គំរូសំណើនេះសម្រាប់៖
១. និស្សិតសិក្សាបង់ថ្លៃនៅសាកលវិទ្យាល័យ ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ និងមិនអាចបង់ថ្លៃសិក្សាតាមកាលកំណត់ និងតាមចំនួនកំណត់របស់សាកលវិទ្យាល័យ
២. និស្សិតរូបនោះបានជួបជាមួយសាកលវិទ្យាល័យ និងបានសុំសាកលវិទ្យាល័យ ហើយសាកលវិទ្យាល័យបានយល់ព្រមតាមសំណើ
៣. សាកលវិទ្យាល័យមិនមានបែបបទសំណើ ហើយតម្រូវឲ្យនិស្សិតធ្វើសំណើសុំដោយខ្លួនឯង
ឲ្យតែមានគ្រប់បីចំណុចនេះ នោះលោកអ្នកដែលជានិស្សិតអាចប្រើប្រាស់គំរូសំណើនេះបាន តែក៏សុំឲ្យលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរផងដែរ។
**
*
សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ…… ជាដំណាក់កាល
នាងខ្ញុំឈ្មោះ……………………………………. ជាអក្សរឡាតាំង……………………… ជានិស្សិតមុខជំនាញ…………………………………………………. ឆ្នាំទី…… វេន…………… អត្តលេខ………………. នៅសាកលវិទ្យាល័យ…………………. ឆ្នាំសិក្សា……………………។
សូមគោរពជូន
លោកនាយកសាកលវិទ្យា័យ……………………
កម្មវត្ថុ ៖ សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ…….. រយៈពេលបីខែម្តង
សេចក្តីដូចដែលបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូនលោកនាយកមេត្តាជ្រាបថា នាងខ្ញុំត្រូវបង់ថ្លៃសិក្សាប្រចាំឆ្នាំ……. មានចំនួន……………….។ ប៉ុន្តែដោយសារតែនាងខ្ញុំខ្វះខាតថវិកា នាំឲ្យមិនអាចបង់ថ្លៃសិក្សាទាំងស្រុងបាន ហេតុនេះនាងខ្ញុំសូមគោរពស្នើសុំលោកនាយកអនុញ្ញាតឲ្យនាងខ្ញុំបង់ថ្លៃសិក្សាបីខែម្តង ក្នុងចំនួន…………។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកនាយកមេត្តាជួយសម្រួលដល់នាងខ្ញុំដោយក្តីអនុគ្រោះ។
សូមលោកនាយកទទួលនូវការគោរពពីនាងខ្ញុំ។
ថ្ងៃ……..កើត ខែ…. ឆ្នាំ…….. ព.ស. ……….
រាជធានីភ្នំពេញ ថ្ងៃទី……. ខែ…….. គ.ស. ………
ហត្ថលេខា
គំរូ Voice over script
មុននឹងចូលដល់ខ្លឹមសារវីដេអូ, សុំឲ្យលោកអ្នកអានសេចក្តីប្រកាសសិន។

ឯកសារនេះត្រូវបានរៀបរៀង ដោយយកលំនាំតាមបែបបទស្ថាប័នរដ្ឋ តែមិនមានន័យថា សម្រាប់ប្រើចំពោះតែសាកលវិទ្យាល័យរដ្ឋ ឬចំពោះតែឯកជនទេ។ ឯកសារនេះរៀបរៀងដើមី្បជាជំនួយដល់និស្សិត មានន័យថា បុគ្គល ឬ ផ្ទាល់ខ្លួន ដែលមានតម្រូវការប្រើប្រាស់ ហើយរកគំរូមិនបាន, មិនពាក់ព័ន្ធនឹងសាកលវិទ្យាល័យឡើយ។
