ម៉ោង ៨ កន្លះហើយ។
ភីដាសម្លឹងមើលតារាស្រីដែលនៅក្នុងទូរទស្សន៍។ វគ្គគេដើរកាន់ដៃជាមួយតួប្រុសនៅមាត់សមុទ្រ។ តួស្រីឈរបែរមុខទៅរកថ្ងៃលិច រួចយកដៃច្បូតសក់ ហើយបែរមុខមក។ ពេលនោះឯង ក៏មានសក់មួយក្រញុំហើរចេញពីកញ្ចក់ទូរទស្សន៍យឺតៗសំដៅមករកនាង។
«យីះ! ស្អីហ្នឹង?»
ភីដារាងញញើត។ នាងរាវរករបស់មកបក់សក់នោះចេញ តែនៅលើពូកមានតែទូរស័ព្ទ នាងក៏យកមកគ្រវីចុះឡើងៗ។ សក់នោះមិនមានទៅណាទេ នៅហោះនៅចំពោះមុខនាង។ បែបនេះធ្វើឲ្យភិតាខ្លាចណាស់។ នាងគ្រវីទូរស័ព្ទកាន់តែញាប់ ហើយសក់ចម្លែកក៏អណ្តែតឡើងខ្ពស់ពីលើក្បាលរបស់នាង។ វាបម្រុងនឹងទម្លាក់ខ្លួនចុះមកនៅលើក្បាល តែភិតាខំគ្រវីទូរស័ព្ទពីលើក្បាលនាងយ៉ាងញាប់ដៃ ធ្វើឲ្យវានៅអណ្តែតនៅខាងលើ។
ឃើញចៅហ្វាយស្រីមានរឿង លាភក៏ស្ទុះក្រោកឈរឡើង ទៅយកកន្សែងដែលដាក់ហាលក្នុងបន្ទប់ទឹក មកគ្រលាស់កន្សែងភឹបៗឡើងទៅលើបំណងឲ្យចំសក់នោះឲ្យវាធ្លាក់ចុះមក នឹងអាលនាងយកទៅបោះចោល តែសក់នោះមិនព្រមធ្លាក់សោះ។ វានៅអណ្តែតទៅវិញទៅមក។ ឃើញដូច្នោះ លាភក៏ឡើងទៅឈរលើពូក ហើយគ្រវាសកន្សែង។ ភឹប។ ត្រូវចំសក់នោះ តែវានៅមិនព្រមទៅណា។ លាភក៏ដាក់មួយភឹបទៀត។ វានៅតែក្បាលរឹងមិនព្រមធ្លាក់ និងមិនព្រមអណ្តែតទៅកន្លែងផ្សេង។ លាភមួម៉ៅ ក៏ចាប់ចុងកន្សែង ហើយវាយអស់មួយទំហឹងដៃ។ ផ្លាប់។ សក់ចម្លែកត្រូវមួយដំណំក៏អណ្តែតចេញពីលើពូកសំដៅទៅរកទ្វារ។ លាភរត់ដេញតាមវាយ។ មើលទៅសក់នោះដូចជាខ្លាច ទើបវាអណ្តែតលឿន។
«បើកទ្វារឲ្យវាចេញទៅក្រៅទៅ។» ភីដាស្រែកប្រាប់។
លាភឆ្លើយចាស៎ ហើយដេញតាមក្រញុំសក់ ដោយវាសកន្សែងឲ្យវាទៅមុខ កុំឲ្យវាហើរមកក្រោយវិញ។ នាងគ្រវីកន្សែងភឹបៗមិនឈប់ រហូតដល់ទ្វារ ទើបនាងបើកទ្វារយ៉ាងលឿន ហើយនាងមិនព្រមបញ្ឈប់គ្រវាសកន្សែងទេ ដោយខ្លាចថាវាមិនព្រមចេញ តែដុំសក់នោះព្រមអណ្តែតចេញទៅក្រៅតាមសម្រួល។
គ្រាន់តែវាចេញទៅផុត លាភប្រញាប់ទាញទ្វារបិទ រួចចាក់សោដាក់គន្លឹះយ៉ាងហ្មត់ចត់។
«វាចេញទៅហើយ?» ភីដាសួរ។
«ទៅហើយ។» លាភឆ្លើយ។
«មិញហ្នឹងជាអី?»
«ដូចសក់។»
«សក់? ចុះមកពីណា?»
«ប្រហែលជាគេបោសមិនស្អាត។»
«ប្រហែលដែរ.. ជួនកាលនៅតាមកន្លៀតកន្លោះ.. តែសំខាន់កំពុងមើលទូរទស្សន៍សុខៗ ស្រាប់តែឃើញវាហោះមក ហើយហោះមករកឯងទៀត។ ព្រឺចង់ងាប់។»
លាភមិនមាត់ ប៉ុន្តែនាងដឹងថាហេតុអីទើបមានសក់ហ្នឹង តែនាងមិនចង់ឲ្យចៅហ្វាយខ្លាច។ អម្បាញ់មិញ ភីដាឡើងចង់ស្លេកទៅហើយ, បើដឹងការពិតទៀត មិនដឹងយ៉ាងម្តេចម្តាទេ។ នៅមានរតនៈទៀត។ លាភបានចូលទៅអង្គុយលេងជាមួយរតនៈដោយកៀកខ្លួនគេជាប់។ នាងមិនហ៊ានឲ្យគេឃ្លាតឆ្ងាយពីខ្លួន និងខ្សែភ្នែករបស់នាងទេ។ នាងចេះតែខ្លាចគេត្រូវបានគេនាំចេញទៅ។
អង្គុយមែនពិត តែខួរក្បាលរបស់លាភគិតរិះរកមធ្យោបាយរំដោះបញ្ហា។ នាងមានអារម្មណ៍ថា បន្តិចទៀតនឹងមានរឿងហើយ ហើយរឿងនោះនឹងគួរឲ្យខ្លាចជាងអម្បាញ់មិញទៀតផង។ នាងយល់ថា មានគេមិនចង់ឲ្យពួកនាងនៅ។