និពន្ធដោយ ភូ ចរិយា សាលារៀនមួយត្រូវបានបោះបង់ចោល ដោយសារតែអគារមួយខ្នងដែលមានកម្ពស់ពីរជាន់។ មានហេតុការណ៍ជាច្រើនបានកើតឡើងនៅអគារមួយនោះ តាំងពីថ្ងៃចាប់ផ្តើមសាងសង់រហូតដល់សាងសង់រួច។ អំឡុងបុកគ្រឹះអគារ, កម្មករម្នាក់ស្រាប់តែនៅសុខៗរត់ទៅចងកសម្លាប់ខ្លួន។ ពេលសាងសង់បានពាក់កណ្តាល, ក្បឿងដំបូលមួយបន្ទះបានជ្រុះចុះមកត្រូវមេការសាងសង់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ មុនថ្ងៃសម្ពោធពីរថ្ងៃ, សន្តិសុខរបស់សាលាម្នាក់លោតសម្លាប់ខ្លួនពីជាន់ទីពីរ។ ក្រោយមក ក៏មានសិស្សស្រីម្នាក់ចូលទៅចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកនៅជាន់ក្រោម។ បន្ទាប់ពីនោះមក តែងមានរឿងចម្លែកៗកើតឡើងដូចជា៖ ពេលកំពុងតែរៀន ស្រាប់តែឮសំឡេងហ៊ឺៗពីមាត់បង្អួច ដែលសំឡេងនេះ ទាំងគ្រូ និងសិស្សឮទាំងអស់គ្នា។ ពេលសិស្សកំពុងតែរៀន ក៏មានដុំសក់ជ្រុះពីពិតានមកលើតុរបស់ពួកគេ។ ពេលសិស្សស្រីៗចូលទៅបន្ទប់ទឹក ពួកគេតែងតែឃើញស្រីម្នាក់ស្លៀកសម្លៀកបំពាក់សិស្សឈរនៅកៀនជញ្ជាំង។ ឃើញតែមួយភ្លែត រួចក៏បាត់វិញ។ នាពេលរសៀល មានគ្រូ និងសិស្សមួយចំនួនធ្លាប់ឃើញប្រុសម្នាក់ដើរតាមរបៀងដោយផ្អៀងក្បាលទៅម្ខាង។ សូមី្បតែនាយកសាលាក៏ធ្លាប់ជួបដែរ។ ពេលល្ងាចមួយ គាត់ដើរទៅរកម៉ូតូដែលចតនៅមុខទីចាត់ការ ស្រាប់តែឃើញប្រុសម្នាក់អង្គុយលើមែកដើមស្វាយដែលដុះនៅទល់មុខនោះ។ ពេលគាត់ងើយមុខខំរកមើល ដោយខ្លាចថាសិស្សឡើងទៅលេងហើយជាប់លើនោះ តែរកមិនឃើញ មិនដឹងបាត់ទៅណា។ គ្រាន់តែប៉ុណ្ណឹង គ្រប់គ្នាដឹងបាត់ហើយថាមានខ្មោចលង ប៉ុន្តែម្នាក់ៗមិនសូវអើពើ ព្រោះលងតែពីរបីថ្នាក់។ ក្រោយមក លងគ្រប់ថ្នាក់ និងរបៀបលងកាន់តែសាហាវឡើងៗ ទើបនាយកសាលាសម្រេចឲ្យឈប់រៀននៅអគារនោះ។ គ្រប់គ្នាគិតថាលែងអីហើយ។ មានឯណា, តាមលងមកដល់អគារផ្សេងៗ សូមី្បតែទីចាត់ការក៏មិនលើកលែងដែរ ហើយទោះបីខំនិមន្តព្រះសង្ឃមកស្រោចទឹក ក៏នៅតែមិនបាត់។ ចុងក្រោយ នាយកសាលា … Continue reading រឿង «អគារពីរជាន់»
