និយាយពីភីដាវិញ, នាងនឹកឃើញយកទូរស័ព្ទពីក្នុងកាបូបមកចុចបើក។ ទូរស័ព្ទបើកហើយ។ នាងមើលត្រង់សញ្ញាសេវា៖
«អ្ហះ សេវាមានពេញ។»
សប្បាយចិត្តណាស់។ នាងប្រញាប់ចុចទូរស័ព្ទ។
«អាឡូ អូន។»
ឮសំឡេងប្តី ធ្វើឲ្យភីដារីករាយរលីងរលោងទឹកភ្នែក។
«បង! បងនៅឯណា?»
«បងកំពុងបើកឡាន។»
«បងពេលណាបានមកដល់? អូនប្រុងចេញហើយ។»
«អូនទៅណា?»
«ចាំមកដល់ ចាំនិយាយគ្នា។ ប៉ុន្តែឥឡូវបងនៅឯណា? ហើយកូននៅឯណា?»
«កូនគេងលក់អស់ហើយ។ អាគីក៏គេងដែរ។ ពួកបងនៅក្នុងឡាន។ បងកំពុងបើកឡានរកសណ្ឋាគារ។ បងបើកអស់ជាងមួយម៉ោងហើយ តែបងរកសណ្ឋាគារយើងមិនឃើញសោះ។ តាមផ្លូវអត់មានមនុស្សទៀត។ ចង់រកសួរអ្នកណាក៏មិនបាន។»
ពេលនេះ ភីដាយល់សម្តីគ្រូស្រីនោះហើយដែលថាទាំងនាងទាំងប្តីសុទ្ធតែមានរឿងដូចគ្នា។
«បង! បងចាំមួយភ្លែត។ ចាំអូនតេរកម៉ាក់សិន ហើយចាំអូនតេរកបងវិញ។»
«បាន។»
ភីដាប្រញាប់ទូរស័ព្ទទៅរកម្តាយ៖
«អាឡូម៉ាក់! ម៉ាក់នៅផ្ទះអ្នកគ្រូឬអត់ម៉ាក់?»
«ម៉ាក់នៅតើកូន។ អ្នកគ្រូឲ្យម៉ាក់ចាំ.. ណេះកូនឯងនិយាយជាមួយអ្នកគ្រូទៅ។»
ម្តាយរបស់ភីដាហុចទូរស័ព្ទទៅគ្រូស្រី៖
«អាឡូកូនស្រី! ចេញបានហើយត្រូវទេ?»
«ខ្ញុំចេញពីបន្ទប់បានហើយ។ ពេលនេះខ្ញុំនៅបន្ទប់ទទួលភ្ញៀវរបស់សណ្ឋាគារ។ ខ្ញុំតេទៅរកប្តីខ្ញុំ។ គាត់ប្រាប់ថា គាត់រកសណ្ឋាគារអត់ឃើញទេ។»
«អឺ! ខ្ញុំដឹងរឿងហ្នឹង។ អ៊ីចេះ.. កូនស្រីឯងប្រាប់ឲ្យប្តីកូនឯងចេះតែបើកទៅ។ បើកធម្មតា កុំខ្វល់។ បើករហូតទៅណា៎ មិនបាច់ឈប់.. មិនបាច់ខ្វល់ទេ.. ការពារកុំឲ្យតែឡានអស់សាំងទៅបានហើយ.. ចាត់ទុកថាបើកមើលទេសភាព។ ខាងប្តីកូនឯងអត់អីទេ។ គិតពីរឿងខាងកូនស្រីឯងវិញ។ មិនទាន់អស់ទេណា៎។ ត្រូវចាំ.. អង្គុយឲ្យស្ងៀម កុំទៅណា។»
«ចាស៎។»
ក្រោយពីទូរស័ព្ទជាមួយគ្រូហើយ ភីដាក៏តេទៅប្រាប់សុខរាជវិញ។ នាងរ៉ាយរ៉ាប់តាមពាក្យគ្រូ។ សុខរាជស្តាប់ហើយ ប្រាប់ថា គេនឹងធ្វើតាម។
ក្រោយចប់ទូរស័ព្ទជាមួយប្តី នាងអង្គុយមួយកន្លែង ហើយមើលទៅលាភដែលកំពុងរុញទ្វារដែក។ នាងចង់ទៅសួរនាំដែរ តែនឹកឃើញដល់បណ្តាំគ្រូ នាងក៏ខាំមាត់សង្កត់ចិត្តអង្គុយចាំ។ នាងអាណិតលាភ តែមិនដឹងជួយដូចម្តេច បានត្រឹមតែមើលពីចម្ងាយ។
ងាកមកលាភ, នាងកំពុងតែប្រឹងរុញទ្វារ តែវាមិនព្រមកម្រើកសោះ សូមី្បតែមួយចំអាម។ ហត់ពេក នាងឈប់សិន រួចនាងឈរសម្លឹងទ្វារ ហើយនាងមើលទៅចុងខាងនោះ។ នាងពិតជាយល់ថា មានគេឈរនៅចុងទ្វារ ហើយប្រឹងទប់មិនឲ្យនាងរុញទ្វារបើកបាន។ បើសិនជាដូចការស្មានរបស់នាងមែន ម្នាក់នោះប្រាកដជាមិនមែនមនុស្ស។
