និពន្ធដោយ ភូ ចរិយា
ថ្ងៃនេះតាឡូយទាស់សម្តីជាមួយតាសំរឿងរៀបចំបុណ្យសព។ ដោយសារតែសពជាខាងសាច់ញាតិរបស់តាសំ ដូច្នេះតាឡូយមិនអាចប្រកែកឈ្នះ។
តាឡូយម៉ួម៉ៅ។ គាត់ក៏ត្រឡប់មកផ្ទះ។ តាមផ្លូវមកផ្ទះ គាត់ឆ្លៀតទិញស្រាមួយដប។ ពេលមកដល់ផ្ទះ គាត់ក៏ទៅអង្គុយលើរនាបក្រោមដើមខ្នុរផឹកស្រារម្សាយកំហឹង។
ពេលនោះ កូនប្រុសតាឡូយទើបឌុបកូនមកពីសាលា។ ពេលឃើញតាឡូយផឹកស្រា ក៏ទៅសួរប្រពន្ធដែលកំពុងតែធ្វើម្ហូបនៅក្នុងចង្ក្រាន៖
«តើពុកយើងកើតអី?»
«ឮថាគាត់ឈ្លោះជាមួយក្លើគាត់។» កូនប្រសាតាឡូយឆ្លើយ។
«អ៊ីចឹងបានគាត់ផឹកស្រាទាំងកណ្តាលថ្ងៃ។ រឿងធម្មតាទេ។»
«ហ្នឹងហើយ។ កើតទុក្ខ ផឹកស្រាបំបាត់វាទៅ។ ដោយសារអ៊ីចឹង ទើបខ្ញុំមិនហាមគាត់។»
ពេលនោះ កូនប្រុសរបស់ពួកគេដែលមានអាយុប្រាំពីរឆ្នាំឮសម្តីឪពុកម្តាយ ក៏រត់ត្រុយទៅសួរតាឡូយ៖
«តា! តាផឹកស្រាមែនទេ?»
«អឺ។» តាឡូយតប។
«ហេតុអីបានជាតាផឹកស្រា?»
«មកពីតាមិនសប្បាយចិត្ត។»
«អ៊ីចឹងពេលតាមិនសប្បាយចិត្ត តាផឹកស្រាមែនទេ?»
«អឺ។»
«អ៊ីចឹងផឹកស្រាទៅ តាសប្បាយចិត្តឡើងវិញមែនទេ?»
ពេលនោះ តាឡូយហាក់រឭកដឹងខ្លួន។ គាត់ក៏ប្រញាប់កែសម្តី៖
«មិនមែនទេ។ តានិយាយលេងជាមួយចៅទេ។ នេះទឹកទេតើ, មិនមែនស្រាទេ។»
«អ៊ីចឹងពេលតាមិនសប្បាយចិត្ត តាញ៉ាំទឹក។ ញ៉ាំហើយតាសប្បាយចិត្តឡើងវិញ ត្រូវទេ?»
«ត្រូវហើយចៅ។» តាឡូយងក់ក្បាល «ចៅទើបមកពីរៀន។ ទៅងូតទឹកផ្លាស់ខោអាវទៅ នឹងអាលញ៉ាំបាយ។»
«បាទ។»
ក្រោយពីចៅចេញទៅ តាឡូយប្រញាប់ចាក់ស្រាចោល ហើយយកដបទៅដាក់ក្នុងធុងសំរាម។ បន្ទាប់មក គាត់ទៅបរិភោគបាយជុំគ្នាជាមួយកូនចៅរបស់គាត់។
ទោះយ៉ាងណា គាត់នៅតែមិនសប្បាយចិត្ត។ គាត់ក៏ទូរស័ព្ទទៅតាអៀនដែលជាក្លើ ម្នាក់ទៀតរបស់គាត់…
«នែ! អញមិនស្រួលក្នុងចិត្ត។»
«ដោយសាររឿងកាលពីព្រឹក មែនទេ?»
