ងាកមកភីដាវិញ នាងព្យាយាមចុចតេទៅរកសុខរាជ តែទូរស័ព្ទគ្មានសេវា ដូច្នេះមិនដឹងទាក់ទងតាមណា។
នៅក្នុងបន្ទប់មានតែសំឡេងម៉ាស៊ីនត្រជាក់ និងសំឡេងចេញពីក្នុងទូរទស្សន៍។ ពិតជាមានតែសំឡេងពីរហ្នឹងមែនឬយ៉ាងណា? មិនមែនទេ។ មានសំឡេងផ្សេងៗកើតឡើងបន្តបន្ទាប់គ្នា។ ដំបូងជាសំឡេងបង្អួចដែលនៅចុងគ្រែ, ដូចមានមនុស្សកំពុងគោះសន្លឹកបង្អួច។ គោះលើកទីមួយជាការគោះបែបស្គរ។ គោះលើកទីពីរញាប់ជាងមុន។ ចូលដល់លើកទីបី ឮដូចគេដំដែកគោល។
ភីដាឮ។ លាភក៏ឮ។
ភីដាគិតថាជាសំឡេងលាន់ពីបន្ទប់ជាប់ ដូច្នេះទើបនាងមិនរវល់។ ចំណែកលាភដឹង តែនាងខ្ជិលរវល់។
ដោយសារពួកនាងសុទ្ធតែមិនរវល់។ សំឡេងគោះបង្អួចក៏ស្ងាត់។
សំឡេងបន្ទាប់គឺនៅទ្វារ។ តុក តុក តុក។
«លាភ! ដូចមានមនុស្សគោះទ្វារបន្ទប់យើង។» ភីដាពោល។
«គ្មានទេអ៊ី! បន្ទប់គេក្បែរហ្នឹងទេ។» លាភតប។
សំឡេងគោះលាន់ឮម្តងទៀត ព្រមទាំងមានសំឡេងគេនិយាយថា វ៉ឺយ វ៉ឺយ។
«ដូចជាបន្ទប់យើង មិនមែនបន្ទប់គេទេ។» ភីដានិយាយ។
«បន្ទប់គេ។ មិនមែនបន្ទប់យើងទេ។ អ៊ីឯងកុំទៅខ្វល់។»
ឮលាភអះអាងដោយម៉ឺងម៉ាត់ដូច្នេះ ភីដាក៏ហី។
សំឡេងគោះទ្វារស្ងាត់ច្រៀប, លែងមាន។
បន្តមកទៀត បង្អួចដែលនៅជាប់ទ្វារ។ ដូចមាននរណាកំពុងព្យាយាមទាញវាឲ្យបើកអ៊ីចឹង។
សំឡេងនេះ ភីដា និងលាភបានឮដូចគ្នា។ ភីដាចង់និយាយ តែមិនទាន់បាននិយាយអីផង លាភក៏ពោលមុន៖
«ខ្យល់បក់។ ពេលខ្ញុំពអាអូនចេញទៅ នៅខាងក្រៅមានខ្យល់បក់ខ្លាំងគួរសម ហើយបង្អួចមុខហ្នឹងអត់មាំ, រាងហើបៗ។»
ឮដូច្នេះ ភីដាក៏ឈប់អើពើ រួចបន្តមើលទូរទស្សន៍។
ងឺត.. ងឺត… ជាសំឡេងមួលក្បាលរ៉ូប៊ីណេនៅក្នុងបន្ទប់ទឹក ដូចប្រឹងមួលក្បាលរ៉ូប៊ីណេដែលតឹង។
ងឺត ងឺត។
ឮសូរពីរបីដង រួចក៏ឮទឹកហូរឆៗ។
មិនមាត់មួយម៉ាត់ឡើយ លាភក្រោកដើរទៅមើល។ គ្រាន់តែនាងបើកទ្វារក្រាក សំឡេងទឹកហូរក៏បាត់។ ពេលនាងមកអង្គុយវិញ សំឡេងមួលក្បាលរ៉ូប៊ីណេបន្លឺ ហើយសំឡេងទឹកក៏ឮដែរ។ លាភក៏ចូលទៅបន្ទប់ទឹកម្តងទៀត ដោយទៅមួលក្បាលរ៉ូប៊ីណេឲ្យណែន៖
«មួលទៀតទៅអ្ហែង បើខ្លាំង។»
រួចរាល់ នាងត្រឡប់មកលេងជាមួយរតនៈ។
បន្ទប់មានសភាពធម្មតាបានមួយសន្ទុះធំ ទើបចេញសំឡេងប្លែកម្តងទៀត។ លើកនេះឮនៅក្នុងទូ។ រ៉ឺងៗ, ហាក់ដូចសំឡេងទំពក់រង្គើ។
ភីដាបានឮ។ នាងនឹកក្នុងចិត្ត ៖
‘ទ្វារទូបិទជិត, ម៉ាស៊ីនត្រជាក់អត់ចំទូទេ, ដូច្នេះមិនអាចមានខ្យល់ចូលទៅបានទេ, តើធ្វើម៉េចអាចឲ្យវារង្គើបាន?’
