និពន្ធដោយ ភូ ចរិយា
«វាសនាកូននេះ បើចង់បានរបស់អ្វីមួយ មិនមែនលំបាកទេ គឺវេទនាតែម្តង។ វេទនាហើយមិនបានដូចបំណងទៀត។»
នេះជាអ្វីដែលគ្រូទាយបានប្រាប់ ពេលម៉ែនាំខ្ញុំទៅទាយកាលពីអាយុដប់ឆ្នាំ។
និយាយពីដូចទាយមែន។ កំពូលមហាវេទនាខ្ញុំនេះ! មិនបាច់ដល់របស់ធំទេ ត្រឹមរបស់តូចតាចក៏ដោយក៏.. ខ្ជិលនិយាយណាស់។
ឥឡូវមកដល់វគ្គចង់បានទូរស័ព្ទ។ គ្រាន់តែតម្លៃពីររយដុល្លារសោះ បីឆ្នាំហើយទិញអត់បាន។ មួម៉ៅណាស់។
«អញមិនជឿថាអញកម្សត់ដល់ថ្នាក់ហ្នឹងទេ។ លើកនេះអញត្រូវតែប្រឆាំងនឹងវាសនាឲ្យទាល់តែបាន។»
ខ្ញុំប្រញាប់សុំច្បាប់មេ រួចជិះឡានឈ្នួលមកស្រុកទាំងកណ្តាលថ្ងៃត្រង់។ ពេលមកដល់ ថ្ងៃរៀបលិចហើយ។ ខ្ញុំមិនមាត់រកនរណាឡើយ ព្រោះអត់ឃើញមានអ្នកណានៅផ្ទះ (ហេស ហេស ហេស)។
ខ្ញុំឡើងជណ្តើរតាំងៗ រួចចូលទៅក្នុងបន្ទប់ម៉ែ រាវរកសោនៅក្រោមខ្នើយ។ កុំគិតចំពោះខ្ញុំក្នុងផ្លូវអាក្រក់។ សោដែលខ្ញុំកំពុងរកនេះជាសោចាក់ប្រអប់សន្សំលុយរបស់ខ្ញុំទេ។
ខ្ញុំរៀនមិនពូកែ, ប្រឡងឌីប្លូមធ្លាក់ក៏ឈប់រៀន, ហើយទៅភ្នំពេញធ្វើការជាសន្តិសុខ។
និយាយក៏បងប្អូនមិនជឿដែរ។ ខ្ញុំធ្វើការជាងប្រាំឆ្នាំហើយ កុំថាឡើយម៉ូតូ រកតែទូរស័ព្ទមួយគ្មាន។ រាល់ដង ចង់ទាក់ទងជាមួយអ្នកផ្ទះគឺពឹងទូរស័ព្ទក្រុមហ៊ុន និងទូរស័ព្ទអ្នកធ្វើការជាមួយ។
ឈប់និយាយរឿងហ្នឹងទៅ។ ពិបាកពន្យល់ណាស់។
ចង់ប្រាប់ថា ប្រអប់ហ្នឹងជាប្រអប់ក្មួយខ្ញុំបោះចោល។ ខ្ញុំឃើញវានៅល្អ, ហើយមានសោមានអី, មើលទៅទំនង, ខ្ញុំក៏រើសយកមកសម្រាប់ដាក់លុយសន្សំ។ ពេលខ្ញុំមកលេងផ្ទះ ខ្ញុំឲ្យលុយទៅម៉ែ ឲ្យគាត់យកទៅសន្សំក្នុងប្រអប់នេះជំនួសខ្ញុំ។
ខ្ញុំធ្លាប់សច្ចាថានឹងមិនប៉ះពាល់លុយក្នុងប្រអប់នេះដរាបដល់រៀបការប្រពន្ធ។ ប៉ុន្តែ ពេលនេះខ្ញុំក្បត់នឹងសច្ចាខ្លួនឯង ព្រោះតែដើមី្បកែប្រែវាសនា។
ខ្ញុំដឹងថាម៉ែដាក់សោប្រអប់លុយខ្ញុំនៅក្រោមខ្នើយ។ មកផ្ទះរាល់ដង ឃើញសោះហ្នឹងណា៎! ស្រាប់តែថ្ងៃនេះរកអត់ឃើញ។ រើសព្វគ្រែម៉ែហើយ នៅតែរកមិនឃើញ។ មួម៉ៅដល់ក…
«ពូឯងធ្វើអី?»
ខ្ញុំងាកទៅរកម្ចាស់សំឡេង ឃើញអាញ៉ក់ក្មួយខ្ញុំកំពុងឈរនៅមាត់ទ្វារបន្ទប់ សម្លឹងមកខ្ញុំម៉ក់ៗ។
«ពូរកសោដែលយាយដាក់នៅក្រោមខ្នើយនេះ។» ខ្ញុំប្រាប់ «តើឯងឃើញទេ?»
អាញ៉ក់គ្រវីក្បាល។
«ហើយយាយទៅណាហើយ?»
