នៅក្នុងរថយន្ត ក្មេងទាំងបីដេកលង់លក់។ ភិរិកា និងសុខរដ្ឋនៅបាំងខាងក្រោយ ដោយមានលាភ និងគីអង្គុយអមសងខាង។ ចំណែកសុខរតនៈដេកលើដៃម្តាយ។
ភីដាបានរៀបរាប់រឿងតាំងពីដើមដល់ចប់ប្រាប់ប្តី។ សុខរាជស្តាប់ឡើងព្រឺសម្បុរ។ និយាយពីគីវិញអង្គុយរួញជើង។ ចំណែកលាភលួចសើចក្នុងចិត្តពេលឃើញកាយវិការរបស់គី។
«បងនាំកូនទៅញ៉ាំហេមបឺហ្កឺ។» សុខរាជប្រាប់ដំណើររឿងរបស់គេម្តង «ពេលចេញមកវិញ បងទៅរកទិញម្ហូប។ បងត្រូវជិះទៅទិញនៅម្តុំរង្វង់មូលតោពីរ។ នៅទីនោះគ្មានអីពិសេសទេ, ចេះតែទិញទិញទៅ។ ទិញរួច ជិះមកវិញ, បងរកសណ្ឋាគារមិនឃើញសោះ។ បងជិះលើផ្លូវមុខសណ្ឋាគារច្រើនត្រឡប់ណាស់ ឃើញតែដើមឈើ, មិនឃើញផ្ទះ, តែផ្លូវអត់ខុសទេ។ បងអត់ហ៊ានមាត់ ខ្លាចក្មេងៗភ័យ។ បងចេះតែជិះជិះទៅ។ បងតេទៅរកអូនដែរ តែទូរស័ព្ទអត់សេវា ហើយទូរស័ព្ទអាគីអស់ថ្ម។ ក្មេងៗដេកលក់អស់។ បងជិះទៅវិញទៅមកនៅតែលើផ្លូវហ្នឹង។ បងខ្លាចដែរតើ។ ទាល់តែអូនតេមកប្រាប់។ បងធ្វើតាមអូនដោយជិះចុះជិះឡើង.. ស្រាប់តែឃើញមានផ្ទះមានអី.. បងក៏ជិះមើល.. ទើបឃើញសណ្ឋាគារ.. ហើយបងក៏បត់ចូល។»
ស្តាប់ប្តីរៀបរាប់ហើយ ភីដាដកដង្ហើមមួយយ៉ាងវែងដើមី្បបន្ធូរអារម្មណ៍។
«ពេលនេះតើយើងទៅណា?» នាងសួរ។
«ទៅរកកន្លែងគេង។» សុខរាជតប។
«មានតែទៅគេងនៅមាត់សមុទ្រ។ បើសណ្ឋាគារផ្ទះសំណាក់ពេញអស់ហើយ។»
«ចាំបងរកនឹកមើលសិន។»
«អូ! អូនភ្លេចតេទៅរកម៉ាក់។»
ភីដាប្រញាប់យកទូរស័ព្ទមកចុចទៅរកម្តាយភ្លាម៖
«អាឡូម៉ាក់!»
«អាឡូកូន! ម៉េចហើយកូន?»
«កូនជួបជាមួយបង និងកូនៗហើយ។»
«អូ ល្អណាស់។ គុណព្រះជួយ។»
«ហើយចុះម៉ាក់នៅផ្ទះអ្នកគ្រូនៅឡើយតើអ្ហ៊ែៈ?»
«អត់ទេ! ម៉ាក់ចេញមកហើយ។ អ្នកគ្រូប្រាប់ថា លែងអីហើយ។ នៅតិចតួច តែវាអត់មានបញ្ហាទេ។ កូនឯងអាចដោះស្រាយបាន។»
«នៅមានទៀតអ្ហ៎ម៉ាក់?»
គ្រាន់តែនិយាយដល់ត្រឹមហ្នឹង ស្រាប់តែសុខរាជជាន់ហ្វ្រាំងងឺត។ ម្នាក់ៗក្នុងឡានឡើងចង់ផ្កាប់មុខ។ ភីដាប្រឹងឱបកូន តែទូរស័ព្ទរបូតពីដៃធ្លាក់ទៅណាបាត់មិនដឹង។ នៅខាងក្រោយ លាភចាប់ភិរិកា, គីចាប់សុខរដ្ឋ។
«មានរឿងអីហ្នឹង?» ភីដាសួរទៅស្វាមី។
«បងឃើញដើមឈើកាត់ទទឹងផ្លូវ។» សុខរាជតប។ ប៉ុន្តែពេលមើលម្តងទៀត តាមរយៈភ្លើងហ្វាឡាន គ្មានឃើញអ្វីសោះ។ ផ្លូវទទេស្អាត។
«ឯណាដើមឈើ?» សុខរាជធ្វើមុខឆ្ងល់។
«បងឃើញដើមឈើ តែអូនឃើញស្រីម្នាក់ដើរកាត់មុខឡាន។ អូនស្មានតែបងជាន់ហ្វ្រាំង ព្រោះតែខ្លាចបុកគាត់តើ។» ភីដាពោល។
«ទេ! បងអត់ឃើញមនុស្សទេ។ បងឃើញដើមឈើ។ បងឃើញមែន។ ច្បាស់ណាស់។» សុខរាជអះអាង។
ម្នាក់ៗឃើញខុសគ្នា។ តើជាអ្វីឲ្យប្រាកដ?
