និពន្ធដោយ ភូ ចរិយា គ្រាន់តែឃើញប៉ាមកដល់ភ្លាម, ម្នាក់ៗរត់ទៅសួរ៖ «ម៉េចហើយ? ម៉េចហើយ?» ប៉ាឆ្លើយទាំងមុខស្រពោន៖ «គេមិនព្រមពន្យារទៀតទេ។ ស្អែក គេមករឹបអូសយកផ្ទះហើយ។» គ្រាន់តែឮដូច្នេះ ម៉ាក់ស្ទុះទៅអុជធូបបន់ព្រះផងបន់ជីដូនជីតាផង, បងប្រុសទូរស័ព្ទទៅរកមិត្តភក្តិគាត់, ឯបងស្រីទូរស័ព្ទទៅរកសាច់ញាតិឲ្យជួយ។ ចំណែកខ្ញុំវិញ, ខ្ញុំយកទូរស័ព្ទមកចុចអ៊ិនធើណេត រកមើល «វិធីសាស្ត្រជោគជ័យក្នុងការដើរសុំទាន»៕
Category: រឿងខ្លី
រឿង «ជឿ»
និពន្ធដោយ ភូ ចរិយា នារី ៖ ដើមី្បបង្ហាញថាជឿជាក់លើមនុស្សម្នាក់ តើគេធ្វើយ៉ាងម៉េច? បុរស ៖ ស្រួលទេ។ ឧទាហរណ៍ ដូចជារវាងបង និងអូន។ បើគេមកប្រាប់បងថា អូនលួចមានអ្នកផ្សេង, បើសិនបងជឿជាក់លើអូន បងអត់ខ្វល់ទេ។ ប៉ុន្តែបើបងមិនជឿអូន, បងនឹងមកសួរអូនថា តើអូនពិតជាលួចមានអ្នកផ្សេងដូចគេថាមែនឬអត់៕
រឿង «យល់ឬនៅ?»
និពន្ធដោយ ភូ ចរិយា ចក់ និងចូចកំពុងអង្គុយហូបនំបញ្ចុក។ ចូចមិនហូប គិតតែពីអង្គុយភ្លឹក។ ឃើញដូច្នោះ ចក់ក៏សួរ៖ «គិតស្អី?» «គ្នាចង់ដឹងថា អ្នកដែលត្រូវគេវាយមានអារម្មណ៍យ៉ាងណា។» ចូចតប។ ម៉ាំង! ចូចផ្កាប់មុខចូលចាននំបញ្ចុក។ ពេលគេងើបមុខមកវិញ, ចក់សួរ៖ «ពេលនេះដឹងឬនៅ?» «ដឹងហើយ។» ចូចឆ្លើយទាំងងក់ក្បាលញាប់ស្អេក។ «អើ បើអ៊ីចឹងឆាប់ស៊ីទៅ។» ចូចមិនមាត់, ប្រញាប់កាយនំបញ្ចុកចូលមាត់៕
រឿង «វិធីសាស្រ្តដើមី្បដឹងថាជាខ្មោចឬមិនមែន»
និពន្ធដោយ ភូ ចរិយា កណ្តាលអធ្រាត្រ សុខ និងចយទៅរកឆ្លុះកង្កែប។ ពួកគេដើរកាត់ព្រៃ។ រាល់ដងមិនមានអ្វីទេ ចម្លែកតែយប់នេះ ឮសូរឆ្កែលូល្វើយៗ។ សុខទច់ជើង រួចពោល៖ «វឺយ! ឆ្កែលូ។» «នៅឆ្ងាយណាស់។ មានន័យថានៅខាងណោះទេ។» ចយនិយាយ។ សុខងក់ក្បាលយល់ស្រប។ ពួកគេបន្តដំណើរ។ ស្រាប់តែសុខទច់ង៉ក់ម្តងទៀត។ «មានរឿងអី?» ចយសួរ។ «ឯងមើលខាងមុខយើងនោះ។ នៅក្រោមដើមព្រីង។» សុខពោលព្រមទាំងចង្អុល។ ចយមើលតាមដៃរបស់គូកន ឃើញបុរសម្នាក់កំពុងអង្គុយ ប៉ុន្តែដោយសារតែយប់គ្មានពន្លឺខែ ធ្វើឲ្យគេមើលមិនសូវច្បាស់ឡើយ។ «ជាមនុស្សឬខ្មោច?» សុខសួរ។ «ធ្វើម៉េចដឹង បើយើងនៅជាមួយឯងហ្នឹង។» ចយតប។ «ឥឡូវធ្វើម៉េច?» ចយគិតមួយភ្លែត ក៏លូកចូលក្នុងហោប៉ៅខោ យកប្រេងកូឡាចេញមក ព្រមទាំងនិយាយថា៖ «យើងនឹងគប់ទៅ។ បើជាខ្មោច វាប្រាកដជារលាយបាត់។» សុខងក់ក្បាលផ្ងក់ៗ។ ចយកាន់ប្រេងកូឡានឹងដៃ ប្រុងជំហរ បន្ទាប់មកក៏គប់ទៅរកដើមព្រីង។ បំណងរបស់គេគ្រាន់តែចង់គប់បង្អើលទេ ប៉ុន្តែបែរជាដៃត្រង់ ឮសូរតែភូស។ «អូយ!» គ្រាន់តែឮសម្រែក សុខ និងចយប្រញាប់ដាក់មេប្រូច។ រីឯបុរសនោះបានយកដៃខ្ទប់ថ្ងាស។ «ចុះអាណាមកគប់អញហ្នឹង?» … Continue reading រឿង «វិធីសាស្រ្តដើមី្បដឹងថាជាខ្មោចឬមិនមែន»