រឿង «ខ្ញុំ និងអាប»

និពន្ធដោយ ភូ ចរិយា «វាសនាកូននេះ បើចង់បានរបស់អ្វីមួយ មិនមែនលំបាកទេ គឺវេទនាតែម្តង។ វេទនាហើយមិនបានដូចបំណងទៀត។» នេះជាអ្វីដែលគ្រូទាយបានប្រាប់ ពេលម៉ែនាំខ្ញុំទៅទាយកាលពីអាយុដប់ឆ្នាំ។ និយាយពីដូចទាយមែន។ កំពូលមហាវេទនាខ្ញុំនេះ! មិនបាច់ដល់របស់ធំទេ ត្រឹមរបស់តូចតាចក៏ដោយក៏.. ខ្ជិលនិយាយណាស់។ ឥឡូវមកដល់វគ្គចង់បានទូរស័ព្ទ។ គ្រាន់តែតម្លៃពីររយដុល្លារសោះ បីឆ្នាំហើយទិញអត់បាន។ មួម៉ៅណាស់។ «អញមិនជឿថាអញកម្សត់ដល់ថ្នាក់ហ្នឹងទេ។ លើកនេះអញត្រូវតែប្រឆាំងនឹងវាសនាឲ្យទាល់តែបាន។» ខ្ញុំប្រញាប់សុំច្បាប់មេ រួចជិះឡានឈ្នួលមកស្រុកទាំងកណ្តាលថ្ងៃត្រង់។ ពេលមកដល់ ថ្ងៃរៀបលិចហើយ។ ខ្ញុំមិនមាត់រកនរណាឡើយ ព្រោះអត់ឃើញមានអ្នកណានៅផ្ទះ (ហេស ហេស ហេស)។ ខ្ញុំឡើងជណ្តើរតាំងៗ រួចចូលទៅក្នុងបន្ទប់ម៉ែ រាវរកសោនៅក្រោមខ្នើយ។ កុំគិតចំពោះខ្ញុំក្នុងផ្លូវអាក្រក់។ សោដែលខ្ញុំកំពុងរកនេះជាសោចាក់ប្រអប់សន្សំលុយរបស់ខ្ញុំទេ។ ខ្ញុំរៀនមិនពូកែ, ប្រឡងឌីប្លូមធ្លាក់ក៏ឈប់រៀន, ហើយទៅភ្នំពេញធ្វើការជាសន្តិសុខ។ និយាយក៏បងប្អូនមិនជឿដែរ។ ខ្ញុំធ្វើការជាងប្រាំឆ្នាំហើយ កុំថាឡើយម៉ូតូ រកតែទូរស័ព្ទមួយគ្មាន។ រាល់ដង ចង់ទាក់ទងជាមួយអ្នកផ្ទះគឺពឹងទូរស័ព្ទក្រុមហ៊ុន និងទូរស័ព្ទអ្នកធ្វើការជាមួយ។ ឈប់និយាយរឿងហ្នឹងទៅ។ ពិបាកពន្យល់ណាស់។ ចង់ប្រាប់ថា ប្រអប់ហ្នឹងជាប្រអប់ក្មួយខ្ញុំបោះចោល។ ខ្ញុំឃើញវានៅល្អ, ហើយមានសោមានអី, មើលទៅទំនង, ខ្ញុំក៏រើសយកមកសម្រាប់ដាក់លុយសន្សំ។ ពេលខ្ញុំមកលេងផ្ទះ ខ្ញុំឲ្យលុយទៅម៉ែ … Continue reading រឿង «ខ្ញុំ និងអាប»