បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ការបង្កើតពុម្ព - គូររូបទន្សាយលើក្រដាស - កាត់រូបនោះចេញមក - កាត់ត្រង់ផ្នែកក្បាលនៃរូបចេញពីដងខ្លួន វិធីបង្កើត Frame រូប ១. រូបទីមួយ - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាស - យកក្បាលនៃរូបមកដាក់បន្តុបពីលើ (បែបជារូបទន្សាយធម្មតា) - គូរតាមពុម្ពរូប ២. រូបទីពីរ - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាសតែមួយ តែខិតឆ្ងាយ - យកក្បាលនៃរូបមកដាក់បន្តុបពីលើ រួចរំកិលក្បាលឲ្យងើយបន្តិច - គូរតាមពុម្ពរូប ៣. រូបទីបី - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាសតែមួយ តែខិតឆ្ងាយ - យកក្បាលនៃរូបមកដាក់បន្តុបពីលើ រួចរំកិលក្បាលឲ្យងើយខ្ពស់ជាងរូបទីពីរ - គូរតាមពុម្ពរូប ៤. រូបទីបួន - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាសតែមួយ តែខិតឆ្ងាយ - យកក្បាលនៃរូបមកដាក់បន្តុបពីលើ រួចរំកិលក្បាលឲ្យងើយខ្ពស់ជាងរូបទីបី - គូរតាមពុម្ពរូប ៥. រូបទីប្រាំ - … Continue reading គំរូរបៀបធ្វើជីវចលទន្សាយក្រដាសងើយក្បាល
Month: May 2025
ការប្រើបាវចនាជាតិខ្មែរលើឯកសារ
បាវចនាជាតិរបស់កម្ពុជាមាន៖ ជាតិ សាសនា ព្រះមហាក្សត្រ។ គ្រាន់តែជាទូទៅ យើងរាប់បញ្ចូលទាំងពាក្យ 'ព្រះរាជាណាចក្រកម្ពុជា' ដែលដាក់នៅខាងលើពាក្យទាំងបីនេះ។ បាវចនាជាតិប្រើបានតែចំពោះឯកសារស្ថាប័នរដ្ឋប៉ុណ្ណោះ។ ស្ថាប័នឯកជនដូចជាក្រុមហ៊ុន, សមាគម, អង្គការ, មូលនិធិ (ឯកជន), និងគ្រប់អាជីវកម្មតូចធំ មិនអាចប្រើបាវចនាជាតិលើឯកសាររបស់ខ្លួនបានឡើយ សូមី្បតែត្រា, លើកលែងតែឯកសារដែលត្រូវឆ្លងកាត់ឬជាតម្រូវការរបស់អាជ្ញាធរ។ ចំពោះថាតើមានប្រភេទឯកសារអ្វីខ្លះ? នោះម្ចាស់ស្ថាប័នឯកជនត្រូវជួបនឹងអាជ្ញាធរដោយផ្ទាល់។ តាមរបៀបរបបរដ្ឋបាល បាវចនាជាតិត្រូវតែដាក់នៅផ្នែកខាងលើបង្អស់នៃលិខិតឬសំណើ ដោយប្រើទំហំអក្សរធំជាងឃ្លា និងប្រយោគផ្សេងៗ។ និមិត្តសញ្ញារបស់ស្ថាប័នត្រូវតែនៅក្រោមបាវចនាជាតិ ទោះបីជានិមិត្តសញ្ញានោះស្ថិតនៅជ្រុងខាងណានៃក្រដាសក៏ដោយ។ ការដាក់បាវចនាជាតិជាប្រភេទអក្សរដិត និងអក្សរឆ្លាក់ផ្សេងៗជារបៀបតុបតែង ហើយតែងប្រែប្រួលទៅតាមស្ថាប័ននីមួយៗ លើកលែងតែលិខិតផ្លូវការដែលត្រូវបញ្ជូនចេញទៅក្រៅស្ថាប័ន (និងលិខិតឬសំណើមួយចំនួនទៀត) ដែលអ្នកធ្វើការក្នុងការិយាល័យរដ្ឋបាលតែងនិយាយថា 'ត្រូវមានក្បាលលិខិត', នោះការរៀបចំ និងតាក់តែងបាវចនាជាតិត្រូវគោរពតាមគោលការណ៍រដ្ឋបាល ទាំងប្រភេទអក្សរឆ្លាក់, ទំហំ និងពណ៌៕
