និពន្ធដោយ ភូ ចរិយា
មានទន្សាយមួយក្បាលបានសម្រេចចិត្តចាកចេញពីផ្ទះមួយរយៈដើមី្បផ្សងព្រេង។ វាបានរៀបចំអាហារដាក់ក្នុងបង្វិច រួចចេញដំណើរ។
តាមផ្លូវ ទន្សាយរីករាយនឹងទិដ្ឋភាពប្លែកៗដែលបានឃើញ។
នៅខាងមុខនោះ មានកូនទុងមួយក្បាលកំពុងដេកននៀលលើដី។ មានស្រមោចមួយកំពុងខាំពោះរបស់វា។ ទន្សាយបានជួយបេះស្រមោចចេញពីពោះកូនទុង។ កូនទុងអរគុណទន្សាយ រួចចាកចេញទៅ។
ទន្សាយបានបន្តដំណើរទៅមុខទៀត។ វាបានជួបនឹងពស់មួយទើបតែសករួច។ វាវារគើមៗព្រោះអត់អាហារជាច្រើនថ្ងៃ។ ទន្សាយក៏យកអាហារខ្លះពីក្នុងបង្វិចទៅឲ្យសត្វពស់។
រួចហើយ ទន្សាយបន្តដំណើរ។ មួយស្របក់ក្រោយមក វាបានឮសំឡេង៖
«ជួយផង! ជួយផង!»
ទន្សាយរត់ទៅមើល ឃើញចចកមួយក្បាលធ្លាក់ទៅក្នុងរណ្តៅ។ វាក៏ទៅទាញវល្លិ៍ទម្លាក់ឲ្យចចកតោងវារឡើងមកលើ។
ពេលរួចពីរណ្តៅ ចចកក៏និយាយទៅកាន់ទន្សាយ៖
«អរគុណឯងហើយដែលបានជួយ។ យើងចង់សងគុណឯង។ យើងសុំអញ្ជើញឯងទៅញ៉ាំអាហារនៅផ្ទះរបស់យើង។»
ទន្សាយតប៖
«មិនអីទេ។ ខ្ញុំប្រញាប់ធ្វើដំណើរ។ ចាំថ្ងៃក្រោយចុះ។»
និយាយរួច ទន្សាយបម្រុងនឹងចាកចេញ ស្រាប់តែចចកស្ទុះមកពាំងមុខដោយបញ្ចេញចង្កូមគួរឲ្យខ្លាច៖
«តើឯងចង់ទៅណា? យើងអញ្ជើញឯងទៅញ៉ាំអាហារ ឯងមិនទៅ។ អ៊ីចឹងឯងធ្វើជាអាហាររបស់យើងទៅ។»
«តែខ្ញុំទើបតែបានជួយឯងអម្បាញ់មិញនេះ។»
«រឿងនោះមិនសំខាន់ទេ។ សំខាន់ពេលនេះយើងឃ្លាន។»
ចចកប្រុងនឹងហក់មកខាំទន្សាយ តែទន្សាយរត់លឿនគេចបានមុន។ ចចកបានរត់ដេញតាម។ ទន្សាយបោលទៅដល់ស្ទឹងមួយ។ ស្ទឹងនោះធំហើយជ្រៅ។ ទន្សាយអត់ចេះហែលទឹកទេ តែចចកកំពុងតែតាមមកពីក្រោយ ដូច្នេះវាមានតែសម្រេចចិត្តហក់ចូលទៅក្នុងស្ទឹង។ វាលង់ទទះដៃខ្វៃៗ។ ពេលនោះមានទុងមួយក្បាលមកខាំត្រចៀករបស់វា ហើយលើកវាឲ្យផុតពីទឹក។ នោះជាមេរបស់កូនទុងដែលវាបានជួយបេះស្រមោចចេញពីពោះ។ មេទុងបានដាក់ទន្សាយលើខ្នង រួចបញ្ជិះឆ្លងទៅត្រើយម្ខាង។ រីឯចចកកំណាចក៏បោះបង់ការតាម ហើយចាកចេញទៅទាំងមុខក្រញូវ។
មកដល់ត្រើយ ទន្សាយអរគុណមេទុង និងកូនទុង រួចវាប្រញាប់រត់ត្រឡប់ទៅផ្ទះរបស់វាវិញ។
ទៅដល់ផ្ទះ ទន្សាយគិត៖
«នឹកសព្វៗទៅ នៅខាងក្រៅផ្ទះមានគ្រប់យ៉ាង។ ត្រឹមតែមួយថ្ងៃសោះ ខ្ញុំបានជួបសត្វបីប្រភេទ។ ទីមួយគឺសត្វដឹងគុណដូចជាទុង, ទីពីរគឺសត្វមិនខ្វល់រឿងគុណរឿងទោសដូចជាពស់ និងទីបីគឺសត្វរមិលគុណដូចជាចចក៕»