«យាយទៅវត្ត។»
«ម៉ោងប៉ុន្មានទើបមកវិញ?»
«អត់ដឹងទេ។»
«ចុះប៉ាម៉ាក់ឯង?»
«ទៅជាមួយយាយដែរ។»
«អ៊ីចឹង.. មានទូរស័ព្ទទេ? ពូខ្ចីតេទៅយាយបន្តិច។»
អាញ៉ក់ដកទូរស័ព្ទចេញពីហោប៉ៅហុចឲ្យខ្ញុំ។
អ្ហ៊ឺយ! ក្មេងអាយុមិនទាន់ដល់ដប់ឆ្នាំផងក៏មានទូរស័ព្ទប្រេនប្រើដែរ។ អន់តែឯងពូវា រកតែអិនចុចពិលមួយមិនបាន។
ខ្ញុំយកទូរស័ព្ទក្មួយមកចុចទៅម៉ែ។
«អាឡូម៉ែ!»
«អឺ អាញ៉ុយ! មកផ្ទះមែន?»
«បាទ! ហើយម៉ែនៅវត្តមែន? ថ្មើរម៉ានទើបមកវិញ?»
«ទាល់តែយប់ជ្រៅហ្ន៎។ ឯងមានការអី?»
«ខ្ញុំរកសោប្រអប់ដាក់លុយខ្ញុំមិនឃើញ។ ម៉ែទុកនៅឯណា?»
«អូ! ពេលម៉ែចេញមក ម៉ែធ្វើឲ្យជ្រុះទៅក្រោមផ្ទះ។ ដោយសារតែម៉ែប្រញាប់ពេក ម៉ែខ្ជិលរើស។ គិតថាស្អែកទើបទៅរើស។»
«មិនអីទេម៉ែ។ ប៉ុណ្ណឹងចុះ។» ខ្ញុំចុចបិទ រួចហុចទូរស័ព្ទឲ្យក្មួយវិញ។
«ខ្ញុំទៅមើលល្ខោននៅវត្តសិនហើយពូ។»
និយាយរួច អាញ៉ក់រត់ចេញទៅ។
អ្ហ៊ឺ! ខ្ញុំដកដង្ហើមធំ។ ថ្ងៃណាមិនជ្រុះ មកជ្រុះថ្ងៃហ្នឹង! មហាជោគជ័យណាស់ជីវិតខ្ញុំ។
បងប្អូនពិតជាឆ្ងល់ថា ត្រឹមតែជ្រុះទៅក្រោមផ្ទះ ម៉េចក៏មើលទៅវេទនាសម្បើមម្ល៉េះ! វាពិតជាវេទនាមែនណា៎! ព្រោះផ្ទះខ្ញុំសង់ផុតពីដីប្រមាណជាកន្លះម៉ែត្រប៉ុណ្ណោះ ហើយដីក្រោមហ្នឹងជាភក់តពូជ។ បើសិនសួរថា ហេតុអីសង់ផ្ទះបែបនេះ? ហេតុអីមិនព្រមជួសជុល? ហ្នឹងទាល់តែសួរម៉ែខ្ញុំ។
ក្រោយពីក្មួយទៅបាត់ ខ្ញុំក៏ចុះពីលើផ្ទះ។ ខ្ញុំអើតមើលឃើញភក់ឡើងប៉ប៉ាច់ ហើយឡើងងងឹតឈឹង ដោយសារតែថ្ងៃលិចបាត់ហើយ។ ខ្ញុំចង់ឡើងទៅលើផ្ទះដើមី្បយកពិល ស្រាប់តែខ្ញុំឃើញពន្លឺពណ៌ផ្ទៃមេឃស្ទុងៗ និងភ្លឹបភ្លែតក្នុងគុម្ពោតរបងផ្ទះខ្ញុំ។
គ្រាន់តែឃើញ ខ្ញុំស្គាល់ភ្លាម។ គឺអាប។
រំពេចនោះ ខ្ញុំយកម្រាមដៃច្បូតចង្កា, ក្បាលងក់ផ្ងក់ៗ, ឯមាត់ញញឹមពព្រាយ។
ខ្ញុំដើរទៅរោងបាយដែលនៅពីក្រោយខ្នង រួចរើមែកឈើស្ងួតដែលម៉ែទុកសម្រាប់ធ្វើឧស ដោយយកមែកណាដែលមានបន្លា ប្រមាណជាបួនប្រាំ មកស្រាស់ជុំវិញភក់ក្រោមផ្ទះ។ បន្ទាប់មក ខ្ញុំឡើងទៅលើ, ចំតិតគូទមើលតាមប្រហោងក្តារក្រាលផ្ទះ។ ខ្ញុំឃើញភ្លើងពណ៌ផ្ទៃមេឃនោះហោះមកក្រោមផ្ទះ បន្ទាប់មក វាស្រាប់តែឈប់។
‘ចាប់បានហើយ។’
ខ្ញុំអរកខិបកខុបរត់ចុះពីលើផ្ទះ។
