«តើទៅយ៉ាងម៉េច អ៊ី?» លាភសួរភីដា ដោយចង្អុលទៅវ៉ាលិស។
ពេលនោះ ភីដាសញ្ជឹងគិតព្រោះវ៉ាលិសមានបី។ មួយធំ និងពីរទៀតទំហំល្មម។ គ្នាមានតែពីរនាក់ ហើយភិតាជាប់ពកូន។ នាងមិនចង់យកម្តងមួយៗទេ។ នាងចង់ចេញទៅម្តងឲ្យរួចរាល់។
«គិតម៉េច អ៊ី?» លាភសួរបញ្ជាក់។
ភីដាគ្រវីក្បាល៖
«មិនដឹងគិតម៉េចទេអ្ហា៎! ដូចសុញអស់ហើយ។»
«អ៊ី គិតអ៊ីចេះទៅ។ អ៊ី និងអាអូនចេញទៅមុនទៅ ចាំខ្ញុំអូសវ៉ាលិសចេញតាមក្រោយ។ ប៉ុន្តែអ៊ីអាចកាន់កាបូបអូនណាក់ទៅជាមួយបានអត់?»
ភីដាងក់ក្បាល ហើយលាភក៏លើកកាបូបមកពាក់នឹងស្មាម្ខាងរបស់ចៅហ្វាយស្រី។
នៅក្នុងបន្ទប់ ខ្មោចយាយចាស់កំពុងឈរនៅមាត់ទ្វារបន្ទប់ទឹក។ ខ្មោចក្មេងប្រុសនៅលើខ្នងទូខោអាវ។ រីឯខ្មោចប្រុស និងខ្មោចស្រីមិននៅក្នុងបន្ទប់ទេ។
បន្ទាប់មក ភីដាប្រឹងដើរទៅរកទ្វារ។ ទម្ងន់របស់កាបូប ថែមទាំងទម្ងន់របស់កូនធ្វើឲ្យនាងដើរទៅទាំងលំបាក។ ដើរបានប៉ុន្មានជំហាន នាងដូចចង់ទន់ជង្គង់។ សំណាងល្អលាភស្ទុះមកជួយទប់ទាន់ ហើយនាងក៏ដកយកកាបូបមកកាន់នឹងដៃ ព្រមទាំងពោល៖
«មើលទៅ អ៊ីឯងទប់មិនរួចទេ។ ម៉ោះ ខ្ញុំយួរកាបូបឲ្យ ហើយខ្ញុំនាំអ៊ីឯង និងអាអូនចេញទៅមុនសិន។»
ភីដាមិនមាត់, នាងស្តាប់តាមការចាត់ចែងរបស់លាភទាំងអស់។
លាភប្រើដៃម្ខាងយួរកាបូប ដៃម្ខាងទៀតកាន់ដៃចៅហ្វាយស្រី ហើយដើរសំដៅទៅរកទ្វារ។ ពេលដើរមកដល់ទូខោអាវ ស្រាប់តែឃើញមានក្មេងប្រុសម្នាក់ហក់ពីលើខ្នងទូមកវាយដៃពួកគេទាំងពីរដែលកំពុងចាប់កាន់គ្នានោះផាំង ធ្វើឲ្យពួកគេរបូតដៃចេញពីគ្នា។ ពេលនោះ ភីដាឡើងភ្ញាក់ព្រើត។ នាងស្ទុះរត់ទៅឈរនៅមុខទូរទស្សន៍វិញ។ ក្មេងប្រុសនោះ នាងបានមើលឃើញយ៉ាងច្បាស់ក្រឡែត។ នាងឱបកូនទាំងខ្លួនញ័រតតាត់។ ប៉ុន្តែលាភមិនខ្លាចទេ។ នាងដើរចូលមកឈរក្បែរភីដា រួចសម្លឹងមើលបន្ទប់ ដោយមុខឡើងមាំ៖
«កុំផ្តេសផ្តាស! ពួកយើងទៅហើយ។ កុំមករករឿង។»
«និយាយជាមួយនរណា?» ភីដាសួរ។
«និយាយជាមួយពួកហ្នឹង។» លាភឆ្លើយ។
ពេលនោះ ទ្វារបន្ទប់ទឹកបិទដោយខ្លួនឯងឮគ្រាំង។ រតនៈក៏ស្រែកយំង៉ោង។ ភីដាខំលួងកូន៖
«អត់អីទេកូន។ ខ្យល់តើកូន។ ខ្យល់តើ។»
សំណាងល្អ គេយំដោយសារតែភ្ញាក់នឹងសំឡេងឮខ្លាំង។ តែមួយភ្លែត គេក៏បាត់យំ។ ភីដាងាកទៅនិយាយនឹងលាភទាំងទឹកមុខព្រួយបារម្ភ៖
«អ៊ីខ្លាចដល់ហើយ។ ខ្លាចតែគេធ្វើអីកូន។ មើលទៅគេមិនសូវហ៊ានជាមួយឯងទេ។ អ៊ីចឹងឯងជួយពកូនណាក់។ ម៉េចៗនាំប្អូនចេញទៅ។ ចំណែករបស់របរ, បើសិនជាចាំបាច់ បោះចោលទៅ។»
