នៅក្នុងអត្ថបទនេះ នាងខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបធ្វើកំណត់ហេតុ ២ យ៉ាង ដែលនាងខ្ញុំធ្លាប់បានប្រទះអំឡុងធ្វើការកន្លងមក ដោយគំរូនេះគឺតាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋ។
លោកអ្នកអាចមើលជាព័ត៌មាន និងចំណេះដឹង។ ក្នុងករណី លោកអ្នកយកទៅប្រើប្រាស់ សូមកែសម្រួលតាមការគួរ៕
**
**
*
សូមគោរពជូន
លោកជំទាវ…..
កម្មវត្ថុ : កំណត់ហេតុស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា
យោង : សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧
សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ……. ឲ្យបានជ្រាបថា កាលពីឆ្នាំពីរពាន់ដប់ប្រាំពីរ ខែកក្កដា ថ្ងៃទីម្ភៃមួយ វេលាម៉ោងប្រាំបួន និងសូន្យនាទីព្រឹក នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សាស្តីពីការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ឲ្យចូលបម្រើការងារក្នុង (ឈ្មោះស្ថាប័ន) ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជានាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំរបស់…………. និងមានការចូលរួមពី៖
១. លោក ចន ស្រី ប្រធាននាយកដ្ឋាន………… ជាប្រធានអង្គប្រជុំ
២. លោក កក ស៊ីថា ………………………………..
៣. លោកស្រី រី ដា ……………………………………
៤. លោកស្រី ស គន្ធា ……………………………….
៥. កញ្ញា ជូ លីណា ……………………………….
៦. កញ្ញា ធីតា គង្គា ……………………………….
៧. កញ្ញា សោម ចរិយា ………………………….. ជាអ្នកកត់ត្រា
៨. លោក សុខ ជ័យ …………………………….. ជាអ្នកកត់ត្រា
ជាកិច្ចចាប់ផ្តើម លោក ចន ស្រី បានមានមតិបើកថា៖
លោក ចន ស្រី ៖ ជាបឋម ខ្ញុំសូមគោរព និងសូមថ្លែងអំណរគុណលោក លោកស្រី នាងកញ្ញា ដែលបានមកចូលរួមក្នុងកិច្ចប្រជុំថ្ងៃនេះ។ ដើមី្បកុំឲ្យខាតពេលយូរ យើងចាប់ផ្តើមកិច្ចប្រជុំរបស់យើងតែម្តងទៅ។ ខ្ញុំសុំឲ្យ កញ្ញា សោម ចរិយា ប្រកាសហេតុ និងគោលបំណងរបស់កិច្ចប្រជុំយើងបន្តិច មុននឹងឈានដល់ការពិភាក្សា។
កញ្ញា សោម ចរិយា ៖ ចាស៎ សូមអរគុណលោកប្រធានអង្គប្រជុំ។ នាងខ្ញុំសូមគោរពលោក លោកស្រី នាងកញ្ញាដែលមានវត្តមានក្នុងអង្គប្រជុំថ្ងៃនេះ។ ដោយមានលិខិតស្នើសុំពីនាយកដ្ឋានរដ្ឋបាលចង់បានមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យាចំនួនបីរូប ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាល ក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ ដូច្នេះទើបនាយកដ្ឋានបុគ្គលិករៀបចំអង្គប្រជុំនេះឡើងដើមី្បពិភាក្សាពីលក្ខខ័ណ្ឌក្នុងការជ្រើសរើសមន្ត្រីព័ត៌មានវិទ្យា ឲ្យចូលបម្រើការងារក្នុង…….។ សូមអរគុណ។
លោក ចន ស្រី ៖ បាទ អរគុណកញ្ញាចរិយា។ ក្រោយបានជ្រាបពីគោលបំណងកិច្ចប្រជុំរួចហើយ ខ្ញុំសុំឲ្យលោក លោកស្រី នាងកញ្ញាបញ្ចេញយោបល់។ សូមអញ្ជើញលោកស៊ីថា។
