និពន្ធដោយ ភូ ចរិយា
នៅតាមផ្លូវដែលសុខាធ្វើដំណើរទៅមករវាងផ្ទះ និងកន្លែងធ្វើការមានដើមក្ងោកមួយដើមយ៉ាងធំ។ សុខាជិះម៉ូតូតាមផ្លូវនេះរាល់ថ្ងៃ។
ថ្ងៃមួយ ម៉ូតូនាងខូច, នាងក៏ជិះម៉ូតូឌុបទៅធ្វើការ។ ដោយសារតែពូម៉ូតូឌុបនៅក្បែរផ្ទះ នាងក៏ឲ្យគាត់មកទទួលនាងទៅផ្ទះវិញនៅពេលល្ងាច។
វាជារឿងធម្មតាទៅហើយដែលផ្លូវម្តុំនោះស្ងាត់ មិនថាយប់មិនថាថ្ងៃ។
ពេលម៉ូតូឌុបដែលសុខាជិះជិតទៅដល់ដើមក្ងោកនោះ ក៏មានខ្យល់ត្រជាក់បក់មក។ បន្ទាប់មក ម៉ូតូស្រាប់តែហាក់ដូចជាមិនចង់ទៅមុខ ទោះបីពូម៉ូតូឌុបប្រឹងមួលហ្គារ៍ក៏ដោយ។ ពេលដែលម៉ូតូមកដល់ក្រោមដើមក្ងោក សុខាហាក់ដូចមានអារម្មណ៍ថាមានអ្វីមួយសម្រូតចុះមកអង្គុយពីក្រោយ រួចមកព័ន្ធជាប់នឹងចង្កេះរបស់នាង។ ដោយសារតែស្របពេលនោះ ម៉ូតូបានឆ្លងផុតដើមក្ងោក, ហ្គារ៍វិលមកដូចដើម, ដូច្នេះសុខាក៏ភ្លេចរឿងអម្បាញ់មិញឈឹងទៅ។ ពេលមកដល់ផ្ទះ នាងក៏មិនបាននឹកឃើញដល់រឿងហ្នឹងដែរ តែនាងចាប់អារម្មណ៍ថា នាងហាក់ដូចជាធ្ងន់ខ្លួនចាប់ពីចង្កេះចុះទៅ។ ពេលនាងដើរចូលក្នុងផ្ទះ ម្តាយនាងចេះតែសម្លឹងមកនាង។ ដំបូងនាងមិនអើពើ តែក្រោយមក នាងឃើញមនុស្សក្នុងផ្ទះសម្លឹងមកនាងគ្រប់គ្នា ធ្វើឲ្យនាងប្លែកចិត្តក៏សួរ៖
«មានរឿងអី? បានជាម្នាក់ៗមើលមកខ្ញុំមិនដាក់ភ្នែក។»
ប៉ុន្តែអ្នកផ្ទះមិនព្រមនិយាយ។ ទោះនាងសួរច្រើនដង ក៏នៅតែមិនឆ្លើយ។ មិនមែនពួកគេមិនចង់ឆ្លើយទេ តែមានអ្វីម៉្យាងធ្វើឲ្យពួកគេមិនអាចបើកមាត់បាន។
ពេលនោះ សុខាចម្លែកចិត្ត តែនាងគិតថា នឹងឡើងទៅងូតទឹកផ្លាស់ខោអាវសិនសឹមចុះមកសួរនាំអ្នកផ្ទះវិញ។ ពេលនាងដើរកាត់ទូចិញ្ចឹមត្រី នាងក្រឡេកចុងភ្នែកមើលតាមរយៈកញ្ចក់ទូឃើញស្រីម្នាក់មានតែពាក់កណ្តាលខ្លួន, សក់វែងអន្លាយ, ស្លៀករ៉ូបពណ៌សកំពុងតែឱបចង្កេះរបស់នាង។ សុខាភ្ញាក់ផ្អើលខ្លាំងណាស់។ នាងបានស្ទុះមកឈរនៅមុខអាងត្រីដើមី្បមើលឲ្យច្បាស់ តែលើកនេះនាងមិនឃើញមាននរណាឡើយ។ មិនអស់ចិត្ត នាងរត់ទៅបន្ទប់របស់នាង រួចឈរនៅមុខកញ្ចក់ហើយពិនិត្យមើល។ នៅតែមិនឃើញមានអ្វី។ សុខាខ្លាចជាខ្លាំង ព្រោះនាងមិនគិតថានាងស្រវាំងភ្នែកទេ។ នាងបានរត់ចុះមកក្រោមវិញ ហើយសួរទៅអ្នកផ្ទះរបស់នាង៖
«តើគ្រប់គ្នាឃើញមានអ្នកតោងចង្កេះខ្ញុំទេ?»