រឿង «ទន្សាយ និងខ្យង»
និពន្ធដោយ ភូ ចរិយា មានទន្សាយមួយក្បាលធ្វើដំណើរទៅលេងផ្ទះសាច់ញាតិ។ ដោយសារតែផ្ទះសាច់ញាតិនៅមិនឆ្ងាយ, វាមិនខ្វាយខ្វល់រឿងវេចខ្ចប់អាហារ និងទឹកតាមខ្លួនឡើយ។ ចៃដន្យអាកាសធាតុផ្លាស់ប្តូរ, ថ្ងៃប្រែជាក្តៅដូចចង្ក្រានភ្លើង, ធ្វើឲ្យទន្សាយហេវហត់ និងស្រេកទឹកយ៉ាងខ្លាំង តែមិនឃើញមានបឹងឬត្រពាំងសោះ។ ទន្សាយដើរបណ្ដើរភ្នែករំពៃមើលបណ្តើរក្រែងប្រទះកូនថ្លុកណាមួយ។ ពេលនោះ ស្រាប់តែឮសំឡេងស្រែកហៅ៖ «សួស្តី បងទន្សាយ។» ទន្សាយងាកមើល ក៏ឃើញសត្វខ្យងមួយនៅលើថ្មដែលនៅក្បែរផ្លូវ។ ទន្សាយមិនចង់និយាយជាមួយខ្យងទេ ដោយវានឹកខឹងនឹងពពួកខ្យងដែលធ្លាប់បានប្រើល្បិចដាក់វា កាលពីពេលវា និងខ្យងប្រណាំងគ្នា។ ប៉ុន្តែវាស្រាប់តែនឹកឃើញថា ខ្យងជាសត្វរស់ក្នុងទឹក ហើយខ្យងមិនងាយប្តូរទីកន្លែងរស់នៅឡើយ ហេតុនេះខ្យងប្រាកដជាដឹងថានៅម្តុំនេះ ទីណាមានទឹក។ នឹកឃើញដូច្នេះហើយ ទន្សាយក៏រាក់ទាក់ទៅខ្យងវិញ៖ «សួស្តី ប្អូនខ្យង។ តើប្អូនរស់នៅទីនេះមែនទេ?» «បាទ។» ខ្យងងក់ក្បាល «ខ្ញុំរស់នៅទីនេះ។» «អ៊ីចឹងតើនៅម្តុំនេះមានទឹកដែរឬទេ? ខ្ញុំស្រេកទឹក, ហើយថ្ងៃក៏ជិតលិចទៀត, ខ្ញុំកំពុងប្រញាប់ទៅផ្ទះសាច់ញាតិរបស់ខ្ញុំ។» «មាន។ បងឃើញគុម្ពោតនោះទេ? នៅក្រោយគុម្ពោតនោះមានត្រពាំងតូចមួយ។» ទន្សាយឮហើយត្រេកអរណាស់។ វាអរគុណខ្យង រួចប្រញាប់បោលទៅរកគុម្ពោត។ ទៅដល់ វាឃើញមានត្រពាំងមែន។ ទន្សាយបានផឹកទឹកយ៉ាងស្កប់ស្កល់ ហើយវាលែងខឹងនឹងពពួកខ្យងទៀតហើយ។ បន្ទាប់ពីផឹកទឹករួច វាក៏រហ័សរហួនបន្តដំណើរ។ មុនថ្ងៃលិច ទន្សាយបានទៅដល់ផ្ទះសាច់ញាតិរបស់វា និងបានជួបជុំគ្នាយ៉ាងរីករាយ៕ … Continue reading រឿង «ទន្សាយ និងខ្យង»
គំរូសម្តី MC ប្រកាសឲ្យភ្ញៀវមិនទាន់ចុះឈ្មោះទៅចុះឈ្មោះ
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព នាងខ្ញុំសុំអនុញ្ញាតដើមី្បជូនដំណឹងដល់ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយស ដែលមិនទាន់បានចុះឈ្មោះ, សូមមេត្តាចុះឈ្មោះនៅតុខាងក្រៅបន្ទប់ ដែលមានក្រុមការងារយើងខ្ញុំរង់ចាំសម្របសម្រួលជូន។ សូមអរគុណ។ ចំណាំ៖ សម្តីនេះអាចប្រើបានទាំងក្នុងកម្មវិធីស្ថាប័នរដ្ឋ និងឯកជន។