រឿងប្រឌិត «នារីក្រហម»

និពន្ធ និងគូររូបដោយ ភូ ចរិយា មនុស្សអាចក្លាយជាគ្រូរបស់មនុស្សដោយស្វ័យប្រវត្តិ។ មនុស្សប្រុសអាចជាគ្រូបង្រៀនមនុស្សស្រី។ ពេលនោះ នាងនឹងទទួលបានចំណេះដឹងថ្មី ហើយនាងនឹងផ្លាស់ប្តូរខ្លួននាង។ ខ្ញុំចេះ និងយល់ដឹងច្រើន ព្រោះខ្ញុំមានគ្រូជាបុរស។ ទ្រឹស្តីមួយបានពោលថា «បុរសស្រឡាញ់នារីពី ១០០ ចុះមក ០។ ចំណែកនារីស្រឡាញ់បុរសពី ០ ឡើងទៅ ១០០»។ ខ្ញុំទទួលស្គាល់ថាទ្រឹស្តីនេះត្រូវ។ គេពិតជាស្រឡាញ់ខ្ញុំចុះពី ១០០ មក ០ មែន ហើយខ្ញុំបែរជាស្រឡាញ់គេពីតិចទៅច្រើន។ ប៉ុន្តែក្នុងខណៈនោះដែរ ខ្ញុំក៏រៀនចេះទម្លាក់ក្តីស្រឡាញ់របស់ខ្ញុំចំពោះគេពី ១០០ មក ០ វិញដែរ។ ស្ត្រីប្រៀបដូចជាចង្កៀង។ ពេលដែលបុរសឃើញថាជីវិតរបស់គេងងឹត, គេរត់រកចង្កៀងភ្លាម។ ខ្ញុំរៀនចេះធ្វើជាចង្កៀងបំភ្លឺជីវិតរបស់គេ ហើយក៏បំភ្លឺជីវិតខ្លួនខ្ញុំដែរ។ មួយទៀត ខ្ញុំក៏រៀនចេះ.. បើសិនហ៊ានធ្វើឲ្យខ្ញុំយំ, ខ្ញុំនឹងចាកចេញ, ឲ្យគេងងឹតសូន្យតែម្តង។ បុរសមិនចូលចិត្តផ្កា ព្រោះគេគិតថា នារីជាបុប្ផាមានជីវិត និងស្រស់ស្អាតជាង។ ខ្ញុំរៀនចេះធ្វើជាផ្កាស្អាត និងមានតម្លៃបំផុត ហើយបុរសត្រូវតែផ្តល់នូវវត្ថុដ៏មានតម្លៃបំផុតរបស់គេ ទើបអាចយកខ្ញុំទៅតាំងលម្អក្នុងជីវិតរបស់គេបាន។ បុរសខ្លាចភាពឯកោណាស់។ ខ្ញុំរៀនចេះរស់នៅក្នុងភាពឯកោ ហើយរស់ដោយរីករាយទៀតផង។ … Continue reading រឿងប្រឌិត «នារីក្រហម»

រឿង «ចម្លើយត្រង់»

និពន្ធដោយ ភូ ចរិយា នៅក្នុងថ្នាក់ទី ៣, អ្នកគ្រូបានដាក់សំណួរមួយ រួចឲ្យសិស្សទាំងអស់សរសេរចម្លើយដែលចេញពីគំនិតផ្ទាល់ខ្លួន។ សំណួរ៖ បើសិនប្អូនមានមួយរយលានរៀល តើប្អូននឹងធ្វើអ្វី? ហេតុអ្វី? ក្រោយ ១៥ នាទី, អ្នកគ្រូក៏ប្រមូលក្រដាសចម្លើយ។ គាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែចម្លើយដូចគ្នា៖ បើសិនជាខ្ញុំមានលុយមួយរយលានរៀល ខ្ញុំនឹងយកទៅឲ្យប៉ាម៉ាក់ខ្ញុំដើមី្បយកទៅសងបំណុល ព្រោះខ្ញុំធុញនឹងពួកគាត់ឈ្លោះគ្នា ពេលដល់ថ្ងៃបង់ការប្រាក់៕

រឿង «ជីវិតអ្នកតា»

