និពន្ធដោយ ភូ ចរិយា
ចូលដល់តំបន់កប់ខ្មោចភ្លាម បរិយាកាសដូចប្រែប្រួលម៉េចមិនដឹង។ គ្មានខ្យល់បក់ទេ តែហាក់ត្រជាក់ស្រេងដូចជាធុងក្លាសសេទឹកក្រូច។
មើលពីសម្បកក្រៅ បុរសទាំងបីហំហានណាស់ ប៉ុន្តែតាមពិតក្នុងពោះរបស់ពួកគេម្នាក់ៗ ប្រាំវិនាទីបុកភឹបម្តង។ រីឯមុខប្រែជាញញឹមដោយមិនដឹងខ្លួន តែញញឹមបែបក្រូចសើច។
ទ្រាំលែងបាន តាឡូយបង្អង់ជើងរួចសួរ៖
«ហើយពេលណាទើបដល់កន្លែងត្រូវថត?»
«ខ្ញុំអត់ដឹងទេ។» ចៅតាសំឆ្លើយ។
«អ្ហាក៎!» តាឡូយបើកភ្នែកធំៗ។
«ខ្ញុំទើបមកវត្តលើកទីមួយ។ ខ្ញុំធ្វើម៉េចដឹងថាកន្លែងណាកន្លែងណី។ តាទាំងពីរនៅវត្តហ្នឹង និងធ្លាប់ចេញចូលទីនេះ ដូច្នេះគួរដឹងទីតាំង។» ចៅតាសំពោល។
«ស្រេចបាត់!»
«អត់ស្រេចទេ។» តាសំលូកមាត់ «មើលចៅឯងចង់បានទីតាំងយ៉ាងម៉េច?»
«ឲ្យតែអាចបញ្ជាក់ថាកន្លែងដែលឈរហ្នឹងជាតំបន់ផ្នូរខ្មោចគឺបានហើយ។»
«អ៊ីចឹង…» តាសំងាកមើលជុំវិញ រួចចង្អុលទៅខាងមុខ «ក្រោមដើមព្នៅនោះ តើបានទេ?»
ចៅតាសំងាកទៅនិយាយជាមួយតាឡូយ «តាជួយទៅឈរសិនទៅ។»
តាឡូយដើរទៅឈរពីក្រោមដើមព្នៅ។
«មេឃងងឹត តែមិនងងឹងស្លុប។ ផ្ទៃខាងក្រោយមានពន្លឺតិចៗ។ ខ្ញុំយល់ថាអាចប្រើការបាន។ សុំថតចោលមួយសិន។»
ក្រោយពីថតរួច ចៅតាសំយកគំរូវីដេអូមកឲ្យតាឡូយមើល។
«មុខតាដូចមិនសូវច្បាស់។» តាឡូយពោល។
«ក្រែងតាចង់បានមុខមិនសូវច្បាស់ ដើមី្បកុំឲ្យគេស្គាល់នោះអី។»
«អើមែន! ភ្លេច។»
«បើតាព្រមហើយ, អ៊ីចឹងពួកយើងចាប់ផ្តើមថត។»
និយាយរួច ចៅតាសំដើរមកឈរកន្លែងរបស់គេដោយលើកទូរស័ព្ទផ្ចង់កាមេរ៉ាឡើង។ តាសំឈរនៅក្បែរចៅ និងមើលរបៀបចៅធ្វើ។ ចំណែកតាឡូយលូកយកផលិតផលពីក្នុងហោប៉ៅមកកាន់នៅនឹងដៃស្តាំ ទាំងក្នុងខ្លួនរាងភ័យអរៗ និងអៀន។
«ត្រៀម!» ចៅតាសំពោល «មួយ.. ពីរ…»
«ឈប់ ឈប់ ឈប់។» តាឡូយស្រែក។
«ម៉េចដែរតា?» ចៅតាសំសួរទាំងដៃទម្លាក់ទូរស័ព្ទចុះ។
«ឲ្យតានិយាយអីទៅ?»
«និយាយពីផលិតផលដែលតាចង់ផ្សាយហ្នឹងណា៎។»
«ហើយនិយាយថាម៉េចទៅ?»
