និពន្ធដោយ ភូ ចរិយា
ខ្ញុំចូលចិត្តត្រី។ ខ្ញុំបានធ្វើស្រះតូចមួយនៅចំហៀងផ្ទះ ផ្នែកខាងលិច។
អ្នកជិតខាងចេះតែមកខ្សឹបថា មិនគួរមានស្រះឬអណ្តូងនៅទិសខាងលិចទេ។ ខ្ញុំតបថា៖
«ឲ្យធ្វើម៉េច បើផ្ទះខ្ញុំសល់ដីនៅទិសហ្នឹង។»
ហើយវាការពិតអ៊ីចឹងមែន។ មិនមែនខ្ញុំរកលេសដោះសាឬអីនោះទេ។
ក្រោយពីធ្វើរួចរាល់ ខ្ញុំបានទិញត្រីយកមកព្រលែងយ៉ាងច្រើន។
កូនៗខ្ញុំរីករាយណាស់ ប៉ុន្តែខ្ញុំក៏ប្រយ័ត្នដែរ។ ខ្ញុំធ្វើស្រះហ្នឹងទាប ត្រឹមពាក់កណ្តាល កំភួនជើងខ្ញុំ ហើយខ្ញុំព័ទ្ធរបងការពារកុំឲ្យកូនចូលទៅលេងតែឯង។
យប់មួយ ខ្ញុំបានយល់សប្តិឃើញជីតាខ្ញុំដែលស្លាប់យូរឆ្នាំហើយ ឈរនៅមាត់ស្រះ។ ពេលភ្ញាក់ឡើង ខ្ញុំប្រាប់ប្រពន្ធ។ នាងយល់ថា ប្រហែលជាគាត់នឹកខ្ញុំ ទើបមកលេង។ នាងបានរៀបចំសែន ហើយឲ្យខ្ញុំអុជធូប។ ប៉ុន្តែខ្ញុំនៅតែយល់សប្តិឃើញគាត់ទៀត។ ប្រពន្ធខ្ញុំក៏ឲ្យខ្ញុំទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់គាត់។ ធ្វើហើយនៅតែយល់សប្តិឃើញ ហើយឃើញដដែលៗ គឺគាត់ឈរនៅមាត់ស្រះនោះ។
ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រណុក។ ក្នុងចិត្តចេះតែស្រមៃចេញរូបភាពជាច្រើន។ ដើម្បីឲ្យអស់ចិត្ត ខ្ញុំក៏សម្រេចថានឹងពិនិត្យស្រះនោះ។
ដោយសារតែរាងញញើតដែរ ខ្ញុំក៏ហៅមិត្តភក្តិ និងអ្នករត់ម៉ូតូឌុបក្បែរផ្ទះពីរបីនាក់មកជួយ។
ពួកយើងបានយកត្រីចេញ មុននឹងបូមទឹក។ គ្រាន់តែបូមរួច ម៉ែអើយ.. នាំគ្នារត់ជាន់ជើងគ្នា។ ពស់មួយក្បាលប្រវែងជាងពីរម៉ែត្រនៅក្នុងនោះ។ មិនដឹងវាចូលមកយ៉ាងម៉េចបាន។ បានអ្នកម៉ូតូឌុបម្នាក់ស្គាល់អ្នកចេះចាប់ពស់។ គាត់ទូរស័ព្ទហៅគេមកចាប់យកច្រកក្នុងបាវ។ រួចគាត់សួរខ្ញុំថា:
«បងចង់យកទៅព្រលែងនៅវត្តណា?»
ខ្ញុំតប:
«យកទៅលែងនៅវត្តធ្វើអី? នេះពស់, មិនមែនអន្ទង់ទេ។ មិនមែនវាមិនលេបលោកទេណា៎។»
គិតចុះគិតឡើង ក៏សម្រេចឲ្យអ្នកចាប់ពស់យកទៅលែង ជិតដល់ភ្នំតាម៉ៅ។ កន្លែងនោះមានបឹង ហើយគ្មានភូមិអ្នកស្រុកនៅក្បែរឡើយ ដោយខ្ញុំចេញថ្លៃឈ្នួលឡានទាំងទៅទាំងមក។
ក្រោយពេលចាប់ពស់ចេញហើយ ខ្ញុំក៏លែងយល់សប្តិឃើញជីតាខ្ញុំ។
ខ្ញុំមិនដឹងថា ខ្ញុំគួរជឿឬមិនជឿឡើយទាក់ទងនឹងជំនឿមិនធ្វើស្រះនៅទិសខាងលិច ប៉ុន្តែខ្ញុំទទួលស្គាល់ថាខ្ញុំខ្លាច ជាពិសេសខ្លាចមានរឿងដល់ប្រពន្ធ និងកូន ដូច្នេះខ្ញុំក៏លុបស្រះចោល ហើយយកទីតាំងនោះមកសង់ពង្រីករោងដាក់ឡានវិញ៕