«អឺ! អញមិនអស់ចិត្តសោះ។ រៀបអ៊ីចឹងវាមិនត្រូវ។»
«កុំទុកដាក់ក្នុងចិត្តអី។ សុទ្ធតែគ្នាឯងទេ។ ម៉្យាងម្ចាស់បុណ្យចង់បានអ៊ីចឹងផង។»
«អញដឹង តែអញដូចជាពិបាកក្នុងខ្លួនដល់ហើយ។»
«រកអីមកបន្ធូរអារម្មណ៍បន្តិចទៅ។ ប្រយ័ត្នឡើងឈាម។»
«អើ អម្បាញ់មិញអញផឹកស្រា។ ប៉ុន្តែចៅមកឃើញ អញខ្លាចវាធំឡើងផឹកស្រា អញក៏ចោលស្រាទៅ។ ឥឡូវនេះ អញពិបាកក្នុងខ្លួនណាស់ មិនដឹងបន្ធូរយ៉ាងម៉េចទេ។ អញចង់រកឯងជជែក។»
«អញមិនទំនេរទេ។ អញត្រូវនាំចៅទៅងូតទឹក។ ម៉ែឪវាមិននៅ។ ឲ្យចៅងូតទឹកម្នាក់ឯងមិនកើត។ ខ្លាចរអិលដួល។»
«អ៊ីចឹងឲ្យអញធ្វើម៉េច? អញចង់និយាយ។ អញទ្រាំមិនបានទេ។ បើហ៊ានតែទុក អញប្រាកដជាផ្ទុះក្បាលមិនខាន។»
«អ៊ីចឹងឯងនិយាយចេញទៅ។ និយាយម្នាក់ឯងក៏បានដែរ។ អញធ្លាប់ឮពេទ្យប្រាប់ថា យើងអាចចូលទៅក្នុងបន្ទប់ ហើយចង់និយាយអី និយាយចេញមកឲ្យអស់ទៅ។»
«អឺ! ចាំសាកធ្វើ។»
បន្ទាប់ពីបិទទូរស័ព្ទ តាឡូយក៏បិទទ្វារបន្ទប់ រួចក៏ផ្តើមនិយាយ។ ដំបូងដូចជាពិបាក ប៉ុន្តែមួយស្របក់ក្រោយក៏ចេញដូចជាទឹកហូរ។ មិនដឹងជាស្អីខ្លះទេ, អីក៏ចេញមកដែរ។
ពេលនោះកូនប្រសាតាឡូយដើរកាត់បន្ទប់តាឡូយ បានឮសូរតាឡូយរអ៊ូ ក៏ហៅប្តីឲ្យស្តាប់មើល។ ស្តាប់មិនអស់ចិត្ត កូនប្រុសក៏លួចបង្ហើបទ្វារឃើញតាឡូយកំពុងឆ្ការដៃឆ្ការជើង, ចង្អុលជញ្ជាំង, ហើយមាត់និយាយរហូត។ ឃើញដូច្នោះ កូនប្រុសតាឡូយក៏ប្រញាប់បើកទ្វារក្រាក៖
«ពុកឯងយ៉ាងម៉េច?»
តាឡូយងាកមករកកូន រួចឆ្លើយ៖
«ពុកមានយ៉ាងម៉េច។»
កូនប្រុសតាឡូយដើរទៅក្បែររួចចាប់ដៃតាឡូយ ព្រមទាំងពោលទាំងទឹកមុខបារម្ភ៖
«ទៅពេទ្យអ្ហ៊ៃ?»
«ពុកមានកើតអី! រឿងអីត្រូវទៅពេទ្យ?»
