ទង្វើរបស់ពួកខ្មោច ធ្វើឲ្យលាភមួម៉ៅជាខ្លាំង។ នាងសម្លក់ក្បាលខ្មោចដែលហោះទៅហោះមក។ នៅចុងទ្វាររបង ស្រមោលប្រុសម្នាក់លេចស្ទុងៗ។ ក្រឡេកទៅឃើញចេងដែលដូចមនុស្សឆ្កួត, មនុស្សមិនគ្រប់ទឹក ដោយសារតែខ្មោចគ្រប់គ្រង។ ទាំងនេះធ្វើឲ្យលាភក្តៅឆេវតែម្តង។
នៅលើដីមុខនោះ មានដុំក្រួសជាច្រើន។ នាងស្ទុះវឹងទៅរើសដុំក្រួសមួយក្តាប់ រួចគប់ដុំក្រួសសំដៅទៅរកក្បាលខ្មោច ហើយនាងគប់ទៅខ្មោចប្រុសនៅចុងទ្វាររុញ។ បន្តមក នាងគប់ទៅតុទទួលភ្ញៀវ។ ដុំខ្លះត្រូវ ដុំខ្លះខុស។ ចេងត្រូវពីរដុំដែរ, ឃើញក្រហមលើថ្ងាស តែគេនៅតែសើច និងឱនមុខដដែល។
«លាភ! កុំអី។» ភីដាស្រែកឃាត់។ ប៉ុន្តែលាភមិនស្តាប់ទេ ទ្រូងនាងកំពុងឆេះ។ នាងក្នាញ់នឹងពួកខ្មោចទាំងនោះ។ នាងគប់បណ្តើរជេរបណ្តើរ៖
«ពួកអាចង្រៃ! អញធ្វើម៉េចដឹងថាហ្នឹងបន្ទប់ពួកអ្ហែង? បើអញដឹង, អញមិនចូលទៅនៅទេ។ ពួកអ្ហែងស្មានតែអញចង់នៅបន្ទប់ពួកអ្ហែងណាស់អ្ហ៊ែៈ? ពួកអាខ្មោច!» ពេលនោះ នាងឃើញពូសន្តិសុខអើតលឹមៗនៅក្រោយសរសរ។ នាងស្មានថាជាខ្មោច ក៏គប់ក្រួសទៅគាត់។
«អូយ!»
ត្រូវម៉ាដុំក្រួសធំជាងគេទៀត ពូសន្តិសុខខ្ទប់ក្បាល។
«យី! ខ្មោចចេះឈឺដែរ!» លាភសើចទាំងហួសចិត្ត។ «អើ! អ៊ីចឹងគប់អ្ហែងទៀត!»
លាភបន្តគប់ដុំក្រួសទៅរកពូសន្តិសុខ ទាល់តែគាត់ទ្រាំលែងបាន ក៏រត់ចេញមកលើកដៃទាំងពីរឡើងលើ៖
«បានហើយ! ឈប់គប់ទៅ! មនុស្សទេ។ មនុស្សលោកធម្មតាទេ។»
ឮថាជាមនុស្ស ទាំងភីដាទាំងលាភជ្រួញចិញ្ចើម។ ពូសន្តិសុខបានមកបកស្រាយ។ ដឹងរឿងហើយ ទើបភីដា និងលាភបាត់ឆ្ងល់។
«យូរហើយ! មិនព្រមចេញមកទេ ពូឯង។ មិនដឹងសំងំធ្វើអី?» លាភពោលមុខក្រញូវ។
ពូសន្តិសុខញឹមៗ៖
«ពូខ្លាចខ្មោច។»
«ខ្លាចខ្មោច! ឥឡូវខ្មោចនៅពេញហ្នឹង។» លាភចង្អុលទៅខ្មោចទាំងឡាយ។
