្លៃអាហារនេះមិនទាបឡើយ ប៉ុន្តែនាយមិនព្រួយទេ ព្រោះនាយមានប័ណ្ណឥណទាន ផ្តល់ដោយលោកប្រធាន។ បរិភោគរួច នាយហុចប័ណ្ណឲ្យគេឆូតប្រាក់ រួចឡើងទៅបន្ទប់វិញ។
ពេលវេលាមួយថ្ងៃបានកន្លងផុតទៅ។
ថ្ងៃទីពីរ អគ្នេយ៍ទទួលបានអាហារពេលព្រឹក។ នាយគិតថាជាអ៊ំស្រីគនោះ តែលើ នេះជាបុរសទៅវិញ។ ស្បែកគេពណ៌ស្រគាំ និងសក់ពណ៌ក្រហម។
ពេលបុគ្គលិកប្រុសនេះចេញទៅ អគ្នេយ៍បើកគម្រប។ ដូចម្សិលមិញ, មួយជាអាហារ, មួយទៀតជាកាស។
អគ្នេយ៍យកកាសមកដាក់នឹងត្រចៀក។ នាយស្តាប់បណ្តើរ, បរិភោគអាហារបណ្តើរ និងមើលកុំព្យូទ័របណ្តើរ។
ជាសំឡេងមនុស្សតែមួយ។
ដំណឹងថ្ងៃនេះគឺជាប្រវត្តិរបស់ម៉ូរ៉ាវី៖
«ម៉ូរ៉ាវីជាក្មេងកំព្រាត្រូវគេរើសមកចិញ្ចឹមតាំងពីអាយុបីឆ្នាំ។ ឪពុកចិញ្ចឹមរបស់នាងជាមេបក្សសង្គមងងឹតម្នាក់ ឈ្មោះខ្លាធំ។ នាងត្រូវបានខ្លាធំបង្ហាត់បង្រៀនពីរបៀបរបបក្នុងសង្គមងងឹត។ នាងជាក្មេងឆ្លាត រៀនឆាប់ចេះ ឆាប់ចាំ។ នាងអាចនិយាយបានដប់ពីរភាសា។ នាងបានជួយធ្វើការឪពុកនាងជាច្រើន។ នាងជាមនុស្សឆ្នើម ទើបក្រោយពេលខ្លាធំស្លាប់កាលពីប្រាំឆ្នាំមុន នាងក៏ត្រូវបក្សជ្រើសរើសឲ្យធ្វើជាមេដឹកនាំ។ នាងជាអ្នកបង្កើតសម្ព័ន្ធមយូរ៉ាដែលមានមុខរបររាប់រយប្រភេទ ដូចជាសណ្ឋាគារ, ភោជនីយដ្ឋាន, ក្រុមហ៊ុនសំណង់, ក្រុមហ៊ុននាំចេញនាំចូល, ក្រុមហ៊ុនទេសចរណ៍។ល។ មើលពីក្រៅសុទ្ធតែមុខរបរត្រឹមត្រូវ តែគ្រប់យ៉ាងដើមី្បបិទបាំងប៉ុណ្ណោះ។ ជំនួញពិតប្រាកដរបស់សម្ព័ន្ធមយូរ៉ា គឺជួញដូរគ្រឿងញៀន និងអាវុធ។ នាងជាមនុស្សពូកែទំនាក់ទំនង, ផ្សំជាមួយសមត្ថភាព, ភាពវៃឆ្លាត, រូបរាង និងភាពប៉ិនប្រសប់ខាងសិច នាងទាក់ទងបានអ្នកមាន និងអ្នកឋានៈធំជាច្រើនមកធ្វើជាដៃគូ និងជាខ្នងបង្អែក។ សម្ព័ន្ធមយូរ៉ារឹងមាំខ្លាំងណាស់ ព្រោះតែមានអ្នកមានឥទ្ធិពលក្នុងសង្គមជាច្រើនជួយជ្រោមជ្រែង។ ពួកគេទាំងនោះភាគច្រើនមិនបានដឹងពីមុខរបរខុសច្បាប់របស់សម័្ពន្ធមយូរ៉ាទេ។ ពួកគេចូលហ៊ុនជាមួយ ដោយសារតែឃើញផលប្រយោជន៍នៅលើគោក និងទទួលបានការបម្រើពិសេសពីនាង ទើបពួកគេយល់ព្រមដោយមិនបានគិតពិចារណា។ នាងមានអង្គរក្សច្រើននាក់ការពារយ៉ាងតឹងរឹង, មិនងាយចូលជិតនាងបានទេ។ នាងស្នាក់នៅបន្ទប់បាតសមុទ្រដែលនៅចំកណ្តាលគេ។ ក្នុងបន្ទប់របស់នាងមានបន្ទប់សម្ងាត់។ ថ្ងៃនេះមានភ្ញៀវ VIP មកស្នាក់នៅបន្ទប់បាតសមុទ្រ។ គេជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ។»
ដំណឹងចប់ត្រឹមនេះ។ ដូចមុន ក្រោយស្តាប់ចប់ អគ្នេយ៍បោះកាសចូលទៅក្នុងបង្គន់។
ពេលត្រឡប់មកកាន់កុំព្យូទ័រវិញ អគ្នេយ៍ឮសញ្ញា។ គេប្រញាប់អង្គុយហើយអង្កេត មើលរូបភាពដែលស្នេហាដំបូងបញ្ជូនឲ្យ។
នៅក្នុងបន្ទប់បាតសមុទ្រកំពុងមានសកម្មភាព។
ដំណឹងពិតជាមិនខុស។ ភ្ញៀវ VIP បានមកដល់បន្ទប់ហើយ។ លឿនមែន។
នៅក្នុងបន្ទប់បាតសមុទ្រដែលបំពាក់ភ្លើងពណ៌ដ៏ប្រណីត ម៉ូរ៉ាវី និងបុរសចំណាស់ម្នាក់, ក្បាលទំពែក, អាយុជាងហុក កំពុងតែប្រយុទ្ធគ្នាលើគ្រែ។
ពិតជាទស្សនីយភាពដ៏ល្អកម្ររកបាន។
អគ្នេយ៍សើច។
សង្ស័យស្នេហាដំបូងជាឈ្មោលហើយមើលទៅ។ រាល់ដងវាហែលលឿន, ឆ្វាច់ទៅឆ្វាច់មក។ ដល់លើកនេះវាហែលបណ្តែតខ្លួនយឺតៗ ធ្វើឲ្យរូបភាពច្បាស់ត្រជាក់ភ្នែក។
បើមិនបានឃើញ ប្រហែលជាមិនជឿថា ក្មេងស្រីម្នាក់អាយុមិនទាន់ដល់ម្ភៃឆ្នាំផង មានសមត្ថភាពខ្ពស់ រហូតអាចក្លាយជាមេសង្គមងងឹតបាននោះទេ។ ក្រោយឃើញ សកម្មភាពរបស់នាងជាមួយនឹងតាចាស់នេះ បង្ហាញពីភាពប្រត្យក្សគ្មានសង្ស័យ។
«លាំងទាំងព្រឹកតែម្តង។ ពិតជាខ្លាំង។»
អគ្នេយ៍សម្លឹងមើលរូបភាពក្នុងអេក្រង់ដោយមិនប្រិចភ្នែក។
នៅក្នុងសម្លៀកបំពាក់ នាងស្រស់ស្អាតមួយបែប។ លុះបកសម្លៀកបំពាក់ចេញ នាងស្អាតអស្ចារ្យតែម្តង។ ស្បែកសម៉ដ្តដូចសំឡី។ រាងអក្សរ X ដែលនារីគ្រប់រូបចង់បាន។ និយាយពីក្បាច់ មិនខុសពីអ្នកផ្តល់ដំណឹងប្រាប់ទេ.. ពូកែ.. អ៊ីចឹងតើ ទើបបុរសៗទាំងនោះត្រូវនាងពង្វក់បាន។ នាងបម្រើបានគ្រប់ក្បាច់។ និយាយទៅ តាចាស់ដេកចាំតែស្រួលមួយមុខគត់។