«បើពុកមិនស្រួល ពុកប្រាប់កូន។ កូនជូនទៅពេទ្យ។»
«ពុកអត់មានកើតអីទេ។ ជូនទៅពេទ្យស្អី!! មិនបាច់ទេ។»
«ពុក! កុំទុកយូរណាពុក។» កូនប្រសាពោល «បើពុកមិនស្រួល ឆាប់ទៅពេទ្យ។»
«ពុកមានមិនស្រួលឯណា? ពុកធម្មតាទេតើ។»
«បើពុកធម្មតា ម៉េចក៏ពុកនិយាយម្នាក់ឯង?»
ឮដូច្នោះ ទើបតាឡូយយល់ន័យរបស់កូនៗ។ គាត់បកស្រាយ៖
«ពុកមួម៉ៅ ហើយចង់បញ្ចេញកំហឹង។ រកមនុស្សមកជជែកមិនបាន ទើបពុកមកនិយាយរអ៊ូម្នាក់ឯងទៅ។»
កូនប្រុសតាឡូយយកដៃដាក់លើទ្រូង៖
«អូយ ខំតែភ័យ។»
«ម៉េច? ឯងស្មានតែពុកហ្នឹងឆ្កួតមែន?»
«ចុះឲ្យគិតម៉េច? បើឃើញពុកឯងនិយាយម្នាក់ឯង ឆ្ការដៃឆ្ការដៃម្នាក់ឯង។» កូនប្រសាតាឡូយពោល។
តាឡូយគ្រវីក្បាល៖
«យីពួកនេះ! អញមួម៉ៅ អញផឹកស្រាអាឡេអាឡូផ្អើលគេផ្អើលឯង ពួកវាថាអញធម្មតា។ ដល់អញអត់ផឹកស្រា រត់មកបញ្ចេញកំហឹងក្នុងបន្ទប់ដើមី្បកុំឲ្យប៉ះពាល់គេ ពួកវាថាអញមិនធម្មតា។ អ្ហ៊ឺយ! ពួកអ្ហែងក្មេងៗនេះ។»
ដោយសារតែខ្លាចធ្វើឲ្យកូនព្រួយបារម្ភ តាឡូយក៏សម្រេចចិត្តទៅវត្ត។
ដូចតាអៀននិយាយអ៊ីចឹង សុទ្ធតែគ្នាឯង។ យ៉ាងណាក៏ដោយក៏តាសំ និងគាត់រាប់គ្នាយូរឆ្នាំហើយ ម៉្យាងទៀតបើពួកគាត់ឈ្លោះគ្នាមិនបានប្រយោជន៍អ្វីទេ ក្រៅពីនាំឲ្យគេសើចចំអក និងអាចធ្វើឲ្យវត្តមានកេរ្តិ៍ឈ្មោះមិនល្អទៀតផង។ គិតឃើញដូច្នេះហើយទើបតាឡូយសុខចិត្តទៅជួយពិធីបុណ្យ និងរៀបចំតាមតាសំប្រាប់។
ពេលល្ងាចមានភ្ញៀវច្រើនមកបុណ្យ។ តាសំសុំឲ្យតាឡូយអង្គុយនៅតុចូលបុណ្យ ដើមី្បឲ្យពរដល់អ្នកមកចូលបុណ្យ។ ពេលនោះមាននារីម្នាក់មកចូលបុណ្យ។ តាឡូយឃើញនាងភ្លាមក៏កើតកូនចិត្តស្រឡាញ់ភ្លែត តែគាត់ព្យាយាមធ្វើធម្មតា ដោយសារតែមើលទៅនាងនៅក្មេង។
តាឡូយបានតាមសង្កេត ឃើញនាងជួយចាប់ទឹកកកក្នុងរោងបុណ្យ។ ឃើញដូច្នេះ តាឡូយសន្មតថា នាងជាសាច់ញាតិរបស់តាសំ។ ដើមី្បឲ្យកាន់តែច្បាស់ គាត់ក៏ទៅសួរតាសំ។
«អូ សពហ្នឹងត្រូវជាប្តីរបស់យាយណូយ។ យាយណូយត្រូវតែជាម្តាយមីងរបស់ប្រពន្ធអាសុក ហើយអាសុកហ្នឹងក្មួយរបស់តាប្រាក់ ហើយនាងមាសហ្នឹងត្រូវជាចៅប្អូនស្រីប្រពន្ធតាប្រាក់។» តាសំប្រាប់។
«អូយ វែងឆ្ងាយណាស់។ សរុបមក សាច់ញាតិដែរមែនទេ?»