នៅសណ្ឋាគារមានសន្តិសុខម្នាក់។ គាត់ដឹងមូលហេតុដែលគេទុកបន្ទប់ ៤០៦ ទំនេរចោល។ ដោយសារគាត់ញ៉ាំចំណីខុស នាំឲ្យឈឺពោះរាកមិនឈប់។ គាត់ទៅបង្គន់ តែមិនបានបិទទ្វាររបងទេ។ ពេលគាត់មកឃើញទ្វារបិទ និងឃើញភីដា និង លាភ, គាត់ដឹងហើយថាមានរឿងអី។ ប៉ុន្តែគាត់មិនហ៊ានចេញមកទេ។ គាត់ពួននៅក្រោយសរសរ។ គាត់ខ្លាច។ គាត់ឃើញខ្មោចប្រុសម្នាក់នោះកំពុងរុញទ្វារប្រឆាំងនឹងលាភ ហើយគាត់ឃើញខ្មោចប្រុសម្នាក់ទៀតនៅក្នុងខ្លួនរបស់ចេងនិងឃើញខ្មោចស្រីឈរនៅក្នុងសួនច្បារកំពុងមើលទៅភិតា។
មួយស្របក់ក្រោយ លាភក៏ប្រតិបត្តិការរុញទ្វារទៀត។ នាងប្រឹងឡើងក្រហមមុខ ប៉ុន្តែទ្វារនៅតែមិនរង្គើ។ ចំណែកភីដា, នាងអង្គុយឱបកូនជាប់។ យប់នេះរតនៈមិនរករឿង ដូច្នេះនាងធូរបានច្រើនណាស់។ ពេលដែលនាងកំពុងតែសម្លឹងទៅលាភ ស្រាប់តែមានខ្យល់ត្រជាក់បក់មក។ ខ្យល់នោះត្រជាក់ឡើងព្រឺសម្បុរតែម្តង ហើយហើយក៏មានសំឡេងគ្រហឹមយ៉ាងគ្រលួច.. ហ៊ឺ.. លាន់ឮឡើង។
ភីដាក្រឡេកមើលឆ្វេងស្តាំ៖
‘សំឡេងអី? មកពីណាអ៊ីចេះ?’
នៅមុខសាឡុង មានសួនមានធ្វើរោងដាំផ្កាអ័រគីដេ។ រោងនោះកម្ពស់ពីរម៉ែត្រ និងប្រវែងប្រាំម៉ែត្រ នៅចំពីមុខកន្លែងដែលភិតាកំពុងអង្គុយ។ ស្របពេលជាមួយនឹងសំឡេងគ្រហឹម ភីដាបានឃើញមានក្បាលមួយហោះពីលើរោងផ្កា។ នាងបើកភ្នែកធំៗ។ ជាក្បាលមនុស្សស្រីមានសក់វែងទម្លាក់ចុះ។ ឃើញតែក្បាល, គ្មានខ្លួន គ្មានដៃគ្មានជើង, គ្មានអ្វីទាំងអស់។
ភីដាបានយកដៃបិទភ្នែកកុំឲ្យកូនឃើញ ព្រោះខ្លាចកូនភ័យលោះព្រលឹង។ នាងស្រែកហៅ៖
«អាលាភ! អាលាភ! មកណេះ! មកណេះ! អាលាភ។»
ឮសំឡេងចៅហ្វាយស្រី លាភព្រលែងដៃពីទ្វារ រួចរត់ទៅរក៖
«ម៉េចហ្នឹងអ៊ី?»
ភីដានិយាយមិនចេញ, បានត្រឹមតែលើកដៃចង្អុលទៅក្បាលខ្មោចហោះ ទាំងញ័រទទ្រើក។
លាភឃើញក្បាលខ្មោចនោះ, នាងក៏ឈរបាំងពីមុខភីដា។ ភ្លាមនោះ ឮសំឡេងសើចហេស ហេស ចេញមកពីកន្លែងចេង។ ភីដា និងលាភងាកទៅ ឃើញចេងអង្គុយលើកៅអី, ឱនមុខជ្រប់ដដែល តែភ្នែករបស់គេក្រឡេកក្រឡាប់ញាប់ជាងមុន, មាត់គេជីបអូចៗ ហើយម្តងសើចម្តងនិយាយ តែនិយាយអ្វី ពួកនាងស្តាប់មិនឮទេ។
«តើគេកើតអីហ្នឹង?» ភីដាសួរ។
«គេត្រូវខ្មោចចូលហើយ។ អ៊ីឯងកុំទៅជិតឲ្យសោះ។» លាភប្រាប់។
ឮថាត្រូវខ្មោចចូល ភីដាកាន់តែភ័យ។ ទ្វារបើកមិនបាន។ អ្នកទទួលភ្ញៀវត្រូវខ្មោចចូល។ ប្តីក៏រកសណ្ឋាគារមិនឃើញ។ តើនាងត្រូវនៅទីនេះដល់ពេលណា?