ឆាកប្រយុទ្ធប្រព្រឹត្តអស់ប្រមាណជាងដប់នាទី ទើបម៉ូរ៉ាវីក្រោកចេញពីគ្រែទៅកាន់ បន្ទប់ទឹក។ ចំណែកតាចាស់ដេកលង់លក់ចំហមាត់លើគ្រែ។ មើលទៅអស់សម្បើម ណាស់។ ដេកស្ងៀមសោះ ក៏ហត់ដែរ។ មើលស្រីក្មេង, គ្មានទន់ជើង, គ្មានដង្ហក់អីសោះឡើយ។
ស្នេហាដំបូងពិតជាខិលមែន។ វាបានហែលទៅរកទីតាំងបន្ទប់ទឹក ហើយហែលចុះហែលឡើង នៅតែម្តុំកញ្ចក់មួយផ្ទាំងនោះ។
«ពិតជាឆ្លាតណាស់សម្លាញ់។» អគ្នេយ៍ពោលសរសើរស្នេហាដំបូង។ គេកំពុងតែចង់ តាមដានសកម្មភាពរបស់ម៉ូរ៉ាវីផង ឥឡូវស្នេហាដំបូងជួយសម្រេចបំណង ដោយមិន បាច់ប្រាប់។ គេសែនពេញចិត្តនឹងដៃគូអមនុស្សមួយនេះណាស់។
តាមរយៈរូបភាព ម៉ូរ៉ាវីកំពុងតែនៅក្នុងបាសាំងទឹក។ នាងដុសលាងសម្អាតខ្លួន។ កាយវិការយឺតៗ៖ ដុសខ្នង, ដុសដៃ, រួចក៏លើកជើងដ៏ស្រឡូនឡើងត្រង់, បន្ទាប់មកនាងដុសជើងរបស់នាងម្ខាងម្តង។
កំពុងតែជក់ រូបភាពស្រាប់តែរំកិលឡើងលើ។ គឺស្នេហាដំបូងហ្នឹងណា៎។ វាហែលឡើងលើខ្ពស់ ដើមី្បបានឃើញដើមទ្រូងរបស់ស្រីស្អាត។ ពិតជាមហាចោរបេះផ្កាប្រចាំសមុទ្រមែន។
អគ្នេយ៍សើចឃឹកៗ។ បានដៃគូមួយនេះនិយាយពីពេញចិត្តស្តូក។
ក្រោយពីមុជទឹករួច ម៉ូរ៉ាវីក្រោកឈរឡើងទាំងខ្លួនស្រាតននល ដើរទៅឈរនៅមុខកញ្ចក់។ សូមី្បតែឈរក៏ស៊ិចស៊ីដែរ។
អគ្នេយ៍មើលតាមរូបភាពដែលស្នេហាដំបូងបញ្ជូនមក ឃើញក្រោយខ្នងរបស់នាងទាំងស្រុង ឯដើមទ្រូងរបស់នាងលេចនៅក្នុងកញ្ចក់។ នាងនៅឈរអែនអនមុខកញ្ចក់នោះ។ មើលទៅនាងគ្មានសម្ពាធសោះ។ មិនដឹងថាមកពីនាងយល់ថាគ្មានគេឃើញ ឬក៏ជាទម្លាប់របស់នាង។
សម្រាប់បុរសផ្សេងៗ ប្រាកដជាសម្លឹងមើលភ្លេចដកដង្ហើម ហើយក៏ប្រហែលជាភ្លេចភ្លាំងអស់ស្មារតី ប៉ុន្តែចំពោះអគ្នេយ៍មិនដូច្នេះទេ។ នាយយល់ថា មនុស្សស្រីដែលអាចឡើងអង្គុយនៅទីកំពូលបែបនេះ មិនមែនជាមនុស្សធម្មតាឡើយ។ នាងប្រាកដជាហ្មត់ចត់ និងប្រុងប្រយ័ត្នខ្លាំង។ ហេតុនេះនាយជឿថា ការណ៍ដែលម៉ូរ៉ាវីឈរបែបនេះគឺមានមូលហេតុ។ នាងប្រហែលជាយករូបរាងកាយរបស់នាង មកធ្វើជាគ្រាប់អុកដើមី្បបំភាន់ភ្នែក ក្រែងលោមានអ្នកលួចតាមដាននាង ព្រោះគ្មានមនុស្សស្រីណាអាចឈរឆ្លុះមើលរូបរាងកាយរបស់ខ្លួនឯងបានយូរដល់ម្ល៉ឹងទេ។
ការវិនិច្ឆ័យរបស់អគ្នេយ៍ពិតជាត្រូវមែន។ ក្នុងពេលដែលនាងឈរកាច់រាងនៅមុខកញ្ចក់នោះ ដៃរបស់នាងបានប៉ះនឹងជ្រុងតុដាក់កញ្ចក់ ហើយរហ័សដូចផ្លេកបន្ទោរ កន្លែងដែលនាងឈរបានបង្វិលឆាច់ នាំខ្លួននាងចូលទៅក្នុងជញ្ជាំងបាត់។
អគ្នេយ៍ញញឹម៖
«ស័ក្តិសមជាមេទ័ពស្រីមែន។»
ស្រីស្អាតទៅបាត់ហើយ។ ស្នេហាដំបូងក៏ហែលចាកចេញពីទីនោះក្នុងកាយវិការខកចិត្ត។
អគ្នេយ៍មិនបានចាប់អារម្មណ៍នឹងស្នេហាដំបូងទេ គេកំពុងតែគិតពីម៉ូរ៉ាវី។
តាមដំណឹង បន្ទប់នាងនៅចំកណ្តាលបន្ទប់បាតសមុទ្រសម្រាប់ភ្ញៀវ ហើយបន្ទប់ដែលនាងលេងល្បែងលើគ្រែជាមួយតាទំពែកជាបន្ទប់ភ្ញៀវ តែក្នុងបន្ទប់ទឹកភ្ញៀវមានគន្លឹះសម្ងាត់ នេះមានន័យថាបន្ទប់ VIP បាតសមុទ្រមានគន្លឹះយន្ត និងផ្លូវសម្ងាត់ ហើយផ្លូវនោះតភ្ជាប់ទៅកាន់បន្ទប់នាង។
អគ្នេយ៍ជ្រួញចិញ្ចើមបន្តិច ព្រោះនាយហាក់មានចម្ងល់។ ភ្នាក់ងារលាក់ខ្លួនអាចស៊ើបដឹងថា បន្ទប់នាងនៅកណ្តាលបន្ទប់បាតសមុទ្រ តែមិនបានប្រាប់ពីទីតាំងច្បាស់លាស់សោះឡើយ។ មួយទៀត បើនៅបាតសមុទ្រជាមួយគ្នា ហេតុអី្វបានជាស្នេហាដំបូងមិនហែលចូលទៅថតឲ្យគេ។ តើបន្ទប់នោះមានអ្វីពិសេសមែនទេ? បានជាភ្នាក់ងារទាំងពីរមិនអាចចូលក្បែរបាន។
ខួររបស់ចារបុរសចាប់ផ្តើមធ្វើការវិភាគទៅតាមព័ត៌មានដែលនាយប្រមូលបាន។
ការបាត់ខ្លួនរបស់ឧត្តមសេនីយ៍គឹមសែត ប្រហែលជាមានទាក់ទងនឹងនាង។ ដំបូង លោកគ្រុយគ្រាន់តែចង់ឲ្យនាយមកបញ្ជាក់ប៉ុណ្ណោះ ដើមី្បរកតម្រុយលោកឧត្តម សេនីយ៍ តែពេលមកដល់ទីនេះ គេហ៊ានសន្និដ្ឋានថា សម័្ពន្ធមយូរ៉ាជាប់ទាក់ទងនឹងការចាប់ខ្លួនឧត្តមសេនីយ៍គឹមសែតយ៉ាងពិតប្រាកដ។
តើមូលហេតុអ្វីដែលពួកគេចាប់ខ្លួនលោកមក? ឬមួយលោកធ្លាប់សហការជាមួយពួកគេ ហើយលោកចង់ដកខ្លួន ទើបពួកគេចាប់មកដើមី្បគំរាម?
