និពន្ធដោយ ភូ ចរិយា
«សូមគោរពស្តេចយមរាជ! នេះជាព្រលឹងរបស់មនុស្សដែលត្រូវនាំមកនាថ្ងៃនេះ។» យមបាលរាយការណ៍។
យមរាជអើតមើលពីកៅអី ឃើញមនុស្សពីរនាក់, ម្នាក់ជាយាយចាស់ និងម្នាក់ទៀតជាបុរសវ័យក្មេងហើយនៅលើខ្នងរបស់យាយចាស់។
យមរាជឆ្ងល់ក៏សួរ៖
«មើល៍យមបាល! ហេតុអីបានជាយាយចាស់នេះលីបុរសក្មេងនេះទៅវិញ?»
«សូមជម្រាបស្តេចយមរាជ!» យមបាលតប «ទាំងពីរនាក់នេះជាម្តាយ និងកូន។ ពេលនៅរស់ជាមនុស្ស, យាយចាស់នេះតែងតែលីកូនប្រុស។ ដូច្នេះទើបបានជាស្លាប់ហើយ គាត់នៅតែលីបុរសម្នាក់នេះ។»
ស្តាប់ឮហើយ យមរាជក៏ឲ្យយាយចាស់ជាម្តាយទម្លាក់កូនប្រុសចុះពីខ្នង។ បន្ទាប់មក គាត់ក៏បើកក្រាំងមើល ឃើញថាពេលនៅជាមនុស្ស កូនប្រុសនេះតែងតែឲ្យម្តាយលីជាប់ជានិច្ច។ ឃើញដូច្នេះ យមរាជក៏កាត់ក្តីថា៖
«ឯងជាកូន តែបែរជាមិនបានមើលថែម្តាយ ទៅជាឲ្យម្តាយមើលថែ និងលីខ្លួនឯងរហូត។ ដូច្នេះយើងឲ្យឯងចុះនរកប្រាំបួនជាន់។»
កូនប្រុសនោះមិនមាត់ឡើយ។
«ចំណែកយាយ» យមរាជបែរទៅយាយចាស់ «យើងនឹងឲ្យយាយឡើងឋានសួគ៌។»
«ទេ! ទេ! លោកម្ចាស់។» យាយចាស់ប្រកែក «ខ្ញុំសុំទៅឋាននរកជាមួយកូនរបស់ខ្ញុំ។ ខ្ញុំទៅដើមី្បមើលថែគេ។»
ឮសម្តីនេះ យមរាជ និងយមបាលសែនរំភើបរហូតដល់ស្រក់ទឹកភ្នែកនឹងទឹកចិត្តជាម្តាយ ដែលលះបង់ក្តីសុខស្រណុកខ្លួនឯង សុខចិត្តលំបាកដើមី្បកូន ទោះបីជាកន្លែងនោះជានរកក៏ដោយ។ ផ្ទុយទៅវិញ កូនប្រុសបែរជាស្រែកយំ និងវារចេញ។ ចំណែកម្តាយបានវារទៅតាមឱបកូន។ ប៉ុន្តែកាន់តែឱប កូននោះកាន់តែប្រឹងរើបម្រះ និងស្រែកយំកាន់តែខ្លាំង។ ចម្លែកមួយទៀត កូនប្រុសនោះស្រែកឮតែអិអឹៗ។
ឃើញសភាពចម្លែកដូច្នេះ យមរាជក៏ប្រាប់ទៅយមបាល៖
«ឆាប់ទៅសុំសៀវភៅចក្រវាឡមក។»
យមបាលឆ្លើយបាទ រួចប្រញាប់ចេញទៅ។ មួយស្របក់ក្រោយមក ក៏មកវិញព្រមជាមួយនឹងសៀវភៅចាស់មួយក្បាលប៉ុនបាតដៃមានពណ៌ចម្រុះ។
