ជប់លៀងមិនដឹងថ្មើរណាចប់ទេ។ ទុកឲ្យប្រុសៗនៅចុះ។ ភីដាឲ្យលាភ និងគីនាំកូនៗទៅបន្ទប់។
ម៉ោងជាងដប់ពីរហើយ។
ក្មេងទាំងបីស្ងាបហមៗ។ លាភ និងគីនាំពួកគេទៅងូតទឹកសិន ទើបប្តូរសម្លៀកបំពាក់ដេកយប់ឲ្យ ហើយនាំទៅគ្រែ។ គ្រាន់តែដាក់ខ្នងដល់ពូកភ្លាម ក៏លក់ភ្លឹងទាំងបី។
ភីដានៅបន្ទប់ធំតែមួយរួមគ្នាជាមួយលាភ, គី និងកូនៗ។ បងជីដូនមួយប្រាប់ថា បានត្រៀមបន្ទប់មួយទៀតឲ្យសុខរាជហើយ ព្រោះមិនដឹងចប់កម្មវិធីថ្មើរណា ដូច្នេះឲ្យនៅបន្ទប់ផ្សេង ដើមី្បកុំឲ្យរំខានកូន។
ភីដាបានចូលងូតទឹកមួយសាទៀត។ បន្ទប់មក នាងឡើងដេកលើគ្រែធំជាមួយនឹងកូនទាំងបី។ ចំណែកលាភ និងគីដេកពូកលើឥដ្ឋនៅក្បែរគ្រែ។
មិនដឹងយ៉ាងម៉េច ភីដាដេកមិនលក់សោះ, នាងប្រែខ្លួនទៅមក។ ក្នុងត្រចៀករបស់នាងចេះតែឮសំឡេងគ្រហឹមជាប់ជានិច្ច។
គីដេកលក់ហើយ។ នៅឡើយតែលាភ។ នាងឮសំឡេងប្រែខ្លួនរបស់ភីដា នាងក៏សួរ៖
«អ៊ី! កើតថី?»
«មិនដឹងម៉េចទេ។ ដេកមិនលក់សោះ។ ដូចរសាប់រសល់ម៉េចទេ។» ភីដាតប រួចក្រោកអង្គុយ។
«អ៊ីឯងនៅគិតរឿងមិញទេដឹង?»
«មិនដឹងដែរ។ ដូចអត់មានគិតទេ តែចិត្តមិនស្រឡះសោះ ហើយចេះតែឮសំឡេង។»
លាភក្រោកអង្គុយ រួចនាង និងភីដាអង្គុយមើលមុខគ្នា។
ពិតជាមិនដឹងថាមូលហេតុអ្វីឡើយ។ ភីដារសេះរសោះក្នុងខ្លួននៅមិនសុខ។ មួយទៀត ភ្នែកនាងចេះតែទាញទៅរកវ៉ាលិស។ នាងសង្កេតតាំងពីនាងចេញពីសណ្ឋាគារ។ ភ្នែកនាងទាញមិនឈប់សោះ។ ទាញទៅរកតែវ៉ាលិស។ ទ្រាំមិនបាន នាងក៏ប្រាប់ឲ្យលាភទៅយកវ៉ាលិសមករើអីវ៉ាន់ចេញទាំងអស់។ ពេលនោះ គីភ្ញាក់ ហើយនាងក៏មកជួយរើអីវ៉ាន់ដែរ។
ពួកគេទាំងបីរើម្តងមួយៗ ហើយលាភក៏ប្រទះឃើញកន្សែងពោះគោពណ៌សមួយ។ នោះមិនមែនរបស់ភីដា, មិនមែនរបស់នាង ហើយក៏មិនមែនរបស់អ្នកនៅក្នុងគ្រួសារនេះដែរ។ អ៊ីចឹងមានន័យថា កន្សែងនោះជារបស់សណ្ឋាគារ។
ភីដាគ្រវីក្បាល៖
«អ៊ីចឹងតើបានភ្នែកចេះតែទាញមកហ្នឹង។ គី! ឯងទៅរកថង់មួយមក ហើយទៅរកស្ករគ្រាប់ពីរបីគ្រាប់មកផង។»
គីធ្វើកាយវិការស្ទាក់ស្ទើរ។ លាភដឹងថាគីខ្លាច ដូច្នេះនាងសុំខ្លួនជាអ្នកទៅវិញ។ នាងទៅរកម្ចាស់ផ្ទះសុំថង់ស្អាតមួយ ហើយនាងរកបានស្ករគ្រាប់ប្រាំគ្រាប់ពីកូនម្ចាស់ផ្ទះ។ ម្ចាស់ផ្ទះឆ្ងល់ តែលាភប្រាប់ថា ថង់ទុកសម្រាប់ច្រកសំរាម ហើយស្ករគ្រាប់វិញ នាងយកទៅញ៉ាំ ព្រោះនាងខ្វះជាតិស្ករ។ ស្តាប់ការបកស្រាយហើយ ម្ចាស់ផ្ទះក៏ឈប់ដេញដោល។
បានរបស់គ្រប់ហើយ នាងយកមកឲ្យចៅហ្វាយស្រី។ ភីដាបានយកកន្សែងដាក់ក្នុងថង់ រួចនាងយកស្ករគ្រាប់ និងលុយក្រដាសប្រាំរយរៀលមួយសន្លឹកដាក់ចូលទៅ។ បន្ទាប់មកនាងចងមាត់ថង់យ៉ាងជាប់ រួចប្រាប់ឲ្យលាភយកទៅបោះចោល។
មិនបង្អង់ លាភដើរកាន់ថង់ចុះទៅក្រោម។ នាងចេញទៅក្រៅផ្ទះ រួចឆ្លងថ្នល់យកថង់ទៅចោលក្នុងធុងសំរាមដែលគេទុកសម្រាប់ឲ្យដាក់សំរាមប្រមូលផ្តុំ។ បន្ទាប់មកទើបនាងត្រឡប់មកបន្ទប់វិញ។
គ្រាន់តែធ្វើរួច ភាពរសាប់រសល់ទាំងប៉ុន្មានបាត់អស់។ អារម្មណ៍ភីដាជ្រះស្រឡះថ្លាឆ្វង់។ នាងប្រះខ្លួនដេកក្បែរកូន រួចក៏លង់លក់យ៉ាងស្រួល។
ម៉ោងពីរទៀបភ្លឺ លែងឮសំឡេងជល់កែវឬសើចទៀតហើយ។ ម្នាក់ៗវាររកកន្លែងរៀងខ្លួន។
ងាកមកមុខផ្ទះវិញ ឡានដឹកសំរាមមួយកំពុងគើមៗមកដល់។ ប្រុសៗពីរបីនាក់ដែលដើរតាមឡានបានទៅជញ្ជូនសំរាមពីធុងទៅដាក់ក្នុងឡាន។ ពួកគេជញ្ជូនទាល់តែអស់ពីធុង។ បន្ទាប់មកទើបឡានបន្តទៅយកសំរាមនៅមុខទៀត។ ពេលឡានបរផុតមុខផ្ទះ ក៏ឮសំឡេងឆ្កែលូល្វើយៗនៅឯនាយ៕