អគ្នេយ៍គ្រវីក្បាល។
ឧត្តមសេនីយ៍គឹមសែតមានប្រវតិ្តល្អក្រៃ មិនធ្លាប់មានកំណត់ត្រាកំហុសឡើយ។ ម៉្យាងទៀត បើលោកសហការជាមួយពួកគេ នោះលោកគួរតែទទួលបានប្រយោជន៍ខ្លះ តែគ្រួសារលោកមានជីវភាពសាមញ្ញ។ លោកមានផ្ទះធំ និងយានជំនិះ តែរបស់ទាំងនេះជាការផ្តល់ជូនពីជាតិតាមឋានានុក្រម, ជាអ្វីដែលលោកត្រូវទទួលបានប៉ុណ្ណោះ។ នេះសបញ្ជាក់ឱ្យឃើញថាលោកជាមនុស្សស្អាតស្អំ។ ដូច្នេះមូលហេតុមួយនេះមិនត្រឹមត្រូវឡើយ។
ឬមួយពួកគេចង់រកដៃគូសហការ តែលោកមិនព្រម?
មូលហេតុនេះមួយនេះក៏ដូចជាមិនសម ព្រោះលោកជិតចូលនិវត្តហើយ។ បើចង់រកដៃគូសហការ ក៏គួរតែរកអ្នកមកទទួលតំណែងថ្មីទើបត្រូវជាង។
ឬមួយជាការសងសឹក?
កាលពីខែមុន ឧត្តមសេនីយ៍គឹមសែតបានបង្ក្រាបថ្នាំញៀន ដែលឆ្លងកាត់ប្រទេសកម្ពុជាចំនួនយ៉ាងច្រើនសន្ធឹក។ នោះជាសមិទ្ធផលធំបំផុតប្រចាំជីវិតរបស់លោក ក្នុងរយៈពេលសាមសិបឆ្នាំនៃការបម្រើជាតិមាតុភូមិ។ រឿងមួយនេះល្បីកក្រើកដល់ឆាកអន្តរជាតិ។ ថ្នាំញៀនទាំងនោះអាចជារបស់សម្ព័ន្ធមយូរ៉ា ហើយសម្ព័ន្ធមយូរ៉ាខឹងសម្បាដែលលោកធ្វើឲ្យពួកគេខាតបង់ ទើបចាប់ខ្លួនលោក, បង្កភាពច្រួលច្របល់ដល់ប្រព័ន្ធសន្តិសុខប្រទេសដើមី្បជាការសងសឹក។
មូលហេតុមួយនេះសមទំនង។ បើការវិភាគរបស់នាយមិនខុសទេ មានន័យថា ឧត្តមសេនីយ៍គឹមសែតប្រហែលជាមិនទាន់ស្លាប់ ហើយប្រហែលជាត្រូវឃុំក្នុងបន្ទប់ សម្ងាត់ ក្នុងបន្ទប់បាតសមុទ្ររបស់ម៉ូរ៉ាវី។
បើចង់ដឹងច្បាស់ ទាល់តែចូលទៅ។ ប៉ុន្តែតើត្រូវធ្វើដូចម្តេចទើបចូលបាន?
នាយចង់រកម្ចាស់កាសដើមី្បរកជំនួយ។ នាយយកអាវយឺតមកពាក់ រួចដើរចេញពីបន្ទប់។ នាយធ្វើកិរិយាដូចដើរមើលសណ្ឋាគារទាំងក្នុងទាំងក្រៅអស់មួយសន្ទុះធំ រួចទើបឡើងមកបន្ទប់វិញ។
គ្រាន់តែចូលដល់បន្ទប់ ស្រាប់តែឮសំឡេងគោះទ្វារ។
អគ្នេយ៍មើលតាមរន្ធទ្វារ មិនឃើញមានមនុស្សទេ។ នាយរង់ចាំមួយភ្លែត ទើបបើកទ្វារ។
នៅខាងក្រៅអត់មានមនុស្សឡើយ តែនៅមាត់ទ្វារក្រោមស្បែកជើងរបស់នាយមានរបស់ម៉្យាង។
អគ្នេយ៍ធ្វើជាអើតមើលឆ្វេងស្តាំរួចបិទទ្វារបន្ទប់វិញ ដោយឆ្លៀតអូសឈូសរបស់ក្រោមស្បែកជើងចូលមកក្នុងបន្ទប់។
បិទទ្វាររួច អគ្នេយ៍ឱនរើសកាស។
អម្បាញ់មិញ នាយពាក់អាវយឺតដែលមានឆ្នូតពណ៌លើអាវ ដើមី្បផ្តល់ដំណឹងឲ្យភ្នាក់ងារលាក់ខ្លួនឆែកមើលសារដែលនាយផ្ញើសុំជំនួយ។ គេប្រាកដជាបានឃើញសញ្ញា ទើបឆ្លើយតបមកនាយវិញ។ ភ្នាក់ងារជំនួយផ្តល់ព័ត៌មានស្ថិតនៅក្នុងសណ្ឋាគារនេះ ហើយគេប្រាកដជាតាមមើលនាយគ្រប់ជំហាន។
«ល្អណាស់។ ដៃគូលើកនេះរហ័សទាន់ចិត្ត។»
អគ្នេយ៍ញញឹម រួចក៏ប្រញាប់ញ៉ុកកាសចូលត្រចៀក។
«ភ្ញៀវ VIP ម្នាក់ទៀតកំពុងតែនៅតាមផ្លូវ។ គេឈ្មោះពិទូ ជាក្មួយប្រុសរបស់ម្ចាស់ ក្រុមហ៊ុនត្រកូលមាន។ គេមកជាលើកទីមួយ។ ម៉ូរ៉ាវីអញ្ជើញគេមកដើមី្បចង់ឲ្យគេបញ្ចុះបញ្ចូលមារបស់គេឲ្យយល់ព្រមសហការជាមួយសម្ព័ន្ធមយូរ៉ា។ ប្រើលេខសម្ងាត់របស់លោកអម្បាញ់មិញ។»