ខ្ញុំឱនមើលពីកាំជណ្តើរ ឃើញដូចក្នុងរឿង។ អាបមានតែក្បាលគ្របដោយសក់វែងអន្លាយបិទបាំងមុខ និងមានយួរគ្រឿងក្នុងមួយចង្កោមនៅក្រោមបំពង់ក។ នៅកណ្តាលចង្កោមនោះគឺដុំភ្លើងដែលបញ្ចេញពន្លឺពណ៌ផ្ទៃមេឃនោះឯង។ ខ្ញុំឃើញវាកំពុងតែប្រឹងទាញគ្រឿងក្នុងរបស់វាដែលទាក់នឹងបន្លា។
«មិនបាច់ខំទេ។» ខ្ញុំនិយាយ «ទាល់តែយើងដោះឲ្យ ទើបបាន។»
អាបបែរមករកខ្ញុំ៖
«សុំមេត្តាដោះលែងខ្ញុំទៅ។»
សំឡេងមនុស្សស្រី។ ឮហើយអាណិតដែរ ប៉ុន្តែចិត្តជាកូនប្រុសត្រូវតែដាច់អហង្ការ។
«ទាល់តែឯងឲ្យលុយយើង ទើបយើងព្រមដោះលែងឯង។» ខ្ញុំពោល។
«ខ្ញុំមានលុយមកពីណា។» អាបនិយាយ។
«កុំមកកុហក។ យើងមើលកុន ឃើញអាបជាអ្នកមាន។»
«ហ្នឹងអាបក្នុងកុន។ អាបពិតប្រាកដក្ររហាមទេ។ បើសិនខ្ញុំមានលុយមែន ខ្ញុំនឹងជួលគេឲ្យជីករណ្តៅភក់នៅផ្ទះបាត់ហើយ។ ចាំបាច់ហោះរកភក់ស៊ី ឲ្យចាប់បានអ៊ីចឹងអ្ហ៊ែៈ។»
«អើមែនវ៉ី!» ខ្ញុំងក់ក្បាល «ប៉ុន្តែទោះគ្មានលុយ ឯងគួរមានគ្រឿងមាសពេជ្រ។»
«បើមានមាសពេជ្រមែន ខ្ញុំនឹងយកទៅលក់យកលុយទៅជួលគេមកធ្វើរណ្តៅភក់ ទុកស៊ីហើយ។»
ខ្ញុំងក់ក្បាលយល់ស្របម្តងទៀត ប៉ុន្តែខ្ញុំប្រញាប់គ្រវីក្បាលវិញ៖
«កុំចង់មកបោក។ យើងមិនលង់ជឿពាក្យកុហករបស់ឯងទេ។ យើងមិនខ្វល់ទេ។ ឯងត្រូវតែយកលុយមកឲ្យយើង បើមិនអ៊ីចឹងយើងមិនលែងឯងជាដាច់ខាត។»
«ប្រាប់ហើយថាខ្ញុំក្រទេ។»
«មិនជឿ។ ឆាប់យកមកឲ្យលឿន។»
ខ្ញុំសង្ខើញជាច្រើនដង ទីបំផុតអាបនោះងក់ក្បាលតបសំឡេងរឹងៗ៖
«បាន។ ឲ្យក៏ឲ្យ តែដោះលែងយើងសិនទៅ។»
«បើយើងដោះលែងឯង ឯងនឹងរត់ជាមិនខាន។»
«ហើយចុះបើមិនលែងយើង តើឲ្យយើងទៅយកលុយមកឲ្យឯងម៉េចនឹងកើត?»
ខ្ញុំងក់ក្បាល៖
«និយាយត្រូវ។»
បន្ទាប់មក ខ្ញុំក៏ដើរឱនៗទៅដោះបន្លា។
គ្រាន់តែរួចភ្លាម អាបហោះវឹង។
«ចុម បោកអញ! ឯងកុំរត់។»
ខ្ញុំស្ទុះរត់តាមពីក្រោយ និងស្រែក៖
«ឈប់។ ឈប់ភ្លាម។»
ពេលនោះ អាបងាកមើលក្រោយ។ វាមិនបង្អង់ តែកាន់តែបន្ថែមល្បឿន។
ខ្ញុំខឹង។ ខ្ញុំក៏បន្ថែមល្បឿនដែរ។
«ឈប់ភ្លាម។ យើងថាឲ្យឈប់។»
អាបហ្នឹងពិតជាក្បាលរឹងមែន។ វារឹតតែហោះលឿនទៅៗ។ ខ្ញុំក៏មិនចុះចាញ់ដែរ។ ខ្ញុំត្របាញ់ជើង តាមមិនឲ្យដាច់ដាន ព្រមទាំងស្រែក៖
«ឆាប់ឈប់ភ្លាម។ ឮទេ? ឈប់។»
គ្រានោះ ខ្ញុំឮអាបស្រែក៖
«ជួយផង! មនុស្សដេញអាប។ ជួយផង!»
