និពន្ធដោយ ភូ ចរិយា
ក្រៅពីវីឡានៅក្នុងក្រុង, បុរសម្នាក់ដែលជាអ្នកមានមានដីមួយកន្លែងនៅខេត្តជាប់នឹងសមុទ្រ។ ដោយសារតែខ្វះទុនបង្វិលមុខរបរ, បុរសនោះសម្រេចចិត្តលក់ដី។
ក្រោយពីដាក់ស្លាកលក់អស់ពីរខែ. បុរសអ្នកមានបានទទួលដំណឹងពីអ្នកនៅចាំដីថាមានគេចង់ទិញដី ប៉ុន្តែគេចង់និយាយលក្ខខណ្ឌបង់ប្រាក់ជាមួយគាត់ដោយផ្ទាល់។ មិនបង្អង់ បុរសអ្នកមានបានបរឡានទៅជួប។ ពេលទៅដល់ គាត់ឃើញអ្នកទិញជាយាយចាស់ម្នាក់មានស្ពាយបង្វិចកញ្ចាស់នឹងស្មា និងមានឆ្កែមួយក្បាល។ យាយចាស់បាននិយាយថា គាត់គ្មានលុយទាំងដុលមកទិញទេ. គាត់សុំទិញម្តងមួយម៉ែត្របួនជ្រុង ហើយនិងបង់ប្រាក់ទិញក្នុងរវាងបីថ្ងៃម្តង។ បុរសអ្នកមានអេះអុញ ដោយសារតែគាត់ចង់បានលុយដុំ តែដោយមើលទៅយាយចាស់គួរឲ្យអាណិត, គាត់ក៏យល់ព្រម តែគាត់បញ្ជាក់ថា ធ្វើកិច្ចសន្យាផ្ទាល់មាត់បានហើយ. លុះបង់គ្រប់ចំនួនទើបទៅផ្ទេរកម្មសិទ្ធិនៅរដ្ឋអំណាច។ យាយចាស់យល់ព្រម រួចក៏បង់ប្រាក់ថ្លៃដីមួយម៉ែត្របួនជ្រុង។ ខាងបុរសអ្នកមានដែលជាម្ចាស់ដីបានវាស់ដីឲ្យយាយចាស់ ដោយដាក់ឈើបួនជាសម្គាល់ព្រំដី។
បីថ្ងៃក្រោយ យាយចាស់បង់ប្រាក់ថ្លៃមួយម៉ែត្របួនជ្រុងទៀត, តាមរយៈអ្នកចាំដី, ហើយបុរសអ្នកមានក៏មកពង្រីកបង្គោលព្រំដី។
ដោយឃើញយាយចាស់បង់ទៀងពេល, បុរសអ្នកមានក៏កើតចិត្តវៀចដោយគិតថា កិច្ចសន្យាដែលគាត់ធ្វើជាមួយនឹងយាយចាស់ជាកិច្ចសន្យាផ្ទាល់មាត់, បើសិនគាត់ប្រែក្រឡាស់ ក៏គ្មានបញ្ហាឡើយ ព្រោះគ្មាននរណាដឹងឮរឿងនេះទេតាំងពីដើមមក, មានតែអ្នកចាំដី ហើយអ្នកចាំដីជាមនុស្សរបស់គាត់ ដូច្នេះគាត់អាចបញ្ចុះបញ្ចូលគេបាន។ ម៉្យាងទៀត យាយនេះចាស់ទ្រុឌទ្រោម គ្មានកូនគ្មានចៅ មានតែឆ្កែ ហើយឆ្កែនោះទៀតសោតក៏ចាស់ និងស្គមស្គាំង។ សរុបមក គាត់ជឿថា យាយចាស់មិនអាចយកឈ្នះគាត់បានឡើយ។
គិតឃើញដូច្នេះហើយ បុរសអ្នកមានក៏ទៅលួងលោមអ្នកចាំដីឲ្យព្រមផ្សំគំនិតជាមួយគាត់។ ពេលយាយចាស់បង់ជិតគ្រប់ចំនួន, ពួកគេទាំងពីរបានប្រើលេសមកបណ្តេញយាយចាស់។ រីឯយាយចាស់មិនមាត់អ្វីឡើយ, ក្រោកឡើងចាប់បង្វិចមកស្ពាយ រួចបណ្តើរឆ្កែរបស់គាត់ចេញទៅ។
ដោយសារប្រាក់របស់យាយចាស់ ទើបបុរសអ្នកមានអាចបង្កើនមុខរបរ និងទទួលបានផលចំណេញច្រើន។ គាត់បានចែកភាគលាភខ្លះដល់អ្នកចាំដី និងបានសាងសង់ផ្ទះនៅលើដីនោះ។
ក្រោយពីសាងសង់ផ្ទះរួច បុរសអ្នកមានបាននាំក្រុមគ្រួសារមកសម្រាកលម្ហែ។ នាពេលយប់ មានសំឡេងផ្គរលាន់ចំនួនពីរដង។
ព្រឹកឡើង អាជ្ញាធរ និងប្រជាជនបាននាំគ្នាផ្អើលឈូឆមកមើលដីស្រុតត្រង់ផ្ទះរបស់បុរសអ្នកមាន។ អ្វីដែលចម្លែកបំផុតនោះ គឺដីស្រុតជម្រៅប្រមាណជាម្ភៃម៉ែត្រប៉ុណ្ណោះ តែពួកគេរកមិនឃើញផ្ទះ និងសាកសពបុរសអ្នកមាន និងក្រុមគ្រួសារដែលជាប់ក្នុងផ្ទះនោះឡើយ។ ចំណែកផ្ទះរបស់អ្នកចាំដីដែលស្ថិតនៅឆ្ងាយពីទីនោះប្រហែលជា ២ គីឡូម៉ែត្រក៏ជួបស្ថានភាពដូចគ្នាដែរ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល និងសំណួរជាច្រើន តែគ្មានចម្លើយទាល់តែសោះ។ បន្ថែមលើនេះ រៀងរាល់យប់ អ្នកដែលធ្វើដំណើរឆ្លងកាត់ដីរបស់បុរសអ្នកមាន និងអ្នកជិតខាងផ្ទះអ្នកចាំដីតែងឮសូរសំឡេងស្រែកល្វើយៗថា៖
«សុំមកយកដីទៅ។ ខ្ញុំប្រគល់ឲ្យ៕»