Category: រឿងប្រឌិត
រឿង «ខ្លាឃ្មុំ និងទន្សាយ»
រឿងដើម ៖ «យាយទូលចេក និងទន្សាយ» កែប្រែរឿង និងនិពន្ធថ្មីដោយ ភូ ចរិយា មានខ្លាឃ្មុំមួយកំពុងតែរុញរទេះដឹកផ្លែទំពាំងបាយជូរ។ នៅកៀនផ្លូវ មានទន្សាយមួយកំពុងតែស្វែងរកចំណី។ វាបានឃើញខ្លាឃ្មុំដឹកផ្លែទំពាំងបាយជូរ។ វានឹកឃ្លានចង់ស៊ីទំពាំងបាយជូរ។ វាក៏រត់ទៅធ្វើពុតជាងាប់នៅកណ្តាលផ្លូវ។ ពេលខ្លាឃ្មុំមកដល់ ឃើញទន្សាយដេកនៅកណ្តាលផ្លូវដូច្នេះ គិតស្មានថាទន្សាយងាប់ ក៏រើសយកទន្សាយដាក់ក្នុងរទេះ ទើបបន្តដំណើរ។ មួយស្របក់ក្រោយ ខ្លាឃ្មុំបានមកដល់ដីទួលមួយ។ ផ្ទះរបស់ខ្លាឃ្មុំស្ថិតនៅលើដីទួលនោះ។ ដើមី្បឡើងទៅបាន ខ្លាឃ្មុំត្រូវប្តូរពីរុញទៅជាអូសរទេះវិញ។ ឆ្លៀតឱកាសនោះ ទន្សាយបានលួចស៊ីទំពាំងបាយជូររហូតទាល់តែអស់ រួចប្រញាប់លោតចុះពីរទេះ ហើយបោលទៅចូលព្រៃបាត់។ ពេលឡើងដល់លើទួលហើយ, ខ្លាឃ្មុំងាកមក ឃើញនៅក្នុងរទេះសល់តែទង និងស្លឹក បាត់ផ្លែទំពាំងបាយជូរ និងសត្វទន្សាយ។ ពេលនោះ ខ្លាឃ្មុំភ្ញាក់ខ្លួនព្រើត៖ «យី! អញចាញ់បោកទន្សាយនេះទេតើ៕» ** ** * Story ‘Bear and Hare’ original story : Old woman and the hare re-written by … Continue reading រឿង «ខ្លាឃ្មុំ និងទន្សាយ»
រឿង «បាយ»
និពន្ធដោយ ភូ ចរិយា «កូនឃ្លានបាយ។» កូននិយាយ។ «អង្គុយចុះ។ ចាំប៉ាឲ្យគេដួសមកឲ្យ។» ឪពុកនិយាយ។ «អង្គុយចុះទៅ។ ចាំម៉ាក់ដួសឲ្យ។» ម្តាយនិយាយ។ «ទេ។» កូននិយាយ «កូនចង់ដួសដោយខ្លួនឯង។» «ម៉ាក់មិនចង់ឲ្យកូនលំបាកទេ។» ម្តាយពោល។ «ម៉េចក៏មិនឆ្លាតសោះអ៊ីចឹង។» ឪពុកពោល។ កូនក្រោកឈរឡើងនិយាយទៅកាន់ម្តាយ «កូនមិនខ្លាចលំបាកទេ។ កូនចង់ដួសបាយដោយខ្លួនឯង, ចង់ដាំបាយដោយខ្លួនឯង ហើយចង់ទៅដាំស្រូវដោយខ្លួនឯងទៀត។» រួចងាកទៅរកឪពុកព្រមទាំងពោលយ៉ាងម៉ឺងម៉ាត់ «កូនពិតជាមិនឆ្លាតមែន ហេតុដូច្នេះទើបកូនត្រូវរៀនឲ្យចេះគ្រប់យ៉ាង ដើមី្បឲ្យក្លាយជាមនុស្សឆ្លាត៕»
