ភីដារង់ចាំអស់មួយសន្ទុះដែរ តែគ្មានសញ្ញាណពីទូរស័ព្ទថារោទ៍ទៀត។ ដូច្នេះនាងក៏ប្រាប់ទៅលាភ៖
«តស់! ប្រមូលអីវ៉ាន់។ មើលផង, កុំយករបស់គេឲ្យសោះ។»
លាភងក់ក្បាល។ នាងស្តាប់ឮរឿងគ្រប់យ៉ាង ព្រោះទូរស័ព្ទភីដាសំឡេងខ្លាំងលាន់ចេញមកក្រៅ។
«អ៊ីឯងមើលអាអូនទៅ។ ចាំខ្ញុំចាត់ការ។» លាភប្រាប់ រួចចាប់ផ្តើមប្រមែប្រមូលអីវ៉ាន់។ រួចនាងមើលលើពូក, លើតុទូរស័ព្ទ, លើតុទូរទស្សន៍ ហើយរត់ទៅមើលក្នុងបន្ទប់ទឹកទៀត។ រីឯភីដាពកូននៅនឹងដៃបណ្តើរ ឈរតាមមើលលាភប្រមូលអីវ៉ាន់បណ្តើរ ហើយមើលជុំវិញខ្លួនដោយញញើតញញើមបណ្តើរ។ ឮថាមានពីរ, តែនាងមិនដឹងនៅកន្លែងណាខ្លះ, ដូច្នេះនាងព្រឺសម្បុរខ្ញាកៗតែម្តង។ ក្នុងពេលជាមួយគ្នានោះ នាងនឹកដល់ប្តី។ នាងចង់ប្រាប់ថានាងចាកចេញពីបន្ទប់។ នាងនឹកថា ក្រែងលោគាត់មកដល់ ក្រោយពេលនាងចេញទៅ នាំឲ្យជ្រួសផ្លូវគ្នា ពិបាករកគ្នា ណាមួយទូរស័ព្ទទាក់ទងមិនបានផង។ ដូច្នេះនាងបានសាកទូរស័ព្ទទៅសុខរាជ តែនៅតែមិនអាចទាក់ទងបាន។ នាងបានហៅឲ្យលាភយកទូរស័ព្ទមកឲ្យនាង រួចនាងចុចទៅរកស្វាមី។
«លេខដែលលោកអ្នកហៅមិនអាចទាក់ទងបានទេនៅពេលនេះ។ សូមព្យាយាមម្តងទៀតនៅពេលក្រោយ។»
ទោះយ៉ាងណា ភីដានៅតែចុច, ម្តងទៅប្តី ម្តងទៅគី។
ឃើញដូច្នោះ លាភក៏និយាយ៖
«អ៊ី, ឈប់តេទៅ។ តិចលោលែងឮសំឡេងស្រី ចេញសំឡេងប្រុសម្តងណា៎។»
គ្រាន់តែឮ ភីដាឈប់ដោយស្វ័យប្រវត្តិ៖
«ចេះមកបន្លាចទៅកើតដែរ។ មនុស្សកំពុងខ្លាចផង។»
«ខ្ញុំអត់មានបន្លាចទេ។» លាភប្រាប់ «ខ្ញុំនិយាយមែន។»
«អ៊ីចង់តេប្រាប់ពូអ្ហែង ខ្លាចយើងចេញភ្លាម គាត់មកដល់ភ្លាម។»
«មិនអាចចៃដន្យបែបនេះទេអ៊ី។»
«វាអាចណ៎ា។ នៅលើលោកនេះ អ្វីក៏អាចកើតឡើងបានដែរ។»
«បើសិនជាពូមកមែន.. អ៊ីចឹងរឹតតែស្រួល.. ចាំបាច់តេរកគ្នាស្អី.. ស្រែកហៅតែម៉ង.. ដូចនៅភូមិខ្ញុំ.. ផ្ទះរំលងគ្នាបីផ្ទះ.. គេអត់ដើរទៅទេ គេស្រែក។ ចំណេញពេលចំណេញកម្លាំង។»
«យីអានេះ។»
ស្ថិតក្នុងកាលៈទេសៈបែបនេះទៅហើយ នាងនៅមានអារម្មណ៍លេងសើចបានទៀត។ ភីដាសុំសរសើរហើយកូនចៅនាងម្នាក់នេះ។ នាងគិតថា នាងសម្រេចចិត្តត្រូវ ដែលឲ្យគីទៅជាមួយប្តី។ បើទុកឲ្យគីនៅជាមួយនាង ហេងស៊យរួញចូលគ្នានៅកៀនជញ្ជាំងឬក្បាលគ្រែ ព្រោះគីមហាកំពូលខ្លាច សូមី្បតែជីងចក់យំ ក៏ខ្លាចដែរ។
ក្រោយពីរៀបអីវ៉ាន់រៀបរួចហើយ ភីដា និងលាភត្រៀមខ្លួនចាកចេញពីបន្ទប់។