អគ្នេយ៍ប្រញាប់ឆែកសារសម្ងាត់។ ភ្នាក់ងារជំនួយបានផ្ញើរូបក្មួយប្រុសម្ចាស់ក្រុមហ៊ុនឲ្យនាយ។ គេក៏បានប្រាប់នាយទៀតថា ពេលនេះខាងកងជំនួយបានជួយពន្យារពេលឡើងយន្តហោះរបស់ពិទូ ហើយនាយមានពេលតែមួយម៉ោងទេសម្រាប់ប្រតិបត្តិការ។
មិនបង្អង់ឡើយ អគ្នេយ៍បិទសារ រួចបំផ្លាញកាស។
បន្ទាប់មក នាយយកអាវធំពណ៌ខ្មៅមកពាក់ពីលើខ្លួន រួចចេញពីបន្ទប់។ នាយចេញទៅក្រៅសណ្ឋាគារ, រកទីកន្លែងស្ងាត់កំបាំង, រួចក៏យកឧបករណ៍កែមុខពីក្នុងអាវខ្មៅមកធ្វើឲ្យមុខនាយក្លាយទៅជាមុខពិទូក្នុងពេលតែមួយនាទី។
បន្តមកទៀត នាយប្តូរអាវ, ពាក់វ៉ែនតាពណ៌ខ្មៅ, ហើយដើរចូលទៅសណ្ឋាគារវិញ។
គ្រាន់តែនាយឈានជើងចូល ក៏មានបុរសមាឌធំពីរនាក់ដើរសំដៅមករកនាយភ្លាម។ ពួកគេឱនក្បាលគោរព រួចម្នាក់ក្នុងចំណោមនោះពោល៖
«លោកពិទូ! សូមអញ្ជើញមកតាមខ្ញុំ។»
ពិទូក្លែងក្លាយងក់ក្បាលបន្តិច រួចដើរតាមបុរសមាឌធំទាំងពីរ។
បុរសមាឌធំនាំនាយចូលក្នុងជណ្តើរយន្តចុចឡើងជាន់លើបង្អស់ បន្ទាប់មកក៏នាំនាយចេញពីប្រអប់ជណ្តើរយន្ត, ដើរតាមរបៀងទៅកាន់ចុងនៃផ្លូវ។ នៅទីនោះមានជណ្តើរយន្តមួយទៀត។ នាយចូលជណ្តើរយន្ត ហើយជណ្តើរយន្តក៏រត់ចុះទៅក្រោម, ប្រហែលមួយដង្ហើម ក៏របើកទ្វារ។ ចេញពីជណ្តើរយន្តត្រូវដើរបន្តទៀតតាមច្រកធំល្មម រហូតដល់មុខបន្ទប់មានស្លាក VIP ទីមួយ។
«សូមអញ្ជើញចូល។»
ពិទូឬអគ្នេយ៍ដើរចូលទៅក្នុងបន្ទប់។ នោះជាបន្ទប់បាតសមុទ្រ។
អគ្នេយ៍មើលនាឡិកាដៃ។ ពេលសល់មិនច្រើនទេ, មិនអាចខ្ជះខ្ជាយបានឡើយ, ដូច្នេះគេក៏បែរមុខទៅរកបុរសមាឌធំទាំងពីរ រួចពោល៖
«ពេលវេលាខ្ញុំមានតម្លៃណាស់។ ឆាប់ហៅចៅហ្វាយអ្នកឯងចេញមក។»
បុរសមាឌធំទាំងពីរមើលមុខគ្នា រួចបុរសដដែលក៏និយាយ៖
«បន្តិចទៀត អ្នកនាងមកដល់ហើយ។»
និយាយមិនទាន់ផុតពីមាត់ផង ទ្វារបន្ទប់ក៏បើក។ ម៉ូរ៉ាវីដើរចូលមកទាំងញញឹមពព្រាយដាក់ពិទូក្លែងក្លាយ។
«ជម្រាបសួរលោក។» នាងពោលសំឡេងយ៉ាងពីរោះ។
«បាទ!» អគ្នេយ៍តបក្នុងសំឡេងស្មើ។
«លោកធ្វើដំណើរមកពីឆ្ងាយ។ ខ្ញុំបានរៀបចំអាហារ និងភេសជ្ជៈជូនលោក។»
អ្នកបម្រើបានរុញរទេះចូលមក រួចហើយអ្នកបម្រើ, បុរសមាឌធំទាំងពីរ និងអង្គរក្សផ្សេងៗថយចេញពីបន្ទប់ដោយបិទទ្វារគ្រឹប។
«ខ្ញុំមិនឃ្លានទេ។ មានការអី ឆាប់និយាយមក។ ខ្ញុំរវល់។» អគ្នេយ៍ពោល។ នាយក្រឡេកមើលនាឡិកាដៃដើមី្បឆែកពេល។
«លោកប្រញាប់ម្ល៉េះ។» ម៉ូរ៉ាវីដើរទៅកាន់រទេះអាហារ, ចាក់ស្រាក្រហមចូលកែវ, រួចកាន់កែវមកហុចឲ្យពិទូក្លែងក្លាយ «សម្រួលអារម្មណ៍ខ្លះទៅ។ ផឹកមួយកែវនេះហើយ ពួកយើងនឹងចាប់ផ្តើម។»
អគ្នេយ៍ទទួលកែវស្រាពីដៃនាង រួចលើកអកផឹកមួយដងអស់ពីកែវ។ ម៉ូរ៉ាវីសម្លឹងមើលនាយដោយភាន់ភាំង រួចក៏ញញឹម។ អាកប្បកិរិយារបស់នាយធ្វើឲ្យនាងពេញចិត្ត។ កន្លងមក មិនដែលមានប្រុសណាធ្វើចរិតបែបនេះដាក់នាងទេ។ មានតែនាយម្នាក់ប៉ុណ្ណោះដែលវាយឫកឆ្មើងឆ្មៃ និងមិនឱនលំទោនចំពោះនាង។
«ឆាប់ចូលសាច់រឿងទៅ។» អគ្នេយ៍និយាយម៉ាត់ៗ។
«បាន!» ម៉ូរ៉ាវីយកកែវស្រាទៅដាក់លើរទេះវិញ។ នាងបែរមុខមករកពិទូក្លែងក្លាយ ព្រមទាំងពោល «សម្ព័ន្ធមយូរ៉ាចង់សហការជាមួយក្រុមហ៊ុនរបស់លោក។ តើលោកយល់យ៉ាងម៉េចដែរ?»
