រឿង «យល់ឬនៅ?»

និពន្ធដោយ ភូ ចរិយា​ ចក់ និងចូចកំពុងអង្គុយហូបនំបញ្ចុក។ ចូចមិនហូប គិតតែពីអង្គុយភ្លឹក។ ឃើញដូច្នោះ ចក់ក៏សួរ៖ «គិតស្អី?» «គ្នាចង់ដឹងថា អ្នកដែលត្រូវគេវាយមានអារម្មណ៍យ៉ាងណា។» ចូចតប។ ម៉ាំង! ចូចផ្កាប់មុខចូលចាននំបញ្ចុក។ ពេលគេងើបមុខមកវិញ ចក់សួរ៖ «ពេលនេះដឹងឬនៅ?» «ដឹងហើយ។» ចូចឆ្លើយទាំងងក់ក្បាលញាប់ស្អេក។ «អើ បើអ៊ីចឹងឆាប់ស៊ីទៅ។» ចូចមិនមាត់, ប្រញាប់កាយនំបញ្ចុកចូលមាត់៕

តើអ្វីទៅជាពណ៌ធ្លះ?

«ពណ៌ធ្លះ» មិនមែនយកឈ្មោះមកពីបរទេសទេ ជាពណ៌របស់ខ្មែរ គ្រាន់តែមិនមានអ្នកស្គាល់ ព្រោះជាទូទៅ ទាល់តែអ្នករៀនផ្នែកទាក់ទងនឹងរបស់បុរាណ, វប្បធម៌បុរាណ ទើបអាចស្គាល់។ ពណ៌ធ្លះនេះ ខ្ញុំក៏ទើបតែដឹងនៅពេលខ្ញុំបានឃើញការតាំងពិព័រណ៍ហូលពិតាននៅសារមន្ទីរជាតិ កាលពីខែឧសភា ឆ្នាំ២០២៤។ តាមការប្រាប់របស់លោកស្រី គង់ ធារី ថា ពណ៌ធ្លះដែលខ្មែរយើងយកមកជ្រលក់សូត្រគឺយកចេញមកពីដើមត្រុំ។ នៅក្នុងវចនានុក្រមខ្មែរបានបង្ហាញពីដើមត្រុំ ដោយសរសេរថា ជាដំណាំដើមតូច, ស្លឹកវាសម្រាប់ត្រាំកូរឲ្យកើតជាមរ ធ្វើជាធ្លះជ្រលក់សំពត់ឲ្យមានពណ៌ខ្មៅ។ បើនិយាយពីធ្លះវិញ ក្នុងវចនានុក្រមបញ្ជាក់ថា ជាទឹកជ្រលក់មានពណ៌ខៀវ ធ្វើពីមរ-លាយនឹងទឹកដាក់កំបោរ-ស។ តាមរយៈការពន្យល់នេះ ផ្សំនឹងពណ៌របស់សូត្រក្នុងរូបខាងលើ នាំឲ្យយើងសន្មតថា ពណ៌ធ្លះជាពណ៌ខៀវ។ ប៉ុន្តែដើមត្រុំនេះមិនមែនដុះតែនៅកម្ពុជាយើងទេ, វាក៏មាននៅឥណ្ឌា, អាហ្វ្រិក, អាម៉េរិកឡាទីនផងដែរ។ វាត្រូវបានហៅជាភាសាអង់គ្លេសថា indigo plant ជាប្រភេទរុក្ខជាតិសម្រាប់ចម្រាញ់យកពណ៌ជ្រលក់សូត្រ, ក្រណាត់ និងផលិតសាប៊ូដុំ។ នៅក្នុងឯកសារអនឡាញបានសរសេរថា indigo plant មានពណ៌ indigo ហើយពណ៌ indigo នេះជាពណ៌ខៀវលាយស្វាយ។ បើអ៊ីចឹង តើពណ៌ធ្លះជាពណ៌ indigo ឬទេ? ហើយតើពណ៌ធ្លះជាពណ៌ខៀវ ឬពណ៌ខៀវស្វាយ? និយាយដល់សាប៊ូដុំ … Continue reading តើអ្វីទៅជាពណ៌ធ្លះ?