ជាទូទៅ MC មិនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងទេ តែងតែមានប្រធានដើមី្បជួយត្រួតពិនិត្យ និងសម្របសម្រួលការងារ ឬអាចនិយាយឲ្យស្រួលស្តាប់ ជាអ្នកទទួលរ៉ាប់រងខុស និងត្រូវ។ ប៉ុន្តែបើសិនជាប្រធានដែលមកចាត់ចែង និងគ្រប់គ្រងការងារ MC មិនយល់ពីការងារ, ជាពិសេសមិនយល់ពីតួនាទី និងការទទួលខុសត្រូវក្នុងនាមជាប្រធានគ្រប់គ្រងការងារ MC ក្នុងអង្គពិធី, នោះអ្នកដែលជា MC ដឹងតែចាំតែទទួលបញ្ហាហើយ ជាពិសេសពេលដែលគាត់ប្រាប់ឲ្យប្តូរសម្តី MC ភ្លាមៗ រួចមិនទទួលខុសត្រូវ និងដោះសាយករួចខ្លួនពេលថ្នាក់ដឹកនាំស្តីបន្ទោស។
ដូច្នេះ MC ទាំងឡាយគួរ៖
មិនថាស្ថិតក្នុងសភាពបន្ទាន់ប៉ុណ្ណា, សុំកុំប្រញាប់ប្រញាល់ខ្លាំងពេក, ត្រូវតាំងស្មារតី និងធ្វើចិត្តឲ្យស្ងប់, កុំទាន់ប្តូរសម្តី MC ភ្លាមៗដោយគ្រាន់តែឮគេប្រាប់ ទោះបីអ្នកនោះជាថ្នាក់លើរបស់យើងក៏ដោយ។ សូមព្យាយាមផ្ទៀងផ្ទាត់ព័ត៌មាន យ៉ាងហោចណាស់ជាមួយនឹងថ្នាក់លើពីរទៅបីនាក់ មុននឹងលោកអ្នកកែសម្រួលសម្តី MC នៅក្នុងក្រដាស។ ពេលកែរួច ក៏គួរតែព្យាយាមរកអ្នកពិនិត្យ និងផ្តល់ការអនុញ្ញាតសិនដែរ មុននឹងប្រើប្រាស់។
ពេលដែលលោកអ្នកត្រូវបានចាត់ឲ្យធ្វើជា MC លោកអ្នកគួរសួរបញ្ជាក់ពីថ្នាក់លើឲ្យបានច្បាស់ថា ថ្នាក់លើម្នាក់ណាជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវការងារ។ សូមកុំខ្លាចក្នុងការសួរ, ហើយលោកអ្នកក៏ត្រូវតែមានភាពក្លាហានបញ្ជាក់ជាមួយនឹងថ្នាក់លើទាំងឡាយដែរថា បើសិនជាមានការចាត់តាំងបែបនេះហើយ សូមឲ្យថ្នាក់លើទាំងឡាយមេត្តាកុំដាក់បន្ទុកលើខ្លួនលោកអ្នកតែម្នាក់ នៅពេលដែលមានរឿងខុសទម្លាប់ឬខុសពីអ្វីដែលបានគ្រោងទុកកើតឡើង។
ទោះបីមានការចាត់តាំងឬរៀបចំយ៉ាងណាក៏ដោយ ក៏អ្នកដែលអាចការពារខ្លួនលោកអ្នកបានគឺខ្លួនលោកអ្នកផ្ទាល់។ ដូច្នេះសូមធ្វើអ្វីៗដោយប្រុងប្រយ័ត្ន។ ត្រូវតែផ្តល់ព័ត៌មាន, សួរនាំ និងសុំសេចក្តីសម្រេច និងអនុញ្ញាតពីប្រធានគ្រប់គ្រងការងាររបស់លោកអ្នកគ្រប់កិច្ចការទាំងអស់ ជាពិសេសពេលលោកអ្នកតម្រូវឲ្យកែសម្រួលសម្តី MC៕