«អឺ តែសាច់ឆ្ងាយ។»
«សាច់ជិតក៏ដោយសាច់ឆ្ងាយក៏ដោយ, អញគ្រាន់តែចង់ដឹងថា កូនហ្នឹងអាយុប៉ុន្មាន? ហើយម៉េចដែរ?»
«នាងមាសហ្នឹងឆ្នាំនេះម្ភៃពីរឆ្នាំហើយ។ បើនិយាយពីចរិត វាមិនអីទេ។ ចេះដាំបាយ, ធ្វើម្ហូប រៀបចំផ្ទះសម្បែង និងចេះរកស៊ី។ និយាយទៅល្អគួរសម។»
«នៅរៀនឬធ្វើការ?»
«វាឈប់ហើយ។ ប្រឡងបាក់ឌុបមិនជាប់ វាក៏ឈប់ទៅ ហើយសព្វថ្ងៃវាលក់អីវ៉ាន់តាមអនឡាញ។»
«ហើយចុះមានប្តីហើយឬនៅ?»
«វាមិនទាន់មានប្តីទេ។ សង្សារក៏អត់ដែរ។»
«យី ស្អាតល្អប៉ុណ្ណឹងដែរ ម៉េចក៏អត់?»
«វាពូកែលក់។ វារកលុយបាន វាចិញ្ចឹមម៉ែវារស់ឡើងស្រួល ដូច្នេះវារើសបន្តិច ហើយ។ វាធ្លាប់និយាយថា វាមិនប្រកាន់អាយុទេ តែប្រុសដែលគ្មានការងារគ្មានមុខរបរច្បាស់លាស់ ហើយរកលុយបានតិចជាងវា វាមិនយកទេ។ វាថា បើយកប្តីមកឲ្យវាចិញ្ចឹមដដែល វាសុខចិត្តនៅព្រៅ រកលុយចិញ្ចឹមម៉ែវាវិញ។ ដូចឯងអ៊ីចឹង ចាស់ហើយគ្មានលុយគ្មានទ្រព្យ រស់ដោយសារកូនចិញ្ចឹម វាមិនយកភ្នែកមើលទេ។»
តាឡូយស្រឡាំងកាំង ដោយភ្ញាក់ផ្អើលនឹងតាសំមើលឃើញចិត្តរបស់គាត់។
«កុំភ្ញាក់ផ្អើលអី។» តាសំបន្ត «ពេលឯងសួរ អញមើលធ្លុះដល់ប្រហោងគូទទៅហើយ។ ប៉ុន្តែឯងកុំព្រួយ អញមិនមាត់ដាចដើរនិយាយផ្តេសផ្តាសទេ ហើយអញក៏មិនមើលងាយឯងដែរ ព្រោះអញយល់ច្បាស់ណាស់។ រឿងបែបនេះជារឿងធម្មជាតិ។»
ស្តាប់ឮហើយ តាឡូយរាងធូរចិត្ត និងអន់ខ្មាសបន្តិច។ គាត់ជឿជាក់តាសំ ព្រោះតាសំពិតជាមនុស្សបែបហ្នឹងមែន៖ មិនដើរនិយាយដើមគេ, ជាមនុស្សយល់ការណ៍ និងមិនដែលមើលងាយនរណាឡើយ។
«ម៉េចបានឯងដឹង?» តាឡូយសួរ។
«អញស្គាល់គ្រួសារឯងច្បាស់ណាស់។ ឯងមានកូនប្រុសបី និងកូនស្រីប្រាំ ហើយរៀបការគ្រប់គ្នាអស់ហើយ។ បើឯងចង់ដណ្តឹងនាងមាស តើដណ្តឹងឲ្យកូនណា? មានតែដណ្តឹងឲ្យខ្លួនឯង។ មួយទៀតពេលឯងសួរពីនាងមាស ភ្នែកឯងចេញពន្លឺ មុខឯងក្រហមព្រឿងៗ ហើយមាត់ឯងញញឹម។ នេះជាអាការមនុស្សមានស្នេហា។»
តាឡូយញញឹមបែបអៀន «គ្រាន់បើ!»
