៣ ចំណុច MC គួរយល់ដឹងដើមី្បបង្ការបញ្ហា

ជាទូទៅ  MC មិនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងទេ តែងតែមានប្រធានដើមី្បជួយត្រួតពិនិត្យ និងសម្របសម្រួលការងារ ឬអាចនិយាយឲ្យស្រួលស្តាប់ ជាអ្នកទទួលរ៉ាប់រងខុស និងត្រូវ។ ប៉ុន្តែបើសិនជាប្រធានដែលមកចាត់ចែង និងគ្រប់គ្រងការងារ MC មិនយល់ពីការងារ, ជាពិសេសមិនយល់ពីតួនាទី និងការទទួលខុសត្រូវក្នុងនាមជាប្រធានគ្រប់គ្រងការងារ MC ក្នុងអង្គពិធី, នោះអ្នកដែលជា MC ដឹងតែចាំតែទទួលបញ្ហាហើយ ជាពិសេសពេលដែលគាត់ប្រាប់ឲ្យប្តូរសម្តី MC ភ្លាមៗ រួចមិនទទួលខុសត្រូវ និងដោះសាយករួចខ្លួនពេលថ្នាក់ដឹកនាំស្តីបន្ទោស។ ដូច្នេះ MC ទាំងឡាយគួរ៖ មិនថាស្ថិតក្នុងសភាពបន្ទាន់ប៉ុណ្ណា, សុំកុំប្រញាប់ប្រញាល់ខ្លាំងពេក, ត្រូវតាំងស្មារតី និងធ្វើចិត្តឲ្យស្ងប់, កុំទាន់ប្តូរសម្តី MC ភ្លាមៗដោយគ្រាន់តែឮគេប្រាប់ ទោះបីអ្នកនោះជាថ្នាក់លើរបស់យើងក៏ដោយ។ សូមព្យាយាមផ្ទៀងផ្ទាត់ព័ត៌មាន យ៉ាងហោចណាស់ជាមួយនឹងថ្នាក់លើពីរទៅបីនាក់ មុននឹងលោកអ្នកកែសម្រួលសម្តី MC នៅក្នុងក្រដាស។ ពេលកែរួច ក៏គួរតែព្យាយាមរកអ្នកពិនិត្យ និងផ្តល់ការអនុញ្ញាតសិនដែរ មុននឹងប្រើប្រាស់។ ពេលដែលលោកអ្នកត្រូវបានចាត់ឲ្យធ្វើជា MC លោកអ្នកគួរសួរបញ្ជាក់ពីថ្នាក់លើឲ្យបានច្បាស់ថា ថ្នាក់លើម្នាក់ណាជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវការងារ។ សូមកុំខ្លាចក្នុងការសួរ, ហើយលោកអ្នកក៏ត្រូវតែមានភាពក្លាហានបញ្ជាក់ជាមួយនឹងថ្នាក់លើទាំងឡាយដែរថា បើសិនជាមានការចាត់តាំងបែបនេះហើយ សូមឲ្យថ្នាក់លើទាំងឡាយមេត្តាកុំដាក់បន្ទុកលើខ្លួនលោកអ្នកតែម្នាក់ នៅពេលដែលមានរឿងខុសទម្លាប់ឬខុសពីអ្វីដែលបានគ្រោងទុកកើតឡើង។ ទោះបីមានការចាត់តាំងឬរៀបចំយ៉ាងណាក៏ដោយ … Continue reading ៣ ចំណុច MC គួរយល់ដឹងដើមី្បបង្ការបញ្ហា

លក្ខណៈសម្បតិ្តដើម្បីធ្វើជាអ្នកសម្របសម្រួលកម្មវិធី (MC)

ក្នុងអត្ថបទនេះ សុំលើកឡើងពីលក្ខណៈសម្បត្តិដើមី្បធ្វើជាអ្នកសម្របសម្រួលកម្មវិធីរបស់ស្ថាប័នរដ្ឋ។ គ្រប់ចំណុចដែលរៀបរាប់ មិនមែនមានន័យថា គឺត្រូវតែបែបហ្នឹងទេ។ នេះគ្រាន់តែបង្ហាញជូននូវលក្ខខណ្ឌទូទៅតាមបទពិសោធការងារ និងការអង្កេតរបស់ផ្ទាល់តែប៉ុណ្ណោះ។ លក្ខណៈសម្បត្តិដើមី្បធ្វើជា MC របស់ស្ថាប័នរដ្ឋមានពីរចម្បង៖ ដំបូងឡើយ គឺមើលលើរូបសម្បត្តិ។ មិនត្រូវការស្អាតផ្តាច់គេទេ ត្រឹមតែល្មមសមរម្យ និងមានលក្ខណៈជាខ្មែរ ដូចជាសម្បុរស្រអែម (ឬសម្បុរស តែមិនសពេក) និងជាពិសេសមានសក់ខ្មៅ (ធម្មជាតិ)។ បន្ទាប់ពីរូបសម្បតិ្ត គឺត្រូវមើលលើរបៀបនិយាយ, សំដៅដល់ការអានតួអក្សរ ជាពិសេសគឺបញ្ចេញសូរបានច្បាស់ និងត្រឹមត្រូវតាមសំនៀងខ្មែរភាគកណ្តាល។ ឧទាហរណ៍ 'កែវ' ត្រូវអានថា កែវ មិនមែន 'គែវ' ទេ។ ចំណុចទីពីរនេះសំខាន់ជាងចំណុចទីមួយទៅទៀត។ បច្ចុប្បន្ននេះមានការអនុគ្រោះច្រើនដោយសារតែក្នុងកម្មវិធីមានភ្ញៀវអន្តរជាតិ ដូច្នេះស្ថាប័នរដ្ឋមិនសូវតឹងតែងដូចមុនទេក្នុងការរើស MC។ ដោយឡែកបើជាកម្មវិធីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដាច់ខាតត្រូវតែផ្តល់អាទិភាព និងតម្លៃដល់ភាសាជាតិ ដូច្នេះតម្រូវឲ្យរើសយក MC ដែលបញ្ចេញសំនៀងអក្សរខ្មែរច្បាស់ និងត្រូវក្រឹតក្រម៕