ក្នុងអត្ថបទនេះ សុំលើកឡើងពីលក្ខណៈសម្បត្តិដើមី្បធ្វើជាអ្នកសម្របសម្រួលកម្មវិធីរបស់ស្ថាប័នរដ្ឋ។ គ្រប់ចំណុចដែលរៀបរាប់ មិនមែនមានន័យថា គឺត្រូវតែបែបហ្នឹងទេ។ នេះគ្រាន់តែបង្ហាញជូននូវលក្ខខណ្ឌទូទៅតាមបទពិសោធការងារ និងការអង្កេតរបស់ផ្ទាល់តែប៉ុណ្ណោះ។
លក្ខណៈសម្បត្តិដើមី្បធ្វើជា MC របស់ស្ថាប័នរដ្ឋមានពីរចម្បង៖
ដំបូងឡើយ គឺមើលលើរូបសម្បត្តិ។ មិនត្រូវការស្អាតផ្តាច់គេទេ ត្រឹមតែល្មមសមរម្យ និងមានលក្ខណៈជាខ្មែរ ដូចជាសម្បុរស្រអែម (ឬសម្បុរស តែមិនសពេក) និងជាពិសេសមានសក់ខ្មៅ (ធម្មជាតិ)។
បន្ទាប់ពីរូបសម្បតិ្ត គឺត្រូវមើលលើរបៀបនិយាយ, សំដៅដល់ការអានតួអក្សរ ជាពិសេសគឺបញ្ចេញសូរបានច្បាស់ និងត្រឹមត្រូវតាមសំនៀងខ្មែរភាគកណ្តាល។ ឧទាហរណ៍ ‘កែវ’ ត្រូវអានថា កែវ មិនមែន ‘គែវ’ ទេ។
ចំណុចទីពីរនេះសំខាន់ជាងចំណុចទីមួយទៅទៀត។
បច្ចុប្បន្ននេះមានការអនុគ្រោះច្រើនដោយសារតែក្នុងកម្មវិធីមានភ្ញៀវអន្តរជាតិ ដូច្នេះស្ថាប័នរដ្ឋមិនសូវតឹងតែងដូចមុនទេក្នុងការរើស MC។ ដោយឡែកបើជាកម្មវិធីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដាច់ខាតត្រូវតែផ្តល់អាទិភាព និងតម្លៃដល់ភាសាជាតិ ដូច្នេះតម្រូវឲ្យរើសយក MC ដែលបញ្ចេញសំនៀងអក្សរខ្មែរច្បាស់ និងត្រូវក្រឹតក្រម៕