និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ
Category: រឿងខ្លី
រឿង «ស្គាល់ទំនិញ»
និពន្ធដោយ ភូ ចរិយា ពូឆក ៖ ចោរចូលផ្ទះពូច្រើនដងហើយ។ ឆយ ៖ ចាប់បានទេពូ? ពូឆក ៖ ចាប់បាន តែនៅតែមានមក។ ឆយ ៖ ប្រហែលផ្ទះពូមានរបស់មានតម្លៃ ទើបចោរចេះតែមក។ ពូឆក ៖ ពិតជាមានរបស់មានតម្លៃមែន។ ឆយ ៖ របស់អីពូ? ខ្សែកពេជ្រ? (ពូឆកគ្រវីក្បាល) ទូរស័ព្ទចេញថ្មី? (ពូឆកគ្រវីក្បាល) ម៉ូតូទំនើប (ពូឆកគ្រវីក្បាល? ពូឆក ៖ គឺកាលាំងប៊ាំង។ ឆយ ៖ ខ្នោសកោសដូងដាក់តាប៉ែហ្នឹង! ពូឆក ៖ របស់ដែលចោរនោះត្រូវការគឺដងរបស់វា។ ដងវាធ្វើពីនាងនួន។ ឆយ ៖ អូ!!!
រឿង «ទឹកដល់ច្រមុះ»
និពន្ធដោយ ភូ ចរិយា គ្រាន់តែឃើញប៉ាមកដល់ភ្លាម, ម្នាក់ៗរត់ទៅសួរ៖ «ម៉េចហើយ? ម៉េចហើយ?» ប៉ាឆ្លើយទាំងមុខស្រពោន៖ «គេមិនព្រមពន្យារទៀតទេ។ ស្អែក គេមករឹបអូសយកផ្ទះហើយ។» គ្រាន់តែឮដូច្នេះ ម៉ាក់ស្ទុះទៅអុជធូបបន់ព្រះផងបន់ជីដូនជីតាផង, បងប្រុសទូរស័ព្ទទៅរកមិត្តភក្តិគាត់, ឯបងស្រីទូរស័ព្ទទៅរកសាច់ញាតិឲ្យជួយ។ ចំណែកខ្ញុំវិញ, ខ្ញុំយកទូរស័ព្ទមកចុចអ៊ិនធើណេត រកមើល «វិធីសាស្ត្រជោគជ័យក្នុងការដើរសុំទាន»៕
រឿង «ជឿ»
និពន្ធដោយ ភូ ចរិយា នារី ៖ ដើមី្បបង្ហាញថាជឿជាក់លើមនុស្សម្នាក់ តើគេធ្វើយ៉ាងម៉េច? បុរស ៖ ស្រួលទេ។ ឧទាហរណ៍ ដូចជារវាងបង និងអូន។ បើគេមកប្រាប់បងថា អូនលួចមានអ្នកផ្សេង, បើសិនបងជឿជាក់លើអូន បងអត់ខ្វល់ទេ។ ប៉ុន្តែបើបងមិនជឿអូន, បងនឹងមកសួរអូនថា តើអូនពិតជាលួចមានអ្នកផ្សេងដូចគេថាមែនឬអត់៕