Skip to content

ស្រមោលព្រះចន្ទ្រ

Shadow of the Moon

  • Home
  • Chantchhaya
  • ឯកសារសម្រាប់លក់
  • បន្ទប់ជួល-ផ្ទះជួល
  • គំរូឯកសាររដ្ឋបាល
    • ឯកសាររដ្ឋបាលរដ្ឋ
    • ឯកសាររដ្ឋបាលឯកជន
    • គំរូសម្តី និងការងារ MC
    • របាយការណ៍បញ្ហា និងដំណោះស្រាយ
  • គំរូ Voice over script
  • រឿងប្រឌិត
    • រឿងខ្មោច
    • រឿងខ្លី
    • រឿងចារកម្ម, ស៊ើបអង្កេត
    • រឿង «បន្ទប់ទំនេរ»
  • General
    • Self study
    • yaya idea
  • Solo entrepreneur
    • Literary project
    • Stopmotion
  • Television commercial
    • How to produce TV commercial
    • TV commercial framework sample

៤

នៅក្នុងបន្ទប់ សល់តែភីដា, លាភ និងកូនប្រុសពៅ។

មើលទៅសុខរតនៈគេងលក់ស្រួលណាស់។ ភីដាយកដៃអង្អែលក្បាលកូន ក៏ឃើញក្បាលសើមមានញើស។ នាងងើយមើលលើឃើញម៉ាស៊ីនត្រជាក់បិទ។ នាងក៏និយាយទៅកាន់លាភ៖

«អត់មានបើកម៉ាស៊ីនត្រជាក់ទេ?»

«ខ្ញុំអត់ដឹងផង។» លាភពោល។

«បើកម៉ាស៊ីនត្រជាក់ទៅ។ ហប់ប្អូនហើយ។»

«ចុះតេឡេនៅឯណាអ៊ី?»

«ធម្មតា គេដាក់នៅកៀនទ្វារចូល។»

លាភបានទៅមើលនៅទ្វារ។ មានតែកុងតាក់ភ្លើង មិនឃើញប្រដាប់បញ្ជាម៉ាស៊ីនត្រជាក់ទេ។

«អត់មានទេ អ៊ី។» នាងប្រាប់ភីដា។

«អ្ហាក! ម៉េចអ៊ីចឹង? សាកដើររកមើលមើល៍។» ភីដាពោល។

លាភបានទៅបើកទូខោអាវ។ អត់ឃើញ។ នាងទៅឆែកមើលនៅទូដាក់ទូរទស្សន៍។ អត់ឃើញទៀត។ នាងឆែកមើលសព្វ សូមី្បតែក្រោមគ្រែ ក៏នាងឱនមើលដែរ តែមិនប្រទះស្រមោលប្រដាប់បញ្ជាម៉ាស៊ីនត្រជាក់សោះ។

«ចុម! មានម៉ាស៊ីន តែអត់តេឡេ បានអីប្រើ។» ភីដារអ៊ូ។ «យប់នេះដេកម៉េច?»

និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែឮសូរទ្រឺ… ធ្វើឲ្យភីដាភ្ញាក់ព្រើត។

«អ៊ី! វាបើកខ្លួនឯង។» លាភប្រាប់ភីដា។

«វាមិនចេះបើកខ្លួនឯងទេ។ សង្ស័យបន្ទប់នេះអត់ប្រើតេឡេ។»

ឮសម្តីចៅហ្វាយ លាភឆ្ងល់៖

«បើមិនប្រើតេឡេ អ៊ីចឹងបិទបើកវាម៉េចទៅ?»

«ប្រហែលជាគេមានប្រដាប់បញ្ជាពីកន្លែងទទួលភ្ញៀវ។»

«អ្ហ៎!» លាភងក់ក្បាលផ្ងក់ៗ។

លាភ និងគីរស់នៅជាមួយគ្រួសារភីដាពីរឆ្នាំហើយ។ ​លាភជាក្មេងរហ័សរហួន, ហ្មត់ចត់ និងក្លាហាន។ គីជាមនុស្សស្លូត និងខ្លាច។ ទាំងពីរនាក់ជាមនុស្សឧស្សាហ៍ និងស្មោះត្រង់។

ភីដាបានទាញភួយដណ្តប់កូនឲ្យបានស្រួលបួល។ រួចហើយនាងនិយាយទៅកាន់លាភ៖

«អ៊ីចូលងូតទឹក។ បើប្អូនយំ, ហៅអ៊ី។»

