និពន្ធដោយ ភូ ចរិយា
«ម៉ាក់ចង់ប្រាប់កូនពីកូនប្រសាប្រុសទាំងបួនរបស់ម៉ាក់។» អនាគតម្តាយក្មេកខ្ញុំពោល «វិធីបំបាត់ស្ត្រេសរបស់ពួកវាខុសគ្នាដាច់។»
ខ្ញុំអង្គុយស្តាប់ដោយយកចិត្តទុកដាក់។
«អាទីមួយ ពេលវាធុញ វាចូលចិត្តទៅស្រោចទឹកផ្កា, ស្រោចទឹកបន្លែ, ស្រោចទឹកដើមឈើ។ ផ្ទះវា ទាំងមុខទាំងក្រោយទាំងចំហៀង មានសុទ្ធតែដើមឈើ។ តូចក៏មាន, ធំក៏មាន។ ប្រពន្ធវាមិនដែលស្រោចទឹកទេ ព្រោះដឹងថាប្តីស្រោច។ អាទីពីរ.. ពេលវាស្ត្រេស វាគិតតែពីផឹក ។ ប៊ីយែរពីរកេស វាផឹកម្នាក់ឯង.. ជួនកាលអស់ស្រាប្រាំដប។ វាផឹកដល់តំណក់ចុងក្រោយ ហើយគ្មានលាយសូដាលាយស្អីទេ។ ផឹកសុទ្ធ។ ផឹកហើយចូលដេក ភ្ញាក់ឡើងដូចគ្មានរឿងអីកើតឡើង។ ប្រពន្ធវាទិញស្រាទិញប៊ីយែទាំងកេសៗមកស្តុកទុក។ អើ! ពួកវាមានលុយ ធ្វើអីក៏សមដែរ។ ចូលដល់អាទីបី។ អានោះទៅដុសបង្គន់។ បង្គន់ក្នុងផ្ទះវាស្អាត និងភ្លឺរលើបរលោង។ ប៉ុន្តែវាដុសតែបង្គន់ទេ, ឥដ្ឋ និងជញ្ជាំងគគ្រិចដដែល។» គាត់ឈប់មួយភ្លែតទើបពោល «បីមុន ប្តីបងសារ៉ាន់។ អាទីបួន ប្តីកូនស្រីពៅម៉ាក់, ប្អូនសារ៉ាន់។ អានោះ ពេលវាតានតឹងម្តងៗ វាស្តាប់ធម៌ តែវាមិនមែនបើកស្តាប់ម្នាក់ឯងទេ វាបើកឲ្យប្រពន្ធវា ហើយនិងកូនវាស្តាប់ដែរ។ ចង់ដឹងថាវាស្រ្តេសប៉ុណ្ណា ស្តាប់តែសំឡេងធម៌គឺដឹងហើយ។ បើកកាន់តែឮមានន័យថាស្រ្តេសកាន់តែខ្លាំង។»
អនាគតម្តាយក្មេកខ្ញុំឈប់មួយស្របក់ រួចមើលមុខខ្ញុំ «ម៉ាក់មានតែកូនប្រសាប្រុស ដូច្នេះម៉ាក់មិនដឹងថាកូនប្រសាស្រីបំបាត់ស្រេ្តសម៉េចទេ។ ប៉ុន្តែម៉ាក់ដឹងថា កូនប្រុសម៉ាក់ ពេលវាស្រ្តេស វាអត់នៅផ្ទះទេ, វាចេញទៅតែម្នាក់ឯង, អត់មានប្រាប់អ្នកណា ហើយបិទទូរស័ព្ទទៀត។ ហ្នឹងជាទម្លាប់របស់វា។»
ខ្ញុំញញឹម ហើយពោល៖
«ចាស៎ ខ្ញុំយល់ហើយម៉ាក់៕»