ភាពស្ងៀមស្ងាត់គ្របដណ្តប់លើផ្ទៃបន្ទប់លេខ ៤០៦។
គួរឲ្យច្រណែនរតនៈណាស់។ ហេតុតែនៅក្មេង ដូច្នេះមិនខ្វល់, មិនព្រួយ, មិនខ្លាច។ គេអង្គុយលើភ្លៅរបស់លាភ ហើយស្តាប់លាភធ្វើសំឡេងសត្វទាំងញញឹម៖
«ឆ្កែស្រែកវូសៗ។ ឆ្មាស្រែកមេវមេវ។ មាន់ស្រែកគូគូ។ ទាស្រែកកាបកាប។ គោស្រែកអុំម៉ អុំម៉។ ជ្រូកស្រែកអ៊ូកអ៊ូក…»
ភីដាអង្គុយក្បែរនោះ។ នាងមើលទូរទស្សន៍ផង មើលទៅកូនផង។ ឃើញកូនសុខសប្បាយ នាងអន់ភ័យ។ ប៉ុន្តែនាងព្រួយគិតពីប្តី និងកូនទាំងពីររបស់នាង។ ហេតុអី្វបានជាយូរម្ល៉េះ? តើមានរឿងអីឬទេ?
ទូរស័ព្ទគ្មានសេវា។ ពួកនាងដាច់ការប្រាស្រ័យ។ ដូច្នេះនាងចេះតែស្រមៃរឿងផ្តេសផ្តាស ធ្វើឲ្យចិត្តនាងបារម្ភខ្លាំងណាស់។ នាងបានប្រឹងតាំងចិត្ត, ខំមើលទូរទស្សន៍បន្លប់ តែខួរក្បាលចេះតែនឹកឃើញរឿងអាក្រក់ៗ ហើយបេះដូងនាងក៏លោតឌុកដាក់ៗញាប់ទៅៗ។
‘Let me go home…’
ភីដាភ្ញាក់ឲ្យព្រើត។ គឺសំឡេង call tune ទូរស័ព្ទរបស់នាងទេតើ។
ទូរស័ព្ទមានសេវាវិញទេដឹង ទើបគេតេចូល?
ក្នុងចិត្តរបស់ភិតានឹកថាស្វាមីនាងទូរស័ព្ទមក។ នាងក៏ស្ទុះទៅរកទូរស័ព្ទ។ នាងឃើញសេវាទូរស័ព្ទសូន្យដដែល តែមានគេអាចទូរស័ព្ទចូល ដោយឈ្មោះបង្ហាញលើអេក្រង់ទូរស័ព្ទថា Mummy ។
«អាឡូម៉ាក់!»
«អាឡូ ដា! កូនឯងមិនអីទេអ៊្ហែៈ?» សំឡេងម្តាយនាង។
«មិនដឹងអីឬមិនអីទេម៉ាក់.. មិនដឹងនិយាយថាម៉េចឲ្យត្រូវទេ។»
«ចុះនៅជុំគ្នាឬអត់?»
«អត់ទេ! បង, ស្រីកា និងកូនរដ្ឋ និងអាគីទៅទិញម្ហូប។ ថ្មើរណេះអត់ទាន់មកវិញទេ។ ខ្ញុំនៅសណ្ឋាគារជាមួយកូនណាក់ និងអាលាភ។ ទូរស័ព្ទខ្ញុំស្រាប់តែអត់មានសេវា។ តេទៅអ្នកណាក៏មិនបាន។»
«ម៉ាក់គេងល្ងាចមិញ.. យល់សប្តិឃើញមិនសូវល្អ.. ឃើញកូនឯង និងគ្រប់គ្នា.. យល់សប្តិថាឃើញបើកឡានសុខៗ ស្រាប់តែឡានបើកខុសផ្លូវចូលម្តុំផ្នូរខ្មោច ហើយវង្វេងផ្លូវ រកផ្លូវចេញមិនឃើញ។ ម៉ាក់ក្រោកឡើង ម៉ាក់ភ័យ ព្រោះដូចមែនទែនអ៊ីចឹង។ អ៊ីចឹងម៉ាក់ក៏ឲ្យអាតូចជូនម៉ាក់មករកអ្នកគ្រូ។ មកតាំងពីល្ងាចតែស្ទះផ្លូវពេក។ នេះទើបមកដល់ផ្ទះគាត់។ ម៉ាក់តេទៅកូនឯងច្រើនដងហើយ តេមិនចូល ទាល់តែឲ្យអ្នកគ្រូចុច ទើបចូល។ នែ! កូនឯងជួបជាមួយអ្នកគ្រូទៅ…» ម្តាយភីដានិយាយតែប៉ុណ្ណឹងក៏ស្ងាត់។ ភីដារង់ចាំមួយភ្លែត។ ក្រោយមក ឮសំឡេងមនុស្សស្រីចំណាស់អាយុប្រហែលម្តាយនាង៖
«អាឡូ កូនស្រី!»