«ស្តេចយមរាជ! នេះសៀវភៅចក្រវាឡ។»
យមរាជទទួលសៀវភៅមកដាក់នៅលើតុ រួចក៏បើក។ សៀវភៅបានបាញ់ពន្លឺភ្លឺចិញ្ចាច និងបង្ហាញរូបភាពរបស់យាយចាស់ និងកូនប្រុសពេលនៅឋានកណ្តាលតាំងពីដើមដល់ចប់។
«យើងយល់ហើយ។» យមរាជងក់ក្បាលផ្ងក់ៗ «ដោយសារតែស្រឡាញ់កូនខ្លាំងពេក, ភ័យបារម្ភពីកូនខ្លាំងពេក យាយជាម្តាយតែងតែបីកូន, មិនឲ្យកូនដើរដោយខ្លួនឯងទេ តាំងពីកើតមករហូតដល់ធំ។ នេះជាមូលហេតុដែលកូននេះមិនអាចដើរបាន។ ពេលគេមកនិយាយជាមួយកូនគាត់ គាត់មិនឲ្យកូននិយាយទេ, គាត់និយាយជំនួសកូន ដោយហេតុនេះហើយទើបកូននេះមិនចេះនិយាយ បានតែស្រែកអិអឹ។ កូននេះមិនមែនមិនចង់ដើរខ្លួនឯងទេ តែគឺម្តាយមិនព្រម ហើយគាត់តែងតែប្រើទឹកភ្នែកដើមី្បធ្វើឲ្យកូនទន់ចិត្ត មិនហ៊ានចុះពីលើខ្នងរបស់គាត់ ហើយគាត់បានប្រើភាពកម្សត់នៅមុខអ្នកដទៃ គោលបំណងចង់ឲ្យគេគ្រប់គ្នាឃើញថា គាត់ស្រឡាញ់កូន។ គាត់យល់ថា អ្វីដែលគាត់ធ្វើគឺត្រូវ ព្រោះនេះជាតួនាទីរបស់គាត់ជាម្តាយ។ ឲ្យតែជាម្តាយគឺត្រូវតែស្រឡាញ់កូន ហើយទាល់តែធ្វើទង្វើទាំងនេះទើបគេហៅថាស្រឡាញ់កូន។ កត្តានេះធ្វើឲ្យមនុស្សជុំវិញជេរស្តី និងដាក់សម្ពាធលើកូនគាត់ ធ្វើឲ្យកូនមិនអាចធ្វើអ្វីបាន ក្រៅពីត្រូវទ្រាំរស់នៅលើខ្នងម្តាយរបស់គេបែបនេះរហូត។»
«អ៊ីចឹងទេតើ ទើបបានជាពេលដែលកូនប្រុសឮស្តេចយមរាជឲ្យខ្លួនគេចុះនរក ម្តាយឡើងឋានសួគ៌ គេមិនប្រកែក និងគ្មានប្រតិកម្មអ្វីឡើយ។ ប៉ុន្តែពេលគេឮថា ម្តាយគេចង់ទៅនៅឋាននរកជាមួយគេ គេស្រែក និងប្រឹងវាររត់ចេញ។ ជាពិសេសពេលម្តាយគេឱបគេ គេខំរើបម្រះ។»
«ត្រូវហើយ។ នេះដោយសារតែគេចង់ចាកចេញពីម្តាយគេ, មិនចង់នៅក្បែរម្តាយគេ, ព្រោះតែកន្លងមក គេទទួលបានសម្ពាធខ្លាំងក្លាពេកពីក្នុងរង្វង់ដៃម្តាយគេ។»
«ប៉ុន្តែ» យមបាលយកដៃអេះក្បាល «ហេតុអីបានជាក្នុងក្រាំងមិនសរសេរពីចំណុចនេះ?»