‘យី! ហ៊ានស្រែកឲ្យជួយផង។ វាមិនខ្លាចមនុស្សផ្អើលទេឬ?’ ខ្ញុំនឹកក្នុងចិត្ត។ ប៉ុន្តែមិនថាខ្ញុំស្រែកក៏ដោយ អាបស្រែកក៏ដោយ ក៏គ្មានអ្នកណាមកអើពើដែរ ព្រោះអ្នកភូមិនាំគ្នាទៅបុណ្យនៅវត្តអស់រលីងគ្មានសល់ម្នាក់។
មិនថាយ៉ាងណាក៏ដោយ ខ្ញុំមិនឲ្យអាបនោះរួចខ្លួនទេ។ ខ្ញុំខឹងការណ៍ដែលវាហ៊ានកុហកខ្ញុំ។ គ្រាន់តែថា ខ្ញុំតែម្នាក់ឯងដូច្នេះ ធ្វើម៉េចចាប់វាបាន?
«ឆាប់ឈប់ភ្លាម។» ខ្ញុំស្រែក។
ពេលនោះ ខ្ញុំឃើញស្រមោលមួយរត់ចេញពីផ្ទះមុខ ដែលនៅខាងឆ្វេងដៃខ្ញុំ។
«អាស៊ីឡេ!» ខ្ញុំពោលទាំងអរភើត។
អាស៊ីឡេជាឆ្កែរបស់ខ្ញុំ។ ពេលខ្ញុំទៅដល់ផ្ទះកាលពីល្ងាច អត់ឃើញវា។ តាមពិតវាមកសម្ងំនៅផ្ទះពូជីដូនមួយខ្ញុំ ដែលរំលងផ្ទះខ្ញុំប្រមាណជាដប់ផ្ទះនេះឯង។
«អាស៊ីឡេ! ជួយចាប់អាប។» ខ្ញុំស្រែក ព្រមទាំងលើកដៃចង្អុលទៅអាបដែលនៅពីមុខ។
អាស៊ីឡេរត់ហេ ធ្វើឲ្យខ្ញុំរីករាយដោយសង្ឃឹមយ៉ាងមុតមាំថាប្រាកដជាចាប់អាបនោះបាន ព្រោះអាស៊ីឡេរត់លឿនជាងសេះចំបាំងទៅទៀត។ ប៉ុន្តែរំពេចនោះ ឮសំឡេងង៉ឹះៗ។ ខ្ញុំក្រឡេកទៅឃើញមេឆ្កែរបស់ពូជីដូនមួយរត់ចេញមកឈរយំ នៅមាត់ទ្វាររបង។ គ្រាន់តែឮ អាស៊ីឡេបកក្បាលត្រឡប់ក្រោយវិញ។
«ចុម!» ខ្ញុំខឹងឆេវ «មិនអីទេអ្ហែង។ ចាំទុកអាស៊ីឡេ។ ដើមី្បស្រី អ្ហែងបោះបង់អញចោល។ អ្ហែងចាំមើល។»
ខ្ញុំបន្តរត់តាមអាបដោយគ្មានឈប់។ តាមនោះតាម.. តាម.. តាម.. រហូតទៅដល់វាល ដែលគេគរពំនូកចំបើងដូចកំពូលភ្នំ។
«អូយ យើងសុំសម្រាកសិន។» អាបពោល រួចហោះទៅទំលើកំពូលពំនូកចំបើង។
«យើងក៏សុំសម្រាកសិនដែរ។» ខ្ញុំពោល រួចឈប់អង្គុយចុះនៅជើងពំនូកចំបើង ទល់មុខគ្នា។
ពួកយើងដង្ហក់ព្រមគ្នា។
អស់មួយសន្ទុះធំ ពេលដកដង្ហើមបានស្រួលបួលវិញ អាបក៏លាន់មាត់សួរ៖
«ហើយឯងរត់តាមយើងធ្វើអី?»
«នរណាប្រើឲ្យឯងកុហកយើងធ្វើអី? យើងស្អប់អ្នកកុហកយើងណាស់។» ខ្ញុំពោល។
«យើងប្រាប់ហើយថាយើងអត់មានលុយអត់មានគ្រឿងមាសពេជ្រអីទេ តែឯងមិនជឿ ទើបយើងកុហកឯងទៅ។»
«ឥឡូវបាត់ហត់ឬនៅ?»
«ម៉េច? ចង់ប្រណាំងទៀតមែន? បើឯងចង់ចាប់ យើងឲ្យចាប់។ យើងទៅលែងរួចហើយ។ យើងហត់ណាស់។»
«ស្អីអ្ហៈ! ហោះសោះ ហត់ដែរ។»
«ហើយហោះហ្នឹងអត់ប្រើកម្លាំងមែន? បើចង់ដឹង សាកមកធ្វើជាអាបទៅ ដឹងហើយ។ យីពួកមនុស្សនេះ! »
«កុំបូរបាច់ច្រើនពេក។ ចុះមក។»
«ហើយម៉េចមិនឡើងមក?»
