សិស្សម្នាក់ចាប់បានចាបមួយ។ គេដាក់ចាបក្នុងដៃ រួចក្តាប់ជិតដែលមិនអាចមើលឃើញរបស់នៅក្នុង។ បន្ទាប់មកគេរត់ទៅរកលោកគ្រូដែលកំពុងតែចុះកាំជណ្តើរ។ គេនឹកចង់ល្បងប្រាជ្ញារបស់គ្រូ ដូច្នេះគេក៏សួរ៖
«លោកគ្រូ, ខ្ញុំចាប់បានចាបមួយ។ លោកគ្រូទាយទៅមើលថាតើវាងាប់ឬនៅរស់?»
ការពិត ចាបនៅក្នុងដៃនៅរស់នៅឡើយទេ។ ប៉ុន្តែសិស្សបានគិតទុកក្នុងចិត្តថា បើសិនជាគ្រូរបស់គេឆ្លើយថា “រស់” គេនឹងច្របាច់ចាបនោះឲ្យងាប់, បើគ្រូឆ្លើយថា “ងាប់” គេនឹងព្រលែងចាបឲ្យហើរ។
និយាយពីលោកគ្រូ ពេលឮសំណួររបស់សិស្សហើយ គាត់ឈប់ឆ្កឹងលើកាំជំណ្តើរទល់មុខសិស្ស។ គាត់មិនឆ្លើយសំណួរសិស្សទេ តែបែរជាសួរសិស្សវិញថា៖
«ប្អូនទាយទៅមើលថាជំហានបន្ទាប់របស់លោកគ្រូ តើលោកគ្រូចុះទៅកាំក្រោមឬឡើងទៅកាំលើ?»
បញ្ជាក់ ៖ រឿងនេះសរសេរតាមការនិទានរបស់អ្នកដែលធ្លាប់រាប់អាន។