«ចាស៎។»

ផ្តាំរួច ភីដាចុះពីពូកដើរទៅកាន់វ៉ាលីសដែលដាក់ចោលនៅកៀនជញ្ជាំង។ នាងបើកយកកន្សែងពោះគោ, ខោអាវដេកយប់, សាប៊ូកក់សក់, សាប៊ូដុសខ្លួន, ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ ឡេជាដើម។ បន្ទាប់មក នាងបិទវ៉ាលីស រួចចូលបន្ទប់ទឹក។

បន្ទប់ទឹកពិតជាធំដូចប្តីនាងថាមែន ប៉ុន្តែមិនមានរចនាតុបតែងអ្វីទេ ត្រឹមតែទូលាយ។ កន្លែងព្យួរនៅឆ្ងាយ ដូច្នេះមិនខ្លាចសាចទឹកត្រូវខោអាវ។ នៅក្បែរកន្លែងព្យួរមានកន្លែងលាងដៃដែលធ្វើជាតុមានថ្នាក់ និងមានកន្សែងពោះគោនៅក្នុងនោះ។ នៅលើតុមានកែវទឹកខ្លីពីរ និងកញ្ច្រែងមួយដាក់ថ្នាំ និងច្រាសដុសធ្មេញ។ បង្គន់ដាក់ជាប់នឹងបាសាំង។ ទឹកផ្កាឈូកគឺដាក់ពីលើបាសាំងតែម្តង មានន័យថាត្រូវចូលទៅឈរនៅក្នុងបាសាំងទើបងូតទឹកបាន។

ភីដាព្យួរកន្សែង និងខោអាវ។ នាងដាក់របស់របរលើតុកន្លែងលាងដៃ។ បន្ទាប់មកនាងចាប់ផ្តើមដោះសម្លៀកបំពាក់ រួចចូលទៅក្នុងបាសាំង។ នាងយកតែសាប៊ូកក់សក់ និងសាប៊ូដុសខ្លួនទៅទុកលើចានបង្គន់។ ពេលនាងបើកទឹកផ្កាឈូក, ទឹកត្រជាក់បានបាញ់ឆ្វាចស្រោចមកលើខ្លួន ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ បន្ទាប់ពីធ្វើដំណើរអស់ពេញមួយថ្ងៃ។ ក្រោយពីសក់ និងខ្លួនជោកល្អហើយ, ភិតាបិទទឹកផ្កាឈូក រួចរាវរកសាប៊ូកក់សក់ តែមិនប៉ះសោះ។

«សាប៊ូនៅឯណាអ៊ីចេះ?»

នាងក្រឡេកចុះឡើង, ទៅឃើញដបសាប៊ូនៅលើតុលាងដៃ។

«ទេ! ដូចជាយកមកហើយតើ។»

ភីដាធ្វើក្បាលងីងើ ដើរចេញពីបាសាំងទៅយកសាប៊ូមកដាក់លើចានបង្គន់ ក្បែរដបសាប៊ូដុសខ្លួន។ នាងចាក់សាប៊ូលើដៃ រួចកក់សក់។ កក់ហើយ នាងលូកដៃយកដបសាប៊ូដុសខ្លួន តែអត់ឃើញ។ នៅលើចានបង្គន់មានតែដបសាប៊ូកក់សក់។

«ចុម ទៅណាបាត់ហើយ?»

ងាកចុះងាកឡើង អើតចុះអើតឡើងក៏ឃើញដបសាប៊ូដួលដេកលើឥដ្ឋក្បែរបាសាំង។ នាងឱនទៅរើស ទាំងនឹកក្នុងចិត្ត៖

‘សង្ស័យរអិល។ ហើយដោយសារសំឡេងទឹកផ្កាឈូក ទើបបានជាមិនឮសំឡេងធ្លាក់។’

ភីដាចាក់សាប៊ូលើបាតដៃទាំងពីរ ហើយយកមកត្រដុសសព្វទាំងខ្លួន។ បន្ទាប់មក នាងបើកទឹកផ្កាឈូក ហើយលាងសម្អាតសាប៊ូចេញពីសក់ និងខ្លួនប្រាណ។ ពេលនោះឮសំឡេងង៉ូងង៉ាងនៅក្រៅបន្ទប់។ ដំបូងសំឡេងនោះឮល្មមៗទេ ក្រោយមកក៏ឮខ្លាំង។ នាងផ្ទៀងត្រចៀកស្តាប់។ ជាសំឡេងជជែកគ្នារវាងមនុស្សពីរបីនាក់ តែស្តាប់មិនបាន, មិនដឹងពួកគេនិយាយពីអ្វី។