«ចុម! អាបនេះក្រឡិចក្រឡុចម្ល៉េះ។»
«ក្រឡិចក្រឡុចស្អី?» អាបសម្លក់ «យើងព្រមឲ្យចាប់ហើយ ឲ្យយើងចុះទៅឲ្យចាប់ទៀត។ អីក៏សម្បើមម្ល៉េះ!»
«បានហើយ។ កុំសាំតាប៉ែពេក។ ចុះមក។ និយាយគ្នា។»
«ចុះក៏ចុះ។ តែយើងប្រាប់ឲ្យហើយ។ យើងអត់មានមែន។ ទោះច្របាច់ក្បាលយើង ក៏យើងមិនដឹងទៅយកលុយពីណាមកឲ្យដែរ។»
«ដឹងហើយ។ ចុះមក។»
អាបហោះយឺតៗមកឈប់ទល់មុខខ្ញុំចម្ងាយប្រមាណជាមួយម៉ែត្រ។
«យើងចង់បានទូរស័ព្ទ។ លុយយើងមិនគ្រប់។ ឯងជួយយើងបន្តិចមក។ យើងចង់បានទូរស័ព្ទខ្លាំងណាស់។»
«យើងអត់មានលុយមែនណា៎! តែ…» អាបឈប់មួយភ្លែត រួចក៏និយាយមួយៗ «យើងដឹងទីកន្លែងមានកំណប់។»
«កំណប់?» ខ្ញុំបើកភ្នែកធំៗ «នៅឯណា?»
«ព្រៃខាងលិច។»
«ព្រៃខាងលិច? វាលកប់ខ្មោច!»
«ហ្នឹងហើយ។ បើឯងហ៊ាន យើងសុខចិត្តនាំផ្លូវឯងទៅ។ ប៉ុន្តែយើងសុំបញ្ជាក់ជាមុន យើងអត់ដឹងថាកំណប់នោះជាអ្វី និងមានតម្លៃប៉ុន្មានទេ។»
«ជាស្អីក៏ដោយ។ ឆាប់ជូនយើងទៅ។»
«កុំរហន់។ មុននឹងទៅ ត្រូវសន្យាគ្នាសិន។»
«សន្យាអី?»
«ទីមួយ ត្រូវចែកកំណប់នោះឲ្យយើងពាក់កណ្តាល។ ទីពីរ ត្រូវជួយយកកំណប់នោះ ទៅលាក់ឲ្យយើង។»
«លាក់នៅឯណា?»
«ចាំដល់ពេល យើងនឹងប្រាប់។»
«បាន។»
«ទីបី ដាច់ខាតមិនអាចដណ្តើមឬលួចរបស់យើងទេ។ បើមិនដូច្នោះ យើងនឹងធ្វើឲ្យឯងហូរអាចម៍មួយអាទិត្យ។»
«យើងយល់ព្រម។»
«ល្អ។ មកតាមយើង។» អាបពោល រួចហោះចេញពីវាលចំបើង។ ឯខ្ញុំក៏ដើរតាមពីក្រោយត្រឹកៗ។
វាលកប់ខ្មោចជាតំបន់ផ្នូរខ្មោចរបស់អ្នកភូមិកាលពីមុន។ ឥឡូវគេប្តូរទៅដាក់នៅវត្ត ប៉ុន្តែផ្នូរអ្នកមុនៗនៅតែរក្សានៅទីនោះដដែល។ ដោយសារតែជាកន្លែងដាក់សព ទើបទីនោះស្ងាត់។ គ្មានមនុស្សណាទៅទេ មិនថាថ្ងៃមិនថាយប់។ ព្រោះតែអ៊ីចឹង នាំឲ្យខ្ញុំងាយស្រួលធ្វើការងាររបស់ខ្ញុំ។ គ្រាន់តែពិបាករឿងផ្លូវដើរបន្តិច ព្រោះយប់ងងឹត ណាមួយតាមផ្លូវអត់មានអំពូលផង។ សំណាងហើយបានភ្លើងរបស់អាបជួយបំភ្លឺ កុំអីប្រហែលជំពប់បែកក្បាលហើយមើលទៅ។
ពួកយើងចូលដល់តំបន់កប់ខ្មោច។ មានដើមឈើធំៗល្មមដុះរង្វើល។ នៅសងខាង ឃើញផ្នូរដែលមានលក្ខណៈជាដំបូកខ្ពស់ៗ ត្រង់នេះមួយត្រង់នោះមួយ។
ពេលដើរមក ខ្យល់ត្រជាក់ល្មម។ គ្រាន់តែចូលដល់ទឹកដីកប់ខ្មោចភ្លាម ខ្យល់ក៏ប្រែជាត្រជាក់ស្រេង។ បន្ថែមជាមួយនឹងសំឡេងស្រែករបស់ទីទុយ និងខ្លែងស្រាកល្វើយៗធ្វើឲ្យខ្លួនខ្ញុំត្រជាក់កាន់តែខ្លាំង ហើយក្បាលរបស់ខ្ញុំរាងព្រឺៗ។
«ខ្លាចទេ?»
ខ្ញុំបង្អង់ជើង៖
«សួរយើងអ្ហ៊ែៈ?»