មុនពេលសុខរាជជាន់ហ្វ្រាំង គីឃើញស្រីម្នាក់ស្លៀកពាក់ស, ដើរជ្រែកកាត់ពាក់កណ្តាលឡាន។
«ទូរស័ព្ទអូនជ្រុះហើយ។ មិនដឹងទៅដល់ណាទេ។» ភីដានិយាយ ព្រមទាំងឱនរកមើលទូរស័ព្ទ។
«ចាំបន្តិចទៀត ចាំរក។ ឥឡូវទៅរកកន្លែងគេងសិន។» សុខរាជបរឡានបន្តទៅមុខ។
«តើទៅគេងនៅឯណា?»
«បងរកនឹកសិន។»
សុខរាជបើកបណ្តើរគិតបណ្តើរ។
«បងសាកតេទៅរកបងជីដូនមួយសិន។»
«ផ្ទះគាត់នៅហ្នឹង?»
សុខរាជងក់ក្បាល រួចគេបន្ថយល្បឿនអែបឡានទៅរកចិញ្ចើមថ្នល់ ហើយយកទូរស័ព្ទមកចុច។ ក្នុងពេលនោះ ភីដាក៏ប្រាប់ឲ្យលាភ ជួយរកទូរស័ព្ទរបស់នាងដែលជ្រុះអម្បាញ់មិញ។
«អាឡូបង!» សុខរាជនិយាយទូរស័ព្ទ «បងនៅផ្ទះទេ? អូ នៅអ្ហ៊ែៈបង? មានអី.. ចង់ទៅរកសំណាក់ផ្ទះបងមួយយប់ហ្នឹងណា ព្រោះអីរកកន្លែងគេងមិនបាន។ អូ អ៊ីចឹងបងអ្ហ៊ែៈ! បាទ បាទ បង។ ខ្ញុំកំពុងជិះទៅ។ បាទ! អ៊ីចឹងបន្តិចទៀតខ្ញុំទៅដល់។ មិនទាន់ទេបង តែទិញម្ហូបរួចហើយ។ បាទ! ជួបគ្នា។» គេងាកមកប្រាប់ប្រពន្ធ «បានកន្លែងគេងហើយ។»
«ល្អណាស់។» ភីដាញញឹម។
ពេលសុខរាជបរឡានបន្ត, លាភបានប្រគល់ទូរស័ព្ទឲ្យភីដា ហើយភីដាក៏ទូរស័ព្ទទៅប្រាប់ម្តាយដើមី្បកុំឲ្យគាត់បារម្ភ។
ផ្ទះបងជីដូនមួយសុខរាជនៅមិនឆ្ងាយទេ។ មិនដល់ ១៥ នាទីផង ពួកគេបានទៅដល់។ ក្រុមគ្រួសាររបស់គាត់ត្រៀមស្វាគមន៍ប្អូន។ មិនមែនតែបងជីដូនមួយ នៅមានសាច់ញាតិខាងប្រពន្ធ, ពួកម៉ាក និងអ្នកជិតខាង។ ពួកគេកំពុងតែជប់លៀងបុណ្យសមុទ្រយ៉ាងអ៊ូអរ។ ម្ហូបត្រៀបត្រាមាននំបញ្ចុក សាច់អាំង គ្រឿងសមុទ្រ.. ថែមអាហាររបស់សុខរាជទិញទៀត។ បរិបូរតែម្តង។
គ្រាន់តែទៅដល់ភ្លាម សុខរាជត្រូវបងជីដូនមួយហៅចូលតុ។ ងាកមកភិរិកា, សុខរដ្ឋ និង សុខរតនៈ ស្វាងឲ្យចែស។ ពួកគេចូលរួមភាពអ៊ូអរជាមួយនឹងកូនៗរបស់ម្ចាស់ផ្ទះ និងក្មេងៗឯទៀត។
ប្រពន្ធបងជីដូនមួយបានមកនាំភីដាទៅបន្ទប់។ ដោយផ្ទះគេជាវីឡា មានបន្ទប់ច្រើន ដែលអាចឲ្យគ្រួសារភីដាសម្រាកបានយ៉ាងស្រួល។
និយាយពីលាភ និង គីវិញ ក្រោយពីយកអីវ៉ាន់ទៅដាក់ក្នុងបន្ទប់ហើយ ភីដាក៏ឲ្យចុះទៅញ៉ាំអី។ ទាំងពីរនាក់មិនតមទេ, អ្វីក៏ដាក់ចូលដែរ ជាពិសេសលាភ, គ្មានមាត់រកអ្នកណាទេ គិតពីកាយញាត់ៗ។ ភីដាក៏មកចូលតុជាមួយនឹងប្រពន្ធបងជីដូនមួយដែរ។ ងាកទៅប្តី, ឃើញសើច។ ងាកទៅកូន ឃើញលេងសប្បាយ។ ងាកទៅលាភ និង គី, ឃើញញ៉ាំអាហារយ៉ាងឆ្ងាញ់។ ឃើញគ្រប់គ្នារីករាយ នាងបាត់អស់ភាពភ័យខ្លាចដែលកើតឡើងមុននេះ។