រឿង «មនុស្ស និងមូស»

និពន្ធដោយ ភូ ចរិយា មនុស្ស ៖ នែ! យើងឆ្ងល់អ្ហែងណាស់ ម៉េចបានជាចេះតែដើរខាំគេ, បឺតឈាមគេអ៊ីចឹង? មូស ៖ ស្មានតែយើងចង់មែន! បើទេវតាបង្កើតយើងឲ្យស៊ីស្មៅដូចគោ ហ្នឹងយើងមិនមែនមកស៊ីឈាមពួកឯងទេ។ សួរដូចឆ្កួត។ មនុស្សគិតមួយសន្ទុះក៏យកសឺរ៉ាំងមកបូមឈាមដាក់ទៅក្នុងចាន រួចហុចឲ្យមូស។ មនុស្ស ៖ ណេះស៊ីទៅ! ហើយកុំមកខាំអញទៀត។ មូស ៖ មើល៍ យើងសុំសួរមួយ។ មនុស្ស ៖ សួរមក។ មូស ៖ ហេតុអីពេលទៅផ្សារទិញត្រី មនុស្សចូលចិត្តឲ្យអ្នកលក់វាយត្រីរស់? បើគង់តែយកអាងាប់ដដែល ម៉េចមិនទិញអាងាប់ស្រាប់? មនុស្ស ៖ យកអារស់ វាស្រស់។ មូស ៖ អើ! យើងក៏ដូចគ្នា។ យើងចូលចិត្តបឺតឈាមផ្ទាល់ពីខ្លួនមនុស្ស ព្រោះវាស្រស់។ មនុស្ស ៖ !!!

រឿង «ដើរក្រោមភ្លៀង»

និពន្ធដោយ ភូ ចរិយា ផាំង! គ្រាន់តែប៉ុណ្ណឹង ភ្លៀងក៏ធ្លាក់មករ៉ាវ រកតែខ្ញុំបើកឆត្រសឹងមិនទាន់។ នេះគឺធម្មជាតិ។ ខ្ញុំចង់រត់ តែសំពត់វែងត្រឹមស្មងជើងរបស់ខ្ញុំ មិនអាចឲ្យខ្ញុំរត់ ឬដើរលឿនបានឡើយ។ ចាប់ពីថ្ងៃស្អែកទៅ ខ្ញុំនឹងស្លៀកសំពត់វ៉ាល់ខ្លីត្រឹមក្បាលជង្គង់។ ភ្លៀងមិនឈប់ តែបែរជាកាន់តែខ្លាំងទៅៗ។ នៅខាងមុខក៏ភ្លៀង នៅខាងក្រោយក៏ភ្លៀង នៅពីលើក្បាលខ្ញុំក៏មានភ្លៀង។ បើអ៊ីចឹង ហេតុអ្វីខ្ញុំត្រូវរត់? ខ្ញុំបន្ថយល្បឿនដំណើរ មកត្រឹមមួយជំហានមួយវិនាទី។ ដើរបែបនេះ ទឹកសាចមកលើសំពត់ក៏តិច, មិនសូវហត់, ហើយក៏មិនចាំបាច់បារម្ភពីរឿងរអិលដួល។ ក្នុងពេលនេះ ខ្ញុំបង្វែរចិត្តទៅគយគន់ទេសភាពក្នុងពេលភ្លៀងធ្លាក់។ ស្លឹកឈើជ្រុះរាយពេញផ្លូវ។ យានជំនិះគ្រប់ប្រភេទដែលធ្លាប់តែប្រជែងគ្នា ឥឡូវបាត់មុខឈឹង។ នៅលើផ្លូវនេះ ក្នុងខណៈនេះ ឮតែសំឡេងភ្លៀងធ្លាក់តែមួយគត់។ ខ្ញុំផ្ទៀងស្តាប់ទឹកភ្លៀង។ បើសិនជាស្តាប់ដោយត្រចៀក នឹងឮសូរដូចភ្លេងចង្វាក់ឡាំលាវ។ បើស្តាប់ដោយចិត្ត នឹងឮដូចជាភ្លេងរាំវង់។ បើសិនជាយកបេះដូងទៅស្តាប់ នឹងឮដូចជាភ្លេងចង្វាក់រាំក្បាច់។ ខ្ញុំយកដៃទ្រទឹកភ្លៀងដែលស្រក់ពីគែមឆត្រ។ ដំណក់ភ្លៀងថ្លាគ្មានមន្ទិល។ ខ្ញុំឈប់។ ខ្ញុំបិទឆត្រ រួចកាន់នឹងដៃខាងឆ្វេង។ ទឹកភ្លៀងធ្លាក់មកលើខ្លួនខ្ញុំ ប៉ុន្តែខ្ញុំរីករាយ។ ខ្ញុំលែងខ្លាចភ្លៀងទៀតហើយ។ ខ្ញុំញញឹមបោះជំហានដើរទៅមុខ។ មាត់របស់ខ្ញុំបង្ហើរសំនៀងបទ ‘ឱភ្លៀង’ តិចៗ។ មកដល់ផ្ទះភ្លាម … Continue reading រឿង «ដើរក្រោមភ្លៀង»

រឿង «ឃាត់មិនទាន់»