«ចាស៎ ចាស៎! អ្នកគ្រូ។» ភីដាឆ្លើយតប។
«អឺ! កូនស្តាប់ខ្ញុំណា៎ តែកុំភ័យកុំភិតកុំខ្លាច.. តាំងស្មារតីឲ្យល្អ…»
គ្រាន់តែឮដូច្នេះ ភីដាចាប់ញ័រដៃ ហើយបេះដូងនាងក៏ផ្តើមលោតញាប់ដែរ។ នាងប្រឹងទប់ស្មារតី ដើមី្បស្តាប់ការណែនាំ។
ភីដាមានឪពុកម្តាយ និងប្អូនប្រុសម្នាក់។ ម្តាយរបស់ភីដាជឿគ្រូទាយ និងចូលរូប។ គាត់មានគ្រូប្រចាំ, ជាគ្រូស្រី។ មានរឿងអី គាត់ទៅរកគ្រូនោះហើយ។
«កូនស្រី! កូនឯងចូលចំកន្លែងរបស់គេហើយ។ បន្ទប់ដែលកូនឯងកំពុងនៅ គេទុកសម្រាប់ពួកគេនោះទេ។ ដល់កូនឯងទៅនៅ នាំឲ្យពួកគេអត់កន្លែងដេក។ ពួកគេដេញ តែកូនឯងមិនព្រមចេញ ឥឡូវពួកគេខឹងណាស់។ អ៊ីចឹងហើយបានពួកគេធ្វើបានកូនឯង និងមិនឲ្យកូនឯងទាក់ទងជាមួយអ្នកខាងក្រៅបាន។»
«ចុះធ្វើម៉េចទៅអ្នកគ្រូ?» ភីដានិយាយទាំងមាត់ញ័រតតាត់។
«ឥឡូវ កូនស្រីឯងធ្វើតាមខ្ញុំ។ កុំបិទទូរស័ព្ទឲ្យសោះ។ បើបិទ ពិបាកទាក់ទងបានវិញណាស់។ កូនឯងថតរូបបន្ទប់ហ្នឹងមក ហើយផ្ញើឲ្យខ្ញុំ។ ចេះតែថតទៅ.. ថតឲ្យគ្រប់ជ្រុងក្នុងបន្ទប់.. ហើយចាំខ្ញុំមើលហើយ ចាំខ្ញុំប្រាប់ថាធ្វើម៉េច។»
ភីដាធ្វើតាមការណែនាំរបស់គ្រូស្រី។ នាងប្រយ័ត្នប្រយែង មិនឲ្យចុចបិទឡើយ។ នាងថតរូបក្នុងបន្ទប់៖ លើពូក, តុដាក់ទូរទស្សន៍, ជញ្ជាំង, ទ្វារបន្ទប់ទឹក, ទ្វារមុខ, ទូដាក់ខោអាវ, ពិតាន, ក្នុងបន្ទប់ទឹក.. សព្វតែម្តង។ រួចហើយនាងផ្ញើរូបភាពទៅទូរស័ព្ទម្តាយ។
«កូនស្រី! មានច្រើនណាស់ តែឥឡូវមានពីរនាក់កំពុងនៅក្នុងបន្ទប់កូនឯង។ យាយចាស់ម្នាក់ និងក្មេងប្រុសម្នាក់។»
គ្រាន់តែឮ ភីដាឡើងព្រឺសម្បុរខ្ញាកៗ។ នាងរំកិលខ្លួនទៅអង្គុយកៀកនឹងលាភ។ នាងស្តាប់បណ្តើរ ភ្នែកក្រឡេកមើលជុំវិញបណ្តើរ។
«ខ្ញុំនៅឆ្ងាយ មិនអាចជួយអីបានច្រើនទេ បានត្រឹមតែប្រាប់ប៉ុណ្ណោះ។ កូនស្រីឯងត្រូវតែចេញពីបន្ទប់ហ្នឹង។ កុំចាំ ត្រូវចេញឥឡូវ។ ហើយប្រមូលអីវ៉ាន់ត្រូវប្រយ័ត្ន កុំឲ្យមានជាប់របស់គេមកឲ្យសោះ។ កុំភ្លេចដាក់ស្ករគ្រាប់ និងលុយឲ្យគេ, ក្រដាសមួយរយឬប្រាំរយរៀល។ ខ្លាចកន្លែងណា, ដាក់កន្លែងហ្នឹង។»
«អ្នកគ្រូ! ខ្ញុំអត់មានស្ករគ្រាប់ផង។»
«អត់មានស្ករគ្រាប់ ដាក់តែលុយទៅ។»
«តែប្តីខ្ញុំអត់ទាន់មកវិញទេ…»
«ចេញឲ្យផុតពីបន្ទប់ហ្នឹងសិនទើបបាន។ ប្តីរបស់កូនឯងក៏មិនមែនស្រួលដែរ។ កំពុងបញ្ហាដូចគ្នា។ ឥឡូវដោះខ្លួនឲ្យរួចមួយសិនទៅ។»
«ចាស៎…»
បានតែប៉ុណ្ណឹង ទូរស័ព្ទដាច់។