«ចុះមានទៅអន់ស្អី! តែអញនិយាយមែន។ នាងមាសហ្នឹងពិតជានិយាយអ៊ីចឹងមែន។ បើឯងចង់បានវា ឯងត្រូវតែមានលុយទៅចិញ្ចឹមវា ទើបវាព្រមយកឯង។»
«រឿងហ្នឹងចាំអញគិតសិន។»
«គិតឲ្យស្រួលបួល។ បើថាសម្រេចចិត្តថាចង់បាន ប្រាប់អញ។ អញនឹងជួយចែចូវឲ្យ។»
«អរគុណអាក្លើ។» តាឡូយទះស្មាតាសំ។
ពេលព្រលប់ តាឡូយទៅផ្ទះ រួចក៏ដេកគិត។
អ្វីដែលតាសំនិយាយពិតជាត្រូវ។ ចង់បានប្រពន្ធក្មេង ត្រូវតែមានលុយចិញ្ចឹមគេ។ លុយមិនមែនមិនមានទេ តែមានមិនច្រើន។ សព្វថ្ងៃគាត់រស់ដោយកូនឲ្យលុយ។ កូនឲ្យប៉ុណ្ណា គាត់យកប៉ុណ្ណឹង គាត់មិនដែលទារទេ។ បើសិនជាគាត់ទារ គាត់ដឹងច្បាស់ថាកូនមុខជាឲ្យ មិនដែលប្រកែកទេ ដូច្នេះបើនិយាយពីរឿងលុយដូចជាមិនចោទជាបញ្ហាទេ ប៉ុន្តែគាត់ស្ទាក់ស្ទើររឿងខ្មោចប្រពន្ធគាត់។ ទោះប្រពន្ធគាត់ស្លាប់ជាងដប់ឆ្នាំហើយក៏ដោយ តែគាត់នៅតែនឹករឭក ជាពិសេសពេលប្រពន្ធរៀបនឹងស្លាប់បានផ្តាំថា កុំធ្វើអ្វីដែលនាំបញ្ហាដល់កូន បើមិនដូច្នោះគាត់នឹងងើបពីផ្នូរមកច្របាច់កតែម្តង។
គិតដល់ត្រឹមណេះ តាឡូយក៏សម្រេចចិត្តទៅអុជធូបសុំអនុញ្ញាតពីប្រពន្ធសិន៖
«ឯងអឺយឯង! ឯងទៅយូរឆ្នាំហើយ។ កូនៗគេមានគ្នីគ្នា តែខ្ញុំនៅម្នាក់ឯងកណ្តោចកណ្តែងណាស់។ ពេលថ្ងៃទៅតែវត្ត ជួបតែប្រុសដូចគ្នា។ ដល់យប់មកផ្ទះ ដេកឯកោដដែល។ ឥឡូវខ្ញុំដាច់ចិត្តសុំឯងយកប្រពន្ធមួយទៀត។ ប៉ុន្តែទាល់តែឯងថាព្រម ទើបខ្ញុំយក។ ខ្ញុំមិនដាច់អហង្ការត្រូវតែយកទេ។ បើឯងថាម៉េចម៉ា ឯងជួយមកពន្យល់សប្តិខ្ញុំផងណា៎។»
