និពន្ធដោយ ភូ ចរិយា
នៅក្នុងសិក្ខាសាលាមួយស្តីពី ‘សាមគ្គីភាពជាកម្លាំង’។
«ជម្រាបសួរប្អូនៗទាំងអស់គ្នា។» លោកគ្រូបង្រៀនក្នុងសិក្ខាសាលាពោល «ដូចដឹង ហើយថា សិក្ខាសាលាយើងផ្តោតលើប្រធានបទ ‘សាមគ្គីជាកម្លាំង’។ ក្នុងន័យនេះ គឺសំដៅដល់កម្លាំងរួបរួមគ្នា។ មិនមែនកម្លាំងកាយតែមួយមុខទេ អ្វីក៏ដោយក៏អាចរួបរួមគ្នាជាក្រុមដែរ។»
គាត់បង្អង់មួយភ្លែត ទើបបន្ត «ដោយសារម៉ោងនេះជាម៉ោងដំបូង ដូច្នេះខ្ញុំសុំលេងល្បែងមួយសិនមុននឹងបង្រៀន។»
បន្ទាប់ពីរៀបរាប់ លោកគ្រូបានបែងចែកសិក្ខាកាម ដោយក្នុងមួយក្រុមមានគ្នាបីនាក់។
«ពេលនេះ ពួកយើងចែកក្រុមរួចហើយ។ ជាបន្ត ខ្ញុំសុំឲ្យក្រុមនីមួយៗក្រោកឈរឡើង ហើយប្រាប់ឈ្មោះខ្លួនឯងម្តងម្នាក់ៗ។ ប្រាប់តែឈ្មោះបានហើយ មិនបាច់ប្រាប់នាមត្រកូលទេ។ ចាប់ផ្តើម! ក្រុមទីមួយ។»
ក្រុមទីមួយក្រោកឈរ៖
«ញ៉ុក។»
«ថែម។»
«មួយ។»
សិក្ខាកាមទះដៃផងសើចផង។ ចំណែកលោកគ្រូញឹមៗ។ គាត់មិនបានស្គាល់ឈ្មោះពួកគេឡើយ ពេលបែងចែកក្រុម។ គាត់ចេះតែរើសទៅ ហើយដាក់លេខរៀងឲ្យពួកគេឆ្លើយឈ្មោះ ដោយមិនបានតាំងចិត្តថា នឹងទៅជាដូច្នេះទេ។
ដល់វេនក្រុមទីពីរ៖
«ឌេក។»
«លុះ។»
«ក្សៃ។»
សំណើចផ្ទុះម្តងទៀត។ លើកនេះឮខ្លាំងជាងមុន។
លោកគ្រូរាងដូចភ្ញាក់ផ្អើលបន្តិច។ គាត់សួរ៖
«តើឈ្មោះប្អូនពីកំណើតមែនទេ?»
«បាទ។» សិក្ខាកាមទាំងបីឆ្លើយព្រមគ្នា។
លោកគ្រូងក់ក្បាលផ្ងក់ៗ រួចឲ្យក្រុមទីបីឡើង…
«អាច់។»
«ញ៉ុម។»
«ថុំ។»
សិក្ខាកាមផ្ទុះសំណើចគិល។ លោកគ្រូបើកភ្នែកធំៗ បន្ទាប់មកគាត់ជ្រួញចិញ្ចើម ព្រមទាំងពោល៖
«ឈ្មោះក្នុងបញ្ជីជាតិតែម្តងឬប្អូនៗ?»
«បាទ។» ក្រុមទីបីឆ្លើយ។
លោកគ្រូរាងដូចមានអារម្មណ៍យ៉ាងម៉េចមិនដឹងទេ។ នៅសល់ពីរក្រុមទៀត។ គាត់សង្ឃឹមថា នឹងមិនដូចក្រុមមុនៗឡើយ។
ក្រុមទីបួនក្រោកឈរ។ លោកគ្រូប្រឹងត្រចៀកផ្ទៀងស្តាប់។
«ជុយ។»
«ហែង។»
«ឡូវ។»
សិក្ខាកាមសើចនុះសើច។ រីឯលោកគ្រូនៅស្ងៀមមិនហ៊ានមាត់។
‘សង្ឃឹមថាក្រុមចុងក្រោយឈ្មោះដូចមនុស្សធម្មតាទៅចុះ។’ គាត់បន់ស្រន់ក្នុងចិត្ត។
ក្រុមទីប្រាំក្រោកឈរ។ ពេលនោះ លោកគ្រូចាប់ដៃទាំងពីរមកដាក់នៅនឹងមាត់…
«រុក។»
«ម៉ា។»
«ឡាញ់។»
សំឡេងសើចឡើងចង់បែកថ្នាក់ ហើយលោកគ្រូដាក់ដៃចុះធ្វើមុខឡើងជូរហួញ៖
‘ហេតុអីទៅជាយ៉ាងនេះ!’
ទោះយ៉ាងណា លោកគ្រូប្រឹងញញឹម។ គាត់ដើរមកកណ្តាលថ្នាក់ ព្រមទាំងពោលទៅកាន់សិក្ខាកាម៖
«ប្អូនឃើញទេ? សូមី្បតែឈ្មោះក៏អាចរួបរួមគ្នាបានដែរ។ តស់! ប៉ុណ្ណឹងបានហើយ។ យើងចូលមេរៀន។»
រួចហើយ គាត់ដើរទៅកាន់តុរបស់គាត់ ទាំងក្បាលគ្រវីតិចៗ៕