ចង់ធ្វើការក្នុងការិយាល័យរដ្ឋបាល មិនពិបាកទេ តែក៏មិនស្រួលដែរ។ លោកអ្នកត្រូវមានគុណសម្បត្តិ និងជំនាញមួយចំនួន ដើមី្បបំពេញការងារ និងដើមី្បកុំឲ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
តើត្រូវមានគុណសម្បត្តិ និងជំនាញអ្វីខ្លះ?
គុណសម្បត្តិ៖
១. ចិត្តធ្ងន់
២. អំណត់ និងស៊ូ
៣. ច្បាស់លាស់
៤. មានរបៀប
ហេតុអ្វីត្រូវមានចំណុចទាំងនេះ?
ព្រោះការងាររដ្ឋបាលច្រើនស្មុគស្មាញ, ក្រចិបក្រចុប, ធ្វើមិនចេះអស់, ហើយអ្នករដ្ឋបាលបានរឿងច្រើនជាងបានរង្វាន់ និងតែងតែត្រូវថ្នាក់លើស្តីបន្ទោសច្រើនជាងគេបំផុត។
ជំនាញ៖
១. រៀបចំទុកដាក់ និងគ្រប់គ្រងឯកសារ
២. កុំព្យូទ័រ (វាយអត្ថបទ, ផ្ញើសារអេឡិចត្រូនិច។ល។)
៣. អក្សរសាស្ត្រ (អក្ខរាវិរុទ្ធ, ការប្រើពាក្យ)
៤. ស្រាវជ្រាវ
៥. កត់ត្រា
៦. ទំនាក់ទំនង
ទ្រព្យសម្បតិ្តរបស់អ្នករដ្ឋបាលគឺឯកសារ (ទាំងក្រដាស និងឯកសារឌីជីថល) ហើយទ្រព្យនេះចូលរាល់ថ្ងៃ ដូច្នេះតោងចេះរៀបចំទុកដាក់ បើមិនដូច្នេះទេ នឹងច្របូកច្របល់, ពេលត្រូវការប្រើ នឹងរកមិនឃើញ។ ចេះរៀបចំហើយ ត្រូវចេះគ្រប់គ្រងទៀត។ ឯកសារចេញ, ឯកសារចូល, ឯកសារនៅក្នុងស្តុក, បើមិនអ៊ីចឹង ទីមួយគឺបាត់ឯកសារ ទីពីរគឺច្របូកច្របល់។
អ្នកធ្វើការផ្សេងៗទាមទារជំនាញពិសេស តែសម្រាប់អ្នកធ្វើការរដ្ឋបាល សំខាន់គឺចេះកុំព្យូទ័រ ជាពិសេស Microsoft Office។ ឲ្យតែចេះជំនាញនេះច្បាស់លាស់ នោះគឺដឹងតែធ្វើការងារដោយគ្មានខ្លាច និងភ័យព្រួយ។
ដូចនិយាយពីខាងលើថា អ្នករដ្ឋបាលធ្វើការជាមួយឯកសារ។ ឯកសារគឺប្រើអក្សរ ដូច្នេះការចេះអក្សរសាស្ត្រច្បាស់លាស់ ជាពិសេសអក្សរសាស្ត្រជាតិពិតជាជួយសម្រួលការងារបានច្រើន និងមួយទៀតកាត់បន្ថយការត្រូវមាត់ពីថ្នាក់លើ។
កុំគិតថាទាល់តែអ្នកធ្វើការខាងផ្នែកស្រាវជ្រាវទើបត្រូវចេះជំនាញស្រាវជ្រាវ អ្នក រដ្ឋបាលក៏ត្រូវតែចេះដែរ ព្រោះមានការងារមួយចំនួនត្រូវការស្រាវជ្រាវ និងរុករកដើមី្បបានព័ត៌មានមកបំពេញលើឯកសារ។
ផ្សារភ្ជាប់ជាមួយនឹងជំនាញស្រាវជ្រាវ ត្រូវមានជំនាញកត់ត្រា ជាពិសេសកត់ត្រាដោយដៃ។ ការប្រើប្រាស់ឧបករណ៍ឌីជីថលដូចជាទូរស័ព្ទសម្រាប់កត់ត្រាជារឿងល្អ ប៉ុន្តែមិនអាចបំបាត់ចោលវិធីសាស្ត្របុរាណបានឡើយ (ក្នុងករណីទូរស័ព្ទអស់ថ្ម, បាត់ដោយសារគេលួច) (បើសៀវភៅកត់ មិនសូវមានគេលួចទេ) ដូច្នេះគួរចេះប្រើទាំងពីរយ៉ាងទើបជាការល្អ។
នៅមានគុណសម្បត្តិ និងជំនាញផ្សេងៗទៀតដែលអ្នកចង់ធ្វើការរដ្ឋបាលត្រូវការ ប៉ុន្តែខ្ញុំសុំសង្ខេបតែប៉ុណ្ណឹងទេ។ សង្ឃឹមថា អត្ថបទនេះនឹងមានប្រយោជន៍ដល់បងប្អូនមិត្តអ្នកអាន ជាពិសេសអ្នកដែលចង់ធ្វើការរដ្ឋបាល។
សូមបញ្ជាក់ផងដែរថា ទិន្នន័យដែលបានរៀបរាប់ខាងលើបានមកពីការអង្កេតក្នុងការងារកន្លងមករបស់នាងខ្ញុំ។
អរគុណសម្រាប់ការអាន៕