និពន្ធដោយ ភូ ចរិយា
វាជាអតីតមន្ទីរពេទ្យ។ វាជាអគារវែង, មានតែជាន់ផ្ទាល់ដី និងជាន់ទីមួយ។ វាត្រូវបានគេបោះបង់ចោលច្រើនទសវត្សមកហើយ។ មានរឿងនិទានជាច្រើននៅពីក្រោយការបោះបង់អគារនេះ ប៉ុន្តែគ្មាននរណាអាចបញ្ជាក់ថា រឿងមួយណាជារឿងពិតឡើយ។ អ្វីដែលជារឿងពិតនោះ គឺថាអគារនេះគួរឲ្យខ្លាចណាស់, កុំចេះតែចូលទៅអី។
ទោះបីហាមយ៉ាងណា ក៏នៅតែមានអ្នកចង់ដឹងចង់ឃើញ។ ខ្លះមកម្នាក់ឯង, ខ្លះមកពីរបីនាក់, ខ្លះមកជាក្រុមមានច្រើននាក់។ មិនថាមកប៉ុន្មាននាក់ក៏ដោយ ក៏គ្មាននរណាចៀសផុតពីប៉ុន្មានចំណុចខាងក្រោមនេះ៖
– ចូលដល់ក្នុងអគារមានពន្លឺដែលចាំងមកពីព្រះអាទិត្យ
– ដើរចូលបាន ១០ ម៉ែត្រមានខ្យល់បក់ ហើយរាងងងឹតបន្តិច
– ដើរចូលជ្រៅជាង ១០ ម៉ែត្រ នឹងកាន់តែងងឹតទៅៗ ហើយនិងមានខ្យល់ត្រជាក់បក់មកតិចៗ
– ឮសំឡេងគ្រហឹមតែខ្សោយ
– ឮសំឡេងសម្រិបជើងដើរពីក្រោយខ្នង
– ឮសំឡេងជជែកគ្នាល្វើយៗ
– ឮសំឡេងយំ រួចសើច
– ឮសំឡេងដូចមានគេកំពុងអូសតុឬកៅអី
– ឮសំឡេងដូចជាសម្រិបជើងកំពុងចុះកាំជណ្តើរ
– ឃើញស្រមោលមនុស្សដើរកាត់ពីក្រោយខ្នង ឬពីមុខ
– ឃើញមនុស្សឈរនៅទីណាមួយ រួចក៏បាត់
– ឮសំឡេងហាក់ដូចជាកង្ហារដែលនៅលើក្បាលកំពុងតែវិល តែពេលងើយមើល កង្ហារទាំងនោះគ្មានសកម្មភាពឡើយ
– រកចុងបញ្ចប់នៃអគារមិនឃើញ ហើយកាន់តែងងឹតទៅៗ, ត្រជាក់ទៅៗ និងឮសំឡេងចម្លែកៗកាន់តែច្រើនទៅៗ និងខ្លាំងទៅៗ
– ដើមី្បចាកចេញពីអគារ, មានតែដើរត្រឡប់ក្រោយ ហើយត្រូវឆ្លងកាត់អ្វីដែលឮ, ឃើញ និងទទួលអារម្មណ៍ដូចគ្នានឹងពេលដើរចូលមក។
សូមបញ្ជាក់ថា ដើរចេញមកវិញត្រូវចំណាយពេលយូរជាងដើរចូល។ តើត្រូវចាយពេលប៉ុន្មាន? មិនដឹងទេ, អាស្រ័យលើជោគសំណាងរបស់អ្នក។
ចុះជាន់ទីមួយ, សភាពដូចម្តេចដែរ?
គ្មាននរណាធ្លាប់ឡើងទៅដល់ឡើយ៕