រឿង «កន្សែងសហោះចូលតាមបង្អួច»
និពន្ធដោយ ភូ ចរិយា រឿងនេះកើតឡើងពេលខ្ញុំរៀនថ្នាក់ទី ៩។ ខ្ញុំរស់នៅជាមួយប៉ាម៉ាក់។ ផ្ទះយើងរកស៊ីលក់ថ្នាំពេទ្យ។ អ្នកជិតខាងមកទិញច្រើន។ ក្នុងចំណោមនោះមានម៉ូយឈ្មោះម៉ែអាឡាង រស់នៅផ្ទះជាន់ទីពីរ នៅម្ខាងទៀតនៃផ្លូវ។ តាមពិតគាត់មិនមែនឈ្មោះហ្នឹងទេ តែគេហៅគាត់បែបនេះដោយសារតែកូនគាត់ឈ្មោះ អាឡាង។ ម៉ែអាឡាងមិនមែនមានកូនតែមួយទេ គាត់មានប្អូនអាឡាងម្នាក់ទៀត ដែលទើបតែអាយុប្រាំបួនខែ។ និយាយពីអាឡាងវិញ វាមានអាយុប្រហាក់ប្រហែលខ្ញុំ ហើយវា និងខ្ញុំរាប់គ្នាតាំងពីតូចមក។ មានរឿងអីក៏វាមកប្រាប់ខ្ញុំ ហើយខ្ញុំមានរឿងអីក៏ទៅប្រាប់វា។ ល្ងាចមួយប្រហែលជាម៉ោង ៦ មានរទេះនំគូឆាយចៀនឈប់នៅមុខផ្ទះ។ ម៉ាក់ទៅទិញ ហើយខ្ញុំក៏រត់ទៅទិញជាមួយគាត់។ ពេលម៉ាក់កំពុងប្រាប់ឲ្យមីងអ្នកលក់ដាក់អ៊ីចេះដាក់អ៊ីចុះ ខ្ញុំឈរសម្លឹងមើលទៅផ្ទះដែលនៅថ្នល់ម្ខាងទៀតនោះ។ ពេលនោះភ្នែកខ្ញុំស្រាប់តែក្រឡេកមើលលើសំដៅទៅផ្ទះអាឡាង ហើយក៏ឃើញកន្សែងពណ៌សមួយហោះឆ្វាច់ចូលតាមបង្អួច។ ខ្ញុំរាងឆ្ងល់។ ហេតុអីទើបឆ្ងល់? ព្រោះទោះបីខ្ញុំឃើញតែមួយឆាច់ តែខ្ញុំឃើញច្បាស់។ កន្សែងពណ៌សនោះចម្លែក។ មើលទៅឃើញមិនដូចកន្សែងទូទៅទេ។ កន្សែងនោះមានលក្ខណៈស្តើងដូចផ្សែងបារី តែពណ៌សច្បាស់។ ខ្ញុំបានប្រាប់ម៉ាក់៖ «ម៉ាក់! មានកន្សែងសហោះចូលផ្ទះអាឡាងតាមបង្អួច។» ម៉ាក់ងាកមកខ្ញុំសិនមុននឹងក្រឡេកទៅមើលផ្ទះអាឡាង បន្ទាប់មកគាត់ងាកមករកខ្ញុំម្តងទៀតដោយពោលថា «អឺ!» ទើបបន្តទៅជជែកជាមួយអ្នកលក់នំគូឆាយ។ ក្នុងពេលនោះ ខ្ញុំចង់ទៅប្រាប់អាឡាងណាស់ តែដោយសារតែខ្លាចម៉ាក់ ទើបសុខចិត្តឈរស្ងៀម តែក្នុងអារម្មណ៍ចង់តែទៅប្រាប់។ បើសិនសួរថា ហេតុអី្វបានជាចង់ទៅប្រាប់? តើមានកន្សែងនោះមានអី្វសំខាន់ឬមានអី្វពិសេស? … Continue reading រឿង «កន្សែងសហោះចូលតាមបង្អួច»