និពន្ធដោយ ភូ ចរិយាម៉ោងមួយរសៀល សយដើរសំដៅទៅរកខ្ទមអ្នកតា។ ទៅដល់ គេអុជធូបលុតជង្គង់រួចលើកដៃសំពះ។ «អ្នកតាអឺយ! សូមជួយកូនចៅឲ្យបានលុយ។ កូនចៅនឹងមិនភ្លេចគុណទេ។» ស្របពេលនោះ អ្នកតាទើបត្រឡប់មកដល់ខ្ទម។ ពេលឮសម្តីរបស់សយ, គាត់ក៏ប្រមើមើលពីសយ។ ក្រោយពីឃើញជីវិតរស់នៅប្រចាំថ្ងៃរបស់សយ អ្នកតាខឹងយ៉ាងខ្លាំងហើយក៏ស្ទុះចេញមកបង្ហាញខ្លួនឲ្យសយឃើញ។ «ស្អីអ្ហៈ!» អ្នកតាចង្អុលមុខសយ «អ្ហែងនេះ! ការងារក៏អត់ធ្វើ។ រកស៊ីក៏អត់។ តើឲ្យអញជួយឲ្យអ្ហែងបានលុយតាមវិធីណា?» សយមិនខ្លាច បែរជាឆ្លើយធ្វើព្រងើយ៖ «អ្នកតាកុំចេះ។ រឿងខ្ញុំអត់ការងារ, អត់រកស៊ីជារឿងរបស់ខ្ញុំ។ បំពេញតែតួនាទីខ្លួនទៅ។ គេមកសុំ, ត្រូវតែជួយគេ។» «អ៊ីចឹងអ្ហែងឲ្យអញធ្វើម៉េច?» អ្នកតាច្រត់ចង្កេះសួរ។ «ធ្វើម៉េចធ្វើទៅ។ សំខាន់ខ្ញុំមកសុំ, ត្រូវតែជួយខ្ញុំ។ ត្រូវតែរកលុយឲ្យខ្ញុំ។ ត្រង់ថារកមកឲ្យខ្ញុំយ៉ាងម៉េច ហ្នឹងរឿងរបស់អ្នកតា។» និយាយចប់ សយដើរចេញ ទុកឲ្យអ្នកតាគ្រវីក្បាល, យកដៃបោចសក់ខ្លួនឯង បន្ទាប់មកក៏យកក្បាលទៅអុកនឹងសសរខ្ទមឮសូរម៉ាំងៗ៕

រឿង «សណ្ឋាគារបាតាល»

និពន្ធដោយ ភូ ចរិយា ប៉ុក! លោកគ្រុយទម្លាក់សារព័ត៌មានទៅលើតុ បន្ទាប់មកក៏ក្រោកពីកៅអីទៅឈរនៅបង្អួចកញ្ចក់ សម្លឹងទៅខាងក្រៅដោយក្រសែភ្នែកបារម្ភ និងតានតឹង។ រឿងបាត់ខ្លួនរបស់ឧត្តមសេនីយ៍គឹមសែតមិនមែនលំៗទេ គ្រាន់តែគ្មាននរណាដឹងច្បាស់ពីចេតនារបស់ជនដៃដល់។ មកដល់ថ្ងៃនេះគឺគម្រប់ប្រាំថ្ងៃហើយ។ គ្មានតម្រុយសោះអំពីខ្លួនលោក ហើយអ្នកចាប់ខ្លួនលោកក៏មិនឃើញទាក់ទងមកដែរ។ នេះជាបញ្ហាចោទដ៏ធំមួយ។ បន្ថែមលើនេះ អ្នកសារព័ត៌មានតាមស៊ើបសួរមិនឈប់ ធ្វើឲ្យរឿងកាន់តែធំឡើង បង្កជាភាពចលាចលនៅក្នុងសង្គម។ ប្រជាជននាំគ្នាខ្សឹបខ្សៀវពីការបាត់ខ្លួនរបស់ សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយក៏មានពាក្យចចាមអារ៉ាម និងការវិភាគលើបណ្តាញសង្គមធ្វើឲ្យសង្គមកាន់តែជ្រួលច្របល់។ ដើមី្បទប់មួយគ្រា ថ្នាក់ដឹកនាំ និងគ្រួសាររបស់លោកឧត្តមសេនីយ៍ក៏សម្រេចចិត្ត បកស្រាយថា លោកគឹមសែតមានបញ្ហាសុខភាព ត្រូវការសម្រាកមួយរយៈ ទើបធ្វើឲ្យស្ថានការណ៍រាងធូរស្បើយ។ ទោះយ៉ាងណា សារព័ត៌មាននៅតែមិនទាន់បញ្ឈប់ការរុកឆ្កឹះនោះទេ។ ដូច្នេះហើយ លោកគ្រុយ ប្រធានភ្នាក់ងារចារកម្មប្រចាំប្រទេស ត្រូវបានថ្នាក់ដឹកនាំដាក់កំហិតឲ្យ ដោះស្រាយបញ្ហានេះ ក្នុងរយៈពេលមួយសប្តាហ៍។ កិច្ចការនេះដូចរាវម្ជុលក្នុងមហាសមុទ្រ។ ពិតជាស្មុគស្មាញណាស់។ ក្នុងវេលាដ៏មហាអំពល់នេះ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលអាចដោះស្រាយរឿងនេះបាន។ នោះគឺ អគ្នេយ៍ ០០៦។ គេជាចារបុរសជាតិ ព្រមជាមួយនឹងគុណសម្បត្តិ និងសមត្ថភាពយ៉ាងអស្ចារ្យ។ គ្រប់បេសកកម្មដែលប្រគល់ឲ្យគេ គ្មានឡើយពាក្យថាអបរាជ័យ។ អគ្នេយ៍ ០០៦ ជាទីសង្ឃឹមចុងក្រោយរបស់លោក។ លោកគ្រុយបានទាក់ទងទៅនាយរួចហើយ ហើយក៏ប្រាកដចិត្តថា … Continue reading រឿង «សណ្ឋាគារបាតាល»