សំឡេងរ៉ឺងៗលាន់កាន់តែខ្លាំង។ ឮយូរទៅ, រំខានត្រចៀកណាស់។ ដូច្នេះ លាភក៏ទៅបើកទូខោអាវ។ ក្នុងនោះគ្មានទំពក់ទេ។ ដើមី្បឲ្យប្រាកដ, នាងបានយកដៃវាសចុះឡើងនៅក្នុងទូ។ ពិតជាគ្មានមានទំពក់មែន។ កុំថាឡើយមួយ សូមី្បតែកន្លះក៏គ្មានដែរ។ លាភបានបិទទូវិញ រួចមកអង្គុយក្បែររតនៈដូចដើម។
កំពុងលេងសុខៗ រតនៈស្រាប់តែរត់ទៅរកបើកទូ ហើយអូសក្រណាត់មួយផ្ទាំងចេញមកគ្រវី។ លាភស្ទុះទៅចាប់ដៃហើយសួរ៖
«អូនណាក់! បានមកពីណា?»
រតនៈចង្អុលទៅទូ។ លាភមិនសួរអ្វីទៀតទេ។ នាងយកក្រណាត់មកពិនិត្យ។ មើលទៅដូចជាភួយ, ស្តើងហើយចាស់។ នាងនឹកឆ្ងល់ក្នុងចិត្ត៖
‘អញឃើញតែខ្នើយ និងភួយ ហើយអញយកចេញមកអស់ហើយ។ តើភួយនេះទុកនៅកន្លែងណា ម៉េចក៏អញមិនឃើញ?’
កំពុងតែស្លុងនឹងការគិត ស្រាប់តែរតនៈកញ្ឆក់យកភួយពីដៃ ហើយអូសយកទៅឡើងលើពូកឲ្យម្តាយគេ។
«ម៉ាក់! ភួយ! ភួយផស់អ៊ីៗ។»
គេនិយាយប្លែកទៀតហើយ។
ទម្លាប់របស់សុខរតនៈ ហៅក្មេងប្រុសថា បងៗ ហៅក្មេងស្រីថា ចេៗ ហៅមនុស្សធំប្រុសថា ពូៗ ហៅមនុស្សធំស្រីថា អ៊ីៗ ហៅមនុស្សចាស់ប្រុសថា តាៗ ហៅមនុស្សចាស់ស្រីថា យាយៗ។
យប់នេះ គេនិយាយប្លែក និងធ្វើសកម្មភាពប្លែកច្រើន។ ភីដាដូចជាបារម្ភ។ តើមានអ្វីកើតឡើងចំពោះកូន? គេនៅតូច, មិនទាន់ដឹងក្តី, មិនទាន់ចេះនិយាយច្រើន, គេមិនចេះប្រាប់យើងដែលជាមនុស្សធំទេ, ហើយនាងក៏មិនដឹងពន្យល់កូនយ៉ាងម៉េចដែរ។ អ្វីដែលអាចធ្វើបាននាពេលនេះគឺសម្របជាមួយកូន។
នាងបានយកភួយចេញពីដៃកូនមកមើល ហើយធ្វើជានិយាយ៖
«អូ ភួយអ៊ីៗឬកូន? កូនបានមកពីណា?»
«នោះ។» រតនៈចង្អុលទៅទូ។
«អ៊ីចឹងឲ្យម៉ាក់ៗសុំមើលបន្តិចណា៎! ហើយកូនចុះទៅលេងខាងក្រោមទៅ។»
រតនៈងក់ក្បាលតិចៗ ហើយរំកិលខ្លួនចុះពីលើពូក ដោយមានលាភជួយទ្រ។ ចំណែកភីដានៅកាន់ភួយនៅនឹងដៃ។ បន្ទាប់មក នាងចុះពីគ្រែ ដោយបំណងថានឹងយកទៅបោះចោលនៅធុងសំរាមបន្ទប់ទឹក។ ពេលនាងដើរទៅសំដៅទៅទ្វារបន្ទប់ទឹក ស្រាប់តែឮសួរតក់ៗ ដូចមានទឹកស្រក់ចេញពីភួយនោះ។ ភីដាមិនបានចាប់អារម្មណ៍ទេ។ នាងបើកទ្វារបន្ទប់ទឹក ហើយបោះវាចូលទៅក្នុងធុងសំរាម។ រួចហើយនាងបត់ជើង។ បត់ជើងរួចរាល់ នាងលាងដៃ។ ពេលនោះ នាងមើលកញ្ចក់ឃើញមានមុននៅលើមុខ ហើយមុននោះជាមុនក្បាលខ្មៅ។ ភីដាក៏ប្រញាប់ចេញពីបន្ទប់ទឹកទៅបើកកាបូបយកប្រដាប់ប្រដាញិចមុនចេញមក។