ភីដាជានារីស៊ីវិល័យ។ នាងចូលចិត្តភាពស្រស់ស្អាត។ នាងថែខ្លួនណាស់។ ក្រៅពីសម្រស់ នាងក៏រក្សាអនាម័យដែរ ព្រោះនាងខ្លាចនាំឲ្យកូនឈឺ។
រួចហើយនាងអង្គុយលើឥដ្ឋ បញ្ឈរជង្គង់ ដាក់កញ្ចក់តូចលើភ្លៅ ដោយយកប្រដាប់ញិចមកចុចលើផ្ទៃមុខត្រង់មានមុន។ ក្រោយពីញិចរួច នាងយកសំឡីមួយដុំធំល្មមមកចាក់អាល់កុលពីលើ ហើយយកជូតត្រង់កន្លែងមុន។ បន្ទាប់មក នាងទុកសំឡីលើឥដ្ឋ ទើបយកថ្នាំមកលាបមួយជាន់ទៀត។ ធ្វើដូច្នេះដើមី្បការពារកុំឲ្យមេរោគឆ្លងចូល។ កម្ចាត់សត្រូវលើមុខរួចរាល់ហើយ នាងចាប់យកសំឡីនោះបម្រុងនឹងយកទៅបោះចោល ស្រាប់តែប្រទះភ្នែកនឹងដំណក់ពណ៌ក្រមៅរាយជាប់ៗគ្នាលើឥដ្ឋមុខបន្ទប់ទឹក។ ពេលឃើញនោះ នាងមិនបានគិតអ្វីច្រើនទេ នាងគ្រាន់តែយកសំឡីក្នុងដៃទៅជូតសម្អាតដំណក់ទាំងនោះ។ ដំណក់ដែលដក់ជាប់នឹងឥដ្ឋនោះ មានពណ៌ស្រគាំ និងមើលទៅជាដុំកកតូចៗប៉ុនចុងក្រចកប៉ុណ្ណោះ ប៉ុន្តែវាបែរជាបែកចេញជាពណ៌ក្រហមឆ្អាលដូចឈាមពេញសំឡីទៅវិញ។
«ស្អីហ្នឹង!»
ភីដាប្រញាប់ប្រញាល់យកសំឡីទៅបោះចោលក្នុងធុងសំរាមបន្ទប់ទឹកភ្លាម។ នាងចេញមកវិញព្រមជាមួយនឹងភាពខ្ពើមរអើម និងតក់ស្លុត។ ពេលនោះដូចមានអ្វីប្រាប់នាងឲ្យដឹងថា មិនស្រួល។ ហើយអារម្មណ៍នាងភ័យ និងខ្លាច។ រំពេចនោះដែរ មិនដឹងហេតុម្តេច នាងស្រាប់តែស្រមើស្រមៃឃើញស្រះនៅមុខបន្ទប់នាង, ឃើញមានព្រលឹងជាច្រើនចេញពីទឹកនោះ ហើយបក់ដៃហៅកូនទាំងបីឲ្យចុះទៅ។
ឃើញត្រឹមនេះ ភីដាព្រឺសម្បុរខ្ញាកៗ។ តាំងពីចូលមកគ្មានឮសំឡេងសត្វអីផង ស្រាប់តែមកលេចសំឡេងឆ្កែលូយ៉ាងគ្រលួចចំពេលនោះ ធ្វើឲ្យនាងខ្លាចកាន់តែខ្លាំងឡើង។
រីឯលាភវិញ ពេលឮសំឡេងឆ្កែលូដូច្នេះ នាងក៏ខិតទៅអង្គុយកៀកនឹងរតនៈ។ នាងធ្វើមិនឮមិនរវល់ តែភ្នែករំពៃមើលសព្វក្នុងបន្ទប់។ អ្វីដែលនាងត្រូវធ្វើពេលនេះគឺការពាររតនៈ។
ភីដាចាប់ជ្រួលច្របល់ក្នុងចិត្ត។ នាងទៅយកទូរស័ព្ទមកចុចតេទៅរកប្តី ប៉ុន្តែទូរស័ព្ទនៅតែគ្មានសេវាដដែល។ នាងអន្ទះអន្ទែងណាស់។ នាងបិទទូរស័ព្ទ ហើយបើកសាជាថ្មី។ ធ្វើពីរបីដង នៅតែគ្មានសេវា។
«អាលាភ! អ្ហែងចុចទៅរកពូអ្ហែងមើល។»
លាភប្រញាប់ធ្វើតាមបង្គាប់របស់ចៅហ្វាយស្រី។ ប៉ុន្តែ… នាងចុចទៅនរណាក៏បានដែរ តែចុចទៅរកសុខរាជ និងគីមិនចូលសោះ។ ពេលកំពុងទ័លតម្រិះ, លាភក៏នឹកឃើញប្រាប់ឲ្យម្តាយជួយទូរស័ព្ទទៅចៅហ្វាយប្រុស និងគីជំនួសនាង តែនៅតែមិនបាន។
លាភមួម៉ៅ។ នាងចង់ឈ្នះ។
«មកអ៊ី! ឲ្យទូរស័ព្ទអ៊ីឯងមក។ ខ្ញុំទៅចុចនៅខាងក្រៅ ក្រែងលោមានសេវា។ អ៊ីឯងមើលអាអូនផង។»
ពេលនេះ កូនចៅបញ្ជាចៅហ្វាយម្តងហើយ។ ភីដាព្រមហុចទូរស័ព្ទទៅឲ្យលាភ ហើយនាងចុះទៅអង្គុយក្បែរកូន។
លាភបានបើកទ្វារទៅឈរនៅក្រៅបន្ទប់។ នាងលើកទូរស័ព្ទឡើងខ្ពស់, បង្វិលទៅរកគ្រប់ទិសដើមី្បស្វែងរកសេវា។ គ្មានសោះ, សូមី្បតែមួយកាំក៏មិនចេញដែរ។ លាភរឹតតែក្តៅក្រហាយ។ នាងកាន់ទូរស័ព្ទនឹងដៃស្តាំ ហើយលោតៗនៅមុខបន្ទប់។
ឃើញដូច្នោះ ភីដាស្រែកសួរ៖
«ចុះអ្ហែងធ្វើស្អីហ្នឹង?»
«ខ្ញុំហក់ឲ្យខ្ពស់ ក្រែងលោចាប់សេវាបាន។»
ភីដាគ្រវីក្បាល៖
‘ចេះនឹកឃើញទៅកើត។’
ចំណែករតនៈវិញ ពេលឃើញកាយវិការរបស់លាភ គេក៏ស្ទុះក្រោកឈរហើយលោតដែរ។ ភីដាខំចាប់កូនឲ្យនៅស្ងៀម ហើយប្រាប់ទៅ លាភ៖
«ប្អូនលោតតាមហើយ។ ឈប់ទៅ! ម៉ោះ, ចូលក្នុងវិញ។»
លាភមិនអស់ចិត្តសោះ។ នាងនៅលោតពីរបីដងទៀត។ ទោះយ៉ាងណាក៏ចាប់សេវាមិនបានដែរ។ ចុងក្រោយ នាងក៏សុខចិត្តដើរចូលមកក្នុងបន្ទប់វិញទាំងមិនសូវសប្បាយចិត្ត។