ពួកនាងដើរត្រង់រហូត។ នៅឆ្វេងដៃជាបន្ទប់ជាច្រើនជាប់ៗគ្នា, មួយជួរយ៉ាងវែង។ ខាងស្តាំដៃវិញមានច្រកតូចៗជាច្រើនដែរ។ បន្ទប់ទាំងអស់ងងឹតស្លុប ឥតមានបើកភ្លើង, មានតែភ្លើងអំពូលតាមសរសរឃើញភ្លឺព្រឹមៗ ហើយតាមផ្លូវដែលពួកនាងកំពុងតែដើរបានពន្លឺពីអំពូលបញ្ឈរក្នុងសួន។
ថ្ងៃបុណ្យសមុទ្រ ភ្ញៀវជួលបន្ទប់ តែពួកគេមិននៅទេ។ ពួកគេទៅដើរលេងនៅឆ្នេរ ទៅលេងតាំងពិព័រណ៍អស់ហើយ។ ពួកគេជួលបន្ទប់សម្រាប់ទុកដេកពេលភ្លឺ ក្រោយមកពីដើរលេង។
ភីដាសែនខ្លាច ពេលសម្លឹងមើលទិដ្ឋភាពជុំវិញខ្លួន។ នាងព្រឺព្រឺសម្បុរខ្ញាកៗ ពេលឆ្លងកាត់ច្រកផ្លូវម្តងៗ ហើយនាងចេះតែឃើញមនុស្សឈរនៅចំកណ្តាលច្រកទាំងនោះ។ នាងក៏លូកយកក្រដាសប្រាក់ប្រាំរយរៀលបោះទៅមុខច្រក ទើបនាងលែងឃើញទៀត។
មានបន្ទប់មួយនោះ, នៅខាងមុខ, ស្ថិតនៅជួរបន្ទប់ខាងស្តាំដៃ, ងងឹតឈឹង តែនាងឃើញតាមវាំងននបង្អួចខាងមុខបន្ទប់ មានគេបង្ហើបជាយវាំងននបន្តិច ដោយចេញតែប្រឡង់ភ្នែកមើលមកពួកនាង។
គ្រាន់តែឃើញ ភីដាគ្រញែងខ្លួន រោមដៃបះជ្រោង។ នាងបោះលុយមួយសន្លឹកទៀត ទើបឃើញវាំងនននោះបិទជិតវិញ។
នៅតាមផ្លូវនាងសូត្រធម៌ក្នុងចិត្តរហូត ហើយគ្រប់កន្លែងដែលនាងមានអារម្មណ៍ខ្លាចឬព្រឺសម្បុរ នាងតែងតែបោះក្រដាសប្រាក់។ សំណាងល្អហើយមានក្រដាសប្រាក់រាយច្រើនសន្លឹក។
ដោយសារតែផ្លូវសួនច្បារជាផ្លូវស៊ីម៉ងត៍ ដូច្នេះមិនពិបាកអូសវ៉ាលិសទេ។ យូរក្រែលដែរទើបមើលឃើញរបង។ ទាំងពីរនាក់ងាកទៅមើលទ្វារ ឃើញទ្វារបិទហើយ។ ក្រឡេកទៅខាងស្តាំ, គឺតុទទួលភ្ញៀវ។ ភីដាឃើញចេងអង្គុយនៅនឹងតុ។ នាងត្រេកអរណាស់។ នាង និងលាភតម្រង់ទៅរកកន្លែងទទួលភ្ញៀវ។ នៅទីនោះមានសាឡុង។ ពេលទៅដល់ លាភបានប្រាប់ឲ្យភីដាទៅអង្គុយលើសាឡុង ហើយនាងយកវ៉ាលិសទៅដាក់ក្បែរសាឡុង មុននឹងដើរទៅរកចេង៖
«អូន! បងសុំចេញឥឡូវ។ អូនជួយបើកទ្វារឲ្យបងបន្តិចមក។»
ប៉ុន្តែចេងមិនតប។ គេនៅអង្គុយស្ងៀម។ លាភនិយាយម្តងទៀត។ គេក៏នៅតែមិនមាត់។ លាភឆ្ងល់ណាស់។ លុះនាងសម្លឹងមើលចេង នាងឃើញភ្នែករបស់គេក្រឡេកក្រឡាប់, សើចស្ញេញស្ញាញ ហើយឱនមុខចុះរហូតដូចមនុស្សចាញ់ច្រាប, មិនហ៊ានងើបមុខមើលមុខលាភទេ។
‘កាយវិការបែបនេះ មួយរយភាគរយគឺខ្មោចចូល។’ លាភគិតក្នុងចិត្ត, បន្ទាប់មក នាងសម្លឹងទៅទ្វារ។ ‘មើលទៅត្រូវពឹងលើខ្លួនឯងហើយ។’
គិតហើយនាងដើរទៅរកទ្វារ ដោយមិនភ្លេចប្រាប់ភីដា៖
«អ៊ីឯងអង្គុយនៅហ្នឹង។ កុំទៅណា។»
បន្ទាប់មក នាងទៅមើលទ្វារ។ ទ្វារនោះគ្រាន់តែទាញបិទ គ្មានចាក់សោទេ តែទ្វារនោះជាទ្វាររុញ ដូច្នេះនាងក៏សាករុញបើក តែតឹងណាស់។ នាងបានប្រឹងកម្លាំងអស់ពីខ្លួន នៅតែបើកមិនបាន។ លាភនឹកពិចារណា។ តាមមើលទ្វារ មិនសមតឹងដល់ម៉្លឹងទេ។ នាងយល់ថា ដូចជាកំពុងមាននរណាម្នាក់ព្យាយាមទប់ពីខាងណោះ មិនឲ្យនាងរុញទ្វារនេះបាន។