អុជធូបរួច តាឡូយចូលដេក។ យប់នោះ គាត់យល់សប្តិឃើញខ្មោចប្រពន្ធគាត់មកប្រាប់៖
«ចង់យកប្រពន្ធក៏យកទៅ ខ្ញុំមិនថាអីទេ ប៉ុន្តែដាច់ខាតឯងមិនអាចយកលុយពីកូនទៅចិញ្ចឹមប្រពន្ធក្រោយឯងទេ។»
ក្រោយពេលភ្ញាក់ តាឡូយចាំសម្តីគ្រប់ម៉ាត់របស់ខ្មោចប្រពន្ធ។ គាត់បានទៅពិភាក្សាជាមួយតាសំ។
«បើសិនជាអ៊ីចឹង មានន័យថាឯងត្រូវរកលុយដោយខ្លួនឯងហើយ។» តាសំពោល។
«តើអញទៅរកពីណា? ជរាទៅហើយ កុំថាឡើយលីសែង សូមី្បតែកត់បញ្ជីក៏វេទនាដែរ ព្រោះមើលអក្សរឡើងព្រិលតែម្តង។»
«អញមានគំនិតមួយ តែអញមិនដឹងថាមានប្រសិទ្ធភាពប៉ុណ្ណាទេ។»
«គំនិតអី?»
«នេះ…» តាសំដកទូរស័ព្ទរបស់គាត់ចេញមក «កូនអញបង្រៀនអញប្រើខ្វេះបុក, អាតិអាតក់ និងអាយូអូប។ អញរៀនអស់បីឆ្នាំហើយ ទើបចេះប្រើតិចតួច។ អញឃើញគេលក់ផលិតផលតាមហ្នឹង។ នាងមាសក៏លក់តាមហ្នឹងដូចគេដែរ។ ហើយអញឃើញគេធ្វើវីដេអូផ្សាយពាណិជ្ជកម្ម…» តាសំបង្ហាញគំរូរួចពោល «បើសិនជាឯងចង់រកប្រាក់ដោយខ្លួនឯង ឯងអាចសាកថតវីដេអូពាណិជ្ជកម្ម ជួយផ្សព្វផ្សាយឲ្យនាងមាស។ ហេងស៊យល្បី អ៊ីចឹងនាងមាសប្រហែលជាព្រមយកឯង ព្រោះឯងអាចជួយគេរកស៊ីនោះអី។»
«ស្តាប់មើលទៅវាទំនង តែឯងមើលអ្នកផ្សាយ.. ទាល់តែរកក្មេងសង្ហា.. ពួកតារាអី… ហើយមើលអញ.. សូមី្បតែមេឆ្កែក៏វាមិនមើលផង។ តើឲ្យអញទៅថតផ្សាយយ៉ាងម៉េច?»