ចំពោះសំណើមួយនេះ មិនបាច់មានក្បាលលិខិតឬស្លាកសញ្ញារបស់សាកលវិទ្យាល័យឡើយ តែត្រូវមានចំណងជើង ដោយលោកអ្នកគួរដាក់ថា សំណើសុំបង់ថ្លៃប្រចាំឆ្នាំ… ឆ្នាំអី្វ ឆ្នាំ២០២៤ ឬឆ្នាំ២០២៤ ២០២៥? នោះត្រូវមើលលើស្ថានភាពជាក់ស្តែងរបស់លោកអ្នក។ រួចហើយបន្ថែមពាក្យថា «ជាដំណាក់កាល»។
បន្ទាប់មក ប្រាប់ពីព័ត៌មានផ្ទាល់ខ្លួនក្នុងនាមជានិស្សិត។
បន្ទាប់មកទៀត សរសេរ «សូមគោរពជូន» រួចបញ្ជាក់ពីតំណែងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលត្រង់ចំណុចនេះលោកអ្នកត្រូវសួរបញ្ជាក់ជាមួយខាងសាកលវិទ្យាល័យ តើតម្រូវឲ្យដាក់សំណើនេះទៅអ្នកណា។ នាយក, នាយិកា ឬព្រឹទ្ធបុរស? លោកអ្នកត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់។
រួចហើយដាក់កម្មវត្ថុ។ ចំណងជើងដែលនៅខាងលើ លោកអ្នកអាចដាក់ថា «បង់ជាដំណាក់កាល» តែនៅក្នុងកម្មវត្ថុលោកអ្នកត្រូវបញ្ជាក់ឲ្យច្បាស់បន្ថែមពីលើពាក្យដំណាក់កាលហ្នឹង តើបង់បីខែម្តង, ពីរខែម្តង ឬយ៉ាងណា។ បន្ទាប់មក រៀបរាប់ក្នុងតួសេចក្តី ពីចំនួនទឹកប្រាក់សរុបដែលត្រូវបង់, ហេតុផលដែលលោកអ្នកមិនអាចបង់ និងរយៈពេលដំណាក់កាលដែលលោកអ្នកចង់ស្នើសុំ ព្រមទាំងចំនួនទឹកប្រាក់ផងដែរ។
ចំនួនទឹកប្រាក់នៅត្រង់កន្លែងនេះ ត្រូវដាក់ឲ្យច្បាស់ ឧទាហរណ៍ ថ្លៃសិក្សាសរុបពេញមួយឆ្នាំ ៦០០ ដុល្លារសហរដ្ឋ, លោកអ្នកសុំបង់បីខែម្តង អ៊ីចឹងត្រូវជា ១៥០ ដុល្លារ ដូច្នេះត្រង់កន្លែងនេះ ត្រូវដាក់ ១៥០ ដុល្លារសហរដ្ឋ។ ទាក់ទងនឹងចំនួនទឹកប្រាក់ បើសាកលវិទ្យាល័យឲ្យបង់ជាប្រាក់ដុល្លារ លោកអ្នកត្រូវដាក់ជាដុល្លារ មិនបាច់គិតជាលុយរៀលអ្វីទេ។ សូមធ្វើទៅតាមភាពជាក់ស្តែង។ ហើយក៏មិនបាច់តាមបែបបទរដ្ឋបាល ដោយសរសេរជាលេខហើយ ត្រូវសរសេរជាអក្សរទៀត ឬត្រូវតែសរសេរជាតួលេខខ្មែរ មិនអាចសរសេរជាលេខរ៉ូម៉ាំង ព្រោះនេះជាសំណើផ្ទាល់ខ្លួន ហើយក៏មិនមែនជាលិខិតផ្លូវការធំដុំអ្វីដែរ។ លើកលែងតែលោកអ្នកចង់។ បើសិនលោកអ្នកចង់, អ៊ីចឹងលោកអ្នកធ្វើចុះ។
បន្ទាប់ពីរៀបរាប់រួចហើយ លោកអ្នកបញ្ចប់តួសេចក្តីដោយប្រយោគទាំងពីរនេះ រួចដាក់កាលបរិច្ឆេទ, ចុះហត្ថលេខា និងដាក់ឈ្មោះគឺជាការស្រេច៕