ពូសន្តិសុខលេបទឹកមាត់ក្អឹកៗ។ ទោះគាត់ធ្លាប់បួស តែនៅតែខ្លាច គ្រាន់តែគាត់អាចទប់អារម្មណ៍បាន មិនដល់ថ្នាក់គាំងបេះដូង។ ពូសន្តិសុខបានដើរទៅរកតុទទួលភ្ញៀវ។ នៅខាងលើមានហ៊ឹងព្រះពុទ្ធរូប និងផ្តិលទឹកមួយ។ ក្នុងផ្តិលនោះមានទឹក។ គាត់ដាក់កៅអីឡើងយកផ្តិលនោះចុះមក រួចឲ្យលាភទៅកាច់ស្លឹកឈើនៅសួនយកមកឲ្យគាត់។ បន្ទាប់មក គាត់ជ្រលក់ស្លឹកឈើទៅក្នុងផ្តិល រួចយកទៅប្រោះលើចេង។ មុនដំបូង ចេងសម្លក់ពូសន្តិសុខឡើងថ្មែ។ ក្រោយមក ភ្នែកគេក៏ស្រទន់បន្តិចម្តងៗរហូតមានពន្លឺធម្មតា។
«ចេញហើយ។» ពូសន្តិសុខពោល រួចគាត់ហុចផ្តិលឲ្យលាភឲ្យយកទៅធ្វើដូចគាត់។
លាភទទួលផ្តិលពីពូសន្តិសុខ រួចដើរទៅរោងផ្កាអ័រគីដេ ដោយយកស្លឹកជ្រលក់ទឹកមន្ត ហើយបាចឆ្វាច់ៗទៅលើរោង។ ក្បាលខ្មោចស្រីស្រាប់តែរលាយបាត់ភ្លាមមួយរំពេច។ លាភងាកទៅរកចុងទ្វាររុញ។ ខ្មោចប្រុសនោះមិនដឹងទៅណាបាត់ទេ។ ទោះយ៉ាងណា ក៏លាភ នៅតែទៅប្រោះ។ នាងប្រោះទឹកតាំងពីចុងរហូតដល់ដើមទ្វារ។ រួចរាល់ហើយ នាងមកកន្លែងទទួលភ្ញៀវវិញ។
ចេងដេកក្រាបលើតុ, បែរមុខទៅម្ខាង, ដកដង្ហើមញាប់ៗ។ ពូសន្តិសុខនៅឈរក្បែរដោយយកសៀវភៅបក់ឲ្យគេ។
ឃើញខ្មោចទៅបាត់អស់ ភីដាក៏ពកូនដើរមកមើលចេង៖
«ប្អូនយ៉ាងម៉េចហើយពូ?»
«មិនអីទេ។ ត្រូវគេចូលអ៊ីចឹង.. រាងអស់កម្លាំងហើយ ព្រោះត្រូវស្រូបថាមពល។»
«មិនអីមែនអ្ហ៊ែៈ?» ភីដាសួរបញ្ជាក់។
«មិនអីទេ។ កុំព្រួយ។ សម្រាកបន្តិចទៅ ធម្មតាវិញហើយ។»
ពេលនោះ ឮសំឡេងទីន! ទីន! ហើយក៏ឃើញឡានសុខរាជមកឈប់នៅមុខសណ្ឋាគារ។ លាភរត់ប្រញាប់ទៅបើកទ្វារ។ លើកនេះ ទ្វាររុញបានយ៉ាងស្រួលដោយមិនបាច់ប្រើកម្លាំង។
«ម៉េចហើយ អូន?» សុខរាជរត់ចុះពីឡាន មករកប្រពន្ធ។
«មិនអីទេ។ កូនៗនៅឯណា?» ភីដាពោល។
«នៅក្នុងឡាន។ មិនទាន់ភ្ញាក់ទេ។»
«លាភ, យកអីវ៉ាន់ដាក់ឡានទៅ។»
«ចាស៎ អ៊ី។»
ពេលនោះ គីដឹងខ្លួន។ នាងបានចុះពីឡានមកជួយយកអីវ៉ាន់ដាក់ឡានជាមួយលាភដែរ។
មុនពេលចាកចេញ ភីដាបានបោះលុយទៅរោងផ្កា។ នាងក៏បានឲ្យលុយទៅពូសន្តិសុខ និងប្រាប់ឲ្យគាត់ទុកឲ្យចេងដែរ។ បន្ទាប់មក ក្រុមគ្រួសារនាងក៏ឡើងឡាន រួចបរចេញទៅ។