«និយាយពីឈ្មោះផលិតផល, និយាយពីអត្ថប្រយោជន៍, និយាយពីតម្លៃជាដើម។»
«អ្ហ៊ឺ! មិនដឹងនិយាយម៉េចទេ។»
«អ៊ីចេះចុះ» តាសំផ្តល់គំនិត «ឲ្យគាត់រកនឹកនិយាយតាមសម្រួល ហើយចៅឯងចុចថតចោលទៅ។»
«អ៊ីចឹងក៏បានដែរ។ រួចហើយចាំខ្ញុំយកទៅកាត់ត។»
និយាយរួច ចៅតាសំក៏តម្រង់កាមេរ៉ាទូរស័ព្ទម្តងទៀត។
«ខ្ញុំចុចហើយណា៎។» គេស្រែកប្រាប់តាឡូយ។ តាឡូយងក់ក្បាល រួចក៏ប្រឹងរកនឹកពាក្យមកនិយាយ។
«បើសិនជាថតបានខ្មោចមកពីក្រោយ ឬចុះមកពីលើដើមឈើ មិនដឹងល្អប៉ុណ្ណាទេ។» ចៅតាសំពោល។
មិនដឹងថាមាត់ហ្នឹងស័ក្តិសិទ្ធិឬក៏ចង្រៃទេ។ និយាយមិនទាន់ផុតពីមាត់ផង ស្រមោលសស្ទុងៗមួយបានទម្លាក់ខ្លួនយឺតៗពីដើមព្នៅចុះមក។
តាសំ និងចៅប្រុសសម្លឹងមើលស្រមោលនោះឡើងស្លឺ។ ពួកគេមើលស្រមោលនោះ រួចមើលទៅក្នុងទូរស័ព្ទ។ នៅក្នុងទូរស័ព្ទមិនឃើញស្រមោលមួយនោះទេ, តែនៅខាងក្រៅទូរស័ព្ទគឺឃើញយ៉ាងច្បាស់ក្រឡែត។ ស្រមោលនោះមានរាងជាស្រី, សក់ត្រឹមក្រោមត្រចៀក និងមានអាយុប្រហាក់ប្រហែលនឹងតាឡូយ និងតាសំ។
គ្រាន់តែឃើញ តាសំស្គាល់ច្បាស់ថាជាខ្មោច។ ចំណែកចៅតាសំ ទោះបីថាទើបតែឃើញផ្ទាល់ភ្នែកជាលើកទីមួយ ក៏គេអាចដឹងយ៉ាងច្បាស់ដោយមិនបាច់ប្រាប់ដែរថា នោះជាខ្មោច។
ដោយសារតែរឿងរ៉ាវឆុតឆាប់ និងកើតឡើងរហ័សពេក, ទាំងតាសំ និងចៅមិនដឹងថាគួរធ្វើយ៉ាងណា បានត្រឹមតែមើលខ្មោច រួចមើលទៅតាឡូយ រួចមើលទៅខ្មោច រួចមើលទៅតាឡូយ.. មើលទៅមើលមកៗ។ រីឯតាឡូយដែលកំពុងតែឈរ មិនបានដឹងពីវត្តមានរបស់ភ្ញៀវបន្ថែមដែលកំពុងតែចុះមករកគាត់ទេ។ គាត់កំពុងតែប្រឹងរកពាក្យនិយាយ ប៉ុន្តែហាក់ដូចជានឹកមិនឃើញសោះ។ គាត់គិតថា គួរតែប្រាប់ឲ្យបិទកាមេរ៉ាសិន ចាំគាត់រកនឹកឃើញសឹមថត។ ពេលគាត់ងើបភ្នែកឃើញទឹកមុខ និងកាយវិការរបស់សម្លាញ់ និងចៅសម្លាញ់របស់គាត់ ហើយស្របពេលជាមួយគ្នានោះ គាត់ហាក់មានអារម្មណ៍ត្រជាក់ៗនិងព្រឺៗពីក្រោយខ្នង គាត់ក៏ងាកទៅ។ គាប់ជួនខ្មោចចុះមកដល់ដីល្មម។
«ហឺ…» ខ្មោចចង់បន្លាច ដោយសារតែឃើញថាមនុស្សដឹងថាខ្លួនជាខ្មោចហើយ។ ប៉ុន្តែពេលនោះ ស្រាប់តែតាឡូយលើកដៃឃាត់ «ឈប់សិន។» មិនដឹងយ៉ាងម៉េច ស្រាប់តែខ្មោចព្រមឈប់តាមការឃាត់របស់តាឡូយ ហើយយកដៃស្តាំច្រត់ចង្កេះឈរចាំ…