«នាងគួរតែដឹងហើយថា ម្ចាស់ក្រុមហ៊ុនជាលោកមារបស់ខ្ញុំ។ ខ្ញុំគ្មានសិទ្ធិសម្រេចទេ។»
«ខ្ញុំប្រាកដជាដឹង។» ម៉ូរ៉ាវីដើរមកឈរពីមុខពិទូក្លែងក្លាយឡើងកៀក «ហើយខ្ញុំក៏ដឹងទៀតថា លោកមាលោកស្តាប់លោកណាស់។ ឲ្យតែលោកហាមាត់ គាត់ប្រាកដជាព្រម។»
ស្រីក្មេងសម្លឹងមើលភ្នែករបស់គេ ហើយបបូរមាត់របស់នាងញ័រតិចៗ។ នាងកំពុងតែបំពក់ភ្លើងកាមាក្នុងខ្លួនបុរស។
អគ្នេយ៍សម្លឹងមើលភ្នែករបស់នាង ដោយនឹកក្នុងចិត្ត៖
‘មើលទៅប្រហែលជាត្រូវលះបង់ខ្លួនទៀតហើយ។’
ពេលវេលានឹងកាន់តែខើចបើសិនជាគេរវល់តែគិត។ ដូច្នេះអគ្នេយ៍មិនឲ្យខាតពេលទេ។ នាយចាប់ស្មារបស់ម៉ូរ៉ាវី ហើយរុញនាងទៅដេកផ្កាប់មុខលើគ្រែ។ បន្ទាប់មក នាយហក់ទៅសង្គ្រប់នាង, បកសម្លៀកបំពាក់នាង, ហើយក៏ចាត់ការនាងតែម្តង។
ស្រីស្អាតធ្លាប់តែជាអ្នកដឹកនាំ សូមី្បតែកិច្ចការលើគ្រែ។ ពេលនេះមកជួបនឹងដៃគូថ្មីស្រឡាងដែលដឹកនាំនាងវិញ ធ្វើឲ្យនាងមិនសូវពេញចិត្តឡើយ។ នាងបម្រះចង់នៅពីលើ តែពិទូក្លែងក្លាយមិនយល់ព្រម។ នាយសង្កត់នាងជាប់ ហើយក៏សម្រុកទៅលើនាង។ នាយប្រើពេលខ្លី តែមានន័យជ្រៅសម្រាប់ម៉ូរ៉ាវី។ ស្រីក្មេងស្រែកថ្ងូរដោយក្តីសុខស្រួលជាពន់ពេក។
ត្រឹមតែបីនាទីប៉ុណ្ណោះ អគ្នេយ៍បញ្ចប់ភារកិច្ច។ នាយក្រោកចេញពីលើគ្រែ។ ម៉ូរ៉ាវីទាញខ្នើយមកបាំងពីមុខនាង រួចពោល៖
«តើលោកប្រញាប់ទៀតទេ? បើមិនប្រញាប់ទេ នៅសម្រាកទីនេះមួយថ្ងៃពីរសិនទៅ។ សណ្ឋាគារយើងនឹងរ៉ាប់រងថ្លៃចំណាយទាំងអស់។»
អគ្នេយ៍ឱនមើលនាឡិកា រួចងើបមុខនិយាយនឹងនាងទាំងញញឹមចុងមាត់៖
«យល់ព្រម។ ប៉ុន្តែពេលនេះខ្ញុំចង់សម្រាក។ សូមនាងចេញទៅ។»
ម៉ូរ៉ាវីរាងអន់ចិត្តបន្តិច ដែលពិទូម្នាក់នេះមិនរណបនាង សូមី្បតែនាងព្រមដេកជាមួយគេហើយ។ ប៉ុន្តែនាងអត់ធ្មត់ ព្រោះនាងយល់ថា នេះជាចរិតកូនប្រុសអ្នកមាន និងមួយទៀតនាងត្រូវការជំនួយពីគេ ហេតុនេះនាងត្រូវតែទន់ភ្លន់ និងសម្របតាមចិត្តគេ។
«បាន។»
ម៉ូរ៉ាវីក្រោកចេញពីគ្រែទៅរើសខោអាវមកស្លៀកពាក់ រួចដើរចេញពីបន្ទប់ទាំងមុខមិនសូវស្រស់។
គ្រាន់តែទ្វារបិទគ្រឹប អគ្នេយ៍ត្របាញ់ជើងទៅរកបន្ទប់ទឹក។ គេរាវរកគន្លឹះនៅជ្រុងនៃ កញ្ចក់។ ក្លឹក.. ខ្លួនអគ្នេយ៍បង្វិលមកនៅក្នុងទីមួយងងឹតឈឹង។ សំណាងល្អ នាយរៀបចំទុកជាមុន។ អគ្នេយ៍យកវ៉ែនតាខ្មៅអម្បាញ់មិញមកពាក់នឹងភ្នែក បន្ទាប់មកគេចុចគន្លឹះលើដង។ វ៉ែនតារបស់នាយជាផលិតផលពិសេស ដែលមានតួនាទីច្រើន។ ក្រៅពីធ្វើឲ្យមើលឃើញទីងងឹតដូចក្នុងទីភ្លឺ អគ្នេយ៍បានបញ្ចូលកម្មវិធីទៅក្នុងវ៉ែនតាដែលប្រៀបដូចត្រីវិស័យចង្អុលបង្ហាញផ្លូវទៅរកបន្ទប់របស់ម៉ូរ៉ាវី។ គ្រប់យ៉ាងគេយោងទៅតាមរូបភាពដែលស្នេហាដំបូងបញ្ជូនឲ្យ និងតាមព័ត៌មានរបស់ភ្នាក់ងារលាក់ខ្លួន។
ក្រោយពីដើរតាមការនាំផ្លូវរបស់វ៉ែនតា មិនយូរប៉ុន្មានគេមកដល់ទីតាំង។ អគ្នេយ៍រាវរកគន្លឹះ ហើយក៏ចុចភឹប.. គេត្រូវបានបង្វិលឲ្យមកនៅក្នុងបន្ទប់ទឹកមួយ។ អគ្នេយ៍ចេញពីបន្ទប់ទឹកទៅដល់ខាងក្រៅ, ជឿជាក់ថាជាបន្ទប់របស់ម៉ូរ៉ាវី ព្រោះមានការរៀបចំខុសប្លែកពីបន្ទប់បាតសមុទ្រផ្សេងៗ ជាពិសេសគឺមានកុំព្យូទ័រជាច្រើនតម្រៀបគ្នា។ មើលទៅនាងទុកសម្រាប់ទាក់ទងអនឡាញជាមួយ អ្នកសហការ។
