និពន្ធដោយ ភូ ចរិយា
នៅពេលល្ងាច ម៉ោងប្រហែល ៥, នៅមុខអគារក្នុងសាកលវិទ្យាល័យមួយកន្លែង ក្នុងក្រុងភ្នំពេញ, សិស្សប្រុសៗប្រមាណជាប្រាំបីនាក់កំពុងលេងទាត់បាល់។ រត់សុខៗ ម្នាក់ៗស្រាប់តែបង្អង់ល្បឿន ហើយចេះតែងាកមើលអគារ។ នៅជាន់ទីបីនៃអគារ មាននារីម្នាក់កំពុងឈរសម្លឹងមកពួកគេ។ នាងឈរតែឯង។ ប៉ុន្តែពួកគេមិនមែនចាប់អារម្មណ៍នឹងការណ៍ដែលនាងមើលពួកគេទេ។ ពួកគេចាប់អារម្មណ៍នឹងរបស់ដែលនៅលើជញ្ជាំងក្រោយខ្នងរបស់នាង។ មួយស្របក់ក្រោយមក ពួកគេឈប់លេង ហើយប្រញាប់ចាកចេញ។
ចំណែកនារីដែលឈរនៅលើអគារ, ក្រោយពីក្រុមទាត់បាល់ចាកចេញ, នាងបានយកទូរស័ព្ទដៃចេញមក និងឃើញមានសារមួយ។ ក្រោយពីអានសាររួច នាងដើរចេញ។ ពេលនោះ ស្រាប់តែឮសំឡេងសើច, នាងក៏ងាកក្រោយ ក៏ឃើញខ្មោចស្រីម្នាក់, សក់វែងទម្លាក់ចុះមកក្រោមដល់ឥដ្ឋ, ឃើញដៃព្រាលៗ, ហើយចង្កេះចេញពីជញ្ជាំងដែលនៅចំពីក្រោយកន្លែងដែលនាងឈរអម្បាញ់មិញ។ គ្រាន់តែឃើញដូច្នេះ, នាងស្រាប់តែគាំង ហើយនៅពេលដែលខ្មោចស្រីបង្វិលក្បាលបែរមុខមករកនាង បង្ហាញនូវភ្នែកដែលធំប៉ុនស៊ុតមាត់ និងមាត់ញញឹមវែងដល់គុម្ពត្រចៀក, នាងក៏ដួលសន្លប់មួយរំពេច។
ពេលដឹងខ្លួន នាងកំពុងស្ថិតនៅក្នុងការិយាល័យសាស្ត្រាចារ្យ។ ជុំវិញខ្លួននាងមានបុគ្គលិកស្រីដែលប្រចាំការនៅការិយាល័យ និងក្រុមលេងបាល់អម្បាញ់មិញ។ បុគ្គលិកស្រីបានសួរថាមានរឿងអ្វី? នាងក៏ប្រាប់ថា នាងជាសិស្សថ្នាក់វេនយប់ តែថ្ងៃនេះនាងមិនបានដឹងថាគ្រូប្តូរថ្នាក់ទេ ដូច្នេះនាងក៏ឈរចាំនៅមុខថ្នាក់ដែលនាងធ្លាប់រៀន។ ពេលនាងយកទូរស័ព្ទចេញមកមើលម៉ោង ក៏ឃើញសារមិត្តរួមថ្នាក់ប្រាប់ថា គ្រូប្តូរទៅរៀននៅអគារផ្សេង។ ពេលនាងដើរចេញមក ស្រាប់តែឮសំឡេងមនុស្សស្រីសើចនៅពីក្រោយខ្នងរបស់នាង នាងក៏ងាកមើល ក៏ឃើញខ្មោច។ ហើយនាងក៏បានរៀបរាប់ភិនភាគរបស់ខ្មោចនោះឲ្យគ្រប់គ្នាស្តាប់។ ក្រោយពីស្តាប់រួច ប្រុសៗដែលលេងទាត់បាល់ក៏ប្រាប់ថា នោះជាខ្មោចដែលពួកគេបានឃើញនៅក្រោយខ្នងនាង ពេលពួកគេកំពុងលេងបាល់។ ដំបូងពួកគេស្មានថាស្រវាំងភ្នែក តែក្រោយពីសួរបញ្ជាក់គ្នាថាបានឃើញដូចគ្នា ទើបពួកគេជឿថានោះជាខ្មោច ហេតុនេះទើបពួកគេប្រញាប់ឈប់លេង។ ពេលពួកគេដើរចេញពីតារាង ពួកគេក្រឡេកមើលឃើញនាងដើរចេញពីកន្លែងដែលនាងឈរ បន្ទាប់មកក៏ឃើញនាងបែរក្រោយ ហើយឈរស្ងៀម។ ពួកគេយល់ថា ប្រហែលជាមិនស្រួល ក៏នាំគ្នាឡើងទៅមើល។ ពេលទៅដល់ក៏ឃើញនាងសន្លប់នៅលើឥដ្ឋ ទើបជួយសែងនាងចុះមក។
ដោយសារតែមិនចង់បង្កភាពភ័យខ្លាចដល់អ្នកផ្សេងៗ, បុគ្គលិកស្រីបានសំណូមពរឲ្យគ្រប់គ្នារក្សាទុករឿងនេះ។ នាងបានជូននារីដែលជាសិស្សទៅកាន់ថ្នាក់រៀន និងបាននិយាយជាមួយគ្រូដើមី្បកុំឲ្យពិន័យនាងមកយឺត។ ចំណែកក្រុមបាល់ទាត់បានទៅផ្ទះរៀងខ្លួន។
នៅព្រឹកថ្ងៃចុងសប្តាហ៍ នាយក និងគ្រូពីរបីនាក់បាននិមន្តព្រះសង្ឃមកសូត្រមន្ត និងប្រោះព្រំទឹកនៅអគារនោះ។ បន្ទាប់ពីនោះមក ក៏មិនមាននរណាឃើញអ្វីទៀតឡើយ៕