ជំនួយស្មារតី ជាកំណត់សម្គាល់ ឬកំណត់ចំណាំនូវចំណុច និងរឿងដែលត្រូវលើកនៅក្នុងកិច្ចប្រជុំ។
ជាទូទៅ មានតែថ្នាក់ដឹកនាំប្រើពាក្យ «ជំនួយស្មារតី» នេះ។ ដោយឡែកអ្នកផ្សេងៗច្រើនតែប្រើពាក្យថា ‘Note’ តាមភាសាអង់គ្លេស ដែលប្រែមកជាភាសាខ្មែរថា «សម្គាល់» ឬ «ចំណាំ» ហ្នឹងឯង។
ថ្វីដ្បិតតែថ្នាក់ដឹកនាំជាអ្នកប្រើជំនួយស្មារតី តែជាធម្មតាគឺខាងជំនួយការឬក្រុមជំនួយការជាអ្នករៀបចំឲ្យ។
មុនពេលប្រជុំ ថ្នាក់ដឹកនាំនឹងហៅជំនួយការទៅជួប រួចប្រាប់ពីអ្វីដែលគាត់ចង់និយាយ។ ជំនួយការនឹងកត់ត្រានូវសម្តីរបស់ថ្នាក់ដឹកនាំ រួចយកមករៀបចំនៅក្នុងកុំព្យូទ័រ។ ជិតដល់ថ្ងៃប្រជុំ ជំនួយការនឹងចូលទៅជួបថ្នាក់ដឹកនាំ ដោយយកសេចក្តីព្រាងជំនួយស្មារតីដែលបាន print រួច ទៅដាក់ជូនដើមី្បពិនិត្យ។ ក្រោយពីអានរួច ថ្នាក់ដឹកនាំនឹងប្រាប់ថា គួរលុបត្រង់នេះ, គួរថែមថយត្រង់នេះ ឬសម្រេចថាយក ដោយមិនបាច់កែ។
ការធ្វើ «ជំនួយស្មារតី» មិនបានទាមទារនូវរបៀបរបបផ្លូវការនោះទេ។ សំខាន់នៅក្នុងក្រដាសត្រូវមានចំណងជើង, កាលបរិច្ឆេទប្រជុំ, ទីកន្លែងប្រជុំ, ប្រធានបទត្រូវប្រជុំ, និងរឿងដែលថ្នាក់ដឹកនាំត្រូវនិយាយ ដោយដាក់ជាចំណុចៗ និងសរសេរសង្ខេបខ្លីៗ។
សារប្រយោជន៍នៃការធ្វើ និងប្រើជំនួយស្មារតី គឺ៖
មិនច្រឡំប្រធានបទកិច្ចប្រជុំ
មិនភ្លេចចំណុចសំខាន់ៗដែលត្រូវនិយាយក្នុងកិច្ចប្រជុំ
កាត់បន្ថយការនិយាយរឿងក្រៅផ្លូវការ ដែលនាំឲ្យចំណាយពេលប្រជុំឥតប្រយោជន៍៕