«ហើយបើមិនសួរឯង តើយើងសួរអ្នកណា? បើនៅទីនេះមានតែពួកយើងពីរនាក់ហ្នឹង!»
អើមែន!
«មិនខ្លាចទេ។» ខ្ញុំតប។
«ខ្លាំងគួរសម។ មនុស្សភាគច្រើនខ្លាចខ្មោច ព្រោះខ្មោចមិនមែនមនុស្ស។»
ខ្ញុំបង្រួមចិញ្ចើមចូលគ្នា ភ្នែកសម្លឹងមើលអាបដែលហោះគើមៗនៅត្រឹមក្បាលជង្គង់ ដោយឆ្ងល់ក្នុងចិត្ត៖
‘ចុះអ្នកដែលយើងកំពុងដើរជាមួយហ្នឹងមនុស្សមែន?!’
រំពេចនោះមែកឈើងាប់មួយបាក់ធ្លាក់ឮប្រាវ…
«ម៉ែជួយផង! ខ្មោច!» ខ្ញុំស្រែក ព្រមទាំងលោតជើងបីជើងបួន។
«ហាស ហាស ហាស» អាបសើចកាច់កកាច់ស្រង់ «ក្រែងអួតថាមិនខ្លាចអ៊្ហែៈ!»
ភ្លាមនោះ មែកឈើមួយទៀតធ្លាក់ប្រាវ…
«ជួយផង។ ខ្មោច!» អាបស្រែករួចហោះមកពួនពីក្រោយជើងខ្ញុំ។
ដល់វេនខ្ញុំសើចម្តង។
«អាបចេះខ្លាចខ្មោចដែរ? ក្រែងសាច់ញាតិខ្លួនឯងទេតើអ្ហ៊ៃ!»
អាបមុខក្រញូវ សម្លក់ខ្ញុំឡើងថ្មែរ។ ប៉ុន្តែខ្ញុំមានថាខុសឯណា? ខ្មោចមិនមែនមនុស្ស ហើយអាបក៏មិនមែនមនុស្សចំដែរ, ដូច្នេះជាសាច់ញាតិនឹងគ្នា, មិនត្រូវ!!!
ប្រហែលជាដឹងថាខ្ញុំនិយាយមិនខុសហើយមើលទៅ ទើបមិនប្រកែក ហើយក៏ចេញពីក្រោយជើងខ្ញុំ ហោះគើមៗនាំផ្លូវទៅមុខទៀត។
ប្រហែលជាមួយសន្ទុះធំ ពួកយើងមកដល់ក្រោមដើមឈើធំមួយ មើលមិនដឹងថាជាដើមអី ព្រោះវាជ្រុះស្លឹកអស់ ឃើញតែមែកទទេស្ញេញស្ញាញដូចដៃមឹក។ នៅនឹងគល់មានដំបូកមួយប្រហែលជាប៉ុនគល់ត្នោត។
«ជីកដំបូកហ្នឹងទៅ។» អាបប្រាប់។
«បានអីជីក?» ខ្ញុំសួរ។
«ហើយម៉េចមកសួរយើង? យើងធ្វើម៉េចដឹង។ រករបស់មកជីកទៅ។»
«មិនព្រមប្រាប់ទេ។ មកដៃទទេ។ បើដឹង! យកចបមកជាមួយ។ យ៉ាប់!»
«អ្នកយ៉ាប់គឺឯងទេ។ អត់ការងារធ្វើ មកដេញយើង។ បានយើងនាំមករកកំណប់ ហើយមិនអរគុណ នៅរអ៊ូទៀត។ ឆាប់រកអីមកជីកទៅ។ កុំនៅតាប៉ែច្រើន។ ប្រយ័ត្នតែអ្នកភូមិចេញមកផ្ទះ តិចថាអត់។»
ខ្ញុំមិនតប ប្រញាប់រកមើលជុំវិញក្រែងលោមានដែកយកមកប្រើជំនួសចបបាន។ គ្មានដែកទេ តែមានដុំថ្មមួយមានមុខស្រួចទាល។ ខ្ញុំក៏យកដុំថ្មនោះមកកាន់នឹងដៃ រួចបុកដំបូក។ មិនលេងសើចទេ, ឈឺដៃណាស់, ប៉ុន្តែដោយហេតុតែចង់បានកំណប់ ក៏សុខចិត្តទ្រាំ។
នៅក្បែរនោះ អាបនៅស្ងៀម ភ្នែកសម្លឹងម៉ក់ៗមកកាន់ដំបូក។ ឃើញដូច្នោះ ខ្ញុំក៏ពោល៖
«នៅមើលហ្នឹងហើយ។ អត់ព្រមមកជួយគ្នាទេ។»
«ហើយចង់ឲ្យយើងជួយយ៉ាងម៉េច បើយើងមានតែក្បាលហ្នឹង?» អាបតប។
និយាយត្រូវទៀតហើយ។ ម៉េចមិនដឹងទេខ្ញុំថ្ងៃនេះ ត្រូវអាបស្តីឲ្យរហូត។
បុកយូរៗក្រហាយដៃ, អារម្មណ៍ចាប់ផ្តើមស្ត្រេស, ហើយក៏បញ្ចេញដាក់អាប៖