លោក កក ស៊ីថា ៖ បាទ សូមអរគុណលោកប្រធានអង្គប្រជុំ។ ខ្ញុំសូមបញ្ជាក់ពីគោលបំណងដែលខាងរដ្ឋបាលចង់បានមន្ត្រីបន្ថែម។ ដូចលោកលោកស្រីនាងកញ្ញាបានដឹងស្រាប់ហើយថា រដ្ឋបាលជាការិយាល័យដែលមានការងារមមាញឹកជាងគេ។ ឯកសារទាំងអស់របស់ស្ថាប័នគឺខាងរដ្ឋបាលទទួលខុសត្រូវ។ ការងាររបស់យើងពាក់ព័ន្ធនឹងក្រដាស កុំព្យូទ័រ ម៉ាស៊ីនព្រីន និងម៉ាស៊ីនថតចម្លងច្រើន។ កន្លងមក ខាងរដ្ឋបាលជួបប្រទះបញ្ហាជាច្រើន ដូចជាកុំព្យូទ័រ error ធ្វើឲ្យបាត់ឯកសារមួយចំនួន។ មួយទៀត គឺការឆ្លងមេរោគ ក៏ជាហេតុនាំឲ្យបាត់បង់ឯកសាររបស់ស្ថាប័នដែរ។ នៅមានបញ្ហាផ្សេងៗដូចជាម៉ាស៊ីនព្រីនគាំង ម៉ាស៊ីនថតចម្លងខូច កុំព្យូទ័រខូចជាដើម។ ខាងស្ថាប័នយើងមានផ្នែកបច្ចេកកុំព្យូទ័រ ប៉ុន្តែដោយសារពួកគាត់មានគ្នាតិច ត្រឹមតែពីរនាក់ ដូច្នេះមិនអាចបំពេញការងារច្រើនសន្ធឹកបានឡើយ។ កម្លាំងតិចធ្វើការច្រើននាំឲ្យយឺតយ៉ាវ។ នេះមិនមែនជាការបន្ទោសទេ តែខ្ញុំចង់បង្ហាញពីភាពជាក់ស្តែង ព្រោះពួកគាត់តែពីរនាក់ មិនអាចទ្រការងារគរដូចភ្នំបានឡើយ។ ការងារច្រើនធ្វើយឺត គឺជារឿងធម្មតា តែដោយសារខាងរដ្ឋបាលយើងត្រូវការចាំបាច់នូវកុំព្យូទ័រ ម៉ាស៊ីនព្រីន ថតចម្លង ព្រោះការងាររបស់យើងបន្ទាន់សឹងរាល់ថ្ងៃ ហេតុនេះការយឺតនាំឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ ហេតុនេះ ទើបរដ្ឋបាលស្នើសុំមន្ត្រីព័ត៌មានវិទ្យាបីនាក់ដើមី្បជួយរំលែកការងារ និងធ្វើឲ្យការងាររលូនទៅមុខ គ្មានភាពរាំងស្ទះ ព្រមទាំងជួយកាត់បន្ថយអម្រែករបស់ផ្នែក IT ដែរ។ សូមអរគុណ។
លោក ចន ស្រី ៖ សូមអរគុណលោកស៊ីថា ដែលបានរៀបរាប់យ៉ាងក្បោះក្បាយពីគោលបំណងនៃការស្នើសុំ។ សូមអញ្ជើញលោកលោកស្រីនាងកញ្ញា តើមានយោបល់អ្វីទេ? បាទ សូមអញ្ជើញ កញ្ញា លីណា។
កញ្ញា ជូ លីណា ៖ ចាស៎ សូមអរគុណលោកប្រធានអង្គប្រជុំ។ នាងខ្ញុំសូមគាំទ្រចំពោះសំណើរបស់រដ្ឋបាល។ លោកស៊ីថានិយាយមិនខុសទេ។ ផ្នែកពួកយើងមានគ្នាតិច ដូច្នេះយើងមិនអាចបម្រើការងារបានដិតដល់ និងទាន់ពេលវេលាឡើយ។ ដូចគ្រប់គ្នាបានឃើញស្រាប់ហើយ កន្លងមក ថ្ងៃខ្លះ ពួកខ្ញុំនៅដល់ម៉ោងប្រាំបួនឬដប់យប់ ប៉ុណ្ណឹងផងក៏នៅតែធ្វើមិនទាន់ផង ព្រោះគ្រឿងកុំព្យូទ័រត្រូវចំណាយពេលវេលាច្រើន បើសិនជាខូចឬមានបញ្ហាគាំង។ ហេតុនេះ ខាងខ្ញុំមិនជំទាស់ឡើយចំពោះការរើសបុគ្គលិកចូល។ សូមអរគុណ។
លោក ចន ស្រី ៖ សូមអរគុណកញ្ញាលីណា។ សូមអញ្ជើញខាងហិរញ្ញវត្ថុ។