តាឡូយបែរមុខមករកកាមេរ៉ា រួចលើកផលិតផលឡើង៖
«នេះជាឡេលាបខ្លួន ជាស្នាដៃរបស់កូនខ្មែរ និងជាផលិតផលរបស់ខ្មែរពិតៗ។ ផលិតចេញពីក្រូចសើច ដែលដាំក្នុងផ្ទះរបស់ម្ចាស់ឡេ និងដាំដោយម៉ែម្ចាស់ឡេដោយផ្ទាល់។ មានប្រសិទ្ធភាពក្នុងការកម្ចាត់ក្លិនខ្លួនដែលស្អុយ និងប្រែឲ្យខ្លួនមានក្លិនក្រអូបឈ្ងុយឈ្ងប់វិញ ទោះបីជាមិនបានងូតទឹកជាច្រើនឆ្នាំក៏ដោយ។ មិនតែប៉ុណ្ណោះ ថែមទាំងអាចព្យាបាលស្រែង, កម និងរមាស់ទៀតផង។ រួសរាន់ឡើងៗ ប្រញាប់មកជាវឥឡូវនេះ ជាមួយនឹងតម្លៃពិសេស ទិញមួយថែមកន្លះឡូ នៅហាងស្រីមាស ដែលមានទីតាំងស្ថិតនៅស្រុកចាប់បោក, ភូមិអុក, ឃុំដាក់មួយកែង។ សុំអរគុណ។»
រួចហើយ តាឡូយបែរមុខទៅរកខ្មោច។
«ចប់ឬនៅ?» ខ្មោចសួរ។
តាឡូយងក់ក្បាល «ចប់ហើយ។»
គ្រាន់តែឮ ខ្មោចកាច់ដៃកាច់កកាច់ខ្លួន រួចក៏លើកម្រាមដៃដែលមានក្រចកវែងមុតស្រួចឡើង។ ភ្លាមៗនោះ តាឡូយស្រែកយ៉ៃបោះឡេចោល រួចរត់ត្របាញ់ជើងទៅទិសខាងជើង។ និយាយពីតាសំ និងចៅ, ពួកគេមិនស្រែកទេតែនាំគ្នារត់ដែរ, ដោយតាសំរត់ទៅទិសខាងកើត ហើយចៅរត់ទៅទិសត្បូង។
ខ្មោចឈរឡិងឡង់ «ចុះអញគួរទៅតាមមួយណា?»
គិតចុះគិតឡើង ខ្មោចក៏សម្រេចចិត្តមិនទៅណា, នៅរង់ចាំនៅកន្លែងហ្នឹង។
ដប់វិនាទីក្រោយ ពួកគេទាំងបីរត់ត្រឡប់មកវិញ។ ខ្មោចខំត្រៀមខ្លួននឹងបន្លាច តែពួកគេទាំងបីរត់លឿនពេក។ គ្រាន់តែលើកដៃឡើង, ទៅបាត់។ អ៊ីចឹងខ្មោចក៏ទម្លាក់ដៃចុះ ហើយឈរចាំឱកាសក្រោយ។ ដប់វិនាទីកន្លង មនុស្សទាំងបីរត់មកវិញ។ ខ្មោចត្រៀមលើកដៃ.. ទាំងបីនាក់រត់ប្រុចហួសបាត់។ ខ្មោចក៏ទម្លាក់ដៃចុះ។ ផុតដប់វិនាទី ពួកគេរត់មកវិញទៀតហើយ តែខ្មោចនៅតែមិនអាចទទួលជោគជ័យ។ ដោយសារបរាជ័យច្រើនដងពេក ខ្មោចបាក់ទឹកចិត្តក៏សម្រេចចិត្តអង្គុយចុះ ហើយមើលមនុស្សរត់វិញ។ មើលយូរៗទៅដូចចង់វិលមុខ ព្រោះឃើញតែរត់ទៅរត់មក៖ តាឡូយរត់ពីជើងទៅត្បូង និងពីត្បូងមកជើង, តាសំរត់ពីកើតទៅលិច និងពីលិចមកកើត, ឯចៅប្រុសតាសំរត់បញ្ច្រាសជាមួយតាឡូយ។