«នែ! បើទំនេរ កុំយកស្រួលតែឯង។ ឆាប់មកជិតដើមី្បបំភ្លឺបន្តិចមក។ ងងឹតណាស់។»
អាបហោះមកក្បែរដំបូកតាមសំណើខ្ញុំ។ ខ្ញុំឃើញមាត់វាជីបអូចៗ តែមិនឮរអ៊ូពីអ្វីទេ។
ជីកអស់ប្រមាណជាកន្លះម៉ោង ក៏ប្រទះនឹងបង្វិចក្រណាត់មួយ។ ខ្ញុំ និងអាបញញឹមដាក់គ្នា ហើយខ្ញុំប្រញាប់កាយយកបង្វិចនោះចេញមក។ ពេលស្រាយមើល ខ្ញុំឃើញចិញ្ចៀនដប់វង់។ មួយវង់ៗមានត្បូងប៉ុនគ្រាប់សណ្តែក ខ្លះខៀវខ្លះក្រហម។
«ឯងយកពណ៌ខៀវ យើងយកពណ៌ក្រហម។» ខ្ញុំនិយាយ។
អាបគ្រវីក្បាល៖
«អត់ទេ។ យកលាយពណ៌គ្នា។»
«ឯងយកពណ៌ក្រហមពីរពណ៌ខៀវបីទៅអ៊ីចឹង។»
«ចេះណាស់។ ឲ្យអាខៀវមកយើង យកអាក្រហម ព្រោះអាក្រហមថ្លៃជាង។»
«យើងអ្នកខំជីក។ មើលដៃយើងឡើងសង្កៀរអស់ហើយ។»
«អើ! អ៊ីចឹងក៏អ៊ីចឹងចុះ។ ឯងយករបស់ឯងចេញ ហើយរបស់យើងដាក់នៅក្នុងបង្វិចហ្នឹងដដែល។»
ក្រោយពីយកចំណែកខ្ញុំរួចហើយ អាបបានឲ្យខ្ញុំស្ពាយបង្វិចនោះ។
ពេលដើរមកវិញ ខ្ញុំឆ្លៀតសួរ៖
«បើឯងដឹងថាមានកំណប់ ម៉េចបានជាមិនមកយក?»
«ឲ្យយើងមកយកយ៉ាងម៉េច?»
«ក្រែងពេលថ្ងៃ ឯងជាមនុស្សម្នាដូចគេដូចឯងតើអ្ហ៊ៃ! ម៉េចមិនមកជីកយកពេលថ្ងៃ?»
«វាមិនមែនស្រួលដូចជាឯងគិតទេ។ ទីមួយយើងមិនមែននៅភូមិរបស់ឯងទេ។ ទីពីរអ្នកភូមិមិនចូលវាលហ្នឹង តែជួនកាលពួកគេជិះកាត់ដែរ។ បើសិនចៃដន្យ ពួកគេជិះកាត់ ហើយឃើញអ្នកប្លែកមុខមកក្រវែល ពួកគេមុខជាសង្ស័យមិនខាន។»
«អ៊ីចឹងឯងមិនមែនអ្នកភូមិយើងទេ? តើឯងនៅភូមិណា?»
អាបឈប់ង៉ក់ ហើយងាកមករកខ្ញុំ៖
«កុំចង់មកបោកយើង។ យើងមិនភ្លើប្រាប់ថាផ្ទះយើងនៅឯណាទេ។ យកបង្វិចទៅដាក់ក្នុងគុម្ពត្រែងនោះទៅ រួចហើយយើងបាយបាយ។ មួយជីវិតនេះកុំជួបគ្នាទៀត។»
ខ្ញុំមិនមាត់, យកបង្វិចទៅលាក់នៅកន្លែងដែលអាបបានប្រាប់ រួចពួកយើងក៏បែកផ្លូវគ្នា។
ពេលមកដល់ផ្ទះ មិនទាន់ឃើញមាននរណាមកទេ។ ខ្ញុំប្រញាប់ចូលសម្ងំដេកទាំងមិនប្តូរខោអាវ។ ក្នុងចិត្តបន់ឲ្យព្រឹកឆាប់។
ព្រលឹមឡើង មាន់រងាវមិនទាន់ ខ្ញុំក្រោកពីគ្រែ ចុះទៅងូតទឹកដុសធ្មេញ រួចឡើងមកប្តូរខោអាវ។ បន្ទាប់មក ខ្ញុំហេទៅគោះទ្វារបន្ទប់បងស្រីខ្ញុំដើមី្បសុំខ្ចីម៉ូតូបងថ្លៃ។ បងស្រីស្ងាបហមៗ ហុចសោមកឲ្យខ្ញុំ ដោយមិនសួរមួយម៉ាត់។
បានសោហើយ ខ្ញុំប្រញាប់ចុះមកក្រោម ឡើងម៉ូតូបញ្ឆេះម៉ាស៊ីន រួចមួលហ្គារ៍ង៉ោង សំដៅទៅរកផ្សារ។ ខ្ញុំចូលទៅរកផ្ទះទិញលក់គ្រឿងអលង្ការមួយកន្លែង។ ពេលខ្ញុំបង្ហាញចិញ្ចៀន ម្ចាស់ហាងមើលមុខខ្ញុំសិនមុននឹងចាប់យកចិញ្ចៀនទៅពិនិត្យម្តងមួយៗ។ ពិនិត្យហើយ គាត់មើលមុខខ្ញុំម្តងទៀត ទើបសួរ៖
«ចិញ្ចៀនហ្នឹងបានមកពីណា?»