អ្នកផ្ទះមិនតប តែងក់ក្បាល។
គ្រាន់តែប៉ុណ្ណេះ សុខាឡើងបះរោម, ព្រឺសម្បុរ និងភ័យខ្លាចយ៉ាងខ្លាំង។ នាងចង់ហក់, ចង់វាយ, ចង់បោចដើមី្បឲ្យម្នាក់នោះចេញពីខ្លួននាង តែមិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេច។
សំណាងល្អ ឪពុករបស់នាងតាំងស្មារតីឡើងវិញបាន។ គាត់បានយកទឹកមួយផ្តិល និងបេះមែកទទឹមដែលនៅមុខផ្ទះមកដាក់ក្នុងផ្តិល រួចយកទៅដាក់នៅមុខព្រះពុទ្ធរូប ដោយអុជធូប និងបន់ស្រន់ប្រហែលពីរបីវិនាទី។ បន្ទាប់មក គាត់ក៏យកមែកទទឹមជ្រលក់ទឹកហើយប្រោះលើសុខាតាំងពីក្បាលដល់ចុងជើង។ គាត់ប្រោះប្រមាណមួយស្របក់ ទាល់តែសុខាមានអារម្មណ៍ថា ចង្កេះនាងស្រាលទៅៗរហូតដល់បាត់ធ្ងន់តែម្តង។ បន្ទាប់មកទៀត គាត់ឲ្យម្តាយនាងអុជធូបបន់ជំនាងផ្ទះ។ គ្រាន់តែម្តាយសុខាដោតធូបចូលជើងធូបត្រង់កន្លែងជំនាង ស្រាប់តែឮសំឡេងខ្យល់វឺតហោះចេញទៅ។
«ទៅបាត់ហើយ។» ឪពុកសុខាពោល។
សុខាជឿ ដោយសារតែនាងក៏មានអារម្មណ៍បែបហ្នឹងដែរ។ ប៉ុន្តែនាងនៅតែមិនទាន់បាត់ខ្លាចនៅឡើយ។ នាងចង់ប្តូរខោអាវចេញ តែឪពុកនាងឃាត់កុំទាន់អាលផ្លាស់។ បន្ទាប់មកគាត់ហៅប្រពន្ធគាត់ឲ្យមកស្រោចទឹករួមគ្នាឲ្យសុខា។ បន្ទាប់ពីស្រោចទឹករួច ទើបគាត់ឲ្យសុខាផ្លាស់ខោអាវនោះ ហើយយកខោអាវនោះទៅចោលក្នុងធុងសំរាម។
ដោយសារតែរឿងនៅថ្មីៗ សុខាមិនហ៊ានដេកម្នាក់ឯងទេ។ ម្តាយនាង និងបងប្អូនស្រីរបស់នាងមកដេកកំដរ។
មុនដេក ក្រុមគ្រួសារសុខាបានជជែកគ្នា ហើយនាងក៏រៀបរាប់តាមដំណើររឿង។ ឪពុកនាងក៏មកចូលរួមស្តាប់ដែរ។ គាត់និយាយថា៖
«ប្រហែលជាគេនៅលើដើមក្ងោកនោះ។ មួយទៀតមកពីកូនត្រូវស៊យផង។»
«អ៊ីចឹងឲ្យកូនធ្វើម៉េចទៅ?» សុខាសួរទាំងបារម្ភ។
«ឈប់ជិះតាមផ្លូវនោះទៅ។»
បើឈប់ជិះផ្លូវនោះ មានតែត្រូវជិះព័ទ្ធវាងឆ្ងាយ។ ប៉ុន្តែសុខាមិនចង់ជួបម្តងទៀតឡើយ ដូច្នេះនាងសុខចិត្តធ្វើតាមសម្តីឪពុក, ទ្រាំលំបាកក្រោកពីព្រលឹម ជិះតាមផ្លូវផ្សេង។ តាំងពីនោះមក នាងក៏មិនជួបរឿងនោះទៀតដែរ៕