«ក្រាំងដែលនៅក្នុងដៃពួកយើងកត់ត្រាពីថ្ងៃខែឆ្នាំកើត និងស្លាប់របស់មនុស្សម្នាក់ៗ និងពីរឿងរ៉ាវដែលពួកគេបាននិយាយ និងធ្វើ ប៉ុន្តែមិនបានកត់ត្រាពីមូលហេតុ និងហេតុផលពិតប្រាកដដែលធ្វើឲ្យមនុស្សនិយាយ និងធ្វើទង្វើនោះឡើយ ជាពិសេសទាក់ទងនឹងគំនិត និងចេតនារបស់គេ។ មួយទៀត អ្វីដែលលេចឡើងក្នុងក្រាំងរបស់ពួកយើងមានមួយផ្នែកបានមកពីមតិរបស់មនុស្សដែលនៅជុំវិញមនុស្សម្នាក់នោះ។ ដូចជាករណីយាយចាស់ និងកូនប្រុសរបស់គាត់នេះ។ មនុស្សបានឃើញយាយចាស់លីកូន, អ្វីដែលពួកគេឃើញគឺរឿងពិត។ ប៉ុន្តែពួកគេមិនបានដឹងពីការពិតនៃរឿងនេះទេ ហើយពួកគេក៏មិនដែលនឹកនាចង់ស្វែងរក ឬឈ្វេងយល់ពីហេតុផលនៅពីក្រោយខ្នងរឿងនេះដែរ។ ពួកគេសន្និដ្ឋាន និងកំណត់ថា យាយចាស់ជាម្តាយល្អ, ម្តាយដ៏ល្អ និងមហិមា ព្រោះតែពួកគេបានឃើញនឹងភ្នែកថា គាត់លីកូនរហូត ទោះបីជាគាត់ចាស់ខ្នងកោងដើរមិនចង់រួចយ៉ាងណា និងតាមលំអានគំនិតរបស់មនុស្សទូទៅ។ ចំណែកឯកូនជាមនុស្សមិនល្អ និងជាមនុស្សមិនបានការ ដោយសម្គាល់លើរូបភាពដែលពួកគេបានឃើញកូនប្រុសនេះស្ថិតនៅលើខ្នងម្តាយរហូត។ សម្តីដែលបានមកពីការសន្និដ្ឋាន និងកំណត់របស់មនុស្សទាំងនោះបានចូលមកក្នុងក្រាំងរបស់ពួកយើងនេះ, នាំឲ្យអម្បាញ់មិញ យើងវិនិច្ឆ័យថា យាយចាស់ជាម្តាយល្អ ឯកូនប្រុសមិនល្អ។»
«អ៊ីចឹងមានន័យថា ក្រាំងរបស់ពួកយើងខុសមែនទេ ស្តេចយមរាជ?»
«ក្រាំងពួកយើងមិនខុសទេ តែក៏មិនត្រូវដែរ ដោយសារតែក្រាំងនេះកត់ត្រាតែរូបភាពខាងក្រៅ និងតាមសម្តីរបស់មនុស្ស។ មានតែសៀវភៅចក្រវាឡទេ ដែលមានទិន្នន័យគ្រប់យ៉ាង ហើយទិន្នន័យទាំងនោះពិត, ប្រាកដ, ជាក់ស្តែង, និងគ្រប់ជ្រុងជ្រោយ ព្រោះសៀវភៅចក្រវាឡកត់ត្រាពីមនុស្សគ្រប់ចន្លោះ តាំងពីគំនិត, សម្តី, កាយវិការ, ទង្វើ, ជាពិសេសហេតុដែលនាំឲ្យមានគំនិតអ្វីមួយ, និយាយសម្តីអ្វីមួយ, បញ្ចេញកាយវិការអ្វីមួយ, ធ្វើទង្វើអ្វីមួយ រួមទាំងពេលវេលា, ស្ថានភាព, ទីតាំង និងមនុស្ស ដែលមនុស្សជាម្ចាស់គំនិត, សម្តី, កាយវិការ និងទង្វើមួយនោះធ្វើចំពោះទៀតផង។ សរុបមក សៀវភៅចក្រវាឡលម្អិតពីកម្មរបស់មនុស្សគ្រប់រូប និងក្នុងគ្រប់ជាតិ។ សូមី្បតែសត្វ, រុក្ខជាតិ និងវត្ថុទាំងអស់ដែលមានក្នុងឋានទាំងបីក៏កត់ត្រាចូលដែរ។»
«តើឥឡូវនេះ ពួកយើងគួរធ្វើដូចម្តេចទៅ?»
យមរាជសញ្ជឹងគិតមួយស្របក់ទើបពោល៖
«រឿងនេះពិបាកថ្លឹងថ្លែងណាស់ ព្រោះទាក់ទងនឹងក្តីស្រឡាញ់របស់ម្តាយ និងកូន។ ឥឡូវ ឯងយកពួកគេទៅដាក់ឃុំដាច់ដោយឡែកពីគ្នាសិន។ យើងនឹងយករឿងនេះទៅឋានលើដើមី្បពិភាក្សាជាមួយព្រះឥន្ទ្រ និងទេវតាទាំងឡាយ៕»