រឿង «ឃាត់មិនទាន់»

និពន្ធដោយ ភូ ចរិយា

ញ៉ុយកំពុងពិបាកចិត្ត។ គេជាប់ឃុំក្នុងបន្ទប់មួយ។ ទ្វារបិទជិត ហើយក្នុងបន្ទប់ងងឹត រកមើលអីមិនឃើញ។ គេបាននឹកបន់ស្រន់ក្នុងចិត្ត សុំឲ្យទេវតាមកជួយសង្គ្រោះ។

ពេលនោះក៏មានពន្លឺឆ្វាចលេចឡើង។ ទេវតាមួយអង្គបានបង្ហាញខ្លួន។

ញ៉ុយឃើញហើយសប្បាយចិត្ត ក៏លុតជង្គង់ថ្វាយបង្គំ ព្រមទាំងនិយាយថា៖

«ទេវតា! សូមព្រះអង្គមេត្តាជួយទូលបង្គំឲ្យបានចេញពីទីនេះផង។»

«យើងមិនអាចបើកទ្វារឲ្យអ្នកបានទេ ព្រោះទ្វារត្រូវបានចាក់សោ។ យើងមិនអាចធ្វើឲ្យខូចខាតអ្វីដែលជារបស់មនុស្សបានឡើយ។ ប៉ុន្តែយើងអាចជួយផ្លុំខ្យល់បើកបង្អួចឲ្យអ្នកបាន ព្រោះគេមិនបានចាក់សោបង្អួច។» ទេវតាពោល។

«ទ្វារក៏បាន បង្អួចក៏បាន ឲ្យតែបានចេញ។» ញ៉ុយនិយាយ។

ពេលនោះ ទេវតាបានប្រើសិល្ប៍បើកបង្អួច។ គ្រាន់តែបង្អួចរបើកភ្លាម ញ៉ុយមិនបង្អង់ ឡើយ ស្ទុះហក់តាមបង្អួចភ្លែត…

«ឈប់! ឈប់! កុំទាន់អាល។» ទេវតាស្រែកឃាត់ តែញ៉ុយលឿនពេក។ វឹប.. វូ.. ទៅដល់ក្រោមបាត់។

ទេវតាគ្រវីក្បាល៖

«មុនហក់ គួរមើលសិន។ មិនគួរបើកភ្លាម ហក់ចេញភ្លែតបែបនេះទេ។ នេះជាន់ទី ១០០ ណា៎!»

នៅខាងក្រោមឯណោះ ញ៉ុយកំពុងដេកផ្កាប់មុខលើថ្នល់៕

Leave a comment