តើក្នុង CV ជាភាសាខ្មែរគួរដាក់បាវចនាជាតិឬទេ?

Curriculum Vitae (CV) ឬហៅជាភាសាខ្មែរថា ប្រវត្តិរូបសង្ខេប ដែលខ្លួនលោកអ្នកធ្វើដើម្បីដាក់ពាក្យសុំធ្វើការ មិនអាចដាក់បាវចនាជាតិទេ មិនថាលោកអ្នកដាក់ពាក្យសុំធ្វើការនៅស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនក៏ដោយ។ ទោះជាក្រដាសបែបបទរៀបរៀងដោយស្ថាប័នឯកជនសម្រាប់ឲ្យអ្នកចង់ដាក់ពាក្យធ្វើការបំពេញក៏ដោយ ក៏មិនអាចដាក់បាវចនាជាតិដែរ។ មានតែបែបបទប្រវត្តិរូបសង្ខេប ដែលរៀបចំដោយស្ថាប័នរដ្ឋ សម្រាប់ឲ្យអ្នកដាក់ពាក្យចូលបម្រើការងាររដ្ឋ ទើបអាចដាក់បាវចនាជាតិលើក្រដាសបែបបទបាន។ ហេតុអ្វី? នេះជារបៀបរបប និងបែបបទរដ្ឋបាលរបស់ស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ ស្ថាប័នដែលអាចប្រើបាវចនាជាតិលើឯកសារបាន មានតែស្ថាប័នរដ្ឋ។ ចំណែកឯកសាររបស់ស្ថាប័នឯកជនដែលអាចដាក់បាវចនាជាតិ លុះណាតែជាប្រភេទឯកសារដែលត្រូវឆ្លងកាត់អាជ្ញាធរ ឬជាបែបបទតម្រូវការពីខាងរដ្ឋ៕

ចង់បង្កើតមុខរបរ, តើចាប់ផ្តើមដូចម្តេច?

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ ក្នុងការបង្កើតមុខរបរអ្វីមួយ, ជំហានដំបូងត្រូវធ្វើឲ្យខ្លួនអ្នកមានគំនិតសិន។ ដើមី្បឲ្យមានគំនិត, អ្នកគួរ៖ - រៀនពីប្រវត្តិសមាជិកគ្រួសារ - ចូលសិក្សានៅសាលា - ធ្វើការយកបទពិសោធដោយផ្ទាល់ ១. រៀនពីប្រវត្តិសមាជិកគ្រួសារ បើសិនជានៅក្នុងគ្រួសាររបស់អ្នកមានសមាជិកដែលជាអ្នកជំនួញ និងជាអ្នកបង្កើតរបរនោះដោយផ្ទាល់ខ្លួនគាត់ មិនមែនបន្តពីឪពុកម្តាយ, នោះជាឱកាសល្អសម្រាប់អ្នក។ សូមសួរគាត់ថាគាត់ចាប់ផ្តើមមុខរបរដំបូងបំផុតដោយវិធីណា។ ក្រោយពីស្តាប់ហើយ, អ្នកប្រាកដជាអាចមានគំនិតថា អ្នកគួរចាប់ផ្តើមធ្វើអ្វីដំបូងគេ ដើមី្បធ្វើឲ្យមុខរបររបស់អ្នកឲ្យចេញជារូបរាង។ ២. ចូលសិក្សានៅសាលា ចំពោះអ្នកដែលគ្មានសមាជិកគ្រួសារជាអ្នកជំនួញ (ឬមានដែរតែជាសាច់ឆ្ងាយ) អ្នកអាចមានជម្រើសចូលរៀនផ្នែកជំនួញ មិនថានៅសាកលវិទ្យាល័យឬវគ្គខ្លីក៏បាន។ ៣. ធ្វើការយកបទពិសោធដោយផ្ទាល់ ប្រសិនបើអ្នកគ្មានចំណុចទាំងពីរខាងលើ ហើយចង់បង្កើតមុខរបរ, វិធីមានតែមួយទេ គឺអ្នកត្រូវតែចូលធ្វើការយកបទពិសោធដោយផ្ទាល់។ ឧទាហរណ៍ អ្នកចង់បើកហាងលក់គ្រឿងទេស, អ្នកគួរចូលធ្វើការនៅហាងលក់គ្រឿងទេស ហើយអំឡុងធ្វើការនោះ អ្នកគួរសិក្សា និងឈ្វេងយល់ពីដំណើរការលក់ដូរទាំងមូលរបស់ហាង និងប្រវត្តិរបស់ម្ចាស់ហាង ជាពិសេសតើគាត់ចាប់ផ្តើមយ៉ាងដូចម្តេច។ ចំណុចនេះសំខាន់ណាស់ ហើយជាទូទៅ គេប្រាប់តែក្រុមគ្រួសារគេប៉ុណ្ណោះ ប៉ុន្តែបើអ្នកបានស៊ើបសួរខ្លះ ទោះមិនដឹងចំណុចស៊ីជម្រៅក៏ដោយ ក៏អាចបានដឹងព័ត៌មានខ្លះៗពីរបៀបគេចាប់ផ្តើម ដែលអាចធ្វើជាទុនសម្រាប់ឲ្យខ្លួនអ្នកមានគំនិតដែរ។ ចំណាំ៖ គន្លឹះសំខាន់មួយដែលមិនអាចខ្វះបានក្នុងការបង្កើតគំនិត នោះគឺមិនថាអ្នកសួរគេផ្ទាល់មាត់ឬសិក្សានៅសាលាក៏ដោយ, អ្នកត្រូវតែកត់ត្រាព័ត៌មានទាំងនោះឲ្យចេញជាអក្សរ៕ … Continue reading ចង់បង្កើតមុខរបរ, តើចាប់ផ្តើមដូចម្តេច?