អគ្នេយ៍មើលទៅខាងក្រៅកញ្ចក់បន្ទប់មេទ័ពស្រីសង្គមងងឹត។ នាយចំហមាត់នឹកស្ងើចសរសើរនាង។
នៅខាងក្រៅនោះ ត្រីឆ្លាមរាប់សិបក្បាលកំពុងតែហែលព័ទ្ធជុំវិញ។ សុទ្ធតែជាប្រភេទត្រីឆ្លាមកាច ហើយពួកវាហែលទៅហែលមកតែក្នុងបរិវេណមួយម៉ែត្រពីជញ្ជាំងកញ្ចក់ មិនទៅណាឆ្ងាយឡើយ។
«អ៊ីចឹងតើបានជាស្នេហាដំបូងមិនចូល។»
អគ្នេយ៍ប្រញាប់រាវរកគន្លឹះយន្តក្នុងបន្ទប់របស់ម៉ូរ៉ាវី។ រកសព្វទៅហើយ នៅតែមិនឃើញគន្លឹះបន្ទប់សម្ងាត់។ ពេលនោះអគ្នេយ៍ក៏ឈប់ស្ងៀម ហើយតាំងស្មារតី។ នាយសម្លឹងមើលបន្ទប់ទាំងមូលយឺតៗ និងដោយយកចិត្តទុកដាក់។
នាយប្រើចិត្តសាស្ត្រមកវិភាគ។
តាមដែលនាយដឹង ម៉ូរ៉ាវីស្រឡាញ់ខ្លាធំដែលជាឪពុកចិញ្ចឹមនាងណាស់ ដូច្នេះគន្លឹះយន្តគួរតែនៅនឹងវត្ថុដែលជាប់ទាក់ទងរវាងនាង និងខ្លាធំ។
អគ្នេយ៍រេភ្នែកមើលមួយត្រួសទៀត ក៏ប្រទះស៊ុមរូបថតនៅលើតុសម្អាង។ ជាទូទៅ ស៊ុមរូបថតគួរតែដាក់នៅលើតុធ្វើការ ឬតុក្បាលគ្រែ ហេតុអីបានជាទៅនៅលើតុសម្អាងទៅវិញ។
អគ្នេយ៍ដើរទៅជិត។ នាយពិនិត្យមើលឃើញរូបម៉ូរ៉ាវី និងបុរសចំណាស់ម្នាក់។
‘ប្រហែលជាខ្លាធំ។’ អគ្នេយ៍នឹកក្នុងចិត្ត។
នាយបានយកដៃទៅដកស៊ុមរូបថត តែដកមិនចេញ។ ស៊ុមនេះជាប់ស្អិតនឹងតុយ៉ាងខ្លាំង។
អគ្នេយ៍លើកចិញ្ចើម។ បន្ទាប់មក នាយក៏សាកកាច់ស៊ុមរូបថតបង្វិល។ វាពិតជាបង្វិលបានមែន។
ក្រាក.. ទូខោអាវបានរំកិលខ្លួន។ មានច្រកមួយនៅពីក្រោយទូខោអាវ។ អគ្នេយ៍ប្រញាប់ចូលទៅក្នុងនោះ។
នៅក្នុងបន្ទប់បួនជ្រុងព័ទ្ធដោយជញ្ជាំងថ្ម បំភ្លឺដោយអំពូលព្រឹមៗ បុរសសក់សម្នាក់អង្គុយនៅលើកៅអី, ភ្នែកត្រូវគេចងរុំនឹងក្រណាត់, ដៃទាំងពីរត្រូវគេចងព័ទ្ធទៅក្រោយខ្នង។ ខ្លួន និងជើងក៏ត្រូវចងភ្ជាប់នឹងកៅអីដែរ។
អគ្នេយ៍ប្រញាប់ទៅរកបុរសនោះ។ គេទាញក្រណាត់រុំចេញពីភ្នែករបស់គាត់។
«លោកឧត្តមសេនីយ៍។» អគ្នេយ៍ពោល។
បុរសជាប់ចំណងសម្លឹងមុខអគ្នេយ៍៖
«លោកជាអ្នកណា?»
«ខ្ញុំឈ្មោះអគ្នេយ៍។ លោកគ្រុយចាត់ខ្ញុំមករកលោក។» អគ្នេយ៍ប្រាប់។
«លោកគ្រុយ? ប្រធានភ្នាក់ងារចារកម្ម។» ឧត្តមសេនីយ៍គឹមសែតនិយាយ។
«បាទ។» អគ្នេយ៍ងក់ក្បាល «ពេលនេះកុំទាន់និយាយគ្នា។ ខ្ញុំស្រាយចំណងលោកសិន។»
អគ្នេយ៍ដោះវ៉ែនតាចេញពីភ្នែក បន្ទាប់មកចុចគន្លឹះ។ ដងវ៉ែនតាក៏ចេញលោហៈសស្ងាច។ នាយយកលោហៈនោះទៅអារកាត់ខ្សែចំណងយ៉ាងស្រួលបំផុត។
ក្រោយពីស្រាយចំណងរួចរាល់ អគ្នេយ៍នាំលោកឧត្តមសេនីយ៍ចេញពីបន្ទប់ឃុំ។ ដោយសារត្រូវឃុំឃាំងយូរ, មិនសូវបានអាហារគ្រប់គ្រាន់, ថែមទាំងអាយុច្រើនផង លោកឧត្តមសេនីយ៍រាងហេវហត់។ អគ្នេយ៍បានជួយគ្រាហ៍លោកចាកចេញទៅតាមផ្លូវសម្ងាត់ដែលនាយចូលមក។
ក្នុងពេលដែលចារបុរសកំពុងរំដោះជនរងគ្រោះ ម៉ូរ៉ាវីបម្រុងចេញពីសណ្ឋាគារ។
ពេលនាងមកដល់បន្ទប់ទទួលភ្ញៀវ បុរសមាឌធំម្នាក់ដើរចូលមកឱនក្បាលគំនាប់នាង រួចនិយាយ៖
«អ្នកនាង! បន្តិចទៀត លោកពិទូនឹងមកដល់។»
«ថាម៉េច!»
ម៉ូរ៉ាវីបើកភ្នែកធំៗ ពេលឮការរាយការណ៍របស់អង្គរក្ស។
បើពិទូទើបមកដល់ អ៊ីចឹងអ្នកដែលនៅជាមួយនាងអម្បាញ់មិញជាអ្នកណា?
មេទ័ពស្រីវ័យក្មេងភ្ញាក់ខ្លួនព្រើត។ នាងស្រែកបញ្ជា៖
«ទៅរកវាភ្លាម។»
«បាទ!»