«អឺ! និយាយត្រូវ។ ចាំអញទៅសួរគេសិនណា៎។»
តាសំក្រោកពីកៅអី។ មួយស្របក់ក្រោយ គាត់ត្រឡប់មកវិញជាមួយនឹងបុរសក្មេងម្នាក់។
«នេះក៏ត្រូវជាចៅដែរ។ អញឲ្យវាមកជួយផ្តល់យោបល់ ព្រោះវាក្មេងៗ វាស្គាល់ខាងហ្នឹងច្បាស់ជាងពួកយើង។» តាសំបញ្ជាក់។
«ឮថាលោកតាចង់ថតផ្សាយលក់ផលិតផលមែនទេ?» ចៅប្រុសតាសំសួរ។
តាឡូយរាងអៀន តែប្រឹងតាំងអារម្មណ៍ឲ្យហានក្លាដោយងក់ក្បាលផ្ងក់ៗ៖
«ហ្នឹងហើយ។ តាចង់រកលុយចាយខ្លួនឯងខ្លះ។ មិនចង់ពឹងលើកម្លាំងកូនទាំងស្រុង។»
«តាខ្ញុំបានរៀបរាប់ប្រាប់ខ្ញុំត្រួសៗហើយ។ ខ្ញុំគាំទ្រតា។ សម័យឥឡូវគេលែងគិតអាយុហើយ។ សំខាន់សមត្ថភាព និងគំនិតច្នៃប្រឌិត។ នៅស្រុកគេមានចាស់ៗច្រើនណាស់ដែលលេងបណ្តាញសង្គម និងល្បី មិនចាញ់ក្មេងៗទេ។»
«ប៉ុន្តែតាទៅមិនរួចទេ បើឲ្យតាចេញមុខនិយាយលក់ផលិតផលដូចគេនោះ។» តាឡូយពោល។
«មិនប្រាកដថាត្រូវបង្ហាញមុខមួយរយភាគរយទេ លោកតា។ យើងអាចច្នៃទៅតាមស្ថានភាពជាក់ស្តែងរបស់យើងទៅ។ សម័យឥឡូវគេមិនគិតច្រើនដូចពីមុនទេ។ គេចូលចិត្តតែអ្វីថ្មី និងប្លែកប៉ុណ្ណោះ។»
«មើលជួយឲ្យគំនិតមើល ចៅ។»
«បច្ចុប្បន្ននេះ រឿងខ្មោចពេញនិយមណាស់។ លោកតាជាអាចារ្យស្រាប់។ យកល្អលោកតាទៅថតនៅផ្នូរខ្មោចតែម្តងទៅ។ បើសិនជាយើងអាចថតជាប់ខ្មោចពិតៗនោះ នោះនឹងមានមនុស្សមើលច្រើន ហើយលោកតាប្រាកដជាល្បី។ ម៉្យាងទៀតថតខ្មោចត្រូវថតពេលងងឹត។ ថតពេលងងឹត នឹងថតមុខលោកតាមិនសូវច្បាស់។ អ៊ីចឹងលោកតាមិនបាច់ភ័យព្រួយរឿងខ្លាចគេស្គាល់ទេ។»
«ទំនងដែរតើ។» តាសំងក់ក្បាលផ្ងក់ៗ។
«បើសិនជាលោកតាអូខេ, ខ្ញុំនឹងចាត់ចែងឲ្យ។ ស្អែកពួកយើងអាចថតបាន។»
ហេតុតែចង់បានប្រពន្ធក្មេង តាឡូយក៏បង្ខំចិត្តយល់ព្រម។
ស្អែកឡើងក្រោយបូជាសពរួច ចៅប្រុសតាសំបានមករកតាឡូយប្រាប់ពីគម្រោងថត។
«បើលោកតាយល់ហើយ អ៊ីចឹងល្ងាចនេះពួកយើងនឹងទៅថត។»
«អឺ!» តាឡូយងក់ក្បាល។
ពិធីបានចប់សព្វគ្រប់។ គ្រួសារសព និងសាច់ញាតិបានទៅផ្ទះវិញអស់ហើយ។ នៅតែតាឡូយ, តាសំ និងចៅប្រុស។
ព្រលប់មកដល់ តាសំដើរមករកតាឡូយដោយហុចរបស់មួយឲ្យ៖
«នេះជាផលិតផលដែលនាងមាសលក់។ អញសុំបានមកមួយដើមី្បឲ្យឯងយកទៅថត។»
«អរគុណហើយ អាក្លើ។» តាឡូយទទួលទាំងញញឹម។
«ថ្ងៃលិចហើយ។ តស់យើង។» ចៅតាសំស្រែកហៅ។
«តស់។»
ទាំងបីនាក់ដើរចេញពីសាលាឆាន់ តម្រង់ទៅរកកន្លែងកប់ខ្មោច…
(នៅមានត)