«ចាស៎។»
លាភទទួលយករតនៈពីដៃភីដាមកព រួចនាងប្រាប់ទៅភីដាថា៖
«អ៊ីឯងតោងដៃខ្ញុំមក។ យើងសាកល្បងម្តងទៀត។»
តាមពិតភីដាមិនចង់ទេ។ ក្នុងចិត្តនាងសំខាន់គឺកូន។ ប៉ុន្តែនាងក៏យល់ព្រមតាមសំណើរបស់លាភ។ យ៉ាងណា នាងក៏សង្ឃឹមថាខ្លួននាងបាននៅក្បែរកូន, នាងមិនចង់មានរឿង ខ្លាចអត់មាននរណាថែកូន, តែបើគ្មានជម្រើស នាងសុំឲ្យកូនបានរួចខ្លួន។
ការសាកល្បងលើកទីពីរ, លាភយកកាបូបដៃរបស់ភីដាចេញពីក្នុងវ៉ាលិស ហើយយកមកឲ្យភីដាស្ពាយនឹងខ្លួន។ ចំណែកនាងស្ពាយកាបូបសម្ភាររបស់រតនៈនឹងស្មា ហើយដៃពរតនៈឱបរតនៈយ៉ាងជាប់។ នាងបានឲ្យភីដាដើរពីមុខនាង, រាងបញ្ឆិតខ្លួនបន្តិចអែបនឹងរតនៈ ហើយនាងដើរកៀកជាប់នឹងខ្លួនភីដា។ ក្នុងខួរក្បាលលាភគិតថា បើចាំបាច់, ពេលទៅដល់ទ្វារ នាងនឹងរុញរតនៈទៅឲ្យភីដា ហើយរុញម្តាយកូនទាំងពីរចេញទៅក្រៅបន្ទប់, ដូច្នេះហើយទើបនាងទៅយកកាបូបដៃឲ្យភីដា ព្រោះក្នុងកាបូបមានប្រាក់ដែលអាចឲ្យភីដារកតាក់ស៊ីបាននៅខាងក្រៅ។ សូមី្បតែទូរស័ព្ទរបស់ភីដា ក៏ត្រូវនាងញាត់ចូលទៅក្នុងកាបូបដៃរួចស្រេចដែរ។
ភីដាគ្មានមាត់មួយម៉ាត់។ លើកនេះ នាងត្រូវពឹងផ្អែកលើលាភទាំងស្រុង។
ពួកនាងទាំងពីរដើរតម្រង់ទៅរកទ្វារដែលបិទជិត។ ភីដាមិនហ៊ានមើលទៅណាទេ ក្រៅពីមើលត្រង់។ លាភក៏ដូចគ្នាដែរ។ ពួកនាងដើរក្នុងដំណើរមួយៗ តែរហ័ស និងច្បាស់។ គឺថាដើរសំដៅទៅកាន់ទ្វារ។
ដូចជាគ្មានអ្វីមករារាំងទេ។ ប៉ុន្តែភីដានៅតែញញើត ជាពិសេសពេលកាន់តែជិតដល់ទ្វារ។
មកដល់ទ្វារហើយ។ លាភមួលសោក្រាក។ ទ្វាររបើក។ នាងក៏រួសរាន់រុញភីដាទៅឲ្យផុតមាត់ទ្វារ ហើយនាងហុចកូនទៅឲ្យភីដាពភ្លាម។
«អ៊ីឯងទៅចាំខ្ញុំនៅមុខនោះទៅ។» លាភប្រាប់ ហើយភីដាក៏ដើរយ៉ាងលឿនទៅឈរនៅមុខបន្ទប់ក្បែរស្រះទឹក។
លាភទុកកាបូបសម្ភារនៅមុខទ្វារ ហើយនាងបើកទ្វារចំហអស់តែម្តង។ នាងរត់ចូលទៅក្នុងទៅអូសវ៉ាលិសចេញមក។ រីឯភីដាឈរនៅខាងក្រៅ, ភ្នែកសម្លឹងរំពៃមើលលាភ។ ពេលនោះ នាងនឹកឃើញសម្តីអ្នកគ្រូ ក៏យកលុយក្រដាសប្រាំរយរៀលមួយសន្លឹក បោះនៅមុខបន្ទប់ ហើយបន់ស្រន់ឲ្យលាភចេញមកវិញបានដោយសុវត្ថិភាព។ នោះលាភអូសវ៉ាលិសមកដល់មាត់ទ្វារហើយ។ រហ័សណាស់។ មកដល់ទ្វារភ្លាម នាងយកកាបូបសម្ភារទៅដាក់លើវ៉ាលិសមួយ ទើបអូសចុះខឿនតម្រង់ទៅរកភីដា ព្រមទាំងស្រែកប្រាប់៖
«តស់ទៅ អ៊ី។»
«ទៅតាមផ្លូវណា?» ភីដាសួរ។
«ទៅតាមនេះ។» លាភអូសវ៉ាលិសទៅតាមផ្លូវស្របនឹងជួរបន្ទប់ពួកនាងស្នាក់។ ភីដាទៅតាម។ ពួកគេអត់ងាកក្រោយទេ។