អង្គរក្សប្រមាណដប់នាក់រត់ស្រ ចែកជើងគ្នារកគោលដៅ។ ចំណែកម៉ូរ៉ាវីត្រឡប់ខ្លួន, ដើរទាំងមុខមាំកណ្តាលអង្គរក្ស ដើមី្បទៅកាន់បន្ទប់។
ពេលទៅដល់ ឃើញកៅអីទទេ និងចំណងត្រូវកាត់ ម៉ូរ៉ាវីខឹងស្ទើរស្រក់ឈាម។
«ចាប់វាឱ្យបាន។» នាងបញ្ជាយ៉ាងដាច់អហង្ការទៅកាន់កូនចៅ ហើយអង្គរក្សបុរសបានចេញទៅ ដោយទុកតែពីរនាក់នៅអមចៅហ្វាយស្រី។
ងាកមកមើលអគ្នេយ៍ នាយបាននាំលោកឧត្តមសេនីយ៍ចេញផុតពីបន្ទប់បាតសមុទ្រហើយ។ នាយនាំលោកឡើងមកបន្ទប់របស់នាយដើមី្បក្លែងខ្លួន ដោយយកអាវធំពណ៌ដីមកគ្របពីលើអាវរបស់ឧត្តមសេនីយ៍ បន្ទាប់មកបំពាក់វ៉ែនតា និងបន្ថែមសក់ក្លែងក្លាយ។ នាយក៏មិនភ្លេចប្តូរមុខពិទូមកជាមុខនាយវិញដែរ។ រួចហើយនាយនាំលោកចេញពីបន្ទប់ ចុះតាមជណ្តើរយន្តមកដល់ជាន់ក្រោម។
ខណៈនេះ អង្គរក្សម៉ូរ៉ាវីកំពុងតែខ្វាត់ខ្វែងរកជនទាំងពីរ។
អគ្នេយ៍បានឲ្យលោកឧត្តមសេនីយ៍ដើរចេញទៅទ្វារដោយខ្លួនឯង។ នាយបំបែកខ្លួន ដើមី្បពង្វេរការចាប់អារម្មណ៍។
លោកឧត្តមសេនីយ៍ដើរមួយៗ។ ជើងរបស់លោករាងស្ពឹក ព្រោះតែត្រូវរឹតដោយចំណងយូរពេក។ លោកដើរមិនសូវស្រួលសោះ។ លោកប្រឹងដើរបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែញ័រទន់ជើងមួយចំហៀងលុតជង្គង់ចុះលើឥដ្ឋ។ ស្របពលនោះ អង្គរក្សបានបាញ់ភ្នែកមករកលោក។ ពួកគេមើលស្គាល់ ទោះបីលោកតុបតែងខ្លួនក៏ដោយ។ ពួកគេរត់សំដៅមករកចាប់លោក ប៉ុន្តែត្រូវអគ្នេយ៍ចាប់ពីក្រោយខ្នងបោកទៅលើឥដ្ឋ។
ពួកអង្គរក្សបានរត់មកវាយប្រហារលើនាយ។
ការវាយតប់បានកើតឡើងកណ្តាលបន្ទប់ទទួលភ្ញៀវ ធ្វើឲ្យភ្ញៀវភិតភ័យច្រួលច្របល់។
អង្គរក្សដែលនៅខាងលើបានស្ទុះរត់ចុះមកជួយគ្នា។ អគ្នេយ៍តែម្នាក់ត្រូវប្រយុទ្ធនឹងប្រុសមាឌធំជាងដប់នាក់។ នាយវាយផ្តួលពួកគេទៅលើឥដ្ឋ និងទៅលើតុទទួលភ្ញៀវ។ អង្គរក្សម្នាក់បានស្ទុះមកចាប់នាយពីក្រោយ។ អគ្នេយ៍បុកកែងសំដៅកណ្តៀតក្អម ធ្វើឲ្យវាចុក រួចនាយរំដោះខ្លួនពីការចាប់ ហើយរវែមួយជើងចំថ្ពាល់ធ្វើឲ្យវាដួលទៅលើឥដ្ឋ។ ម្នាក់ទៀតចូលមក អគ្នេយ៍ក៏ស្ទុះហក់ទៅធាក់យ៉ាងដំណំ ធ្វើឲ្យខ្ទាតទៅបុកកញ្ចក់នាងមច្ឆាមួយទំហឹង, បែកខ្ចាយធ្លាយទឹកចេញមកឈូ ដោយទាំងនាងមច្ឆាពីរបីមកជាមួយផង។
បន្ទប់ទទួលភ្ញៀវកើតចលាចល។
ម៉ូរ៉ាវី និងអង្គរក្សបានមកដល់កន្លែងកើតហេតុ។
ខណៈនោះដែរ ស្រាប់តែកណ្តឹងប្រកាសអគ្គិភ័យរោទ៍ឡើង។ មនុស្សផ្អើលច្រួលច្របល់រត់ប្រសេចប្រសាចពេញសណ្ឋាគារ។
លោកឧត្តមសេនីយ៍កំពុងលុតជង្គង់ក្រាបលើឥដ្ឋនៅឡើយ។ ពេលនោះមានមនុស្សម្នាក់បានមកចាប់លើកលោកឲ្យក្រោកឈរ ហើយនាំលោករត់ចេញក្រៅរួមជាមួយភ្ញៀវដទៃ។
រីឯអគ្នេយ៍នៅតស៊ូជាមួយអង្គរក្សមេទ័ពស្រីសង្គមងងឹត។
អង្គរក្សមាឌធំមិនដឹងចេញពីទីណាខ្លះទេ មកកាន់តែច្រើន ព្រួតគ្នាវាយមកលើអគ្នេយ៍តែម្នាក់។ ចារបុរសប្រយុទ្ធដោយភាពក្លាហាន និងរឹងប៉ឹង។ ប៉ុន្តែច្រើនពេកហើយ។ ទោះបីនាយពូកែវាយតប់ប៉ុណ្ណា ក៏ពិបាកទប់ទល់ដែរ ព្រោះចំនួនសត្រូវច្រើនលើសលប់។
សំណាងល្អ ក្រុមជំនួយបានមកដល់។ ពួកគេជម្លៀសឲ្យភ្ញៀវចេញ ហើយក៏ចូលទៅជួយអគ្នេយ៍ចាប់ជនល្មើស។
ម៉ូរ៉ាវីឃើញសភាពការណ៍ប្រែប្រួល នាងក៏បន្លំចេញពីសណ្ឋាគារជាមួយភ្ញៀវ រួចឡើងឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់នាងចាកចេញពីកោះប្រាក់។
«ចាំជួបគ្នាម្តងទៀត អគ្នេយ៍ ០០៦។» ម៉ូរ៉ាវីពោល។
នាងមើលសណ្ឋាគារជាចុងក្រោយពីលើអាកាសដោយក្រសែភ្នែកចងអាឃាត។
**
**
*
នៅឯមុខសណ្ឋាគារបាតាល លោកគ្រុយបង្ហាញខ្លួន។
«អរគុណហើយដែលបានជួយខ្ញុំ។» លោកឧត្តមសេនីយ៍គឹមសែតចាប់ដៃលោកគ្រុយ។
«ជាតួនាទីខ្ញុំទេ។» លោកគ្រុយឱនក្បាលបន្តិច, ញញឹម, ព្រមទាំងចាប់ដៃលោកឧត្តមសេនីយ៍តបវិញ។
អគ្នេយ៍ចូលមកដល់។
«លោកនាយ។» នាយលើកដៃគំនាប់។
«ពិតជាមិនធ្វើឲ្យខកបំណងមែន។» លោកគ្រុយទះស្មារបស់អគ្នេយ៍ «សម្រេចមុនថ្ងៃកំណត់រហូត។ លើកក្រោយទាល់តែកាត់បន្ថយថែមទៀត។»
«កុំធ្វើបាបខ្ញុំអីលោកនាយ។ ខ្ញុំមិនមែនមនុស្សយន្តទេ។» អគ្នេយ៍ធ្វើមុខជូរហួញ។
«អរគុណណាស់អ្នកកម្លោះ។» ឧត្តមសេនីយ៍គឹមសែតក្រោកឈរឡើង និយាយទាំងញញឹមទៅរកអគ្នេយ៍។
«ខ្ញុំបាទបំពេញភារកិច្ចទេទាន។» អគ្នេយ៍គំនាប់លោកឧត្តមសេនីយ៍។
«ប្រទេសយើងមានអ្នកឆ្នើមដូចលោកជារឿងល្អប្រសើរណាស់។»
«និយាយអ៊ីចឹង។ តើលោកដឹងទេហេតុអីពួកគេចាប់ខ្លួនលោក?» លោកគ្រុយសួរទៅលោកឧត្តមសេនីយ៍។
«គឺដោយសារតែខ្ញុំចាប់ទំនិញរបស់ពួកគេ ដូច្នេះពួកគេក៏ចាប់ខ្ញុំដើមី្បសងសឹក និងគំរាមរដ្ឋាភិបាល។» លោកឧត្តមសេនីយ៍រៀបរាប់។
ពិតដូចការប៉ាន់ស្មានរបស់អគ្នេយ៍មែន។
លោកគ្រុយបានឲ្យយន្តហោះជូនលោកឧត្តមសេនីយ៍ត្រឡប់ទៅគេហដ្ឋានវិញ រួចលោកងាកទៅរកអគ្នេយ៍។
អគ្នេយ៍ដកដង្ហើមហ៊ឺ។ ទឹកមុខរាងស្ងួត។ ឃើញដូច្នោះ លោកគ្រុយសួរ៖
«ហេតុអីបានជាដកដង្ហើមធំ?»