‘ប្រហែលលាភបើកទូរទស្សន៍ហើយមើលទៅ។’

គិតដូច្នេះហើយ ភីដាក៏ហី។

សំឡេងនៅតែបន្ត ហើយឮកាន់តែខ្លាំងទៅៗ។ ប៉ុន្តែស្តាប់មិនយល់ភាសាសោះ។

ដោយសារតែខ្លាចក្រែងមានរឿងនៅខាងក្រៅ ហើយនាងនឹកដល់កូន ក៏ប្រញាប់ចងពុងនឹងកន្សែងពោះគោ ហើយយកកន្សែងមួយទៀតមកគ្របលើស្មាទាំងពីរ រួចបើកទ្វារអើតកចេញទៅមើល។ បន្ទប់គ្មានមនុស្សទេ។

‘ម៉េចអ៊ីចឹង!!!’

មិនអស់ចិត្ត នាងក៏បើកទ្វារចេញទៅ។ គ្មានអ្នកណាឡើយ ក្រៅពីលាភដែលកំពុងអង្គុយលើពូក, យកដៃបក់ខ្លាចមូសខាំកូនប្រុសពៅរបស់នាង។

«គ្មានមនុស្សមកទេអ្ហ៊ែៈ?» ភីដាសួរ។

«អត់ទេ អ៊ី។» លាភគ្រវីក្បាល។

«ចុះមានបើកទូរទស្សន៍ទេ?»

«អត់ទេ។»

«ចុម! ចុះអ៊ីនៅក្នុងបន្ទប់ទឹកឮសំឡេងមនុស្សឡូឡា។ ស្មានតែបើកទូរទស្សន៍តើ។»

លាភគ្រវីក្បាល​ម្តងទៀត។ ដល់អ៊ីចឹង ភីដារាងចង់វង្វេងវង្វាន់ដែរ។ នាងក៏ត្រឡប់ចូលទៅក្នុងបន្ទប់ទឹកវិញទាំងចម្លែកក្នុងចិត្ត។

៥

Share this:

  • Share on Facebook (Opens in new window) Facebook
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Reddit (Opens in new window) Reddit
  • Share on X (Opens in new window) X
  • Share on Tumblr (Opens in new window) Tumblr
  • Share on Pinterest (Opens in new window) Pinterest
  • Share on Telegram (Opens in new window) Telegram
  • Share on WhatsApp (Opens in new window) WhatsApp
Like Loading...

Calendar

March 2026
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Feb    

Top Posts & Pages

  • គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)
  • គំរូ CV ជាភាសាខ្មែរ
  • គំរូលិខិតសុំលាឈប់ពីការងារ (ស្ថាប័នឯកជន)
  • គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា នៅស្ថាប័នរដ្ឋ
  • គំរូសម្តី MC សម្រាប់ផ្តើមក្នុងកម្មវិធីធ្វើបទបង្ហាញ (ស្ថាប័នរដ្ឋ-ឯកជន)
  • គំរូសំណើសុំច្បាប់លំហែមាតុភាព
  • គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (រដ្ឋបាលស្ថាប័នឯកជន)
  • តើអ្វីទៅជា «ជំនួយស្មារតី» ក្នុងការងាររដ្ឋបាលស្ថាប័នរដ្ឋ?
  • គំរូរបាយការណ៍ចំណូល និងចំណាយប្រចាំថ្ងៃ
  • គំរូកិច្ចសន្យាជួលបន្ទប់

My Writing

Blog Stats

  • 158,683 hits
Follow ស្រមោលព្រះចន្ទ្រ on WordPress.com

អ្នកនិពន្ធ

  • CHAKRIYA PHOU's avatar CHAKRIYA PHOU
Blog at WordPress.com.
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
  • Subscribe Subscribed
    • ស្រមោលព្រះចន្ទ្រ
    • Join 128 other subscribers
    • Already have a WordPress.com account? Log in now.
    • ស្រមោលព្រះចន្ទ្រ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
%d