និយាយពីក្រុមគ្រួសារភីដាវិញម្តង…
ក្រោយពីដាក់អីវ៉ាន់ហើយ សុខរាជប្រញាប់ប្រញាល់រកបន្ទប់ទឹក។
«បន្ទប់ទឹកនៅឯណាអ៊ីចេះ?»
«នោះទ្វារ។» ភីដានិយាយព្រមទាំងចង្អុលទៅទ្វារមួយដែលនៅក្បែរនឹងវ៉ាលីស។ ពេលសុខរាជបើកចូលទៅ នាងបីកូនយកទៅដាក់ថ្នមៗទៅលើពូក។
ក្រឡេកមើលបន្ទប់នេះ គឺមានបង្អួចពីរ។ មួយនៅជាប់ទ្វារចូល មួយទៀតនៅជញ្ជាំងទល់មុខទ្វារ ហើយនៅចុងគ្រែ។ បង្អួចទាំងពីរនេះដាក់ចង្រឹងដែក និងសន្លឹកបង្អួចធ្វើពីឈើ។ គីបានដើរទៅបើកបង្អួចនៅចុងគ្រែ។ គ្រាន់តែបើកភ្លាមនាងស្រែកវ៉ាស។
«ម៉េចហ្នឹង?» ភីដាស្ទុះចុះពីពូកទៅមើល។ នាងរាងភ្ញាក់ដែរ តែមិនស្រែកទេ។ នាងបានប្រាប់លាភឲ្យចាប់កូនទាំងពីរកុំឲ្យមក។
បង្អួចនោះបើកទៅឃើញជញ្ជាំងរបង។ នៅលើនោះមានរូបស្រីពាក់កណ្តាលខ្លួនលៀនអណ្តាតយ៉ាងវែង ហើយមុខមាត់គួរឲ្យខ្លាច។
ភីដាបានប្រាប់គីឲ្យឆាប់បិទបង្អួច រួចនាងប្រញាប់ទៅមើលកូនប្រុសពៅដែលភ្ញាក់យំអិអ៊ុ ដោយសារតែសម្រែករបស់គីអម្បាញ់មិញ។ ចំណែកគីដើរទៅទាញបង្អួចបិទទាំងញញើតញញើម។
ពេលលួងរតនៈឲ្យដេកវិញហើយ ភីដាងាកទៅលាភ៖
«ទៅមើលក្នុងទូមើល៍ តើមានខ្នើយមានភួយទេ? បើមាន យកចេញមក។ បើអត់មាន ទៅសុំខ្នើយសុំភួយថែម។»
«ចាស៎។» លាភពោល រួចដើរទៅបើកទូ។ នាងឃើញមានខ្នើយកើយបួន និងភួយធំៗពីរ ដូច្នេះនាងយកចេញពីក្នុងទូមកបង្ហាញភីដា៖
«អ៊ី! មាន។»
«អឺ! អ្ហែងក្រាលមួយទៅ ហើយយកមួយទុកដណ្តប់។»
«ចាស។»
ពេលនោះ សុខរាជចេញពីបន្ទប់ទឹក។ គេជូតជើងនៅនឹងកម្រាលជូតជើងដែលដាក់នៅមុខមាត់ទ្វារបន្ទប់ទឹក រួចពោល៖
«បន្ទប់ទឹកគេធំមានបាសាំងទៀតផង។»
«ពិតមែនអ្ហ៊ែៈប៉ា?» ភិរិកាស្រែកសួរ។
សុខរាជធ្វើសញ្ញាប្រាប់កូនឲ្យបន្ថយសំឡេង៖
«និយាយតិចៗ។ ភ្ញាក់ប្អូន។»
«កូនចង់ងូតទឹកក្នុងបាសាំង។» ភិរិកានិយាយខ្សឹបៗ។
«កូនងូតដែរ។» សុខរដ្ឋនិយាយ។
«ចាំបន្តិចទៀត។ ចាំប៉ាមកវិញ ចាំប៉ានាំទៅងូត។» សុខរាជប្រាប់កូន រួចងាកទៅរកប្រពន្ធ «បងទៅរកម្ហូប។ ចង់ទិញអី?»
«បងឯងទិញអីទិញទៅ។ យកក្រៀមក្រោះបានហើយ មិនបាច់សម្លទេ។» ភីដាប្រាប់។
«កូនទៅដែរ។ កូនចង់ញ៉ាំហេមបឺហ្កឺ។» ភិរិការត់ទៅតោងដៃប៉ា។
«កូនទៅដែរ។ កូនចង់ញ៉ាំហេមបឺហ្កឺដែរ។» សុខរដ្ឋរត់ទៅតោងដៃប៉ាម្ខាងទៀត។
«នៅចាំនៅបន្ទប់ហើយ.. ចាំប៉ាទិញឲ្យ។» សុខរាជលួងកូន។
«អត់ទេ! អត់ទេ! កូនទៅដែរ។»
ដោយឃើញភិរិកា និងសុខរដ្ឋងិង៉ក់, ភីដាក៏ប្រាប់ស្វាមី៖
«យកទៅទៅបង។ បើមិនអ៊ីចឹង ប្រាកដជាទឹកភ្នែកទឹកសម្បោរ ឡូឡាភ្ញាក់ប្អូនហើយ។ នាំទៅញ៉ាំឲ្យរួច ហើយចាំទិញម្ហូបមក។ អាគី! ទៅជាមួយពូអ្ហែងទៅ, ទៅជួយមើលប្អូន។»
«ចាស៎។»
មិនបង្អង់យូរ សុខរាជយកសោឡាន រួចគេដាក់កាបូបលុយចូលក្នុងហោប៉ៅ ហើយដឹកដៃកូនទាំងពីរចេញពីបន្ទប់ ដោយមានគីដើរតាមក្រោយ។