លោកស្រី ស គន្ធា ៖ សូមអរគុណលោកប្រធានអង្គប្រជុំ។ ការរើសបុគ្គលិកបន្ថែម ខាងយើងមិនដែលជំទាស់ឡើយ ព្រោះដើមី្បជួយបង្កើនប្រសិទ្ធភាពការងារ។ ប៉ុន្តែសម្រាប់គម្រោងថវិកាប្រចាំឆ្នាំពីរពាន់ដប់ប្រាំពីរនេះ ថវិកាសម្រាប់រើសបុគ្គលិកថ្មីមិនគ្រប់គ្រាន់ទេ ប្រសិនបើរើសថែមបីនាក់ទៀត ព្រោះក្នុងគម្រោងប្រចាំឆ្នាំរបស់ក្រុមហ៊ុន ក្នុងមួយឆ្នាំអនុញ្ញាតឲ្យរើសបុគ្គលិកថ្មីបានចំនួនប្រាំនាក់។ កាលពីដើមឆ្នាំយើងបានរើសបុគ្គលិកបន្ថែមជាជំនួយការពីរនាក់ និងពីររូបជាបុគ្គលិកផ្នែកព័ត៌មាន និងផ្សព្វផ្សាយ។ ដូច្នេះបើសិនជារើសថ្មីអាចបានតែមួយរូបប៉ុណ្ណោះ ព្រោះបើរើសថែមបីនាក់គឺលើសគម្រោងរបស់ស្ថាប័នហើយ។ នេះជាយោបល់របស់ខ្ញុំ។ សូមអរគុណ។
លោក ចន ស្រី ៖ សូមអរគុណអ្នកស្រីគន្ធា។ បាទ សូមអញ្ជើញលោកស៊ីថា។
លោក កក ស៊ីថា ៖ ខ្ញុំយល់ពីចំណុចនេះ។ ប៉ុន្តែខ្ញុំជឿថា ថ្នាក់ដឹកនាំប្រាកដជាយល់ និងអនុញ្ញាត ព្រោះនេះជាតម្រូវការជាក់ស្តែង។ យើងគ្រប់គ្នាបានមើលឃើញពីផលលំបាក និងធ្លាប់បានជួបប្រទះរួចមកហើយកន្លងមក។ ហេតុនេះ ទោះបីលើសគម្រោងថវិកា ខ្ញុំគិតថា មិនចោទជាបញ្ហាធំនោះទេ។
លោក ចន ស្រី ៖ សូមអញ្ជើញលោកស្រី រី ដា។
លោកស្រី រី ដា ៖ ចាស៎ សូមអរគុណលោកប្រធានអង្គប្រជុំ។ ខាងរដ្ឋបាលលើកឡើងមិនខុសទេ នេះគឺមើលឃើញជាក់ស្តែង តែខាងហិរញ្ញវត្ថុក៏មានផលលំបាកដែរ។ យើងគួរស្តាប់យោបល់ខាងបច្ចេកទេស តើបុគ្គលិកម្នាក់អាចជួយសម្រាលការងារបានដែរឬទេ? សូមអរគុណ។
លោក ចន ស្រី ៖ ម៉្យាងដែរ។ សូមអរគុណលោកស្រី រី ដា។ លីណា យល់យ៉ាងម៉េចដែរ?
កញ្ញា ជូ លីណា ៖ ប្រសិនបើរើសបុគ្គលិកមកថែមតែម្នាក់ ខ្ញុំថាល្អជាងមុនតែបន្តិចទេ។ ចុះបើយកពីរនាក់ តើយ៉ាងម៉េចដែរ?
លោក ចន ស្រី ៖ លោកស៊ីថា អ្នកស្រីគន្ធា ប្រសិនបើកាត់បន្ថយម្នាក់ រើសយកតែពីរនាក់ យ៉ាងម៉េចដែរ?
លោក កក ស៊ីថា ៖ ពីរនាក់ ខ្ញុំយល់ព្រម។
លោកស្រី ស គន្ធា ៖ នៅតែលើស។ ខ្ញុំមិនហ៊ានអារកាត់ទេ។
លោក ចន ស្រី ៖ ឥឡូវអ៊ីចេះចុះ។ ខ្ញុំសូមជូនយោបល់ថា ដោយសារតែមតិភាគច្រើនយល់ស្របលើការរើសយកមន្ត្រីជាប់កិច្ចសន្យាថែមពីរនាក់ ខ្ញុំនឹងរៀបចំសំណើស្នើទៅថ្នាក់ដឹកនាំ ហើយខ្ញុំនឹងស្នើសុំឲ្យមានកិច្ចប្រជុំម្តងទៀត ជាមួយនឹងថ្នាក់ដឹកនាំដោយផ្ទាល់។ តើយ៉ាងម៉េចដែរ?
លោក ស៊ីថា ៖ បាទ។
លោកស្រី ស គន្ធា ៖ ចាស៎។
លោក ចន ស្រី ៖ បើថាយល់ស្របទាំងអស់គ្នាហើយ អ៊ីចឹងយើងសម្រេចអ៊ីចឹងចុះ។ ខ្ញុំនឹងឲ្យកញ្ញាសោម ចរិយា ធ្វើកំណត់ហេតុ និងសំណើស្នើសុំថ្នាក់ដឹកនាំ រួចនឹងជូនដំណឹងដល់គ្រប់គ្នា ។ អ៊ីចឹងសម្រាប់ថ្ងៃនេះ កិច្ចប្រជុំយើងបានមកដល់ទីបញ្ចប់ហើយ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះលោក លោកស្រី នាងកញ្ញា ដែលបានចំណាយពេលវេលាចូលរួមក្នុងអង្គប្រជុំ។ សូមប្រកាសបិទអង្គប្រជុំ។
កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោងដប់ និងប្រាំនាទីប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ នាងខ្ញុំសូម លោកជំទាវ…….. មេត្តាជ្រាប។
សូម លោកជំទាវ…….. ទទួលនូវការគោរពពីនាងខ្ញុំ។
ថ្ងៃ…………. ខែ……………………….. ព.ស. ………
រាជធានីភ្នំពេញ ថ្ងៃទី………….. ខែ…………. គ.ស…………
អ្នកធ្វើកំណត់ហេតុ