រឿង «ឆាប់ឡើង»

និពន្ធដោយ ភូ ចរិយា «អូយបង។ អូនពិបាកទ្រាំណាស់ ឆាប់ឡើងបង ឆាប់ឡើង។» «ចាំមួយភ្លែត បងដោះអាវសិន។» «លឿនឡើងមកបង។ អូនជិតដាច់ខ្យល់ឥឡូវហើយ។ ឆាប់ឡើង។» «កុំទាន់រហន់មើល៍។» «លឿនបង លឿន។ អូន.. ត្រូវការ.. បង.. ឆា.. ងាវអំពិលទុំឲ្យអូន។» «ដឹងហើយ។ បងដោះអាវទុក ព្រោះអាវស ខ្លាចឆាទៅ ខ្ទាតប្រឡាក់ ពិបាកបោក។ ៥ នាទីទៀត អូនបានញ៉ាំហើយ ប្រពន្ធសម្លាញ់៕»

រឿង «ចុះក្រោមឬឡើងលើ?»

សិស្សម្នាក់ចាប់បានចាបមួយ។ គេដាក់ចាបក្នុងដៃ រួចក្តាប់ជិតដែលមិនអាចមើលឃើញរបស់នៅក្នុង។ បន្ទាប់មកគេរត់ទៅរកលោកគ្រូដែលកំពុងតែចុះកាំជណ្តើរ។ គេនឹកចង់ល្បងប្រាជ្ញារបស់គ្រូ ដូច្នេះគេក៏សួរ៖ «លោកគ្រូ, ខ្ញុំចាប់បានចាបមួយ។ លោកគ្រូទាយទៅមើលថាតើវាងាប់ឬនៅរស់?» ការពិត ចាបនៅក្នុងដៃនៅរស់នៅឡើយទេ។ ប៉ុន្តែសិស្សបានគិតទុកក្នុងចិត្តថា បើសិនជាគ្រូរបស់គេឆ្លើយថា “រស់” គេនឹងច្របាច់ចាបនោះឲ្យងាប់, បើគ្រូឆ្លើយថា “ងាប់” គេនឹងព្រលែងចាបឲ្យហើរ។ និយាយពីលោកគ្រូ ពេលឮសំណួររបស់សិស្សហើយ គាត់ឈប់ឆ្កឹងលើកាំជំណ្តើរទល់មុខសិស្ស។ គាត់មិនឆ្លើយសំណួរសិស្សទេ តែបែរជាសួរសិស្សវិញថា៖ «ប្អូនទាយទៅមើលថាជំហានបន្ទាប់របស់លោកគ្រូ តើលោកគ្រូចុះទៅកាំក្រោមឬឡើងទៅកាំលើ?» បញ្ជាក់ ៖ រឿងនេះសរសេរតាមការនិទានរបស់អ្នកដែលធ្លាប់រាប់អាន។

រឿងប្រឌិត «នារីក្រហម»

និពន្ធ និងគូររូបដោយ ភូ ចរិយា មនុស្សអាចក្លាយជាគ្រូរបស់មនុស្សដោយស្វ័យប្រវត្តិ។ មនុស្សប្រុសអាចជាគ្រូបង្រៀនមនុស្សស្រី។ ពេលនោះ នាងនឹងទទួលបានចំណេះដឹងថ្មី ហើយនាងនឹងផ្លាស់ប្តូរខ្លួននាង។ ខ្ញុំចេះ និងយល់ដឹងច្រើន ព្រោះខ្ញុំមានគ្រូជាបុរស។ ទ្រឹស្តីមួយបានពោលថា «បុរសស្រឡាញ់នារីពី ១០០ ចុះមក ០។ ចំណែកនារីស្រឡាញ់បុរសពី ០ ឡើងទៅ ១០០»។ ខ្ញុំទទួលស្គាល់ថាទ្រឹស្តីនេះត្រូវ។ គេពិតជាស្រឡាញ់ខ្ញុំចុះពី ១០០ មក ០ មែន ហើយខ្ញុំបែរជាស្រឡាញ់គេពីតិចទៅច្រើន។ ប៉ុន្តែក្នុងខណៈនោះដែរ ខ្ញុំក៏រៀនចេះទម្លាក់ក្តីស្រឡាញ់របស់ខ្ញុំចំពោះគេពី ១០០ មក ០ វិញដែរ។ ស្ត្រីប្រៀបដូចជាចង្កៀង។ ពេលដែលបុរសឃើញថាជីវិតរបស់គេងងឹត, គេរត់រកចង្កៀងភ្លាម។ ខ្ញុំរៀនចេះធ្វើជាចង្កៀងបំភ្លឺជីវិតរបស់គេ ហើយក៏បំភ្លឺជីវិតខ្លួនខ្ញុំដែរ។ មួយទៀត ខ្ញុំក៏រៀនចេះ.. បើសិនហ៊ានធ្វើឲ្យខ្ញុំយំ, ខ្ញុំនឹងចាកចេញ, ឲ្យគេងងឹតសូន្យតែម្តង។ បុរសមិនចូលចិត្តផ្កា ព្រោះគេគិតថា នារីជាបុប្ផាមានជីវិត និងស្រស់ស្អាតជាង។ ខ្ញុំរៀនចេះធ្វើជាផ្កាស្អាត និងមានតម្លៃបំផុត ហើយបុរសត្រូវតែផ្តល់នូវវត្ថុដ៏មានតម្លៃបំផុតរបស់គេ ទើបអាចយកខ្ញុំទៅតាំងលម្អក្នុងជីវិតរបស់គេបាន។ បុរសខ្លាចភាពឯកោណាស់។ ខ្ញុំរៀនចេះរស់នៅក្នុងភាពឯកោ ហើយរស់ដោយរីករាយទៀតផង។ … Continue reading រឿងប្រឌិត «នារីក្រហម»

រឿង «ចម្លើយត្រង់»

និពន្ធដោយ ភូ ចរិយា នៅក្នុងថ្នាក់ទី ៣, អ្នកគ្រូបានដាក់សំណួរមួយ រួចឲ្យសិស្សទាំងអស់សរសេរចម្លើយដែលចេញពីគំនិតផ្ទាល់ខ្លួន។ សំណួរ៖ បើសិនប្អូនមានមួយរយលានរៀល តើប្អូននឹងធ្វើអ្វី? ហេតុអ្វី? ក្រោយ ១៥ នាទី, អ្នកគ្រូក៏ប្រមូលក្រដាសចម្លើយ។ គាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែចម្លើយដូចគ្នា៖ បើសិនជាខ្ញុំមានលុយមួយរយលានរៀល ខ្ញុំនឹងយកទៅឲ្យប៉ាម៉ាក់ខ្ញុំដើមី្បយកទៅសងបំណុល ព្រោះខ្ញុំធុញនឹងពួកគាត់ឈ្លោះគ្នា ពេលដល់ថ្ងៃបង់ការប្រាក់៕