តើគួរចាប់យកជំនាញអ្វី ដែលមនុស្សមានតម្រូវការ?

យ៉ាយ៉ា ១ : លើកមុន ឯងនិយាយអំពីផ្នែកដែលមនុស្សមានតម្រូវការចាំបាច់ ដោយខានមិនបាន។ ឯងថាផ្នែកអប់រំ និងផ្នែកសុខាភិបាល, ត្រូវទេ?

យ៉ាយ៉ា ២ : អ្ហ៊ឺ! ហើយយ៉ាងម៉េច?

យ៉ាយ៉ា ១ : បងប្អូន និងកូនក្មួយរបស់គ្នាចាប់អារម្មណ៍ តែពួកគេចង់ឲ្យឯងជួយបញ្ជាក់ពីមុខជំនាញ ព្រោះពេលពួកគេឮផ្នែកអប់រំ ក្នុងខួរក្បាលរបស់ពួកគេគិតឃើញតែធ្វើជាគ្រូបង្រៀន ហើយបើផ្នែកសុខាភិបាលវិញ ពួកគេគិតឃើញតែធ្វើជាគ្រូពេទ្យ។

យ៉ាយ៉ា ២ : ធ្វើការផ្នែកអប់រំ មិនប្រាកដថាត្រូវតែធ្វើជាគ្រូបង្រៀននោះទេ។ ពួកគេអាចរៀនមុខជំនាញទាក់ទងនឹង ឧទាហរណ៍ការប្រឹក្សាយោបល់ដល់សិស្ស-និស្សិត (Student consult service), ការរៀបចំប្រព័ន្ធគ្រប់គ្រងកិច្ចការសិស្ស-និស្សិត (Student affair management system), ការវិភាគទិន្នន័យ (Data analysis) ដើមី្បជួយកែលម្អ និងបង្កើនគុណភាព និងប្រសិទ្ធភាពការអប់រំ។ល។ ចំពោះផ្នែកសុខាភិបាលវិញគឺធ្វើការទាក់ទងនឹងការព្យាបាល តែមិនមែនត្រូវតែធ្វើជាគ្រូពេទ្យចាក់ថ្នាំ ឬវះកាត់នោះទេ។ ការងារដូចជា speech therapist សំដៅដល់ អ្នកព្យាបាលទាំងកុមារ និងមនុស្សពេញវ័យលើផ្នែកទំនាក់, ផ្នែកភាសា, ការនិយាយមិនច្បាស់ មិនរលូន (ត្រដិត), បញ្ហារៀនសូត្រ និងបញ្ហាលេបអាហារ, អ្នកជំនាញផ្នែក អាហារូបត្ថម្ភ (nutritionist), គ្រូបង្វឹកលំហាត់ប្រាណ (professional fitness coach) ជាដើម ក៏ត្រូវបានចាត់ទុកនៅក្នុងផ្នែកសុខាភិបាលដែរ។ នៅមានច្រើនទៀត។ ឯងអាចឲ្យបងប្អូនកូនក្មួយរបស់ឯងឆែកអ៊ិនធើណេតរកមើលទៅ ហើយសឹមឲ្យពួកគេសម្រេចចិត្តថា រៀនមុខជំនាញមួយណា៕

Leave a comment