និពន្ធដោយ ភូ ចរិយា ញ៉ុយកំពុងពិបាកចិត្ត។ គេជាប់ឃុំក្នុងបន្ទប់មួយ។ ទ្វារបិទជិត ហើយក្នុងបន្ទប់ងងឹត រកមើលអីមិនឃើញ។ គេបាននឹកបន់ស្រន់ក្នុងចិត្ត សុំឲ្យទេវតាមកជួយសង្គ្រោះ។ ពេលនោះក៏មានពន្លឺឆ្វាចលេចឡើង។ ទេវតាមួយអង្គបានបង្ហាញខ្លួន។ ញ៉ុយឃើញហើយសប្បាយចិត្ត ក៏លុតជង្គង់ថ្វាយបង្គំ ព្រមទាំងនិយាយថា៖ «ទេវតា! សូមព្រះអង្គមេត្តាជួយទូលបង្គំឲ្យបានចេញពីទីនេះផង។» «យើងមិនអាចបើកទ្វារឲ្យអ្នកបានទេ ព្រោះទ្វារត្រូវបានចាក់សោ។ យើងមិនអាចធ្វើឲ្យខូចខាតអ្វីដែលជារបស់មនុស្សបានឡើយ។ ប៉ុន្តែយើងអាចជួយផ្លុំខ្យល់បើកបង្អួចឲ្យអ្នកបាន ព្រោះគេមិនបានចាក់សោបង្អួច។» ទេវតាពោល។ «ទ្វារក៏បាន បង្អួចក៏បាន ឲ្យតែបានចេញ។» ញ៉ុយនិយាយ។ ពេលនោះ ទេវតាបានប្រើសិល្ប៍បើកបង្អួច។ គ្រាន់តែបង្អួចរបើកភ្លាម ញ៉ុយមិនបង្អង់ ឡើយ ស្ទុះហក់តាមបង្អួចភ្លែត… «ឈប់! ឈប់! កុំទាន់អាល។» ទេវតាស្រែកឃាត់ តែញ៉ុយលឿនពេក។ វឹប.. វូ.. ទៅដល់ក្រោមបាត់។ ទេវតាគ្រវីក្បាល៖ «មុនហក់ គួរមើលសិន។ មិនគួរបើកភ្លាម ហក់ចេញភ្លែតបែបនេះទេ។ នេះជាន់ទី ១០០ ណា៎!» នៅខាងក្រោមឯណោះ ញ៉ុយកំពុងដេកផ្កាប់មុខលើថ្នល់៕

រឿង «ខ្មោចប្រុសក្នុងបន្ទប់ទឹកស្រី»

និពន្ធដោយ ភូ ចរិយា កន្លែងធ្វើការថ្មីរបស់ខ្ញុំជាអគារ និងប្រើបន្ទប់ទឹករួម។ ទម្លាប់ខ្ញុំ ម៉ោង ១០ ព្រឹក ដឹងតែទៅបន្ទប់ទឹក។ ពេលចូលបត់ជើង ខ្ញុំតែងមើលតាមប្រហោង ក្រោមទ្វារឃើញស្រមោលមនុស្សដើរកាត់មុខបង្គន់។ ខ្ញុំអត់ដែលចាប់អារម្មណ៍ទេ ព្រោះគិតថាជាស្រមោលអ្នកមកបត់ជើង ដោយសារបន្ទប់ទឹកនេះមានបង្គន់ពីរ។ ថ្ងៃមួយ ខ្ញុំទៅបត់ជើងតូច។ ពេលកំពុងតែបន្ធូរអារម្មណ៍ ក៏ឃើញស្រមោលដើរ កាត់មុខបង្គន់ តែលើកនេះឃើញដូចដើរកៀកនឹងទ្វារ ឯកន្លងមកដើររាងឃ្លាតឆ្ងាយពីទ្វារ។ ខ្ញុំអត់អើពើ ខ្ញុំបន្តកិច្ចការរបស់ខ្ញុំ។ ពេលនោះក៏ឮសំឡេងគ្រហឹមហ៊ឺៗជាបទចម្រៀង។ ខ្ញុំរាងភ្ញាក់ និងឆ្ងល់។ ការច្រៀងក្នុងបន្ទប់ទឹកមធ្យម ងំសំឡេងប្រុស។ ខ្ញុំរាងមានអារម្មណ៍មិនល្អសោះ។ មិនដឹងប្រុសណាឆ្កួតដល់ម្ល៉ឹង មកច្រៀងនៅបន្ទប់ទឹកខាងស្រី។ ក្រោយបត់ជើងហើយ ខ្ញុំក៏បើកទ្វារចេញទៅ។ មុនបើកទ្វារ ខ្ញុំឃើញស្រមោលនោះនៅឈរមុខបន្ទប់នៅឡើយ។ ខ្ញុំខំនឹកថា ពេលចេញទៅ នឹងអាលជេរអាគាត់នោះឲ្យណាណីម្តង។ ប៉ុន្តែពេលបើកទ្វារក្រាក ស្ងាត់ច្រៀប គ្មានមនុស្សសោះ។ ខ្ញុំអើតមើលបង្គន់ជាប់នោះ ឃើញទ្វារចំហ ហើយគ្មានមនុស្សនៅក្នុងហ្នឹងទេ។ ខ្ញុំដើរទៅលាងដៃបណ្តើរ នឹកឆ្ងល់បណ្តើរ។ នៅកន្លែងលាងដៃមានកញ្ចក់ដែលឆ្លុះឃើញបង្គន់ទាំងពីរដែលនៅពីក្រោយខ្នង។ ពេលខ្ញុំកំពុងឱនមុខ ផ្ចង់ភ្នែកលាងដៃនឹងសាប៊ូ ស្រាប់តែសំឡេងគ្រហឹមដដែលនោះលាន់ឡើងធ្វើឲ្យខ្ញុំភ្ញាក់ព្រើត។ សំឡេងនោះឮចេញពីបង្គន់ដែលខ្ញុំចូលអម្បាញ់មិញ។ ខ្ញុំងើបមុខឡើងមួយរំពេច។ មិនទាន់បានងាកផង … Continue reading រឿង «ខ្មោចប្រុសក្នុងបន្ទប់ទឹកស្រី»