និពន្ធដោយ ភូ ចរិយា
ថូត អាយុជាងសែសិបឆ្នាំទៅហើយ។ គេចង់ប្រពន្ធ តែហាក់ដូចគ្មានសំណាងសោះ។
ថ្ងៃមួយ មិត្តភក្តិគេបានប្រាប់ថា មានគ្រូទាយម្នាក់ល្បីណាស់ ជាពិសេសរឿងគូព្រេង។ ថូតឮហើយ ក៏បានឲ្យមិត្តជូនទៅរកគ្រូទាយ។
ពេលទៅដល់ ថូតបានសួរពីរឿងគូរបស់គេ។ គ្រូទាយបានប្រមើលរួចប្រាប់ថា៖
«គូចៅឯងមាន.. តែមិនទាន់មកដល់។»
«អ៊ីចឹង ពេលណាទើបមកដល់?» ថូតសួរ។
«មើលមិនឃើញសោះ.. មិនដឹងពេលណាទេ.. តែដឹងថាមិនឆាប់ទេ។»
ថូតធ្លាក់ទឹកមុខពេលឮដូច្នោះ។
«ហាសិបស្អែកស្អែកទៅហើយ។ តើនៅយូរប៉ុណ្ណាទៀតទៅ។» គេរអ៊ូ។
គ្រូទាយឮហើយអាណិត ក៏និយាយថា ៖
«មិនអីទេ! ចាំតាជួយ តែចៅត្រូវធ្វើតាមតា ទើបគូព្រេងឆាប់មកដល់។»
ពេលឮសម្តីគ្រូទាយ ថូតត្រេកអរណាស់៖
«បាទ! ចៅព្រមធ្វើតាមគ្រប់យ៉ាង។»
គ្រូទាយបានប្រាប់ឲ្យថូតទិញត្រីរស់មួយក្បាល យកត្រីរ៉ស់ក៏បាន ត្រីផ្ទក់ក៏បាន តែយកត្រីណាដែលរស់រវើក និងមានកម្លាំង។ គាត់ហាមមិនឲ្យយកត្រី ដែលមើលទៅដូចចង់ងាប់, ហែលស៊ើកៗ ឬមានស្នាមរបួសលើក្បាលឡើយ។ គាត់បានប្រាប់ឲ្យថូតយកត្រីនោះទៅលែងនៅមាត់ទន្លេ នៅថ្ងៃ ១៥ កើត។ មុនពេលលែង ថូតត្រូវនឹកបន់ក្នុងចិត្តថា សូមឲ្យត្រីជួយនាំសំណាង សូមឆាប់រំដោះទុក្ខ និងជួយនាំគូព្រេងមកឲ្យបានឆាប់។
នៅថ្ងៃ ១៥ កើត នៅពេលព្រឹក ថូតបានទិញត្រី រួចយកទៅលែងតាមពាក្យគ្រូទាយ។
លុះយប់ឡើង ថូតដេកគិត៖
‘ព្រលែងត្រីតែមួយក្បាលជួយឲ្យគូឆាប់មកដល់។ អ៊ីចឹងគួរលែងឲ្យច្រើនក្បាល ដើមី្បឲ្យបានស្អែកៗតែម្តង។»
គិតឃើញដូច្នេះហើយ ព្រឹកថ្ងៃបន្ទាប់ គេក៏ទៅទិញត្រីរ៉ស់ជិតម្ភៃក្បាល យកទៅព្រលែងនៅមាត់ទន្លេ។
លុះយប់ឡើង ថូតដេកយល់សប្តិឃើញគេដើរនៅលើផ្លូវដីមួយ។ សងខាងផ្លូវដុះស្មៅខ្ពស់ៗ និងក្រាស់ឃ្មឹក។ កំពុងតែដើរ ស្រាប់តែលេចពស់មួយក្បាលចេញមក។ ពស់នោះលឿនណាស់ ហក់សំដៅមករកថូតបម្រុងនឹងចឹក ស្រាប់តែខ្លួនថូតរអិលវឺតដូចជិះលើស្គី លឿនស្លេវហួសផុតពស់មួយក្បាលនោះ។ ថូតបានងាកមើលក្រោយ ឃើញពស់នោះកំពុងតែបើកភ្នែកធំៗសម្លឹងមករកគេ។ គេថែមទាំងឮសំឡេងពស់នោះនិយាយថា៖
«ក្រែងចង់ឲ្យយើងចឹកអ្ហ៊ែៈ? ចុះគេចលឿនម្ល៉េះ! បើគេចដដែល ចាំបាច់ហៅយើងឲ្យមកចឹកធ្វើអី។»
តែប៉ុណ្ណឹង ថូតក៏ភ្ញាក់ឡើង។ គេចងចាំយល់សប្តិរបស់គេយ៉ាងច្បាស់។ គេសែនឆ្ងល់ តើយល់សប្តិនេះមានន័យយ៉ាងណា។ ព្រោះតែចង់ដឹង គេក៏ទៅរកគ្រូទាយ ដោយបានរៀបរាប់ប្រាប់គ្រប់យ៉ាង។
ក្រោយស្តាប់ចប់ គ្រូទាយមុខរាងមាំពោល៖
«កាលពីមុន ចៅក្រដល់គូ។ វាប្រៀបដូចគូរបស់ចៅឈរចាំចៅនៅមាត់កំពង់ តែចៅជិះទូកដែលអត់ច្រវារ ហើយចៅថែមទាំងមិនចេះអុំទៀត ទើបមិនដឹងពេលណាទៅដល់កំពង់បានជួបគ្នា។ ដូច្នេះទើបតាឲ្យចៅលែងត្រី ដើមី្បឲ្យបានជាបុណ្យកុសល ជួយរុញទូកឲ្យទៅជួបនឹងគូគ្រង។ ប៉ុន្តែចៅលែងត្រីច្រើនពេក.. អ៊ីចឹងវាទៅជាទូកចៅអណ្តែតលឿនខ្លាំង ទៅហួសកំពង់ផែគូគ្រងទៅវិញ។»
«អ៊ីចឹងតើបានន័យថាម៉េចទៅ?» ថូសួរ។
«មានន័យថា ចៅ និងគូចៅនឹងវៀងផ្លូវគ្នា.. មិនដឹងថ្ងៃណាបានជួបទេ។»
«តើធ្វើម៉េចទៅលោកតាទើបអាចជួយកែខៃបាន?»
«មានតែទៅចាប់ត្រីក្រោយៗដែលចៅលែងទាំងប៉ុន្មានមកវិញទាំងអស់ នោះទើបអាចឲ្យទូកចៅអាយ៉ែថយក្រោយមករកកំពង់ផែគូព្រេងរបស់ចៅ។»
«!!!»