«ស្តាយចាប់មេខ្លោងមិនបាន។» អគ្នេយ៍ពោល។
«គង់តែមានឱកាសទេ។» លោកគ្រុយទះស្មាអគ្នេយ៍។
បន្ទាប់មក មេ និងកូនចៅដើរទន្ទឹមគ្នា។
«ខ្ញុំរកបានវត្ថុនេះនៅក្នុងបន្ទប់ម៉ូរ៉ាវី។» អគ្នេយ៍ហុចរបស់ម៉្យាងឲ្យលោកគ្រុយ។
«ចាំខ្ញុំយកទៅពិនិត្យ។» លោកគ្រុយតប។
«តើលោកនាយគិតចាត់ចែងសណ្ឋាគារនេះយ៉ាងម៉េច?»
«បណ្តោះអាសន្នត្រូវបិទសណ្ឋាគារសិន ហើយចាំមើលការសម្រេចរបស់ថ្នាក់លើ។»
«លោកនាយ! តើខ្ញុំអាចសំណូមពរមួយបានទេ?»
«និយាយមក។»
«លើកក្រោយកុំប្រើប័ណ្ណពណ៌ផ្កាឈូកអី។ ប្រើពណ៌អីផ្សេងទៅ។»
«យ៉ាងម៉េច? មិនចូលចិត្តមែនទេ?»
«មិនមែនទេ តែមានអារម្មណ៍មិនស្រួលសោះ ពេលឃើញពណ៌មួយនោះ។»
«ខ្លាចខ្ញុំស្រឡាញ់មែនទេ?» លោកគ្រុយនិយាយទាំងក្នុងបំពង់-កលាយសំណើចតិចៗ។
អគ្នេយ៍មិនឆ្លើយ។ លោកគ្រុយសួរ៖
«យ៉ាងម៉េចដែរ? ដៃគូលើកនេះ។»
«ពិសេសពេកហើយ។» អគ្នេយ៍សើច ពេលនឹកដល់ស្នេហាដំបូង «ជាពិសេសឈ្មោះ។»
«ហ្វឹកហាត់អស់ប្រាំឆ្នាំណា៎។»
«អូ!» អគ្នេយ៍ងក់ក្បាល «តើលោកនាយយកគេទៅវិញមែនទេ?»
«អត់ទេ។ ខ្ញុំព្រលែងគេចូលសមុទ្រ ឲ្យគេមានសេរីភាពហើយ។ គ្នាជាស្រី កុំប្រើគ្នាច្រើនពេក។»
«អ្ហៈ!» អគ្នេយ៍បើកភ្នែកធំៗ «ស្នេហាដំបូងជាញីទេ?»
«ត្រូវហើយ។ ជាដូហ្វ៊ីនញី។» លោកគ្រុយបញ្ជាក់។
មិនគួរឲ្យជឿសោះ។ ជាញី តែចូលចិត្តមើលស្រីៗស្រាត។ ពិតជាគួរឲ្យអស់សំណើចណាស់។
«ចុះអ្នកដែលផ្តល់ដំណឹងឲ្យខ្ញុំនោះ។ តើគេជាស្រីឬប្រុស?» អគ្នេយ៍សួរ។
«គេក៏ជាស្រីដែរ។» លោកគ្រុយតប។
«ខ្ញុំចង់ជួបគេ។»
«ជួបមិនបានទេ។»
«ហេតុអី?»
លោកគ្រុយ និងអគ្នេយ៍ឈប់ រួចបែរមុខរកគ្នា។
«នេះដើមី្បសុវត្ថិភាពរបស់ភ្នាក់ងារយើង។ ម៉្យាងទៀតបើសិនជាគេអាចឲ្យជួបស្រួលនោះ គេមិនបាច់ក្លែងបន្លំខ្លួន ម្តងជាប្រុសម្តងជាស្រី ម្តងជាចាស់ម្តងជាក្មេងនោះទេ។»
អគ្នេយ៍ងក់ក្បាល។ នាយយល់សម្តីរបស់ប្រធានរបស់នាយ។
«អស់ហើយមែនទេ?» លោកគ្រុយសួរ។
«អស់ហើយ។» អគ្នេយ៍តប។
«អ៊ីចឹងដល់វេនខ្ញុំម្តង។» លោកគ្រុយលាបាតដៃ ព្រមទាំងនិយាយ «ប្រគល់ប័ណ្ណឥណទានមកវិញ។»
«អូ បាត់បាត់ហើយ។»
លោកគ្រុយសម្លក់អគ្នេយ៍ រួចក៏បង្ហាញប័ណ្ណឥណទាននៅចំពោះមុខនាយ។
«លោកនាយយកពីអង្កាល់?» អគ្នេយ៍ស្ទាបហោប៉ៅអាវខោ។
«របស់នៅក្នុងប្រអប់វ៉ាលីសខ្មៅមិនបាច់សងវិញក៏បាន តែប័ណ្ណនេះត្រូវសង ព្រោះជារបស់ផ្ទាល់ខ្លួន។»
«ចិត្តល្អបន្តិចទៅលោកនាយ! ឲ្យខ្ញុំខ្ចីប្រើពីរបីថ្ងៃសិនមក។ ខ្ញុំដាច់ស្បៀងហើយ។»
«មិនបានទេ។ សន្សំយូរឆ្នាំហើយ។ យើងមិនហ៊ានចាយសូមី្បមួយសេន តែឯងវិញហៅសុទ្ធតែ steak និងស្រាក្រហម។ ពេលបើកប្រាក់ខែត្រូវកាត់សងយើងវិញ។»
ថាហើយ លោកគ្រុយដើរទៅមុខ។ អគ្នេយ៍តាមអង្វរចៅហ្វាយ។
«លោកនាយ! កុំអ៊ីចឹងអី។ ឲ្យខ្ញុំខ្ចីសិនមក។ ខ្ញុំត្រូវទិញខោអាវថ្មី ហើយយប់ស្អែកណាត់ស្រីស្អាតញ៉ាំបាយ។»
«មិនបានទេ។»
«លោកនាយ.. ធ្វើបុណ្យនឹងកូនចៅទៅ។»
«មិនបាន។»
«លោកនាយ…»