«ម៉េចថៅកែ? ក្លែងក្លាយមែន?»
«អត់ទេ។ អត់ក្លែងក្លាយទេ។»
ឮដូច្នោះខ្ញុំអរព្រើត ញញឹមពព្រាយក្នុងចិត្ត៖
‘លើកនេះដឹងតែបានទូរស័ព្ទហើយអញ។’
«ចិញ្ចៀននេះកេររបស់គ្រួសារខ្ញុំ។» ខ្ញុំនិយាយ។
«លក់ទាំងអស់អ្ហ៊ែៈ?»
«បាទ។»
«អឺ!» ម្ចាស់ហាងដកដង្ហើមបន្តិច «និយាយតាមត្រង់ ខ្ញុំមិនចង់ទិញទេ។»
«ម៉េចអ៊ីចឹង? ក្រែងថារបស់ពិតអ្ហ៊ែៈ?»
«ជារបស់ពិត និងជារបស់យូរហើយមែន តែមិនសូវល្អទេ។ ត្បូងក្រហមតែមិនមែនទទឹម ឯត្បូងខៀវក៏មិនមែនកណ្តៀង។ ចំណែកវង់វាជាស្ពាន់ទេ។ បើសិនជាចង់លក់ បានតែជាងដប់ម៉ឺនទេ។»
«អ្ហៈ!» ខ្ញុំបើកភ្នែកធំៗ «អី? បានតែជាងដប់ម៉ឺនរៀលទេ។»
«អឺ។»
ឮហើយ ក្តៅត្រចៀកឆេវ។ ស្អីគេ? របស់បុរាណរបស់ពិត! តែបានមិនដល់ហាសិបដុល្លារផងហ្នឹង។ ថៅកែនេះបោក។
ខ្ញុំមិនមាត់ ប្រមូលយកចិញ្ចៀនមកវិញ រួចចូលហាងមួយទៀត។ ម្ចាស់ហាងនិយាយដូចគ្នា និងឲ្យតម្លៃដូចគ្នា។ ខ្ញុំនៅតែមិនជឿ។ ខ្ញុំដើរសួរពេញមួយផ្សារ។ ហាងមាសមួយណាក៏និយាយអ៊ីចឹងដែរ។ ចុងក្រោយ ខ្ញុំក៏ត្រឡប់មកហាងដំបូងវិញ។
ពេលគេហុចលុយ ខ្ញុំទទួលទាំងទ្រូងអួលណែន។
ខ្ញុំមិនអស់ចិត្តសោះ។ តាមផ្លូវមកផ្ទះ ខ្ញុំចេះតែគិត។ ឬមួយអាបប្រើល្បិចដាក់ខ្ញុំ? អាចដែរ ព្រោះអាបនោះដឹងកន្លែងលាក់កំណប់ ជួនកាលវាអាចដឹងថាចិញ្ចៀនណាល្អ, ចិញ្ចៀនណាអន់, ហើយវាឲ្យរបស់អន់មកខ្ញុំ ទុករបស់ល្អខ្លួនឯង។ ប៉ុន្តែខ្ញុំជាអ្នកបែងចែកទេតើ? អាបនោះមិនបានប៉ះពាល់ផងហ្នឹង។
អារម្មណ៍វិលវល់មិនឈប់។ ចុះឡើងៗ ស្រាប់តែបែកគំនិត៖
‘អញគួរទៅមើល។ ហេងស៊យ អាបមិនទាន់មកយករបស់។ បើមិនទាន់មកយក អ៊ីចឹងអញអាច…’
មិនបង្អង់យូរ ខ្ញុំបត់ម៉ូតូត្រុយទៅរកព្រៃខាងលិច។
ទៅដល់មាត់ច្រក ខ្ញុំចតម៉ូតូរួចរត់វឹងទៅរកគុម្ពត្រែង។ ពេលកាយទៅមិនឃើញបង្វិច ឃើញតែក្រដាសមួយសន្លឹក គ្មានអក្សរ មានតែរូបពូថៅ។
ខ្ញុំដកដង្ហើមធំ៖
‘អញឈប់ប្រឆាំងហើយ។’
ខ្ញុំដាក់ក្រដាសទៅកន្លែងដើមវិញ រួចដើរមករកម៉ូតូទាំងខ្លួនស្រាលស្ងើកដូចសំឡី៕