«យីមនុស្សពូកែម្ល៉េះ! រត់ទៅវិញទៅមកអត់ចេះធុញ ហើយអត់ព្រមបុកគ្នាទៀត។» ខ្មោចពោល។
និយាយមិនទាន់ផុតពីមាត់ផង តាឡូយ, តាសំ, និងចៅប្រុសរត់មកបុកគ្នាប៉ាំងដួលសន្លប់ទៅលើដី។ ប្រហែលជាពីរវិនាទី ពួកគេក្រោកពីសន្លប់ រួចរត់បន្ត។
ខ្មោចគ្រវីក្បាល «មើលទៅអញមិនបាច់បន្លាចទេ ព្រោះនាំគ្នាបន្លាចខ្លួនឯងទាល់តែឆ្កួតបាត់ហើយ។»
និយាយចប់ ខ្មោចក៏ក្រោកឈរឡើង បម្រុងនឹងទៅសំណាក់របស់ខ្លួនវិញ ស្រាប់តែប្រទះភ្នែកនឹងឡេដែលតាឡូយច្រឡំគ្រវែងចោលនៅលើដី។
«កុំឲ្យខាត។ អញយកទៅប្រើទៅ។»
ខ្មោចចាប់យកឡេ រួចក៏ហោះវឹងឡើងទៅលើដើមព្នៅ។
ចំណែកបុរសចាស់ និងក្មេងទាំងបីនៅរត់ទៅវិញទៅមក រហូតទាល់តែអស់ខ្យល់ ក៏ដេកភីងនៅលើដីក្រោមដើមព្នៅនោះ។
ពេញមួយយប់ តាឡូយ, តាសំ និងចៅប្រុសតាសំដេកសន្លប់នៅកណ្តាលវាលផ្នូរខ្មោច។ លុះដល់ព្រហាមស្រាងៗ មាន់រងាវល្វើយៗ ទើបទាំងបីនាក់ដឹងខ្លួន។ គ្រាន់តែដឹងខ្លួនភ្លាម ម្នាក់ៗក្រោកក្រេសដើរចេញពីវាល ដោយមិនមើលក្រោយ និងមិនចេញស្តីមួយម៉ាត់។ សូមី្បតែមកដល់វត្តហើយ ក៏នៅតែមិនស្តី, នាំគ្នាដើរតម្រង់ទៅរកសាលាឆាន់ រួចថ្វាយបង្គំព្រះពុទ្ធបដិមាបីដង ទើបតាសំឡើងម៉ូតូជាមួយចៅប្រុស ឯតាឡូយដើរទៅផ្ទះដោយថ្មើរជើង។
ដោយសារតែកម្មវិធីបុណ្យទើបចប់ ហើយម្នាក់ៗឃើញតាឡូយ និងតាសំជជែកគ្នានៅក្នុងកម្មវិធីបុណ្យ ដូច្នេះគ្រប់គ្នាមិនបានចាប់អារម្មណ៍ការណ៍ដែលពួកគាត់បាត់ខ្លួនអស់មួយយប់នោះទេ ដោយគិតថា ពួកគាត់មានការងារត្រូវបង្ហើយជាមួយគ្នា។ ចំណែកចៅប្រុសតាសំ មិនសូវទទួលបានការចាប់អារម្មណ៍ឡើយ ដោយសារតែគេមិនមែនរស់នៅក្នុងភូមិនេះ មួយទៀតគ្រប់គ្នាគិតថា គេនៅជាមួយតាសំ។ ដូច្នេះរឿងហេតុនៅក្នុងវាលផ្នូរខ្មោចបានក្លាយជារឿងអាថ៍កំបាំង។ គ្មាននរណាដឹងរឿងនេះឡើយ ក្រៅពីតាឡូយ, តាសំ និងចៅប្រុសតាសំ។ អូ! នៅមានខ្មោចដែលលងពួកគេម្នាក់ទៀត។
និយាយពីតាឡូយ ក្រោយពីជួបព្រឹត្តិការណ៍ដ៏សែនភើបនោះមក គាត់បានសម្ងំនៅក្នុងផ្ទះអស់ប៉ុន្មានថ្ងៃ។ បន្ទាប់មក គាត់ក៏ជួបជាមួយតាសំតាមទូរស័ព្ទ…
«ម៉េចហើយ? មិនអីទេអ្ហ៊ែៈ?»
«មិនអីទេ។» តាសំប្រាប់។
«ចុះចៅឯង?»
«វាក៏មិនអីដែរ។»
«និយាយអ៊ីចឹង យើងចង់សួរពីវីដេអូ។»
«អឺ! វីដេអូនៅក្នុងទូរស័ព្ទយើង។ សំណាងល្អ ចៅយើងវាអត់គ្រវាត់ទូរស័ព្ទចោល។ ឥឡូវទូរស័ព្ទនៅនឹងយើង។ ឯងមកផ្ទះយើងមក។»
«អ៊ីចឹងយើងទៅឥឡូវនេះ។»
«អឺ! មកមក។»
និយាយទូរស័ព្ទចប់ តាឡូយក៏ចេញពីផ្ទះ ដើរសំដៅទៅរកផ្ទះតាសំដែលនៅចម្ងាយប្រមាណជាមួយគីឡូពីផ្ទះគាត់។
ពេលទៅដល់ តាសំនាំតាឡូយចូលបន្ទប់ រួចចាក់សោទ្វារ មុននឹងគាត់បើកទូយកទូរស័ព្ទមកឲ្យតាឡូយ។
តាឡូយបានបើកទូរស័ព្ទ និងចុចមើលវីដេអូ។ នៅក្នុងនោះ ឃើញគាត់ម្នាក់ឯង មិនឃើញខ្មោចដែលលងពួកគាត់ឡើយ។
«ប្រើការបានទេ?» តាឡូយសួរ។
«ចៅយើងថា កន្លែងដែលឯងនិយាយហ្នឹងគឺអាចប្រើការបាន ប៉ុន្តែ…» តាសំឈប់មួយភ្លែត ទើបបន្ត «វាប្រាប់ឲ្យយើងសុំទោសឯងជំនួសវាផងថា វាមិនអាចមកជួយឯងបានទេ។ វាឲ្យឯងយកវីដេអូទៅឲ្យអ្នកផ្សេងដែលចេះកាត់តធ្វើឲ្យទៅ។»
«ហើយយកទៅឲ្យអ្នកណា? មួយទៀតបើយកទៅឲ្យគេ គេមិនឃើញ! ខ្មាសគេណាស់។ ទៅ។ បោះចោលទៅ។ យើងមិនត្រូវការទេ។»
«អ៊ីចឹងនាងមាស, ឯងគិតយ៉ាងម៉េច?»
«ស្នេហាវេទនាយ៉ាងនេះ យើងមិនលេងចូលទេ។ យើងសុខចិត្តដេកអត់។»
ឮតាឡូយប្រកាសដាច់អហង្ការបែបនេះ តាសំក៏យល់ស្របដោយនៅស្ងៀម។
តាសំបានលុបវីដេអូចេញពីក្នុងទូរស័ព្ទរបស់គាត់។ រួចរាល់ តាសំក៏ជូនដំណើរតាឡូយ។ ពេលមកដល់មាត់របង តាសំក៏ឆ្លៀតសួរ៖
«យើងមានចម្ងល់សុំសួរឯងមួយ។»
«មានការអី?»
«អ្វីដែលឯងរៀបរាប់ពីផលិតផលនាងមាសហ្នឹង ឯងដឹងមកពីណា?»
«យើងចេះតែនិយាយទេ។» តាឡូយប្រាប់តាមត្រង់ «ពេលហ្នឹងភ័យពេក ខួរក្បាលរាងឡប់។»
«អើ! យើងចេះតែឆ្ងល់ថា ម៉េចក៏ឯងដឹង? បើយើងទើបតែឲ្យផលិតផលទៅឯង។»
«និយាយទៅ ម៉ាវីដេអូហ្នឹង និយាយពិតតែទីតាំងផ្ទះអ្នកលក់ទេ។ ក្រៅពីហ្នឹង…» តាឡូយគ្រវីក្បាល ឯតាសំយកដៃទះស្មាក្លើរបស់គាត់ស្រាលៗ។
«យើងទៅផ្ទះវិញហើយ។»
«អឺ! ទៅចុះ។ ចាំជួបគ្នានៅវត្ត។»
«អឺ។» តាឡូយញញឹម រួចក៏ចាកចេញពីផ្ទះរបស់សម្លាញ់។
ចប់